ក្រុមអ្នកវិភាគនៅក្នុងតំបន់ជឿថា ប្រទេសចិនទទួលបានការគាំទ្រច្រើនជាងសហរដ្ឋអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈដំណើរទស្សនកិច្ចពីសំណាក់រដ្ឋមន្ត្រីការបរទេសចិនកាលពីពាក់កណ្តាលខែតុលានេះ ខណៈសហរដ្ឋអាមេរិកដែលជាគូប្រជែងមហាអំណាច ព្យាយាមកាត់បន្ថយឥទ្ធិពលរបស់ចិននៅក្រៅប្រទេស។
បណ្តាញផ្សព្វផ្សាយក្នុងស្រុកចិននិយាយថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបជាមួយនឹងមន្ត្រីនានានៅប្រទេសកម្ពុជា លាវ ម៉ាឡេស៊ី និងថៃ ចាប់ពីថ្ងៃទី១១ដល់១៥ខែតុលា។ ដំណើរទស្សនកិច្ចរបស់លោក Wang Yi ធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe ទៅកាន់តំបន់អាស៊ីអាគ្នេយ៍កាលពីខែកញ្ញា។
ក្រុមអ្នកជំនាញនិយាយថាដំណើរទស្សនកិច្ចរបស់លោក Wang នៅតាមបណ្តាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធរួចទៅហើយជាមួយនឹងចិន ហើយពេលខ្លះជំរុញឲ្យងាកចេញពីសហរដ្ឋអាមេរិក នឹងជួយទប់ទល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាលនានានៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនសរុបចំនួន ៦៥០លាននាក់ ឲ្យមកខាងខ្លួន។
កាលពីខែកក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានប្តេជ្ញាជួយបណ្តាប្រទេសណាដែលត្រូវរងការគំរាមកំហែងពីការពង្រីកឥទ្ធិពលរបស់ចិន ហើយប្រទេសចិនបានធ្វើឲ្យបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍មិនពេញចិត្តតាមរយៈការព្យាយាមក្តោបក្តាប់តំបន់ទឹកដែលមានជម្លោះ។ កាលពីដើមខែតុលា លោក Pompeo បានចោទប្រកាន់គណបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាចពី«ការកេងប្រវ័ញ្ច អំពើពុករលួយ និងការបង្ខិតបង្ខំ»។
លោក Carl Thayer សាស្ត្រចារ្យចូលនិវត្តន៍នៅសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី បាននិយាយថា៖ «[ដំណើរទស្សនកិច្ចរបស់លោក Wang] ពិតជាការឆ្លើយតបមួយទៅកាន់ការអំពាវនាវរបស់លោក Pompeo ឲ្យរួបរួមគ្នាប្រឆាំងនឹងគណបក្សកុម្មុយនីស្តចិន និងគោលនយោបាយរបស់គណបក្សនេះ។ វាគឺជាសំឡេងផ្លាតទៅវិញ»។
គេហទំព័រសារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋចិននិងមានមូលដ្ឋាននៅក្រុងប៉េកាំង បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Wang Yi ធ្វើឡើងដើម្បីជួយប្រទេសចិន និងបណ្តាប្រទេសជាម្ចាស់ផ្ទះពិភាក្សាលម្អិតពីការងើបឡើងវិញនៃសេដ្ឋកិច្ច ផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ទ្វីបអាស៊ី។
សារព័ត៌មានខាងលើនេះបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Wang នឹងពន្លឿនកិច្ចពិភាក្សាស្តីពីក្រមប្រតិបត្តិនៅតំបន់សមុទ្រចិនខាងត្បូង។ បណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា «អាស៊ាន» ចង់ឲ្យមានជាក្រមប្រតិបត្តិនោះ ដើម្បីបញ្ចៀស ឬដោះស្រាយករណីចៃដន្យនានានៅតំបន់សមុទ្រចិនខាងត្បូង ទីដែលរដ្ឋាភិបាលចិនបានព្យាយាមពង្រីកការក្តោបក្តាប់លើដែនកោះតូចៗ នៅក្នុងជម្លោះដែនទឹកមួយដែលអូសបន្លាយអស់ពេលមួយទសវត្សរ៍កន្លងមកនេះ។ ប្រទេសចំនួនបួននៅក្នុងសមាគមអាស៊ានបានតវ៉ាប្រឆាំងនឹងការទាមទាររបស់ចិន។
សារព័ត៌មាន Global Times សរសេរថា៖ «សហរដ្ឋអាមេរិកបានយល់ឃើញថា តំបន់សមុទ្រនេះជាកន្លែងសំខាន់ជាយុទ្ធសាស្ត្រនិងតាក់តិចដើម្បីរក្សាការតាមដានមកលើប្រទេសចិន។ ទីណាមានការជិះជាន់ ទីនោះមានចំណាត់ការត្រឡប់ទៅវិញជាដាច់ខាត។ តាមទស្សនៈនេះ ការពង្រឹងទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅតំបន់អាស៊ីអាគ្នេយ៍គឺពាក់ព័ន្ធជាមួយនឹងគោលនយោបាយរក្សាឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងចិន»។
បណ្តារដ្ឋតូចៗនៅតំបន់អាស៊ីអាគ្នេយ៍ដូចជា ប្រទេសកម្ពុជា និងលាវតែងតែសម្លឹងទៅប្រទេសចិនសម្រាប់ការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ការវិនិយោគរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍បានកើនដល់១០ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ ២០១៦ ទោះបីជាបញ្ហាបំណុលបានពន្យឺតផែនការផ្សេងៗក្រោមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវក្នុងទំហំទឹកប្រាក់ជាង១លានលានដុល្លារ ដែលលាតសន្ធឹងពាសពេញតំបន់អាស៊ីអឺរ៉ុបក៏ដោយ។
ឥឡូវនេះ ប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍កំពុងព្យាយាមជំរុញការងើបសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការបិទសកម្មភាពសេដ្ឋកិច្ចកាលពីដើមឆ្នាំនេះ ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩។ ប្រទេសចិនបានបើកដំណើរការរោងចក្រនិងសេវាកម្មផ្សេងៗឡើងវិញកាលពីខែមីនា ដែលការបើកដំណើរការនេះគឺលឿនជាងបណ្តាប្រទេសដទៃទៀត បន្ទាប់ពីមានការបិទសេដ្ឋកិច្ចអស់រយៈពេលជាងមួយខែមកនេះ និងបានសន្យាថា នឹងចែកវ៉ាក់សាំងដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ។
ជាឧទាហរណ៍ នៅប្រទេសលាវ លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានប្តេជ្ញាផ្តល់វ៉ាក់សាំង និងបាននិយាយថា ចិននឹងលើកលែងពន្ធលើមុខទំនិញមួយចំនួនដែលត្រូវចេញពីប្រទេសលាវទៅចិន។
លោកសាស្ត្រាចារ្យ Carl Thayer បាននិយាយថា៖ «វាជារឿងងាយបញ្ចុះបញ្ចូលនោះទេសម្រាប់លោក Wang Yi ប្រសិនបើអ្នកពិនិត្យមើលការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកមកលើវិបត្តិជំងឺកូវីដ១៩ និងសេដ្ឋកិច្ច។ចំនួនករណីឆ្លងកូវីដ១៩នៅសហរដ្ឋអាមេរិក លើសចិនជាង៩៥ដង»។
លោកបានបន្តថា៖ «ហើយអាចនិយាយម្យ៉ាងវិញទៀតថា ឥទ្ធិពលចិននឹងមានរហូតមកលើបណ្តាប្រទេសទាំងនេះ។ សេដ្ឋកិច្ចរបស់ចិនកំពុងរើបឡើងវិញ។ ហើយចិនក៏កំពុងឈានមុខគេនៅក្នុងការបង្កើតវ៉ាក់សាំងផងដែរ»។
លោក Nguyen Than Trung នាយកមជ្ឈមណ្ឌលសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រនៅក្រុងហូជីមិញ បាននិយាយថា ចិនប្រហែលសម្លឹងរកការជះឥទ្ធិពលខ្លាំងជាងនេះទៀតនៅកម្ពុជា។
ប្រទេសកម្ពុជា ដែលមានប្រជាជនចំនួន១៦លាននាក់ បានចាត់ទុកប្រទេសចិនជាសម្ព័ន្ធមិត្តចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក ហើយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាពេលបច្ចុប្បន្នមានទំនោរប្រឆាំងនឹងសហរដ្ឋអាមេរិក។ ក្នុងឋានៈជាសមាជិកសមាគមអាស៊ាន កម្ពុជាអាចមានឥទ្ធិពលទៅលើសេចក្តីសម្រេចរបស់អាស៊ានទាំងមូល ដែលរួមមាន ថាតើគួរគាំទ្រ ឬរិះគន់ការពង្រីកឥទ្ធិពលរបស់ចិននៅតំបន់ដែនទឹក ជាពិសេសសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។
លោក Ngyuen បាននិយាយថា៖ «ប្រសិនបើពួកគេអាចមានឥទ្ធិពលមកលើសេចក្តីសម្រេចចិត្តរបស់កម្ពុជានៅអាស៊ាន ខ្ញុំគិតថា ចិនក៏អាចធ្វើឲ្យខ្សោយសាមគ្គីភាពរបស់បណ្តាប្រទេសសមាជិកអាស៊ានផងដែរ»។
លោកសាស្ត្រាចារ្យ Carl Thayer បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទសចិនលោក Wang Yi មកកាន់ប្រទេសកម្ពុជា និងលាវបានធ្វើឲ្យខ្សោយភាពជាដៃគូរវាងតំបន់ទន្លេមេគង្គនិងសហរដ្ឋអាមេរិកដែលត្រូវបានផ្តួចផ្តើមឡើងកាលពីកញ្ញា។ ប្រទេសកម្ពុជា លាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានបង្កើតភាពជាដៃគូនេះកាលពីខែកញ្ញា ដើម្បីអនុញ្ញាតឲ្យមានជំនួយអាមេរិកសម្រាប់គម្រោងនានា ដែលមានដូចជាជំនួយវិបត្តិកូវីដ១៩ និងវិធានការទប់ទល់នឹងគ្រោះរាំងស្ងួតជាដើម។ ខណៈពេលដូចគ្នានេះ ចិនក៏ធ្លាប់បានធ្វើឲ្យបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងនេះ ដែលពឹងផ្អែកលើទន្លេមេគង្គ ភ្ញាក់ផ្អើលផងដែរ តាមរយៈការគ្រប់គ្រងលំហូរទឹកទន្លេមេគង្គពីព្រំដែនរបស់ខ្លួន។
លោក Oh Ei Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី បាននិយាយថា លោក Wang បានធ្វើទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប កាលពីខែសីហា ដើម្បីពិភាក្សាពីការងើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩ និងសេដ្ឋកិច្ច ជាមួយនឹងមេដឹកនាំនៅទីនោះ ដែលការណ៍នេះបង្ហាញពីការកិច្ចប្រឹងប្រែងរបស់ចិនដើម្បីទប់ទល់នឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកចុះដុនដាបកាន់ខ្លាំងជាងមុននៅឆ្នាំនេះជុំវិញបញ្ហាពាក់ព័ន្ធនឹងពាណិជ្ជកម្ម បច្ចេកវិទ្យា និងកុងស៊ុល ក៏ដូចជា បញ្ហាផ្នែកភូមិសាស្ត្រនយោបាយដែលមានជាយូរមកហើយ។
លោក Oh បាននិយាយថា៖ «ខ្ញុំគិតថា លោក [Wang] មានផែនការធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសផ្សេងៗនៅជុំវិញពិភពលោក ឥឡូវនេះគឺចំបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រសិនបើសហរដ្ឋអាមេរិកបញ្ចេញកម្លាំងមកទាំងស្រុង នោះចិនក៏បញ្ចេញកម្លាំងមកទាំងស្រុងដូចគ្នាផងដែរ។ ប្រទេសទាំងពីរនេះចង់បានប្រទេសច្រើនក្លាយជាសម្ព័ន្ធមិត្តខាងខ្លួន»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា