ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្លាប់​របស់​គ្រូពេទ្យ​ចិន​ដែល​បាន​ព្រមាន​ពី​វីរុស​កូរ៉ូណា​ថ្មី ​​​ធ្វើ​ឲ្យ​មាន​ការ​កាន់​ទុក្ខ​និង​ខឹង​សម្បា​ចំពោះ​មន្ត្រី​ចិន


លោក​វេជ្ជ​បណ្ឌិត​ Li Wenliang ដែល​មាន​បញ្ហា​​ជាមួយ​អាជ្ញាធរ​ចិន ដោយ​សារ​បាន​ព្រមាន​អំពី​ជំងឺ​នេះ​នៅ​ដំណាក់​កាល​ដំបូង ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ។
លោក​វេជ្ជ​បណ្ឌិត​ Li Wenliang ដែល​មាន​បញ្ហា​​ជាមួយ​អាជ្ញាធរ​ចិន ដោយ​សារ​បាន​ព្រមាន​អំពី​ជំងឺ​នេះ​នៅ​ដំណាក់​កាល​ដំបូង ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ។

ការ​ស្លាប់​របស់​គ្រូពេទ្យ​មួយ​រូប​ដែលត្រូវអាជ្ញាធរ​ស្តី​បន្ទោស​ដោយ​សារ​លោក​បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​វីរុស​កូរ៉ូណា​ថ្មី បាន​ជំរុញ​ឲ្យ​មាន​កោតសរសើរ​ចំពោះ​លោក​ និង​ការ​ផ្ទុះ​កំហឹង​នឹង​អាជ្ញាធរ​កុម្មុយនិស្ត​ចិន ដែល​បាន​ដាក់​នយោបាយ​ឲ្យ​សំខាន់​ជាង​សុវត្ថិភាព​សាធារណៈ។

ការ​ស្លាប់​របស់​វេជ្ជ​បណ្ឌិត​ Li Wenliang​ បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការ​ខឹង​សម្បា​កាន់​តែ​ខ្លាំង​ចំពោះ​របៀប​ដែល​គណបក្ស​កុម្មុយនិស្ត​ចិន​ដែល​គ្រប់គ្រង​អំណាច​ គ្រប់គ្រង​ព័ត៌មាន​ និង​ការ​ចោទ​ប្រកាន់​ថា​ក្រុមមន្ត្រី​បាន​កុហក​ឬ​លាក់​អំពី​ការ​ផ្ទុះ​រាលដាល​នៃមេរោគ​ថ្មី​នេះ ក៏​ដូច​ជា​រឿង​កំពប់​ជាតិ​គីមី​ពុល ផលិតផល​ប្រើប្រាស់​ដែល​គ្រោះថ្នាក់ និង​ការ​គៃបន្លំ​ហិរញ្ញវត្ថុ​របស់​មន្ត្រី។

​វេជ្ជបណ្ឌិត​ខាង​ចក្ខុរោគ​សាស្ត្រ​អាយុ​៣៤​ឆ្នាំ​រូប​នេះ បាន​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​រលង​អាធ្រាត​ព្រឹក​ថ្ងៃ​សុក្រ នៅ​មន្ទីរពេទ្យ​មជ្ឈិម​ក្រុង​វូហាន​ ដែល​ជា​កន្លែង​លោក​បាន​ធ្វើ​ការ​និង​ទំនង​បាន​ឆ្លង​រីវរុស​កូរ៉ូណា​ថ្មី​នេះ ​ខណៈ​ពេល​លោក​កំពុង​ព្យាបាល​អ្នក​ជំងឺ​ពេល​ដំណាក់​កាល​ដំបូងៗ​នៃ​ការ​ផ្ទុះ​មេរោគ​នេះ។

កាល​ពី​ខែ​ធ្នូ​ឆ្នាំមុន ​ក្រុម​ប៉ូលិស​បាន​ស្តី​បន្ទោស​ដល់​វេជ្ជបណ្ឌិត​៨​រូប​ រួមទាំង​លោក Li ផង​ដែរ​ចំពោះ​ការណ៍​ដែល​ពួក​គេ​បាន​ព្រមាន​មិត្ត​ភក្តិ​តាម​បណ្តាញ​សង្គម​អំពី​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​នៃ​មេរោគ​ថ្មី​នេះ។ តុលាការ​កំពូល​របស់​ចិន​ក្រោយ​មក​បាន​រិះគន់​មន្ត្រី​ប៉ូលិស​ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​របស់​ចិន​ក៏​បាន​រឹត​បន្តឹង​ព័ត៌មាន​ទាក់ទង​នឹង​ការ​ផ្ទុះ​មេរោគ​នេះ។

​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ចិន​ខ្លះ​បាន​បន្ទោស​ការ​ស្លាប់របស់​ពលរដ្ឋ​ទៅ​លើ​មន្ត្រី​ចិន ជាជាង​ទៅ​លើ​ប្រភេទ​សត្វ​ដែល​ប្រហែល​បាន​ចម្លង​មេរោគ​នេះ ហើយ​ថា​អ្នក​ដែល​បាន​បង្ក​ការ​លំបាក​ដល់​គ្រូពេទ្យគួរ​ទទួល​ទោល។ មតិ​រិះគន់​ខ្លាំង​ជាង​គេ​តាម​បណ្តាញ​សង្គម​ត្រូវ​បាន​ក្រុម​អ្នក​ចាប់​ពិរុទ្ធ​ចិន​លុប​ចោល​ភ្លាមៗ៕​

XS
SM
MD
LG