ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ខ្វែង​គំនិត​ផ្នែក​នយោបាយ​បាន​ផ្ទុះ​ឡើង​រឿង​តំណែង​ទំនេរ​នៅ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ លោក​ប្រធានាធិបតី Donald Trump និយាយ​ជាមួយ​លោក Mitch McConnell ប្រធាន​ព្រឹទ្ធសភា​ អំពី​ច្បាប់​ផ្ដល់​ថវិកា​ជំនួយ​បន្ថែម​ ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០២០។

គេ​ឃើញ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​គ្រប់​ទិដ្ឋភាព​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ទាក់ទិន​នឹង​រឿង​ជំនួស​តំណែង​ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​របស់​អ្នកស្រី Ruth Bader Ginsburg ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ។

ការ​ស្លាប់​របស់​អ្នកស្រី​បាន​ធ្វើ​ឲ្យ​តុលាការ​កំពូល​បាត់បង់​ចៅក្រម​ដែល​មាន​ទស្សនៈ​សេរី​និយម​ដ៏​ល្បី​ឈ្មោះ និង​អាច​បណ្ដាល​ឲ្យ​តុលាការ​កំពូល​ឈាន​ទៅ​ដល់​ករណី​ដែល​មាន​ចៅក្រម​អភិរក្ស​និយម ៦ រូប ទល់​នឹង​ចៅក្រម​សេរី​និយម ៣ រូប។ តុលាការ​កំពូល​តម្រូវ​ឲ្យ​មាន​ចៅក្រម​សរុប​ទាំង​អស់ ៩ រូប។

រឿង​ជំនួស​តំណែង​ចៅក្រម​របស់​អ្នកស្រី Ginsburg នេះ បាន​កើតឡើង​មុន​ពេល​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​តែ​ប៉ុណ្ណោះ។ ពេល​វេលា និង​វិធី​នៅ​ក្នុង​ការ​ជ្រើសរើស​ចៅក្រម​សម្រាប់​តំណែង​នៅ​ទំនេរ​នេះ​នឹង​មាន​ផល​ប៉ះពាល់​នយោបាយ​ភ្លាមៗ និង​អាច​មាន​ឥទ្ធិពល​ជា​អចិន្ត្រៃយ៍​លើ​របៀប​ដែល​ព្រឹទ្ធសភា​ដំណើរការ និង​វិធី​ដឹកនាំ​សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​អភិរក្ស​និយម​បាន​អបអរសាទរ​ចំពោះ​ការ​សន្យា​របស់​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell កាល​ពី​យប់​ថ្ងៃ​សុក្រ​ ដែល​និយាយ​ថា បេក្ខជន​ណា​ម្នាក់​ដែល​លោក​ប្រធានាធិបតី Donald Trump ជ្រើសរើស​សម្រាប់​បំពេញ​តំណែង​នេះ «នឹង​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ពី​ព្រឹទ្ធសភា»។ លោក McConnell មិន​បាន​បញ្ជាក់​អំពី​ពេលវេលា​ច្បាស់លាស់​នោះ​ទេ។

អង្គការ Heritage Action ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ Heritage Foundation បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «លោក​ប្រធានាធិបតី Trump និង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា បាន​ប្រឹងប្រែង​ធ្វើការ​ដើម្បី​សើរើ​ភាព​តស៊ូ​មតិ​បែប​សេរី​និយម​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​របស់​យើង ហើយ​រឿង​នេះ​មិន​គួរ​មាន​ការ​បង្អាក់​នោះទេ។ គណបក្ស​សាធារណរដ្ឋ​ត្រូវតែ​អនុវត្ត​សិទ្ធិ​អំណាច​ដែល​ផ្ដល់​ជូន​ដោយ​អ្នក​បោះឆ្នោត នៅ​ក្នុង​ការ​ជ្រើសរើស​អ្នក​កាន់​តំណែង​ចៅក្រម​នេះ​បន្ត»។

ផ្ទុយ​មក​វិញ ក្រុម​អ្នក​សេរី​និយម និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​បាន​ជំទាស់​ចំពោះ​រឿង​នេះ។

លោក Patrick Leahy សមាជិក​ព្រឹទ្ធសភា​ជើង​ចាស់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​ឲ្យ​រដ្ឋ Vermont បាន​និយាយ​នៅ​ក្នុង​វិទ្យុ NPR ថា៖ «ខ្ញុំ​មិន​ដែល​ឃើញ​ការ​លាក់ពុត​បែប​នយោបាយ​ខ្លាំងក្លា​បែប​នេះ​ទេ»។

លោក Leahy បាន​អះអាង​ថា តំណែង​ចៅក្រម​តុលាការ​កំពូល​នេះ​គួរ​ទុក​ឲ្យ​នៅ​ទំនេរ​ក្នុង​អំឡុង​ឆ្នាំ​បោះឆ្នោត​នេះ ដូច្នេះ​ពលរដ្ឋ​អាមេរិកាំង​អាច​ថ្លឹងថ្លែង​អំពី​ជម្រើស​នេះ។

លោក Leahy ដែល​ជា​សមាជិក​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​ផង​ដែរ​នោះ បាន​បន្ថែម​ថា៖ «នេះ​គឺ​ជា​រឿង​ត្រឡប់ត្រឡិន។ វា​ជា​រឿង​នយោបាយ​សុទ្ធសាធ។ វា​នឹង​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​តុលាការ​កំពូល»។

លោក Leahy និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ប្រធាន​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​លោក Lindsy Graham ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​ឲ្យ​រដ្ឋ South Carolina ថា៖ «មិន​អាច​ត្រូវ​តែ​មាន​ច្បាប់​កំណត់​មួយ​សម្រាប់​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ទេ និង​មិន​អាច​ត្រូវតែ​មាន​ច្បាប់​កំណត់​មួយ​សម្រាប់​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ទេ ហើយ​ការ​ពិចារណា​តែងតាំង​ចៅក្រម​ថ្មី​មុន​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​នៅ​អាណត្តិ​បន្ទាប់​គឺ​ជា​រឿង​ដែល​មិន​សមរម្យ​ទាល់តែសោះ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG