ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo រង​ការ​រិះគន់​ថា​មិន​បាន​គាំទ្រ​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អ៊ុយក្រែន​ដែល​ត្រូវ​គេ​ដក​ពី​តំណែង


អ្នកស្រី Marie Yovanovitch អតីត​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន ចាកចេញ​ពី​វិមានសភា កាលពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បន្ទាប់​ពី​ផ្តល់​សក្ខីកម្ម​ដល់​គណៈកម្មាការ​ស៊ើបអង្កេត កិច្ចការបរទេស​ និង​ត្រួតពិនិត្យ​របស់​សភា។
អ្នកស្រី Marie Yovanovitch អតីត​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន ចាកចេញ​ពី​វិមានសភា កាលពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បន្ទាប់​ពី​ផ្តល់​សក្ខីកម្ម​ដល់​គណៈកម្មាការ​ស៊ើបអង្កេត កិច្ចការបរទេស​ និង​ត្រួតពិនិត្យ​របស់​សភា។

អតីត​ឯក​អគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​ប្រទេស​អ៊ុយក្រែននិយាយ​ថា មន្ត្រី​ការទូត​អាមេរិកាំង ជា​រឿយៗ​ប្រថុយ​គ្រោះ​ថ្នាក់ ដោយ​ជឿ​ថា​រដ្ឋាភិបាល​នឹង​ការពារ​ពួកគេ ប្រសិនបើ​ពួកគេ​ជួប​បញ្ហា​អ្វី​មួយ ប៉ុន្តែ អ្នកស្រី​ថា ការ​យល់​បែប​នេះ​គឺ​មិន​ត្រឹមត្រូវ​ទៀត​នោះ​ទេ។

អ្នកស្រី Marie Yovanovitch អតីត​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន បាន​ប្រាប់​សមាជិក​រដ្ឋសភា​នៅ​ក្នុង​សវនាការ​ផ្ដល់​សក្ខីកម្ម​ដែល​មាន​ការ​ស្បថស្បែ​ថា អ្នកស្រី​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​មាន​គេ​ហៅ​ទូរស័ព្ទ​មក​អ្នកស្រី​នៅ​ពាក់​កណ្ដាល​យប់ ដោយ​ប្រាប់​អ្នកស្រី​ឲ្យ​ចាកចេញ​ពី​តំណែង និង​ធ្វើ​ដំណើរ​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​វិញ។

អ្នកស្រី​បញ្ជាក់​ថា គេ​ប្រាប់​អ្នកស្រី​ថា អ្នកស្រី​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ប៉ុន្តែ​កំពុង​ជួប​ប្រទះ​បញ្ហា​ការទូត​បន្ទាន់ មិន​មែន​បណ្ដាល​មក​ពី​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ ប៉ុន្តែ​បណ្ដាល​មក​ពី​សារ​ដ៏​ខ្លាំងក្លា​នៅ​លើ Twitter របស់​លោក Trump ដែល​ប៉ះពាល់​ដល់​អ្នកស្រី។

សេចក្ដី​លម្អិត​ទាំងស្រុង​នៃ​សវនាការ​របស់​អ្នកស្រី​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ អ្នកស្រី​បាន​បញ្ជាក់​អំពី​បទ​ពិសោធន៍​ធ្វើ​ជា​មន្ត្រី​ការបរទេស​រយៈពេល ៣៣ ឆ្នាំ របស់​អ្នកស្រី នៅ​ក្នុង​អាណត្តិ​ប្រធានាធិបតី​អាមេរិក​ចំនួន ៦ រូប។ អ្នកស្រី​និយាយ​ថា មន្ត្រី​ការទូត​អាមេរិកាំង ជា​រឿយៗ​ប្រថុយ​គ្រោះ​ថ្នាក់ ដោយ​ជឿ​ថា​រដ្ឋាភិបាល​នឹង​ការពារ​ពួកគេ ប្រសិនបើ​ពួកគេ​ជួប​បញ្ហា​អ្វី​មួយ។ ប៉ុន្តែ អ្នកស្រី​ថា ការ​យល់​បែប​នេះ​គឺ​មិន​ត្រឹមត្រូវ​ទៀត​នោះ​ទេ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ការពារ​ការ​កោះ​ហៅ​អ្នកស្រី Yovanovitch ភ្លាមៗ​នេះ​នៅ​ក្នុង​ការ​លើក​ឡើង​របស់​លោក​ក្នុង​កម្មវិធី «សប្ដាហ៍​នេះ‍» របស់​ទូរទស្សន៍ ABC News ថា អ្នកស្រី​នៅតែ​ជា​អ្នក​ការទូត​ដ៏​ល្អ។

