ការស្ទង់មតិរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អ.ស.បប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកហៅកាត់ថា UNESCAP រកឃើញថាមានភាពវិជ្ជមានច្រើនសម្រាប់តំបន់នេះ ដោយសារតែឥឡូវនេះមានការនាំចេញជាសាកលប្រមាណជា៣០%។ ប្រសិននៅតែបន្តដូច្នេះ ការស្ទង់មតិនេះនិយាយថា ការនាំចេញនេះនឹងកើនដល់៥០% នៅក្នុងឆ្នាំ២០៥០។
អស់រយៈពេលជាង៧០ឆ្នាំ កំណើនការនាំចេញរបស់អាស៊ីបានជួយឲ្យមនុស្សរាប់លាននាក់ចេញផុតពីភាពក្រីក្រ ដោយមានទីផ្សារគោលដៅដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប។
ការស្ទង់មតិនេះបានរកឃើញផងដែរថា រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចរបស់ប្រទេសទាំងនេះ បានប្តូរមកពឹងផ្អែកលើតម្រូវការក្នុងស្រុកច្រើនជាងមុន ដោយសារតែ «មិនសូវមានតម្រូវការពីក្រៅប្រទេស និងភាពទន់ខ្សោយនៃពាណិជ្ជកម្មសាកលដែលបានអូសបន្លាយអស់រយៈពេលជាយូរមកហើយ»។
ក្រុមសេដ្ឋវិទូរបស់អ.ស.ប.ទស្សន៍ទាយថា កំណើនសេដ្ឋកិច្ចអាចកើនដល់ទៅជិត៥% ដោយក្នុងនោះប្រទេសចិន ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចក្នុងតំបន់ នឹងកើនដល់៦,៥%នៅក្នុងឆ្នាំ២០១៧ ហើយប្រទេសឥណ្ឌានឹងកើនបាន៧,១%។
ស្ថានភាពសេដ្ឋកិច្ចចិនត្រូវបានគេមើលឃើញថា មានស្ថិរភាព ដោយមានការធ្វើឲ្យមានតុល្យភាពឡើងវិញ ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ហើយការកាត់បន្ថយបំណុលធ្វើឲ្យមាន «និន្នាការកំណើនធម្មតាថ្មីមួយ»។ ប្រទេសរុស្ស៊ីដែលពឹងផ្អែកលើតម្លៃប្រេងក៏ត្រូវបានគេទស្សន៍ទាយថានឹងមានកំណើនវិជ្ជមាននៅក្នុងឆ្នាំ២០១៧ផងដែរ។
ប៉ុន្តែផលប៉ះពាល់វិជ្ជមានជាទូទៅត្រូវបានគេមើលរំលង ដោយក្តីបារម្ភនៃពាណិជ្ជកម្មបែបការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិនិយមនេះ នឹងជះឥទ្ធិពលលើការងារ និងកំណើនសេដ្ឋកិច្ច។
របាយការណ៍នេះបង្ហាញថា «ហានិភ័យខ្លាំងបំផុតចំពោះស្ថានភាពសេដ្ឋកិច្ចវិជ្ជមាននេះគឺការកើនឡើងនៃពាណិជ្ជកម្មបែបការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិនិយម»។
របាយការណ៍នេះក៏បានកត់សម្គាល់ពីការផ្លាស់ប្តូរនាពេលថ្មីៗនេះ នៅក្នុងគោលនយោបាយអាមេរិកទាក់ទងនឹងពាណិជ្ជកម្ម រូបិយប័ណ្ណ និងបញ្ហាអន្តោប្រវេសន៍ បូករួមជាមួយនឹងការចរចាអំពីការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប «បានបង្កឲ្យគោលនយោបាយជាសាកលមានភាពមិនច្បាស់លាស់ និងអាចមានផលប៉ះពាល់ជាអវិជ្ជមានដល់ប្រទេសក្នុងតំបន់ រួមទាំងការនាំចេញទំនិញរបស់ចិន និងការនាំចេញសេវាកម្មរបស់ឥណ្ឌាផងដែរ»។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញគោលជំហរយ៉ាងម៉ឹងម៉ាត់ចំពោះគោលនយោបាយពាណិជ្ជកម្ម និងរូបិយប័ណ្ណរបស់ចិន នៅមុនពេលបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ ប៉ុន្តែលោក ត្រាំ បានទម្លាក់ជំហររបស់ខ្លួន នៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសម្លឹងមើលប្រទេសចិនដើម្បីគាំទ្រវិធានការទប់ទល់នឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
អ្នកស្រី Shamshad Akhtar លេខាធិការប្រតិបត្តិនៃគណៈកម្មការ UNESCAP បាននិយាយថា ការជជែកដេញដោលលើការការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិនិយម និង «ការមិនទុកចិត្តលើសាកលភាវូបនីយកម្ម» ចាំបាច់ត្រូវតែធ្វើការដោះស្រាយ។
អ្នកស្រីបាននិយាយថា «តំបន់នេះឥឡូវមានការនាំចេញ១ភាគ៣នៃការនាំចេញរបស់ពិភពលោកទាំងមូល។ ប៉ុន្តែការមិនទុកចិត្តលើសាកលភាវូបនីយកម្ម និងនិន្នាការទៅរកការធ្វើពាណិជ្ជកម្មបែបការពារផលប្រយោជនន៍សេដ្ឋកិច្ចជាតិនិយម បង្កើតឲ្យមានភាពមិនប្រាកដប្រជាជាសាកល»។
អ្នកស្រី Akhtar ថ្លែងបន្តទៀតថា «ប្រសិនបើមិនដោះស្រាយទេនោះ វានឹងបង្ហាញថា កំណើននៅក្នុងតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកពឹងផ្អែកលើការនាំចេញបែបប្រពៃណីរបស់ខ្លួនដើម្បីបង្កើតការងារ និងវិបុលភាពនៅក្នុងតំបន់»។
គណៈកម្មការនេះបាននិយាយថា កំណើនពាណិជ្ជកម្មសាកលនាំឲ្យមានកំណើនសេដ្ឋកិច្ចក្នុងតំបន់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ប៉ុន្តែការពិភាក្សាអំពីកំណើននេះ ត្រូវបានសួរដេញដោលដោយក្រុមអ្នកប្រឆាំងនឹងសាកលភាវូបនីយកម្ម ជាពិសេសនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប។
ប៉ុន្តែអ្នកស្រី Akhtar បាននិយាយថា វាមានការពិបាកក្នុងការ «បន្ទោសលើសាកលភាវូបនីយកម្មណាស់ ដោយសារតែការចល័តពលកម្ម ដើមទុន និងអ្វីផ្សេងៗទៀតដែលបានកើតឡើងអស់រយៈជាច្រើនឆ្នាំមកហើយ»។
អ្នកស្រីបានថ្លែងយ៉ាងដូច្នេះថា «ដូច្នេះ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ឲ្យបានត្រឹមត្រូវថា ការមិនទុកចិត្តលើសាកលភាវូបនីកម្មជាការបោកប្រាស់របស់អ្នកនយោបាយ ប៉ុន្តែពិតណាស់យើងត្រូវដើរតាមគោលនយោបាយដែលត្រឹមត្រូវ»។
ការស្ទង់មតិរបស់អ.ស.ប.បានបង្ហាញទៀតថា ការទស្សន៍ទាយបានបង្ហាញថា ប្រសិនបើមានការកើនឡើងពាណិជ្ជកម្មបែបការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិនិយម និងភាពមិនច្បាស់លាស់ជាសាកល នោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗអាចនឹងធ្លាក់ចុះទៅដល់១,២%។
ការស្ទង់មតិនេះបានកត់សម្គាល់ថា ខណៈដែលតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែ «ជាកម្លាំងនៃកំណើនសេដ្ឋកិច្ចសាកល» ការរីកលូតលាស់នេះមិនគ្រប់គ្រាន់ ដើម្បីប្រឈមនឹងបញ្ហាជាច្រើនទាំងនេះបានឡើយ។
គណៈកម្មការបានចង្អុលបង្ហាញថា វិសមភាពប្រាក់ចំណូលដែលចេះតែកើនឡើង ជាមួយនឹងកំណើនការងារសមរម្យ ក៏ជាបញ្ហាប្រឈមមួយផងដែរ។
តំបន់នេះក៏ «ធ្លាក់ចំណាត់ថ្នាក់នៅក្រោមប្រទេសដទៃទៀតនៅក្នុងពិភពលោកទាក់ទងនឹងការការពារផ្នែកសង្គម ហិរញ្ញវត្ថុ និងសារព័ត៌មាន» ដែលផ្ទុយពីកម្រិតនៃការចំណាយនៅក្នុងប្រទេសអភិវឌ្ឍន៍។
ការបំផ្លាញបរិស្ថានជាក្តីបារម្ភចម្បងមួយ បើទោះបីជាមានកំណើនសេដ្ឋកិច្ចខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះក៏ដោយ ដែលការណ៍នេះនឹងបណ្តាលឲ្យមានការចំណាយយ៉ាងច្រើនទៅលើការការពារបរិស្ថាន។
ការស្ទង់មតិនេះបានរកឃើញថា «នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមធ្យមប្រើប្រាស់ធនធានច្រើនជាង២ដង បើធៀបទៅនឹងប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក ដើម្បីទទួលបានចំណូលមួយដុល្លារទៅក្នុងកំណើនផលិតផលក្នុងស្រុកសរុប (GDP)។ ការបំផ្លាញបរិស្ថាន និងការបញ្ចេញឧស្ម័នកាបូនមិនត្រូវបានរាប់បញ្ចូលនៅក្នុងទិន្នន័យនៃកំណើនផលិតផលក្នុងស្រុកសរុប ដែលអាចនឹងប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចឡើយ»។
ការស្ទង់មិតនេះបានអំពាវនាវឲ្យមានអភិបាលកិច្ចល្អ និងការទទួលខុសត្រូវល្អប្រសើរជាងមុន ដែលគេមើលឃើញថាជាវិធានការសម្រាប់សេដ្ឋកិច្ចល្អប្រសើរ។
ការស្ទង់មតិនេះបង្ហាញថា ប្រទេសដែលមានអភិបាលកិច្ចល្អ ផ្តោតលើនីតិរដ្ឋ បទបញ្ញត្តិ ទប់ស្កាត់អំពើពុករលួយ និងប្រសិទ្ធិភាពរដ្ឋាភិបាលក៏ «ទំនងនឹងផ្លាស់ប្តូរ និងប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់ខ្លួនបាន ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