លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានផែនការនឹងលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅខែក្រោយនេះ លើកលែងតែកិច្ចព្រមព្រៀងនេះកែប្រែទៅតាមការចង់បានរបស់អាមេរិក។
លោក Pompeo ដែលកំពុងតែស្ថិតនៅមជ្ឈិមបូព៌ាក្នុងដំណើរទស្សនកិច្ចទៅបរទេសជាលើកដំបូងបង្អស់របស់លោកក្នុងនាមជាមន្ត្រីការទូតកំពូលរបស់អាមេរិក បានមានប្រសាសន៍ថា«លោកប្រធានាធិបតីអាមេរិក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងនេះមានចំណុចខ្វះខាតច្រើនណាស់។ លោកបានបញ្ជាឲ្យរដ្ឋបាលរបស់លោកព្យាយាមកែប្រែកិច្ចព្រមព្រៀងនេះ ប៉ុន្តែប្រសិនបើមិនអាចកែប្រែបានទេនោះ នោះលោកនឹងដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ។ វាច្បាស់ខ្លាំងណាស់។»
ថ្លែងនៅក្នុងប្រទេសអ៊ីស្រាអែល លោក Pompeo បាននិយាយថា «មិនដូចរដ្ឋបាលមុននោះទេ លោកប្រធានាធិបតី ត្រាំ មានផែនការលម្អិតមួយចំពោះប្រទេសអ៊ីរ៉ង់ ដែលត្រូវបានរៀបចំឡើងដើម្បីប្រឆាំងនឹងការគំរាមគំហែងនានាពីរដ្ឋាភិបាលក្រុង តេហេរ៉ង់»។
ក្នុងដំណើរទស្សនកិច្ចពីប្រទេសអារ៉ាប៊ីសាអូឌីតទៅកាន់ប្រទេសអ៊ីស្រាអែល លោក Pompeo បានថ្លែងប្រាប់អ្នកកាសែតថា លោកបាននិយាយសង្ខេបទៅកាន់មេដឹកនាំរដ្ឋាភិបាលក្រុង Riyadh ហើយ ចំពោះកិច្ចប្រជុំរបស់អាមេរិកជាមួយនឹងមន្ត្រីអឺរ៉ុប ស្តីអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ចប់ការធ្វើតេស្តកាំជ្រួចមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ និងការបំបាត់កុំឲ្យមានវត្តមានយោធារបស់រដ្ឋាភិបាលក្រុង តេហេរ៉ង់ នៅក្នុងជម្លោះក្នុងប្រទេសស៊ីរី យេម៉ែន និងកន្លែងផ្សេងទៀតនៅមជ្ឈិមបូព៌ានេះ។ លោកបាននិយាយថា សហរដ្ឋអាមេរិកនិងអារ៉ាប់ប៊ីសាអូឌីតមានឧបសគ្គរួមគ្នាចំពោះប្រទេសអ៊ីរ៉ង់ ប៉ុន្តែថា នៅតែមានកិច្ចការដែលត្រូវធ្វើដើម្បីកែប្រែកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឬក៏បង្កើតកិច្ចព្រមព្រៀងថ្មីមួយនោះ។
ប្រទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនមិនមានគោលបំណងកែប្រែកិច្ចព្រមព្រៀងដែលខ្លួនបានយល់ស្របជាមួយនឹងអាល្លឺម៉ង់ បារាំង អង់គ្លេស ចិន រុស្ស៊ី និងអាមេរិកនោះទេ ហើយក៏មិនព្រមបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយនោះដែរ៕