ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​អាមេរិក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​លើក​ទី​ពីរ​នៅ​ក្នុង​ខែ​នេះ


នាវា​ចម្បាំង USS John S. McCain ធ្វើដំណើរកាត់តំបន់ប្រជុំកោះ Sprattlys កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
នាវា​ចម្បាំង USS John S. McCain ធ្វើដំណើរកាត់តំបន់ប្រជុំកោះ Sprattlys កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា នាវា​ចម្បាំង​ចំនួន​ ២​ គ្រឿង​របស់​ខ្លួន ​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ការ​ឆ្លងកាត់​លើក​ទី​២ នៅ​ក្នុង​ខែ​នេះ ដែល​ធ្វើ​ឡើង​ក្នុង​ពេល​ប្រមាណ​ជិត​២​សប្ដាហ៍​ក្រោយពី​ក្រុម​នាវា​ដឹក​យន្តហោះ​របស់​ប្រទេស​ចិន បាន​ឆ្លងកាត់​ផ្លូវ​ទឹក​មួយ​នេះ​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។

ប្រទេស​ចិន​ដែល​អះអាង​ថា​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន មាន​ការ​ខឹង​សម្បា​ចំពោះការ​គាំទ្រ​កាន់តែកើនឡើងរបស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់ ដែល​ក្នុង​នោះ​មានការ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ និង​ការ​ធ្វើ​នាវាចរណ៍នាវា​ចម្បាំង​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ផងដែរ។ ករណី​នេះ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​កាន់តែ​ល្អក់​កករបន្ថែម​ទៀត។

កងទ័ព​ជើង​ទឹក​អាមេរិក​បាន​ឲ្យ​ដឹង​ថា នាវា​ចម្បាំង​ខ្លួន USS John S. McCain ​និង​USS Curtis Wilbur​ «បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​ប្រចាំ​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ នៅ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ស្រប​តាម​ច្បាប់​អន្តរជាតិ»។

កងទ័ព​ជើងទឹក​អាមេរិក​បាន​បន្ថែម​ថា៖ «ការ​ឆ្លងកាត់​របស់​នាវា​ចម្បាំង​ទាំង​នេះ​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ បង្ហាញ​ពី​ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ដែល​សេរី និង​បើក​ចំហ។ កងទ័ព​របស់​សហរដ្ឋ​អាមេរិក​ នឹង​បន្ត​ហោះហើរ ធ្វើ​នាវាចរណ៍ និង​ធ្វើ​ប្រតិបត្តិការ​ណា​ដែល​អនុញ្ញាត​ឲ្យ​ដោយ​ច្បាប់​អន្តរជាតិ»។

ក្រសួង​ការពារ​ជាតិ​ចិន​មិន​បាន​ធ្វើ​ការ​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ករណី​នេះ​នោះ​ទេ៕

XS
SM
MD
LG