លោកស្រី Marie Yovanovitch អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសអ៊ុយក្រែនដែលត្រូវបានបណ្តេញចេញពីតំណែង បានថ្លែងនៅពេលផ្តល់សក្ខីកម្មកាលពីថ្ងៃសុក្រទៅកាន់រដ្ឋសភាអាមេរិកពាក់ព័ន្ធនឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីត្រាំចេញពីតំណែង។
លោកស្រីថ្លែងថា លោកស្រីមានអារម្មណ៍«រន្ធត់និងតក់ស្លុត» នឹងសម្តីរបស់លោក ត្រាំ ដែលបាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy។
លោកស្រីបានថ្លែងប្រាប់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភានៅវិមានរដ្ឋសភាអាមេរិក Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖ «ខ្ញុំមិនដឹងគិតយ៉ាងម៉េចនោះទេ ប៉ុន្តែខ្ញុំបារម្ភខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថា វាជាការគំរាមកំហែងមួយ»។
សក្ខីកម្មរបស់លោកស្រីគឺស្របទៅនឹងសក្ខីកម្មសម្ងាត់ដែលអ្នកស្រីបានផ្តល់ឲ្យកាលពីខែមុន នៅពេលដែលលោកស្រីបានថ្លែងថា លោកស្រីមានអារម្មណ៍ថា«រងការគំរាមកំហែង» ហើយបារម្ភពីសុវត្ថិភាពរបស់លោកស្រី បន្ទាប់ពីលោក ត្រាំ បានថ្លែងថា «លោកស្រីនឹងត្រូវឆ្លងកាត់រឿងមួយចំនួន»។
លោកស្រី Yovanovitch ត្រូវបានលើកឡើងនៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃ ទី២៥ ខែកក្កដា រវាងលោក ត្រាំ ជាមួយនឹងលោក Zelensky ដែលបានបង្កឲ្យបើកការស៊ើបអង្កេតដើម្បីចោទប្រកាន់ប្តឹងទម្លាក់រូបលោក បន្ទាប់ពីអ្នកលួចបញ្ចេញព័ត៌មានសម្ងាត់មួយរូបបានដាក់ពាក្យបណ្តឹង។ បើយោងតាមការសង្ខេបមួយរបស់សេតវិមានពាក់ព័ន្ធនឹងការសន្ទនារតាមទូរស័ព្ទនោះ លោក ត្រាំ បានថ្លែងថា លោកស្រី Yovanovitch គឺជា «ដំណឹងអាក្រក់»។
លោក ត្រាំ ក្រោយមកក៏បានបង្ហោះសារលើបណ្តាញសង្គម Twitter រិះគន់លោកស្រី Yovanovitch ម្តងទៀតថា៖ «ទីណាដែលលោកស្រី Marie Yovanovitch ទៅ ទីនោះនឹងប្រែក្លាយជាអាក្រក់»។
លោក Adam Schiff ប្រធានគណកម្មាធិការស៊ើបការណ៍សម្ងាត់មកពីគណបក្សប្រជាធិបតេយ្យ បាននិយាយកាត់ពេលលោកស្រីអានសារ Twitter របស់លោក ត្រាំ ហើយបានស្នើឲ្យលោកស្រីធ្វើការឆ្លើយតប។ លោកស្រី Yovanovitch បានឈប់មួយភ្លែតមុននឹងនិយាយថា «វាគួរឲ្យខ្លាចខ្លាំងណាស់។ ខ្ញុំមិនអាចដឹងថា លោកប្រធានាធិបតីកំពុងព្យាយាមធ្វើអ្វីនោះទេ ប៉ុន្តែផលប៉ះពាល់នឹងគួរឲ្យខ្លាចណាស់»។
លោក Schiff បានឆ្លើយតបថា៖ «ពួកយើងមួយចំនួននៅទីនេះយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើអារម្មណ៍ភ័យខ្លាចរបស់សាក្សី»។
ការវាយប្រហារតាមបណ្តាញសង្គម Twitter របស់លោក ត្រាំ បានធ្វើឲ្យលោកស្រី Liz Cheney ដែលជាសមាជិកសភាតំណាងរាស្ត្រជាន់ខ្ពស់ទី៣មកពីគណបក្សសាធារណរដ្ឋ មានការខឹងសម្បា។
លោកស្រីបានថ្លែងថា លោក ត្រាំ ខុសហើយ។ ហើយលោកស្រីថ្លែងថា លោកស្រី Yovanovitch គឺជាបុគ្គលមួយរូបដែលបានបំរើដល់សាធារណជនអាមេរិកាំងរាប់ទសវត្សរ៍មកហើយ ហើយលោកស្រីគិតថា លោកប្រធានាធិបតីមិនគួរធ្វើដូច្នេះនោះទេ»។
សេតវិមានបន្ទាប់មកក៏បានចេញសេចក្តីថ្លែងការណ៍ធ្វើការបដិសេធនឹងការចោទប្រកាន់ពីការគំរាមកំហែងនោះ៕