ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​បាន​សម្តែង​នូវ​បំណង​ធ្វើ​ឲ្យ​ជឿនលឿន ​ថ្វីបើ​មាន​ជម្លោះ​លើ​ការ​ហៅ​ទូរស័ព្ទ​ជាមួយ​ស.រ.អា.​ក៏ដោយ


លោក Shah Mehmood Qureshi រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន​ស្ថិត​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ ក្រសួង​ការបរទេស​ក្នុង​ក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

ប៉ាគីស្ថាន​បាន​សន្យា​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ខ្លួន​នឹង​ប៉ុនប៉ង​នៅ​ក្នុង​ការ​ចរចា​នៅ​ពេលខាង​មុខ​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្សះផ្សា​ទំនាក់​ទំនង​ទ្វេភាគី​ដែល​មាន​ភាព​រកាំរកូស ​ថ្វីបើ​មាន​ឈ្លោះ​ប្រកែក​គ្នា​នៅ​ក្នុង​ការ​និយាយ​ទូរស័ព្ទ​កាល​ពី​ពេល​ថ្មីៗ​នេះ​រវាងនាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថានថ្មី​លោក Imran Khan ​និង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក Mike Pompeo។

លោក Shah Mehmood Qureshi រដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន​ខណៈ​ដែល​ថ្លែង​ទៅ​កាន់​សភា​ជាន់​ទាប​នៃ​ព្រឹទ្ធសភា ​បាន​ច្រាន​ចោល​ម្តងទៀតថា ​មាន​ការ​ពិភាក្សា​ស្តីពី​កិច្ច​ប្រតិបត្តិការ​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នៅ​ពេល​ដែល​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Pompeo ​បាន​ទូរស័ព្ទ​លោក Khan។​

លោក Qureshi និយាយថា​ «មាន​កំហុស​បាន​ធ្វើ​ឡើង​ និង​អាច​កើត​មាន​ឡើង ​ហើយ​អ្វី​ដែល​យើង​បាន​ថ្លែង​អំពី​ការ​និយាយ​ទូរស័ព្ទ​រវាង​លោក Khan និង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Pompeo ជា​ការ​ត្រូវ។​ ខ្ញុំគិតថា ​យើង​ត្រូវ​ធ្វើ​ឲ្យ​មានការ​ជឿនលឿន ​ហើយ​ប្រសិនបើ ​លោករដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​មក​ទស្សនកិច្ចនៅ​ថ្ងៃ​ទី៥ ​ខែកញ្ញា ​យើង​នឹង​ព្យាយាម​បង្កើន​ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង​ជា​មួយ​ប្រទេស​អាមេរិក​ឆ្ពោះ​ទៅ​កាន់​មាគ៌ា​ប្រសើរ​ឡើង​មួយ»។

ក្រសួងការ​បរទេស​អាមេរិក​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​លោករដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Pompeo ​បាន​ជូន​ពរ​លោក Khan ឲ្យ​បាន​ទទួល​ជោគជ័យ​ហើយ​ក៏​បាន​សុំ​ឲ្យ​លោក​ចាត់​វិធានការដោយ​ឥត​រួញរា​ប្រឆាំង​នឹង​ភេរវជន​ទាំង​អស់ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

ថ្វី​បើ​ការ​ចាប់​ផ្តើម​ប្រកប​ដោយ​ការ​ចម្រូង​ចម្រាស​ជាមួយ​សហរដ្ឋ​អាមេរិកក៏​ដោយ លោក Qureshi បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​អំពី​ចំណងទាក់​ទង​នៅពេល​អនាគត​ជាមួយ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG