វ៉ាស៊ីនតោន - អ្នកវិភាគនយោបាយនិយាយថា មេដឹកនាំកម្ពុជាប្រើប្រាស់អំណាចផ្ទុយពីរដ្ឋធម្មនុញ្ញដោយព្រមានពីហានិភ័យចំពោះប្រទេស។
លោកបណ្ឌិតឡៅ ម៉ុងហៃអំពាវនាវដល់ពលរដ្ឋអ្នកបោះឆ្នោតឲ្យត្រួតពិនិត្យមើលគណបក្សនយោបាយ មុននឹងប្រគល់អំណាចក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣ខាងមុខ។ នេះបើតាមការអះអាងរបស់លោកបណ្ឌិតឡៅ ម៉ុងហៃ ដែលបានថ្លែងក្នុងកម្មវិធីហេឡូ វីអូអេកាលពីថ្ងៃព្រហស្បតិ៍។
លោកថ្លែងថា អំណាចសព្វថ្ងៃក្រោយពីប្រជាពលរដ្ឋបោះឆ្នោតជូនហើយ អ្នក ដឹកនាំយកទៅប្រើដើម្បីបម្រើតែបក្សពួក ក្រុមគ្រួសារដែលលោកចាត់ទុកថា វាខុសពីការស្បថស្បែរមុនពេលចូលកាន់តំណែង។
លោកបានលើកយកការប៉ុនប៉ងដ៏តក់ក្រហល់ក្នុងការធ្វើសេចក្តីព្រាងច្បាប់ដោយរដ្ឋសភាស្តីពី «ការប្រឆាំងការមិនទទួលស្គាល់ថា មានឧក្រិដ្ឋកម្មប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ»។
សេចក្តីព្រាងច្បាប់ការធ្វើឡើងភ្លាមៗក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រតិកម្មទៅនឹងដៃគូនយោបាយរបស់លោកគឺលោកកឹម សុខានៃគណបក្សជំទាស់។
លោកឡៅ ម៉ុងហៃចាត់ទុកថា នេះជាការ«បញ្ជា»របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកថ្លែងថា បច្ចុប្បន្នអំណាចប្រមូលផ្តុំលើមនុស្សតែម្នាក់គឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកឡៅ ម៉ុងហៃបានរំឭកថា ពីអតីតកាលអំណាចស្ថិតនៅលើបុគ្គលណា ដែលច្បាំងឈ្នះ ហើយយកអំណាចមកកាន់កាប់តាមរបៀបផ្តាច់ការផង ដែលនាំឲ្យមានបញ្ហាចម្បាំងដើម្បីដណ្តើមអំណាចគ្នានិងពឹងពាក់បរទេសជិតខាងមកជួយផងដែរ។
លោកអះអាងថា គឺប្រជាពលរដ្ឋទេដែលជាអ្នកសម្រេចចិត្តនៅពេលបោះឆ្នោត។
សូមអញ្ជើញស្តាប់ការបកស្រាយរបស់វាគ្មិនគឺបណ្ឌិតឡៅ ម៉ុងហៃ ក្នុងកម្មវិធីហេឡូវីអីអេស្តីពី«ការចូលរួមប្រារព្ធខួបទី២០នៃច្បាប់រដ្ឋធម្មនុញ្ញ» កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែមិថុនា ឆ្នាំ២០១៣៕