ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​គឺ​ជា​អាទិភាព​ចម្បង​សម្រាប់​ស.រ.អា


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​ហ្ស៊កដានី Ayman Safadi នៅ​ក្នុង​ក្រុង Amman ប្រទេស​ហ្ស៊កដានី កាលពិ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​ហ្ស៊កដានី Ayman Safadi នៅ​ក្នុង​ក្រុង Amman ប្រទេស​ហ្ស៊កដានី កាលពិ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ផ្ដល់​នូវ​ការ​ជួយ​ជ្រោមជ្រែង​ណា​មួយ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដែល​ជា«អាទិភាព​ដ៏​ចម្បង​បំផុត»សម្រាប់​សហរដ្ឋ​អាមេរិក។ លោក​ក៏​បាន​ជំរុញ​ផង​ដែរ​ឲ្យ​ប៉ាឡេស្ទីន«វិល​មក​កាន់​ការ​ចរចា​នយោបាយ​ឡើង​វិញ»។

លោក Pompeo បាន​និយាយ​នៅ​ក្បែរ​រដ្ឋមន្ត្រី​ការបរទេស​ហ្ស៊កដានី​លោក Ayman Safadi នៅ​ក្នុង​ទីក្រុង​អាម៉ាន់ ប្រទេស​ហ្ស៊កដានី​ថា៖ «យើង​នឹង​បន្ត​ធ្វើ​ការ​ដើម្បី​សន្តិភាព​នៅ​ក្នុង​ក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដើម្បី​ផ្ដល់​នូវ​លទ្ធផល​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​អ៊ីស្រាអែល និង​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន»។

លោក Pompeo បាន​បញ្ជាក់​ថា វា​អាស្រ័យ​លើ​ភាគី​ទាំង​ពីរ​នៅ​ក្នុង​ការ​សម្រេច​ជា​ចុង​ក្រោយ​អំពី​ដំណោះស្រាយ​ត្រឹមត្រូវ​មួយ ហើយ​សហរដ្ឋ​អាមេរិក​បើក​ចំហ​ទទួល​យក «លទ្ធផល​ដែល​ទំនង​ជា​នឹង​កើត​ឡើង​ណា​មួយ» នៃ​ដំណោះស្រាយ​រវាង​ភាគី​ទាំង​ពីរ។

លោក Safadi បាន​ហៅ​ការ​ដោះស្រាយ​ជម្លោះ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នេះ​ថា​ជា​គន្លឹះ​សំខាន់​សម្រាប់ «សន្តិភាព​ដ៏​ឋិតថេរ និង​ទូលំទូលាយ» សម្រាប់​តំបន់​មជ្ឈិម​បូព៌ា។ លោក​បាន​និយាយ​ថា សម្រាប់​ប្រទេស​ហ្ស៊កដានី ដំណោះស្រាយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​គឺ​ជា​ដំណោះស្រាយ​តែ​មួយ​គត់​ដែល​ត្រូវ​ធ្វើ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Pompeo លើក​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​បាន​តវ៉ា​អស់​រយៈពេល​ពេញ​មួយ​ខែ​នៅ​ក្នុង​តំបន់ Gaza ដែល​ការ​តវ៉ា​នោះ​បាន​ក្លាយជា​ហិង្សា ដោយ​ក្នុង​នោះ កង​កម្លាំង​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ប្រហែល ៤០ នាក់។ ប៉ាឡេស្ទីន​បាន​ចោទ​ប្រកាន់​អ៊ីស្រាអែល​ថា​បាន​ប្រើ​កម្លាំង​ហួសហេតុ​ពេក។ ចំណែក​ឯ​អ៊ីស្រាអែល​វិញ បាន​បញ្ជាក់​ថា ខ្លួន​គ្រាន់តែ​ការពារ​ព្រំដែន​របស់​ខ្លួន និង​វាយ​ប្រហារ​លើ​អ្នក​បង្ក​ហេតុ​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG