ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាព​ភ័យខ្លាច​ដោយ​ការ​បំពុល​បង្ហាញ​ពី​ការ​មើល​រំលង​របស់​ចិន​លើ​សារធាតុ​គីមី​បង្ក​គ្រោះថ្នាក់


ការ​បំពុល​ខ្យល់នៅ​តែបន្ត​កើត​មាន​ឡើង​នៅក្នុង​ក្រុង​ប៉េកាំង ដោយនៅ​កន្លែង​ខ្លះ​មើល​មិន​ឃើញ​លើស​ពីមួយ​គីឡូម៉ែត្រ។

ភាព​ភ័យខ្លាច​កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​ចំណោម​អាណាព្យាបាល​សិស្ស​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ ដោយសារ​ដី​ និង​ទឹក​ក្រោមដី​ដែល​រងការ​បំពុល។ ភាព​ភ័យ​ខ្លាច​នេះ​មាន​ឡើង​បន្ទាប់​ពី​សិស្ស​សាលា​ជិត​៥០០​នាក់​មក​ពី​អនុវិទ្យាល័យ​មួយ ​បាន​កើត​ជំងឺ​ផ្សេងៗ​ ដែល​អាច​បណ្តាល​មកពី​ការ​បំពុល​ដោយ​សារធាតុ​គីមី​នៅ​ទីតាំង​មួយ​ជិត​សាលារៀន​របស់​ពួកគេ។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ ភាព​ភ័យខ្លាច​បង្ក​ឡើង​ដោយ​ការ​បំពុល​នេះ​ គឺ​ជា​ការ​ក្រើន​រំឭក​ថ្មី​មួយ​ទៀត​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​បំពុល​ដោយ​សារធាតុ​គីមី​នៅ​ប្រទេស​ចិន ហើយ​បាន​បង្ហាញ​ពី​ចន្លោះ​ប្រហោង​ក្នុង​ការ​គ្រប់គ្រង​ទៅ​លើ​សារធាតុ​គ្រោះថ្នាក់​របស់​ប្រទេស​នេះ។

ទូរទស្សន៍​ជាតិ ​CCTV ​បាន​រាយការណ៍​ថា សិស្ស​សាលា​ចំនួន​ ៤៩៣​នាក់​ មក​ពី​សាលា​ភាសា​បរទេស​ ក្រុង​ Changzhou ​នៅ​ខេត្ត ​Jiangsu ​បាន​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​ ពួក​គេ​មាន​ជំងឺ​រលាក​ស្បែក​ ជំងឺ​រលាក​ទង​សួត និង​ជំងឺ​កង្វះ​កោសិកា​ឈាម​ស ក៏​ដូចជា​ករណី​កើត​មាន​ជំងឺ​មហារីក​មួយ​ចំនួន​ ដែល​រួមមាន​ជំងឺ​មហារីក​ក្រពេញ​ទឹក​រងៃ និង​ជំងឺ​មហារីក​ឈាម​ជាដើម។

អាណាព្យាបាល​សិស្ស​ទាំង​នោះ​សង្ស័យ​ថា​ រោគ​សញ្ញា​នៃ​ជំងឺ​ទាំង​នេះ​ហាក់​ដូចជាបង្ក​ឡើង​ដោយ​កម្រិត​ខ្ពស់​បំផុត​នៃ​ការ​បំពុល​ដី ​និង​ទឹក​ក្រោម​ដី ​ពីព្រោះ​សាលារៀន ​Changzhou ស្ថិត​នៅ​ក្បែរ​ទីតាំង​ដែល​ធ្លាប់​មាន​រោងចក្រ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ចំនួន​បី ដែល​រួមមាន​សាខា​ក្នុង​ស្រុក​នៃ​ក្រុមហ៊ុន Shenzhen Noposion Agrochemicals Company ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​ចិន។

