ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​បង្ហាញ​ថា​ពលរដ្ឋ​អាមេរិក​ច្រើន​ឡើង​ជឿ​ថា​មាន​កំណើន​ការ​ស្អប់​ជនជាតិ​អាស៊ី​


បាតុករ​លើក​បដា​ «សហគមន៍​អាស៊ី (AAPI) ប្រឆាំង​នឹង​ការ​ស្អប់» ក្នុង​អំឡុង​ការ​តវ៉ា​ប្រឆាំង​មួយ​​នឹង​ការ​ស្អប់​ជនជាតិ​អាស៊ី​​​នៅ​ក្នុង​ទី​ក្រុង Newcastle រដ្ឋ Washington កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២១។
បាតុករ​លើក​បដា​ «សហគមន៍​អាស៊ី (AAPI) ប្រឆាំង​នឹង​ការ​ស្អប់» ក្នុង​អំឡុង​ការ​តវ៉ា​ប្រឆាំង​មួយ​​នឹង​ការ​ស្អប់​ជនជាតិ​អាស៊ី​​​នៅ​ក្នុង​ទី​ក្រុង Newcastle រដ្ឋ Washington កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២១។

ការ​ស្ទង់​មតិ​ធ្វើ​រួម​គ្នា​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ​The Associated Press ​និង​មជ្ឈមណ្ឌល​NORC​សម្រាប់​ការ​ស្រាវជ្រាវ​ខាង​កិច្ចការ​សាធារណៈ​បាន​រក​ឃើញ​ថា​ជនជាតិ​អាមេរិកាំង​៦០%​និយាយ​ថា​ការ​រើសអើង​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​បាន​កើន​ច្រើន​បើ​ប្រៀបធៀប​នឹង​កាលពី​មួយ​ឆ្នាំមុនដោយ​មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​៧១%ជនជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ​៦៦%​ជនជាតិ​អាមេរិកាំង​ស្បែក​ស​៥៩%​និង​ពល​រដ្ឋ​អាមេរិកាំង​អំបូរ​Hispanic​ចំនួន​៥៥%។​

ជនជាតិ​អាមេរិកាំង​ជិត​ពាក់​កណ្តាល​មាន​ជំនឿ​ថា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​បាន​ជួប​ប្រទះ​ការ​រើសអើង​«ខ្លាំង»​ឬ​«ច្រើន​គួរ​សម»​នៅ​ក្នុង​ស.រ.អា.​នៅ​ពេល​សព្វថ្ងៃ​នេះ។​ការ​ស្ទង់​មតិ​នេះ​ក៏​រក​ឃើញ​ដែរ​ថា​ជនជាតិ​អាមេរិកាំង​ពី​ប្រមាណ​៦​ក្នុង​ចំណោម​១០​នាក់​និយាយ​ថា​ការ​ប្រកាន់​ពូជ​សាសន៍នៅ​ក្នុង​ស.រ.អា.​ជា​ទូទៅ​ជា​បញ្ហា«ធ្ងន់ធ្ងរ​ខ្លាំង»​ឬ​«ធ្ងន់ធ្ងរ​ខ្លាំង​ណាស់»។​ហើយ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​និយាយ​ថា​ពួក​គេ​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព​នៅ​កន្លែង​សាធារណៈ។​

អ្នកស្រី​Susan Lee​ នៃ​ក្រុង​Sacramento​រដ្ឋ​California​បាន​និយាយ​ថា​ពួក​មិត្ត​ភ័ក្តិ​បាន​ផ្តើម​គំនិត​ការ​និយាយ​គ្នា​ជា​មួយ​អ្នក​ស្រី​អំពី​ការ​ប្រកាន់​ពូជ​សាសន៍​នៅ​ពេល​មាន​ការ​វាយ​ប្រហារ​លើ​ជនជាតិ​អាស៊ី​ច្រើន​ជាង​មុន​តែ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​អាយុ​៧២​ឆ្នាំ​រូប​នេះ​បាន​កត់​សម្គាល់​អំពី​ការ​ខុស​គ្នា​សំខាន់​មួយ​រវាង​មិត្តភ័ក្តិ​អ្នកស្រី​ដែល​ជា​ជនជាតិ​អាស៊ី​និង​មិន​មែន​ជា​ជនជាតិ​អាស៊ី។​

អ្នកស្រី​Susan Lee​បាន​ថ្លែង​ថា៖​«ពួក​មិត្តភ័ក្តិ​របស់​ខ្ញុំ​ដែល​មិនមែន​ជនជាតិ​អាស៊ី​ប្រហែល​មាន​ការ​ភ្ញាក់​ផ្អើល​ជាង​មិត្ត​អាស៊ី​អំពី​អ្វី​ដែល​បាន​កើត​មាន​នេះ។​ខ្ញុំ​យល់​ថា​ពួក​ចិន​ឬ​«អាស៊ី»​តែង​តែ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ធនធាន​មនុស្ស​វិជ្ជមាន​មួយ។​ខ្ញុំ​យល់​ថា​ពួក​គេ​ងឿងឆ្ងល់​នឹង​ស្ថានភាព​នោះ»។​

អ្នកស្រី​Barbara Canchola ​អាយុ​៧៦​ឆ្នាំ​នៃ​ក្រុង​El​Paso ​រដ្ឋ​Texas​បាន​និយាយ​ថា​ប្រសិន​បើ​អ្នកស្រី​ត្រូវ​បាន​សួរ​នៅ​មុន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ថាតើ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ប្រឈម​នឹង​ការ​ប្រកាន់​ពូជ​សាសន៍​ឬ​ទេអ្នកស្រី​អាច​ឆ្លើយ​ថា​«គ្មាន​ទេ» ។​

អ្នកស្រី​Barbara Canchola ​ដែល​ថាអ្នកស្រី​ជា​ជន​អំបូរ​Hispanic​បាន​ថ្លែង​ថា​អ្នកស្រី​ភ្ជាប់​ការ​រើសអើង​ប្រឆាំង​នឹង​ជនជាតិ​អាស៊ី​ជា​រឿង​កាល​ពី​អតីត​កាល​យូរហើយ​ដូចជា​ជំរំ​ឃុំឃាំង​ក្នុង​ការ​យក​ពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​ជប៉ុន​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ​ជា​ដើម។​

អ្នកស្រី​Canchola​បាន​ពោល​ថា៖​«ខ្ញុំ​មិន​យល់​ថាពួក​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ប្រឈម​នឹង​ការ​រើសអើង ណា​មួយ​ទេ​ ពីព្រោះ​ខ្ញុំ​យល់​ឃើញ​ថាពួក​គេ​ភាគ​ច្រើន​មាន​ការ​សិក្សា​ល្អ​ណាស់​ហើយ​ពួក​គេ​មិន​ប្រឈម​នឹង​ការ​ប្រព្រឹត្ត​បែប​នេះ​ទេ។​តែ​យ៉ាង​ណា​ក៏​ដោយ​ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​មកជំងឺ​នេះ​ត្រូវ​បាន​ហៅ​ថា​ជា​«មក​ពី​ប្រទេស​ចិន»​ដែល​នាំ​ឱ្យ​មាន​បញ្ហា​រើសអើង​បែប​នេះ»។​

អ្នកស្រី​Canchola​បាន​បញ្ជាក់​ថាការ​យល់​ឃើញ​របស់​អ្នកស្រី​ផ្អែក​លើ​ការ​រាយ​ការណ៍​តាម​ទូរទស្សន៍​«ដែល​បាន​បង្ហាញ​មនុស្ស​ត្រូវ​វាយ​ប្រហារ​តាម​ដង​ផ្លូវដោយ​គ្មាន​រឿង​អ្វី​សោះ»។​

អ្នកស្រី​ Renee Tajima-Pena​ជា​សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ីនៅ​ឯ​សាកល​វិទ្យាល័យ​រដ្ឋ​ California ​នា​ក្រុង ​Los Angeles ​និង​ជា​សហ​ផលិតករ​វីដេអូ​ឯកសារ​ភាគ​«Asian Americans»​ នៃ​បណ្តាញ​ទូរទស្សន៍​PBS។​អ្នក​ស្រី​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​មាន​មនុស្ស​ខ្លះ​មិន​ដែល​បាន​គិត​ថាពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ជា​ជន​រង​គ្រោះ​នោះ។​មាន​ការ​យល់​ឃើញ​ជា​ច្រើន​ថា​ពួក​ពលរដ្ឋ​អាមេរិកាំង​ទាំង​នេះ​មាន​ជោគជ័យ​មិន​និយាយ​អួត​អាង​ច្រើនដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ជួប​ប្រទះ​ការ​ប្រកាន់​ពូជ​សាសន៍​តែ​បន្តិច​បន្តួច។​

លោកស្រី​Renee Tajima-Pena​ បាន​និយាយ​ថា៖​ «ទស្សនៈ​តាម​ទម្លាប់​អំពី​ជនភាគ​តិច​ជា​គំរូ​អាក្រក់​ដែល​ប្រៀប​ដូច​ជា​គ្រឿង​ញៀន​សម្រាប់​ជនជាតិ​អាមេរិកាំង»។

នៅ​ចន្លោះ​ខែ​មីនា​ឆ្នាំ​២០២០​និង​ខែ​មីនា​ឆ្នាំ​នេះ​មាន​ឧប្បត្តិហេតុ​សម្អប់​ប្រឆាំង​នឹង​ជនជាតិ​អាស៊ី​ជាង​៦៦០០​លើក​ត្រូវ​បាន​ប្រមូល​ចងក្រង​ជា​ឯកសារ​ដោយ​អង្គការ​STOP AAPI Hate ​ដែល​ជា​មជ្ឈមណ្ឌល​រាយ​ការណ៍​សម្រាប់​ប្រទេស​ជាតិ។​ឧប្បត្តិហេតុ​ទាំង​នេះ​មាន​តាំង​ពី​ការ​យាយី​ដោយ​ពាក្យ​សម្តី​រហូត​ដល់​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ដោយ​មាន​រួម​បញ្ចូល​ការ​បាញ់​ប្រហារ​ក្នុង​តំបន់​ក្នុង​ទីក្រុង​Atlanta​ដែល​បានបណ្តាល​ឱ្យ​ស្ត្រី​អាស៊ី​៦​នាក់​ស្លាប់។​

មជ្ឈមណ្ឌល​សិក្សា​អំពី​សម្អប់​និង​ភាពជ្រុល​និយម​នៅ​ឯ​សាកល​វិទ្យាល័យ​រដ្ឋ​California​នា​ទីក្រុង​San Bernardino ​បាន​រក​ឃើញ​ថាឧក្រិដ្ឋកម្ម​សម្អប់​ប្រឆាំង​នឹង​ជនជាតិ​អាស៊ី​ក្នុង​ក្រុង​ធំៗ​ក្នុង​ស.រ.អា.​បាន​កើន​ឡើង​១៤៥%​ក្នុង​ឆ្នាំ​២០២០​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៩បើ​ទោះ​ជា​បទ​ឧក្រិដ្ឋ​សម្អប់​សរុប​បាន​ចុះ​ថយ​៦%​ក៏​ដោយ។​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​ជនជាតិ​អាស៊ី​ដែល​ត្រូវ​បាន​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ក្នុង​ក្រុង​ធំៗ​និង​ក្នុង​ស្រុក​ចំនួន​១៦​បាន​កើន​ឡើង​១៦៤%​ប្រៀប​ធៀប​រយៈ​ពេល​ដូចគ្នា កាល​ពី​ឆ្នាំ​ទៅ​មិញ។​

៥៧​ភាគ​រយ​នៃ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​និយាយ​ថា​ពួក​គេ​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព​ក្នុង​កន្លែង​សាធារណៈ«ជា​ញឹកញយ»​ឬ​«ជួនកាល​»​គឺ​ដោយសារ​ការ​រើសអើង​ពូជ​សាសន៍​ពួក​គេ​គឺ​ប្រហែល​ស្មើ​គ្នា​នឹង​ចំនួន​ភាគ​រយ​នៃ​ជនជាតិ​ជនជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ​ហើយ​ច្រើន​ជាង​ចំនួន​ភាគ​រយ​នៃ​ក្រុម​ជន​អំបូរ​ Hispanic​ ឬ​ជនជាតិ​អាមេរិកាំង​ស្បែក​ស។​ដោយសារ​ការ​ស្ទង់​មតិ​នេះ​ត្រូវ​ធ្វើ​ជា​ភាសា​អង់គ្លេស​និង​ភាសា​អេស្ប៉ាញ​ ដូច្នេះ​វា​តំណាង​ឲ្យ​មតិ​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ដែល​និយាយ​ភាសា​អង់គ្លេសតែ​មិន​រួម​បញ្ចូល​មតិ​របស់​ពួក​ជន​ដែល​មិន​ចេះ​និយាយ​ភាសា​អង់គ្លេស​ទេ។​

អ្នកស្រី​ Glendon Yuri-Sweetland ​អាយុ​៣៤​ឆ្នាំ​នៃ​ក្រុង ​Brewer​ រដ្ឋ ​Maine ​បន្ទោស​លោក​អតីត​ប្រធានាធិបតី​Donald Trump ​ថាលោក​នាំ​ឱ្យ​មាន​កំណើន​ការ​រើសអើង​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី។​អ្នកស្រី​បាន​និយាយ​ថាការ​និយាយ​យោង​ច្រើន​ដង​របស់​លោក​ Trump​ដែល​ថា​ជំងឺ​កូវីដ១៩​ជា​«វីរុស​ចិន»​និង​ពាក្យ​សម្តី​ប្រកាន់​ពូជសាសន៍​ឯ​ទៀតៗ​នៅ​តែ​ជាប់​ដិត​ក្នុង​ចិត្ត​គំនិត​របស់​មនុស្ស​ច្រើន​នាក់។​

អ្នកស្រី​ Glendon Yuri-Sweetland ​បាន​ពោល​ថា៖​«ដូច​ប្តី​ខ្ញុំ​បាន​និយាយ​ថា​’ លោក​Trump​និយាយ​ដូច្នេះ​‘ប្រៀបដូច​កូរទឹក​ក្នុង​ប៉ាន់​តែ​ប៉ុណ្ណោះ’​ តែ​ខ្ញុំ​យល់​ថា​ទោះ​ជា​លោក​បាន​និយាយ​ដូច្នេះ​ក្នុង​មួយ​រយៈ​ពេល​ក៏​ដោយ​ក៏​អតីត​ប្រធានាធិបតី​របស់​យើង​រូប​នេះ​បាន​បញ្ចេញ​សារ​គាត់​រួច​ទៅ​ហើយ»។​

ការ​ស្ទង់​មតិ​ដែល​មាន​ការ​ចូល​រួម​ដោយ​ប្រមាណ​២​ភាគ​៣​នៃ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​បង្ហាញ​ថា​ជិត​ពាក់​កណ្តាល​នៃ​ជនជាតិ​អាមេរិកាំង​ខ្វល់ខ្វាយ​«ខ្លាំង»​ឬ​ខ្វល់ខ្វាយ«ខ្លាំង​ណាស់»​ថាឧប្បត្តិហេតុ​ហិង្សា​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​បាន​កើន​ខ្លាំង​ជាង​មុន​ដោយសារ​ការ​រាតត្បាត​នៃជំងឺ​កូវីដ១៩៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG