សហរដ្ឋអាមេរិក នឹងលុបចោលការរឹតត្បិតលើការទាក់ទងរវាងមន្ត្រីសហរដ្ឋអាមេរិកនិងមន្ត្រីកោះតៃវ៉ាន់ ខណៈដែលបន្តរក្សាទំនាក់ទំនងក្រៅផ្លូវការរវាងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យទាំងពីរ។
ការប្រកាសនេះ កើតមានឡើងបន្ទាប់ពីច្បាប់ធានាចំពោះកោះតៃវ៉ាន់ ឬ Taiwan Assurance Act ដែលបានចូលជាធរមាននៅខែធ្នូ ឆ្នាំ២០២០ បានតម្រូវឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក វាយតម្លៃឡើងវិញចំពោះការរឹតត្បិតបែបនេះ លើទំនាក់ទំនងអាមេរិកជាមួយតៃវ៉ាន់។
ចំណាត់ការថ្មីៗបំផុតនេះ បានត្រូវស្វាគមន៍ដោយកោះតៃវ៉ាន់ ក៏ប៉ុន្តែទំនងធ្វើឲ្យចិនខឹងសម្បារ។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា៖ «អស់រយៈពេលជាច្រើនទសវត្សរ៍ហើយ ក្រសួងការបរទេសអាមេរិក បានបង្កើតការរឹតត្បិតផ្ទៃក្នុងដ៏ស្មុគ្រស្មាញដើម្បីដាក់កម្រិតការទាក់ទងរបស់អ្នកការទូត និងមន្ត្រីផ្សេងទៀតរបស់យើងជាមួយមន្ត្រីកោះតៃវ៉ាន់»។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកភាគច្រើន និងមន្ត្រីជាន់ខ្ពស់អាមេរិកនានា ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅកោះតៃវ៉ាន់ដើម្បីជៀសវាងធ្វើឲ្យរដ្ឋាភិបាលចិនខឹងសម្បារ។ ចំណែកមន្ត្រីជាន់ខ្ពស់តៃវ៉ាន់វិញ រួមទាំងប្រធានាធិបតី អនុប្រធានាធិបតី រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិផង ត្រូវបានហាមប្រាមមិនឲ្យធ្វើដំណើរមករដ្ឋធានីវ៉ាស៊ីនតោន៕