ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន ស្នើ​ឲ្យ​មាន​ការ​ចរចា​ជា​ថ្មី​ជាមួយ​រដ្ឋបាល​ដឹកនាំ​ថ្មី​របស់​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសចិន​លោក Wang Yi នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ អំឡុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសចិន​លោក Wang Yi នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ អំឡុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​រដ្ឋបាល​ដឹកនាំ​របស់​លោក Joe Biden ដែល​ត្រូវ​បាន​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​បន្ត​ធ្លាក់ចុះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ជាប់គាំង​លើ​បញ្ហា​នានា​តាំង​ពី​បញ្ហា ពាណិជ្ជកម្ម និង​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចិន រហូត​ដល់​បញ្ហា​មហិច្ឆតា​វាតទី​និយម​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​អនឡាញ​ជាមួយ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក-ចិន (USCBC) នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «ភាគី​ទាំង ២ គួរតែ​ធ្វើការ​ជាមួយ​គ្នា»។

លោក Wang Yi បាន​បញ្ជាក់​ថា៖ «យើង​ចាំបាច់​ត្រូវ​ខំ​ប្រឹង​ចាប់ផ្តើម​ឡើង​វិញ​នូវ​ការ​ចរចា វិល​ត្រឡប់​ទៅកាន់​ផ្លូវ​ត្រូវ​វិញ និង​កសាង​ឡើង​វិញ​នូវ​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ដំណាក់កាល​បន្ទាប់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក»។ នេះ​ បើ​យោង​តាម​សុន្ទរកថា​របស់​លោក​ដែល​បង្ហោះ​នៅ​លើ​វិបសាយ​របស់​ក្រសួង​ការបរទេស​ចិន។

ការ​លើកឡើង​របស់​លោក Wang Yi បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​បង្ហាញ​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ចំពោះ​សមាជិក​គណបក្ស​កុម្មុយនីស្ត​ចិន ទាក់ទិន​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់ Xinjiang ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ បាន​ធ្លាក់​ចុះ​ដល់​ចំណុច​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។

ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ត្រូវ​គេ​រំពឹង​ថានឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​នេះ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Bloomberg បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សហរដ្ឋ​អាមេរិក​មាន​គម្រោង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​យ៉ាង​ហោច​ណាស់​រាប់​សិប​នាក់ ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ទាក់ទិន​នឹង​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការ​ដក​សិទ្ធិ​សមាជិក​សភា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG