ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនាឆ្នាំ២០១៦នេះមានការធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងតួលេខឆ្នាំ២០១៣ ហើយភាគច្រើននៅខេត្តដែលមានពលករធ្វើចំណាកស្រុកច្រើន។ នេះបើតាមតួលេខចុងក្រោយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត បានសម្តែងការព្រួយបារម្ភចំពោះនិន្នាការនៃការវិវត្តន៍នេះ ប៉ុន្តែចាប់អារម្មណ៍ថា ទីក្រុងភ្នំពេញដែលមានពលរដ្ឋរស់នៅច្រើន តែចំនួនអ្នកចុះឈ្មោះតិច ដោយសារតែអ្នករស់នៅមួយចំនួនមានលំនៅអចិន្ត្រៃយ៍នៅតាមបណ្តាខេត្ត ហើយត្រឡប់ទៅចុះឈ្មោះនៅទីនោះវិញ។
ក្នុងឆ្នាំ២០១៣ ពលរដ្ឋទីក្រុងភ្នំពេញមានសិទ្ធិបោះឆ្នោតចំនួន៩៣៦.៦៣១នាក់ ប៉ុន្តែអ្នកចុះឈ្មោះបោះឆ្នោតបានឡើងដល់៩៩៨.៨២៧នាក់ គឺបានរហូតដល់ទៅ១០៦,៦៤ភាគរយ។
ប៉ុន្តែសម្រាប់ឆ្នាំ២០១៦ ពលរដ្ឋទីក្រុងភ្នំពេញដែលមានសិទ្ធិបោះឆ្នោតកើនឡើងដល់ ៩៨៣.៨២៨ ប៉ុន្តែអ្នកចុះឈ្មោះបោះឆ្នោតបានតែចំនួន៨៥០.៣៣០នាក់ (ត្រូវជា៨៦,៤៣ភាគរយ)។
លោកយល់ថា នោះជាសញ្ញាល្អសម្រាប់គណបក្សប្រឆាំង៖
«យើងយល់ថាវាជាសញ្ញាល្អសម្រាប់គណបក្សប្រឆាំងដោយសារសំឡេងកៅអីនៅតាមខេត្តមានឥទ្ធិពលជាងនៅទីក្រុងភ្នំពេញ បើសិនជាយើងមើលសំឡេងតាមការបោះឆ្នោតនីមួយៗអត់ស្មើភាពគ្នាទេ»។
លោក វីរៈ យល់ថា រូបមន្តនៃការកំណត់អាសនៈនៅសភាជាតិ នៅពេលបច្ចុប្បន្ននេះក៏មិនសូវតំណាងឱ្យសំឡេងពលរដ្ឋដែរ។ ឧទាហរណ៍ នៅរាជធានីភ្នំពេញតុល្យភាពនៃចំនួនអ្នកបោះឆ្នោតនឹងចំនួនអាសនៈគឺមានរហូតដល់ជាង៧ម៉ឺននាក់ក្នុងមួយអាសនៈ ក្នុងខណៈពេលដែលទីក្រុងកែបគឺអ្នកបោះឆ្នោតមានតែជាង២៤.០០០នាក់ ប៉ុន្តែមានមួយអាសនៈ។
រីឯនៅខេត្តឧត្តរមានជ័យ មានអ្នកបោះឆ្នោតចំនួន១៣៤.៣១៤នាក់ ប៉ុន្តែអាសនៈសភាមានចំនួនតែមួយ។ ដោយឡែកខេត្តព្រះសីហនុ មានអ្នកបោះឆ្នោតចំនួន១៣៥.៧៨៧ នាក់ ប៉ុន្តែនឹងមានអាសនៈសភាចំនួនបី។ រីឯខេត្តក្រចេះ មានអ្នកបោះឆ្នោត២២៤.៥៤៨នាក់ ប៉ុន្តែមានអាសនៈចំនួនបីដែរ។
អ្នកវិភាគមើលឃើញថា ក្នុងពេលកន្លងមក គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងទទួលបានការគាំទ្រច្រើនពីក្នុងចំណោមកម្មកររោងចក្រ ពលករនិងយុវជន។ ប៉ុន្តែលោកថា ពួកគេត្រូវតែទាក់ទាញឱ្យកសិករគាំទ្រថែមទៀត ទើបអាចធានាបានការគាំទ្រកើនឡើង ដោយសារតែពលករដែលធ្វើការនៅប្រទេសថៃភាគច្រើនគឺមិនបានចុះឈ្មោះបោះឆ្នោតទេ រីឯយុវជនក៏មិនសូវសកម្មក្នុងការចុះឈ្មោះបោះឆ្នោតឬទៅបោះឆ្នោតដូចសកម្មភាពរិះគន់តាមហ្វេសប៊ុក ឬចូលរួមបាតុកម្មឡើយ។
លោកអ៊ូ វីរៈ លើកឡើងថា បើសិនជាគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចអាចរក្សាចំនួនអ្នកបោះឆ្នោតឱ្យបាននៅចំនួនជាងបីលាននាក់ដែលគណបក្សនេះទទួលបានក្នុងឆ្នាំ២០១៣ គឺអាចនឹងជាការព្រួយបារម្ភចំពោះគណបក្សប្រឆាំងផងដែរ។ នេះដោយសារតែមានគណបក្សតូចៗមួយចំនួនកំពុងតែធ្វើការឃោសនាយ៉ាងសកម្ម ហើយអាចទាញបំបែកសំឡេងអ្នកគាំទ្របក្សប្រឆាំងបាន។
ដោយបានប៉ាន់ប្រមាណថាក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតជាង៧,៨លាននាក់គឺអាចមានអ្នកមិនទៅបោះឆ្នោត១,៥លាននាក់ ដូច្នេះសំឡេងនៅសល់ត្រូវបែងចែករវាងគណបក្សមិនកាន់អំណាច។
និន្នាការដែលព្រួយបារម្ភនោះគឺដូចជានៅខេត្តព្រៃវែង ដែលគណបក្សសង្គ្រោះជាតិបានឈ្នះក្នុងឆ្នាំ២០១៣។ ពេលនោះ ពលរដ្ឋខេត្តព្រៃវែងអាយុ១៨ឆ្នាំឡើងទៅ មានចំនួន៨២៣.២០៣នាក់ រីឯអ្នកចុះឈ្មោះបោះឆ្នោតបាន៨០៩.០២០នាក់។ ប៉ុន្តែនៅឆ្នាំ២០១៦ ពលរដ្ឋខេត្តព្រៃវែងអាយុ១៨ឆ្នាំឡើងទៅមានចំនួនថយមកនៅត្រឹម៧៦៤.៨៣៦នាក់ (បាត់អស់៥៨.៣៦៧នាក់) រីឯអ្នកចុះឈ្មោះបោះឆ្នោតបានតែ៦២២.១៩៧នាក់ គឺបាត់អស់១៨៦.៨២៣នាក់ ប្រៀបធៀបនឹងចំនួនអ្នកចុះឈ្មោះឆ្នាំ២០១៣។
ប៉ុន្តែលោកអ៊ូ វីរៈបានបន្ថែមថា៖
«ប៉ុន្តែគណបក្សកាន់អំណាចគាត់ត្រូវតែព្រួយបារម្ភដែរគឺគាត់ត្រូវធ្វើយ៉ាងម៉េច បើគាត់អាចកើនឡើងភាគរយពី៣,២លាននាក់ឡើងបានបន្តិចទៀត គឺគាត់អាចធានាបាននូវការឈ្នះឆ្នោតបាន។ ប៉ុន្តែប្រសិនជាគណបក្សប្រឆាំងបើសិនជាគាត់រៀបចំយុទ្ធសាស្ត្រយ៉ាងម៉េចចូលរួមគណបក្សតូចៗបាន ឬមួយក៏រៀបចំយុទ្ធសាស្រ្តដើម្បីទាក់ទាញប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានហ្នឹងនេះក៏ជាគន្លឹះនៃការឈ្នះឆ្នោត២០១៨ដែរ»៕