របាយការណ៍​របស់​ទូរទស្សន៍​គ្រប់​គ្រង​ដោយ​រដ្ឋ ​CCTV ​បាន​ដក​ស្រង់​សម្តី​របស់​សិស្ស​សាលា និង​អាណាព្យាបាល​ដែល​បាន​ត្អួញត្អែរ​ពី​ទឹក​ដែល​មាន​រសជាតិ ​«ជូរ​បន្តិច» ​ហើយ​ធុំក្លិន «ដូច​ពងទា​ស្អុយ» នៅ​ក្នុង​ខ្យល់ បន្ទាប់​ពី​កូន​សិស្ស​បាន​ចាប់​ផ្តើម​ចូល​សិក្សា​នៅ​ក្នុង​ទីតាំង​នេះ​ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន។

ទីតាំង​ខុស

បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​សន្និដ្ឋាន​ថា សាលា​រៀន​នោះ​មិន​គួរ​សាងសង់​ឡើង​នៅ​លើ «ដី​ដែល​រង​ការ​បំពុល​នោះ​ទេ» ​ដោយ​បាន​លើក​ឡើង​ពី​របាយការណ៍​វាយ​តម្លៃ​បរិស្ថាន​ដែល​ត្រូវ​បាន​ចុះ​ផ្សាយមុន​ពេលសាលារៀន​នោះ​ចាប់ផ្តើម​សាងសង់​កាល​ពី​ឆ្នាំ​មុន។

នៅ​ក្នុង​របាយការណ៍​ព័ត៌មាន​ស៊ើប​អង្កេត​ដែល​បាន​ចេញ​ផ្សាយ​មុន​នេះ​ទៀត​ បាន​លើក​ឡើង​ថា ដោយ​ផ្អែក​លើ​សំណាក​ពិសោធន៍​ទឹក​ក្រោម​ដី ​កម្រិត​នៃ​សារធាតុ​ក្លរ៉ូប៊ីន (Chlorobenzene) ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ផលិត​ថ្នាំ​សម្លាប់​សត្វ​ល្អិត ​និង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ ថ្លើម​ និង​តម្រង​នោម​របស់​មនុស្ស​នោះ​ បាន​កើន​ហួស​កម្រិត​ស្តង់ដារ​ជាតិ​ដល់​ទៅ​ជាង​ ៩៤.០០០​ដង។

របាយការណ៍​មួយ​ទៀត​ចេញ​ផ្សាយ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ Caixin Media ​ក៏​បានបញ្ជាក់ដែរ​ថា ​រោងចក្រ​មួយ​បាន​កប់​កាក​សំណល់​ពុល​ មុន​ពេល​ពួក​គេ​រើ​ចេញ​ពី​ទី​នោះ​នៅ​ក្នុង​ឆ្នាំ​២០១០។ សារព័ត៌មាន​នេះ​បាន​ដក​ស្រង់​សម្តី​របស់​អតីត​និយោជិត​រោងចក្រ​នោះ។

លោកស្រី​ Ada Kong អ្នក​គ្រប់គ្រង​នៃ​យុទ្ធនាការ​សារធាតុ​បំពុល​អាស៊ី​បូព៌ា​របស់​អង្គការ​ Greenpeace East Asiaបាន​ថ្លែង​ថា៖ «ចេញ​ពី​ករណី​នៅ​សាលា ​Changzhou ​នេះ​ វា​ច្បាស់​ណាស់​ថា​ រោងចក្រ​ជា​ច្រើន​បាន​ចាក់​កាក​សំណល់​ចោល​ដោយ​ខុសច្បាប់​ ពីព្រោះ​កាក​សំណល់​នេះ​មាន​លក្ខណៈ​បំពុល​ខ្លាំង»។

លោកស្រី​ Kong បាន​បន្ថែម​ថា ​សោកនាដកម្ម​មួយ​នេះ​បង្ហាញ​ពី​ «ភាព​ធូរ​រលុង​ដ៏​គ្រោះថ្នាក់​មួយ» ​ក្នុង​ការ​គ្រប់គ្រង​សារធាតុ​គ្រោះថ្នាក់​របស់​ប្រទេស​ចិន​ នៅ​ស្របពេល​ដែល​វិស័យ​សារធាតុ​គីមី​នៅ​ក្នុង​ប្រទេស​នេះ​ មិន​ត្រូវ​បាន​ដាក់​កម្រិត​ឲ្យបាន​តឹងរ៉ឹង​ទៅ​លើ​ការ​ប្រើប្រាស់ និង​ការ​ចាក់​ចោល​សារធាតុ​គ្រោះថ្នាក់​ទាំង​នោះ។

យោង​តាមលោកស្រី ​Kong​ ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​ជា​យូរ​ណាស់​មក​ហើយ​សម្រាប់​រដ្ឋាភិបាល​ប្រចាំ​តំបន់​ជា​ច្រើន​ ដែល​បាន​ផ្លាស់​ប្តូរ​តំបន់​ឧស្សាហកម្ម​ ដោយ​មិន​បាន​ដឹង​ពី​បរិមាណ​កាក​សំណល់​គីមី ​ដែល​បាន​ចាក់​ចោល​នៅ​តំបន់​នោះ។

អាណាព្យាបាល​នៅ​ទូទាំង​ប្រទេស​ដែល​កំពុង​មាន​ការព្រួយបារម្ភ

ភាព​ភ័យខ្លាច​បង្ក​ឡើង​ដោយ​ការ​បំពុល​នៅ​ក្រុង​ Changzhou ​ក៏​បាន​ធ្វើ​ឲ្យ​អាណាព្យាបាល​នៅ​កន្លែង​ដទៃ​ទៀត​មាន​ការ​ព្រួយបារម្ភ​ផង​ដែរ។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ​Weibo​ មួយ​រូប​បាន​និយាយ​នៅ​លើ​គេហទំព័រ​នេះ​ថា ​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នេះ​ ត្រូវ​បាន​លើក​ឡើង​ដោយ​អាណាព្យាបាល​សិស្ស​នៅ​សាលា​មួយ​ទៀត​ នៅ​ជាយ​ក្រុង​ភាគ​ខាង​កើត​ក្រុង ​Nantong ​នៅ​ពេល​ដែល ​«អាណាព្យាបាល​សិស្ស​បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​នៅ​ខាង​មុខ​សាលា​ក្រុង​ដើម្បី​ដាក់​ញ្ញត្តិ។ ប៉ុន្តែ​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ឆ្លើយ​តប​ដោយ​ការ​បញ្ជូន​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​ទៅ​វិញ»។

អ្នក​ប្រើប្រាស់​ម្នាក់​ទៀត​បាន​បង្ហោះ​មតិ​យោបល់​ដោយ​បាន​សរសេរ​ថា៖ «បញ្ហា​នេះ​ អាក្រក់​ជាង​គ្រោះ​មហន្តរាយ​សារធាតុ​គីមី​នៅ​កំពង់ផែ​ Tianjin​ រាប់​រយ​ដង​ ដែល​បាន​សម្លាប់​មនុស្ស ១៦៥នាក់... ​សារធាតុ​គ្រោះថ្នាក់​ទាំង​នោះមាន​លក្ខណៈ​បំពុល​ដូច​កាកសំណល់​នុយក្លេអ៊ែរ​អ៊ីចឹង»។

អ្នក​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ បាន​បន្ត​ចំអក​ក្រុម​មន្រ្តី​រដ្ឋាភិបាល​ថ្នាក់​តំបន់​ ដោយ​និយាយ​ថា «ពួក​គេ​គួរ​តែ​រើ​ទៅ​ធ្វើ​ការ​នៅ​ទីតាំង​របស់​សាលារៀន​នោះ​ទៅ» ដើម្បី​ភ្លក់​រសជាតិ​ឲ្យ​ដឹង​ច្បាស់​ពី​ការ​គំរាម​កំហែង​នៃ​បរិស្ថាន​ដែល​រង​ការ​បំពុល​ថា​យ៉ាង​ម៉េច។

មន្រ្តី​សាលារៀន​ ​ក៏​ដូចជា​មន្ត្រី​រដ្ឋាភិបាល​តំបន់​ បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ ទៅ​លើ​របាយការណ៍​របស់​សារព័ត៌មាន​ ដោយ​ទទូច​ថា​ ការ​អះអាង​ពី​ការ​កើត​មាន​ជំងឺ​ក្នុង​ទ្រង់ទ្រាយ​ធំ​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន។​

បន្ទាប់​ពី​ករណី​បំពុល​នៅ​ក្រុង ​Changzhou ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ទូទាំង​ប្រទេស ​កាល​ពី​ខែ​មេសា​ រដ្ឋាភិបាល​គ្រប់គ្រង​ក្រុង​នេះ បានសង្កត់​ធ្ងន់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​លាយល័ក្ខអក្សរ​ថា​ ខ្លួន​«នឹង​មិន​អត់ធ្មត់»​ ចំពោះ​រាល់​ការ​កើត​មាន​ការ​បំពុល​ ហើយ​បាន​ដាក់​បញ្ចូលក្រុម​ការងារ​មួយ​ដើម្បី​ស៊ើបអង្កេត​បន្ត។

គ្រូ​បង្រៀន​ម្នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ប្រាប់​តាម​ទូរស័ព្ទ​ថា៖ «ឥឡូវ​នេះ ដោយសារ​ក្រុម​ស៊ើបអង្កេត​ត្រូវ​បាន​ចាត់​ឡើង​រួច​រាល់​ហើយ​ យើង​កំពុង​រង់ចាំ​លទ្ធផល​ចុងក្រោយ»។

សាលា​រៀន​នោះ​បាន​លើក​ឡើង​សាជា​ថ្មី​ថា ការ​អះអាង​ពី​ការ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ទ្រង់ទ្រាយ​ធំ​ គឺ​ជា​ការ​បំផ្លើស​ ដោយសារ​មាន​សិស្ស​តែ​បួន​នាក់​ក្នុង​ចំណាម​សិស្ស​ចំនួន​ ២.៤៥១​នាក់​ និង​សមាជិក​មហា​វិទ្យាល័យ​បី​នាក់​នៃ​បុគ្គលិក​ចំនួន​ ២១០​នាក់​ប៉ុណ្ណោះ​កំពុង​ឈប់​សម្រាក​ដោយសារ​មាន​ជំងឺ ​នា​ពេល​បច្ចុប្បន្ន ស្រប​ពេល​ដែល​សិស្ស​ចំនួន​ប្រាំ​នាក់​ទៀត​គ្រោង​នឹង​ផ្លាស់​ទៅ​រៀន​ នៅ​សាលា​ផ្សេង។

ការ​សាយភាយ​នៃ​ចំហាយ​សារធាតុ​បំពុល​

ទោះ​បី​ជា​ការ​ធ្វើ​តេស្ត​បរិស្ថាន​បន្ថែម​ គឺជា​ការ​ចាំបាច់​ក៏ដោយ​ ការ​រក​ឃើញ​ដំបូងៗ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ បាន​ផ្តល់​នូវ​ការ​បកស្រាយ​ដ៏​គួរ​ឲ្យ​ជឿជាក់​មួយ​នៅ​ពីក្រោយ​ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​សិស្ស​សាលា​ទាំងនោះ​ នេះ​បើ​យោងតាម​សាស្រ្តាចារ្យ ​Yao Yijun ​នៅ​មហា​វិទ្យាល័យវិទ្យាសាស្រ្ត​បរិស្ថាន​និង​ធនធាន​ នៃ​សាកល​វិទ្យាល័យ ​Zhejiang។

សាស្រ្តាចារ្យ Yao និយាយ​ថា៖ «បើ​ទោះបី​ជា​សារធាតុ​ពុល​ត្រូវ​បាន​រក​ឃើញ​នៅ​ជាយ​ភាគ​ខាង​ជើង​ក្តី​ សារធាតុ​នោះ​អាច​ចូល​ទៅ​ក្នុង​បំពង់​ផ្គត់ផ្គង់​ទឹក​ក្រោម​ដី​ ដែល​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា»។

លោក​បាន​បន្ត​ថា៖ «តាមរយៈ​បំពង់​ផ្គត់ផ្គង់​ទឹក​នោះ​ ខ្ញុំសង្ស័យ​ថា ​សារធាតុ​បំពុល​បាន​ហូរ​ពី​ភាគ​ខាង​ជើង​ ហើយ​បាន​បន្ត​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ និង​បាន​បំពុល​ដី​នៅ​ជិត​សាលារៀន​នោះ»។

លោក​សាស្រ្តាចារ្យបាន​សន្និដ្ឋាន​ថា​ ការ​សាយភាយ​នៃ​ចំហាយ​បាន​កើត​ចេញ​ពី​ដី​ដែល​រង​ការ​បំពុល​នោះ​ ហើយ​បាន​បង្ក​ការ​គំរាម​កំហែង​ដល់​សុខភាព​របស់​សិស្ស​ ។

ក៏ប៉ុន្តែ​ លោក​សាស្រ្តាចារ្យ​ Yao ​បាន​ច្រាន​ចោល​នូវ​លទ្ធភាព​ដែលថា ​សិស្ស​សាលា​បាន​កើតជំងឺ​ធ្ងន់ធ្ងរ​ដូចជា​ជំងឺ​មហារីក​ជាដើម​ ដោយសារ​តែ​ការ​ប៉ះពាល់​នឹង​សារធាតុ​ពុល​នៅ​ក្នុង​រយៈ​ពេល​តែ​ពីរ​ឬបី​ខែ​នោះ។​ លោក​និយាយ​ថា ​ភាគ​ច្រើន​នៃ​ជំងឺ​ធ្ងន់​ធ្ងរ​ឬ​មហារីក​ដោយសារ​ការ​បំពុល ​កើត​មាន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ ឬ​យូរ​ជាង​នេះ។

លោក​សាស្រ្តាចារ្យ​បាន​និយាយ​ថា​ ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នា​ពេល​នេះ​ គឺ​ត្រូវ​យក​ដី​ដែល​រង​ការ​បំពុល​នៅ​សាលា​រៀន​នោះ​ ទៅ​បន្សាប​សារធាតុ​បំពុល​នៅ​កន្លែង​ផ្សេង។ លោក​បាន​បន្ថែម​ថា​កម្រិត​នៃ​ការ​បំពុល​ដី​នៅ​ខេត្ត​ Jiansu ​ប្រហែល​មាន​សភាព​អាក្រក់​ជាង​អ្វី​ដែល​គេ​បានរំពឹង​ទុក ​ដោយ​សារ​តែ​ខេត្ត​នេះ​បាន​បិទ​រោង​ចក្រ​ចំនួន​ ៧.០០០​ នៅ​ចន្លោះ​ពីឆ្នាំ​២០១០ ដល់ឆ្នាំ​២០១៥។

លោក Yao បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​មុតមាំ​ តាមរយៈ​ការ​បង្កើន​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​សម្រាប់​ដោះស្រាយ​ការ​បំពុល​ដី​ ពី​៣០៩​លាន​ដុល្លារ​ ទៅ​ប្រមាណ​ជា​ ១០,៨​ពាន់​លាន​ដុល្លារ​ ឬ​០,១​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ដូច​ដែល​បទពិសោធន៍​របស់​អាមេរិក​បាន​បង្ហាញ៕

ប្រែសម្រួល​ដោយ ស៊ូ រ៉ូហ្សានិច

XS
SM
MD
LG