កាលពីថ្ងៃសៅរ៍ម្សិលមិញ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាសហរដ្ឋអាមេរិក ដែលធ្វើការលើការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង បានផ្សព្វផ្សាយសេចក្ដីលម្អិតនៃសវនាការផ្ដល់សក្ខីកម្មបិទទ្វាររបស់មន្ត្រីពីររូប។
សេចក្ដីលម្អិតនៃសវនាការបិទទ្វារដែលត្រូវបានផ្សព្វផ្សាយនេះ គឺជាសក្ខីកម្មរបស់លោក Tim Morrison អតីតមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិ និងអ្នកស្រី Jennifer Williams ទីប្រឹក្សារបស់លោកអនុប្រធានាធិបតី Mike Pence។ អ្នកទាំងពីរនឹងត្រូវបង្ហាញខ្លួននៅក្នុងសវនាការសាធារណៈរបស់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភានេះនៅថ្ងៃអង្គារខាងមុខ។
រដ្ឋសភាកំពុងធ្វើការស៊ើបអង្កេតលើថាតើលោក Trump មានបានស្នើឲ្យអ៊ុយក្រែនស៊ើបអង្កេតលើអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលអាចជាគូប្រជែងរបស់លោកនៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។
សេចក្ដីលម្អិតនៃសវនាការរបស់លោក Morrison បង្ហាញថា លោកអះអាងដូចសក្ខីកម្មដែលមន្ត្រីផ្សេងទៀតបានលើកឡើងកន្លងមក ប៉ុន្តែ លោកក៏បានឆ្លើយសំណួរទាក់ទិននឹងវិធីសាស្ត្រការទូតក្រៅផ្លូវការក្នុងប្រទេសអ៊ុយក្រែនដែលធ្វើឡើងដោយលោក Rudy Giuliani ដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោក Trump ផងដែរ។
ចំណែកឯសក្ខីកម្មរបស់អ្នកស្រី Williams វិញ បង្ហាញអំពីតួនាទីរបស់អ្នកស្រីក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Pence ទទួលបន្ទុកកិច្ចការទ្វីបអឺរ៉ុប និងរុស្ស៊ី ដែលត្រូវផ្ដល់ដំណឹងដល់លោក Pence នូវគ្រប់បញ្ហាគោលនយោបាយការបរទេសទាំងអស់ដែលកំពុងកើតមាននៅក្នុងទ្វីបអឺរ៉ុប ដែលក្នុងនោះមានទាំងប្រទេសអ៊ុយក្រែនផងដែរ៕