លោក Pompeo និយាយ​ដូច្នេះ​ថា៖ «ឯក​អគ្គរដ្ឋទូត​ធ្វើ​ការ​តាម​បញ្ជា​របស់​ប្រធានាធិបតី។ នៅ​ពេល​ដែល​ប្រធានាធិបតី​បាត់បង់​ជំនឿ​លើ​ឯក​អគ្គរដ្ឋទូត​ណា​ម្នាក់ ឯក​អគ្គរដ្ឋទូត​នោះ​ត្រូវ​ចាកចេញ​ពី​តំណែង‍ ដើម្បី​ប្រយោជន៍​ដល់​មន្ត្រី​ការទូត​នោះ​ផ្ទាល់ ក្រសួង​ការបរទេស និង​សហរដ្ឋ​អាមេរិក»។

ប៉ុន្តែ មន្ត្រី​ការទូត​អាជីព​ម្នាក់​ទៀត​បាន​ប្រាប់ VOA ថា ការ​ខ្វះ​ការ​គាំទ្រ​របស់​លោក Pompeo ចំពោះ​អ្នកស្រី Yovanovitch គឺ​ជា​រឿង​មិន​ធម្មតា។

អតីត​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​អ្នកស្រី Laura Kennedy និយាយ​ថា៖ «អ្នកស្រី Yovanovitch គឺ​ជា​អ្នក​មាន​វិជ្ជាជីវៈ​ប្ដូរផ្ដាច់​ដ៏​ស្មោះត្រង់​បំផុត​ម្នាក់ ដែល​ខ្ញុំ​ស្គាល់។ ការពិត​គឺ​ថា អ្នកស្រី​មិន​ទទួល​បាន​ការ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ណា​មួយ​ពី​លោក​រដ្ឋមន្ត្រី​ការបរទេស​នោះ​ទេ‍»។

អ្នកស្រី Yovanovitch បាន​ផ្ដល់​សក្ខីកម្ម​ថា ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប​លោក Gordon Sondland បាន​ប្រាប់​អ្នកស្រី​ឲ្យ​សរសេរ​សារ​គាំទ្រ​លោក Trump នៅ​លើ Twitter ដើម្បី​រក្សា​តំណែង​របស់​ខ្លួន។ អ្នកស្រី Kennedy ថា នេះ​គឺ​ជា​រឿង​ដែល​មិន​គួរ​គិត​ឡើង​នោះ​ទេ។

អ្នកស្រី​និយាយ​ដូច្នេះ​ថា៖ «... ជា​ការពិត យើង​គាំទ្រ​គោល​នយោបាយ​នៃ​រដ្ឋបាល​ប្រធានាធិបតី​ណា​ដែល​យើង​បម្រើ​ការងារ​នៅ​ក្នុង​អាណត្តិ​នោះ។ ការងារ​របស់​យើង​គឺ​យើង​មាន​កាតព្វកិច្ច​នៅ​ក្នុង​ការ​គាំទ្រ​គោល​នយោបាយ​នោះ​ជា​សាធារណៈ។ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត យើង​ដែល​ជា​មន្ត្រី​ការទូត​អាជីព ដែល​ដូចជា​មន្ត្រី​រដ្ឋការ​សាធារណៈ​ផ្សេង​ទៀត​ផង​ដែរ បាន​ប្ដេជ្ញា​គាំទ្រ​រដ្ឋធម្មនុញ្ញ មិន​មែន​គាំទ្រ​បុគ្គល​ណា​ម្នាក់​នោះ​ទេ‍»។

អតីត​មន្ត្រី​ការទូត​មួយ​ចំនួន​ទៀត​និយាយ​ថា នៅ​ឯ​ក្រសួង​ការបរទេស គេ​ស្ទើរតែ​បាត់បង់​ភាព​ជឿជាក់​លើ​លោក Pompeo រួច​ទៅ​ហើយ ហើយ​គេ​ខ្លាច​ថា វា​បាន​ប៉ះពាល់​រួច​មក​ហើយ​ដល់​កិច្ច​ប្រឹងប្រែង​ជ្រើសរើស​បុគ្គលិក៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG