លោក Dick Becker មានសុទិដ្ឋិនិយមអំពីក្រុង Lancaster ដែលជាក្រុងកំណើតរបស់លោកនៅក្នុងសង្កាត់ Grant County នៃរដ្ឋ Wisconsin និងប្រទេសទាំងមូលនៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ចែងកិច្ចការនយោបាយតាមវិធីរបស់លោកនៅរដ្ឋធានីវ៉ាស៊ីនតោន។
លោកបានថ្លែងពីប្រធានាធិបតីត្រាំថា «ពួកគេត្រូវផ្តល់ឱកាសឲ្យលោកប្រធានាធិបតី»។
លោក Becker និយាយថា អ្នកបោះឆ្នោតភាគច្រើននៅក្នុងទីក្រុង Lancaster នេះបានគាំទ្រលោកត្រាំ នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំទៅ ពីព្រោះតែពួកគេចង់បានការផ្លាស់ប្តូរ។ លោកនិយាយទៀតថា មនុស្សជាច្រើនដែលកាលពីពេលមុនបានស្វះស្វែងចង់បានការផ្លាស់ប្តូរដោយការបោះឆ្នោតឲ្យប្រធានាធិបតីបារ៉ាក់ អូបាម៉ា មានការខកចិត្តនៅក្នុងអ្វីដែលលោកអូបាម៉ាបានធ្វើ។
លោកនិយាយទៀតថា «មនុស្សដែលខ្ញុំបាននិយាយជាមួយមិនចូលចិត្តពីអ្វីដែលបានកើតមានឡើងទេ។ មនុស្សឆ្អែតនឹងនយោបាយហើយ ពួកគេចង់បានការផ្លាស់ប្តូរនោះ»។
នៅពេលសួរអំពីប្រធានាធិបតីត្រាំ លោក Becker បានឆ្លើយថា «ខ្ញុំសង្ឃឹមថា មនុស្សគាំទ្រលោកពីព្រោះ ប្រសិនបើលោកធ្វើកិច្ចការបានល្អ អ្នកទាំងអស់គ្នានឹងមានជីវភាពល្អប្រសើរ»។
លោក Becker បាននិយាយថា ជម្រើសរបស់អ្នកបោះឆ្នោតមិនត្រូវបានជំរុញឡើងដោយការពិបាកចិត្តនៅក្នុងសហគមន៍របស់ពួកគេទេ ពីព្រោះតែអ្វីៗកំពុងដំណើរការល្អនៅក្នុងសង្កាត់ Grant County។
នៅពេលដែលលោកមើលតាមបង្អួចដ៏ធំមួយរបស់ក្រុមហ៊ុនលក់សម្លៀកបំពាក់និងស្បែកជើង Walker’s Clothing and Shoes ដែលនៅទីនោះលោកធ្វើការជាអ្នកលក់ លោក Becker មើលឃើញសាលាក្តីដ៏ធំមួយធ្វើពីឥដ្ឋពណ៌ក្រហមដែលស្ថិតនៅលើទីលានដ៏សំខាន់មួយនៅទីក្រុង Lancaster។ នៅលើផ្លូវនានា លោកបានឃើញមនុស្សដើរនៅទីនោះ ហើយប្រហែលចំណាយពេលវេលានិងប្រាក់នៅក្នុងហាងរបស់លោក នៅហាងលក់គ្រឿងអលង្ការ ឱសថស្ថាន ហាងលក់របស់របរអនុស្សាវរីយ និងភោជនីយដ្ឋាន។
មនុស្សជាច្រើននៅក្នុងសហគមន៍ដាច់ស្រយាលតូចៗចូលចិត្តបើកបររថយន្តរយៈពេលមួយម៉ោង ឬច្រើនជាងនោះទៅកាន់ទីក្រុងធំៗដើម្បីទិញឥវ៉ាន់។ ក៏ប៉ុន្តែ លោក Becker បាននិយាយទៀតថា ទីក្រុង Lancaster ដែលមានមនុស្ស៣ពាន់៨រយ៦៨នាក់បានធ្វើឲ្យមានការផ្លាស់ប្តូរដោយបានទាក់ទាញមនុស្សមកពីឆ្ងាយៗដូចជាក្រុង Madison ដែលជារដ្ឋធានីរបស់រដ្ឋ Wisconsin ដើម្បីទិញអ្វីដែលលោកហៅថា «ទំនិញប្រកបដោយគុណភាពកំពូល» នៅឯហាង Walker’s និងហាងលក់ដូរផ្សេងៗទៀតដែលធ្វើឲ្យមានការចាប់អារម្មណ៍ការទិញទំនិញក្នុងទីក្រុងដ៏តូចមួយដែលជួនកាលគេមិនបានឃើញមាននៅក្នុងហាងក្នុងទីក្រុងធំៗជាងនេះ។
លោក Becker បាននិយាយទៀតថា «អស់លោក អ្នក មិនអាចទទួលបានសេវាកម្មនិងគុណភាពបម្រើអតិថិជនដូចអស់លោក អ្នកបានទទួលនៅទីនេះទេ»។
ការទទួលបានផលចំណេញរបស់ក្រុង Lancaster បានធ្វើឲ្យប៉ះពាល់ទីក្រុងតូចជាងនៅក្នុងតំបន់ដែលនៅសល់ហាងតូចៗមួយចំនួនតូចប៉ុណ្ណោះ។ លោក Becker បានមានប្រសាន៍ទៀតថា អ្វីដែលបានជួយធ្វើឲ្យមានវិបុលភាពយ៉ាងខ្លាំងដល់សង្កាត់ Grant គឺការអភិវឌ្ឍខាងសេដ្ឋកិច្ចដែលទទួលបានការលើកទឹកចិត្តពីដំបូងដោយមូលនិធិសហព័ន្ធ និងរដ្ឋដែលបានទាក់ទាញរោងចក្រផលិតកម្មនិងធ្វើចំណីអាហារតូចៗមកកាន់តំបន់នេះ ដែលបានបង្កើតការងាររាប់រយ ហើយនិងបន្ថែមមូលដ្ឋានអតិថិជន។
ក៏ប៉ុន្តែ លោកបាននិយាយទៀតថា សង្កាត់ Grant បានជួបប្រទះការខ្វែងគំនិតខាងនយោបាយដូចគ្នាដែលគេបានឃើញនៅក្នុងប្រទេសទាំងមូលដែរ ហើយលោកនិយាយទៀតថា មានការរិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតីត្រាំ។
លោកបាននិយាយថា «មនុស្សមិនអាចអត់ឱនឲ្យបានដល់ការបញ្ចេញមតិរបស់មនុស្សផ្សេងទៀត។ មនុស្សខ្លះដែលបេក្ខជនរបស់ខ្លួនបានចាញ់ឆ្នោតកំពុងធ្វើអ្វីៗដែលពួកគេអាចធ្វើបានដើម្បីនិយាយអាក្រក់ពីប្រធានាធិបតី»។
មនុស្សផ្សេងទៀតដែលយើងបានជួបនៅក្នុងទីក្រុង Lancaster បានបញ្ជាក់ថា ការពណ៌នារបស់លោក Becker ពីការបែកបាក់ខាងនយោបាយ។ អ្នកខ្លះការពារលោកត្រាំថា ជាពាណិជ្ជករដែលនិយាយត្រង់ៗហើយអ្នកខ្លះទៀតបានថ្កោលទោសលោកចំពោះវោហាសាស្ត្រច្រឡោះបោះ និងរបៀបវារៈដែលអាចធ្វើឲ្យអន្តរាយសេវាកម្មសង្គមដែលផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋក្នុងមូលដ្ឋានដែលមិនបានទទួល។
លោក Becker និយាយថា លោកក៏មានបញ្ហាជាមួយការនិយាយក្រអឺតក្រទមរបស់លោកត្រាំដែរ ក៏ប៉ុន្តែ លោកផ្តោតលើភាពវិជ្ជមាន។
លោក Becker និយាយបន្តទៀតថា «ខ្ញុំយល់ស្របជាមួយអ្វីដែលលោកនិយាយ។ ខ្ញុំចង់ឃើញក្រុមហ៊ុនពាណិជ្ជកម្មវិលត្រឡប់មកកាន់ប្រទេសនេះវិញ។ ការណ៍នេះក៏រាប់បញ្ចូលទាំងគោលនយោបាយថាមពលដែលជាប្រធានបទដ៏មានសារៈសំខាន់មួយនៅក្នុងតំបន់ដាច់ស្រយាលដែលនៅទីនោះកសិដ្ឋានត្រូវការប្រេងឥន្ធនៈ និងនីត្រូសែនចម្រាញ់ចេញពីឧស្ម័នធម្មជាតិសម្រាប់ធ្វើជីហើយមនុស្សគ្រប់គ្នាត្រូវការបើកបរផ្លូវឆ្ងាយសម្រាប់សេវាកម្មសំខាន់ៗ។
លោក Becker និយាយពីលោកប្រធានាធិបតីត្រាំថា «លោកចង់ទាញយកថាមពលរបស់អាមេរិកមកប្រើប្រាស់ថែមទៀត។ ខ្ញុំចូលចិត្តគម្រោងនេះពីព្រោះខ្ញុំមិនចង់ឲ្យប្រាក់របស់យើងទៅប្រទេសដទៃទៀតទេ។ ហេតុអ្វីយើងត្រូវទិញប្រេងមកពីប្រទេសអ៊ីរ់ង់ ឬប្រទេសវ៉េណេស៊ុយអេឡានៅពេលដែលយើងមានប្រេងរបស់ខ្លួនឯងនោះ»។
ក៏ប៉ុន្តែ លោក Becker ដូចជាមនុស្សភាគច្រើននៅក្នុងតំបន់នេះដែរនិយាយថា លោកមិនចូលចិត្តនិយាយពីរឿងនយោបាយច្រើនពេកជាមួយអ្នកជិតខាងនិងមិត្តភត្តិទេពីព្រោះលោកចង់បញ្ចៀសឈ្លោះប្រកែកគ្នាហើយរស់នៅក្នុងសហគមន៍ប្រកបភាពចុះសម្រុងគ្នា៕
ប្រែសម្រួលដោយជឹង ប៉ូជីន