ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ទស្សនកិច្ច​របស់​លោក Pompeoនៅ​ប៉ាគីស្ថាន​ទំនង​ជា​មិន​អាច​បំបែក​ភាព​ជាប់គាំង​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរទេ


រូបភាព​ឯកសារ៖ រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ថ្មី​នៃ​ប្រទេស​ប៉ាគីស្ថាន​លោក Shah Mehmood Qureshi ស្តាប់​សន្និសីទ​កាសែត មួយ​នៅ​ក្រសួងការបរទេស​ក្នុង​ទីក្រុង​ Islamabad ប៉ាគីស្ថាន​កាលពី​ថ្ងៃទី​២០ ខែ សីហា ឆ្នាំ ២០១៨។
រូបភាព​ឯកសារ៖ រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ថ្មី​នៃ​ប្រទេស​ប៉ាគីស្ថាន​លោក Shah Mehmood Qureshi ស្តាប់​សន្និសីទ​កាសែត មួយ​នៅ​ក្រសួងការបរទេស​ក្នុង​ទីក្រុង​ Islamabad ប៉ាគីស្ថាន​កាលពី​ថ្ងៃទី​២០ ខែ សីហា ឆ្នាំ ២០១៨។

លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក Mike Pompeoនឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន​នៅ​ថ្ងៃពុធ​នេះ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់កំពូល​នានា​ជាលើក​ដំបូង​ជាមួយ​មេដឹកនាំ​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ដែល​ទើប​ជាប់ឆ្នោត​នា​ពេល​ថ្មីៗ​នេះ​នៅក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ​ខណៈ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​បាន​ធ្លាក់​ចុះ។

ទស្សនៈ​ផ្សេងគ្នា​ជុំវិញ​វិធីសាស្រ្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នៅក្នុង​តំបន់​ និង​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​បាន​សម្លាប់​មនុស្ស​អស់​រយៈពេល​១៧ឆ្នាំ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ នៅតែ​បន្ត​រារាំង​ដល់​ក្តី​សង្ឃឹម​នៃ​ដំណើរ​ទស្សនកិច្ច​ដើម្បី​បំបែក​ភាព​ទាល់ច្រក​នៅក្នុង​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​រវាង​រដ្ឋាភិបាល​ក្រុងអ៊ីស្លាម៉ាបាដ ​និង​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ បើទោះ​បីជា​ភាគី​ទាំងពីរ​បាន​ចូលរួម​ជាផ្លូវការ​នៅក្នុង​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​យ៉ាងណា​ក៏​ដោយ។

នាយអគ្គសេនាធិការចម្រុះ​លោក Joseph Dunfordនឹង​អមដំណើរ​ជាមួយ​លោក Pompeo​ នៅពេល​លោក​ទៅ​ដល់​ប្រទេសប៉ាគីស្ថាន​ ដែល​បង្ហាញ​ពី​ការ​ផ្តោតសំខាន់​ទៅលើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ។

ក្រុមប្រតិភូ​អាមេរិកាំង​នឹង​រៀបចំ​ការចរចា​ជាផ្លូវការ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ប៉ាគីស្ថាន​លោក Shah Mehmood Qureshi និង​ក្រុមការងារ​របស់​លោក។ ក្រុមមន្រ្តី​បាន​ប្រាប់​ VOA ថា​ ក្រុមប្រតិភូ​ក៏​នឹង​មាន​ការប្រជុំ​ដាច់​ដោយ​ឡែក​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី Imran Khan ដែល​ទើប​ចូល​កាន់​តំណែង​បាន​២សប្តាហ៍កន្លង​ទៅ និង​ជាមួយ​លោកឧត្តមសេនីយ៍ Javed Bajwa​ មេបញ្ជាការ​យោធា​ប៉ាគីស្ថាន​ផងដែរ។

ខណៈ​ប្រកាស​អំពី​គោលនយោបាយ​សម្រាប់​តំបន់​អាស៊ីខាងត្បូង​កាល​ពី​ឆ្នាំមុន​របស់​លោកប្រធានាធិបតី​សហរដ្ឋអាមេរិក​ដើម្បី​បំបែក​ភាពទាល់ចក្រ​នៅក្នុង​សង្គ្រាម​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ពួកតាលីបង់​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន លោក Donald Trump បាន​ចោទប្រកាន់​ប្រទេសប៉ាគីស្ថាន​ថា​បាន​លេងល្បិច​ដោយ​ផ្តល់ការគាំទ្រ​ដោយ​សម្ងាត់​ដល់​ពួកបះបោរ៕

XS
SM
MD
LG