ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ច្បាប់​ដាក់​ទោស​អ្នក​មិនទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​រងការរិះគន់

  • ម៉ែន គឹមសេង

របប​គ្រប់គ្រង​ដោយ​ពួក​ខ្មែរក្រហម​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ប្រហែល១​លាន​៧​សែន​នាក់​ ដោយសារ​ការ​សម្លាប់ ​ការ​ធ្វើ​ទារុណកម្ម ​ការ​បង្អត់​អាហារ​ និង​ជំងឺ​រាំរ៉ៃ។
វ៉ាស៊ីនតោន -
អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរ​ក្រហមនិង​អ្នក​ច្បាប់បាន​ចោទសួរ​ពី​សារៈ​សំខាន់ចំពោះ​ការផ្សះផ្សា​ជាតិនៃ​ច្បាប់ដែល​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ដែលមិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហមនិង​បាន​ផ្តល់​ការរិះគន់​ថា​វាត្រូវ​បាន​គេ​តាក់​តែង​ឡើងគ្រាន់​តែ​ដើម្បី​បម្រើ​ដល់​ប្រយោជន៍​នយោបាយ​តែ​ប៉ុណ្ណោះ។​

សភាជាតិ​កម្ពុជា​គ្រោង​នឹង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី«​ការប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុងរយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ» នៅថ្ងៃ​សុក្រ​ខាងមុខ​នេះ។ ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក​សភាមួយក្រុម​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​ចង់​ឱ្យ​មាន​ការ​ដាក់​ទោស​ដល់​អ្នក​ដែល​ហ៊ាន​និយាយ​ថា​មិនមាន​ការ​កាប់​សម្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។​

លោកឡាត់ គី​ អ្នក​សម្រប​សម្រួល​គម្រោង​គាំពារ​ជន​រងគ្រោះ​នៃ​សមាគមអាដហុកបាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា​។
«បើ​តាម​ការ​អង្កេត​ទៅលើ​ព្រឹត្តិការណ៍​ដែលកើត​ឡើង​ហើយ​នឹង​ហេតុការណ៍​ដែល​កើត​ឡើ​ងនេះ​វាគឺ​វាមាន​សារៈ​ប្រយោជន៍​ប៉ុន្តែ​វាមាន​តែ​ក្នុងរយៈ​កាលអន្តរកាល​មួយ​ដ៏​ខ្លី​ដែល​វា​នឹង​មិន​ស្ថិត​ស្ថេរ​យូរ​អង្វែង​ទេ​»។

លោក​ឡាត់​ គី​បាន​បន្ថែម​ថា​ច្បាប់​នេះ​ត្រូវ​បាន​គេ​តាក់តែ​ង​ឡើង​យ៉ាង​តក់​ក្រហល់​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​រិះគន់​ដល់​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ចោទ​ថា​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ប្រឆាំង​នឹង​ការ​កាប់​សម្លាប់​លើ​ប្រជាពល​រដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរក្រហម។
«បើ​តាម​យើង​ខ្ញុំ​សង្កេតមើល​ទៅ​វាគ្រាន់​តែ​ជា​កំហុស​ផ្នែក​សីលធម៌​របស់​អ្នក​នយោបាយ​ហើយ​ជាការ​ពិត​ធ្វើ​ឱ្យ​គាត់​ទទួល​លទ្ធផល​អវិជ្ជមាន​វិញ​ទេតាម​រយៈ​ការ​បាត់​តម្លៃ​ខ្លួន​ឯង​ចំពោះ​ការដែល​លើក​ឡើង​ទាំង​អស់​នេះ​ដូច្នេះ​កាលៈ​ទេសៈ​បែប​នេះ​ហើយ​នឹង​ការ​បង្កើត​ច្បាប់​នៅ​ក្នុង​កាលៈទេសៈ​អន្តរកា​ល​បែប​នេះ​យើង​ខ្ញុំ​យល់​ឃើញ​ថា​វា​អត់​ជា​ការ​ឆ្លើយ​តប​ទាំង​ស្រុង​ទេ​សម្រាប់​ជន​រងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ»។​

លោក​កឹម សុខា​បដិសេធ​ថា​លោក​មិន​ដែល​ធ្វើ​អត្ថាធិប្បាយ​បែប​នោះ​ទេ។​

លោក​អ៊ូ ច័ន្ទ​ឫទ្ធិ​តំណាង​រាស្រ្ត​មក​ពី​ខាង​គណបក្ស​ប្រឆាំង​បានបញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​គាំ​ទ្រ​ឱ្យ​មាន​ច្បាប់​ផ្តន្ទា​ទោស​អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្មប៉ុន្តែ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​សិក្សា​ច្បាប់​ដោយ​សារ​តែ​មាន​រយៈ​ពេលដែល​ផ្តល់​ជូនតិច​ពេក​មុន​នឹង​ច្បាប់​នេះ​ត្រូវ​យក​មក​ពិភាក្សា។ លោក​ស្នើ​ឡើង​ថារង់ចាំ​ពេល​បោះឆ្នោត​ជាតិ​ហើយ​ចាំ​យក​ច្បាប់​នេះ​មក​ពិភាក្សា​ក៏​មិន​ទាន់​ហួសពេល​ដែរ។
លោក​អ៊ូ ច័ន្ទឫទ្ធិបន្ថែម​ទៀត​ថា​មាន​ចំណុច​មួយ​ចំនួន​ដែល​គណបក្សរបស់​លោកចង់​បន្ថែមទៅ​ក្នុង​ច្បាប់​នោះ៖​
«យើងស្នើ​សុំ​ឱ្យ​ហាម​ឃាត់​អ្នក​ណា​ដែល​មាន​តួរ​នាទី​ជា​ទាហាន​ខ្មែរ​ក្រហម​មិន​ឱ្យ​កាន់​តំណែង​ធំៗ​នៅ​ក្នុង​រដ្ឋាភិបាល​ទេ​ព្រោះ ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចូលរួម​ក្នុង​ការសម្លាប់​មនុស្ស»។​

លោក សុខ សំអឿន នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​បាន​បញ្ជាក់​ថានឹង​មិន​មាន​ប្រសិទ្ធភាព​អ្វី​ខ្លាំងដែល​កើត​ឡើង​ពី​ច្បាប់​នេះ​ទេ៖
«មិន​ជឿ​ថា​អ្នក​ណា​មួយ​អាច​មាន​ទោស​ដោយ​សារ​ច្បាប់​ហ្នឹង​កើត​ទេដូច្នេះ​ប្រសិន​បើ​ជា​អញ្ចឹង​គឺ​មាន​ន័យ​ថា​អត់​មាន​ផល​ប្រយោជន៍​ធំដុំ​ពី​ច្បាប់​ហ្នឹង​ព្រោះ ថា​បើ​យើង​ប្រកាស​អញ្ចឹង​ហើយ​អ្នក​ណា​ហ៊ាន​ថា​ទៀត​ថ្ងៃ​ក្រោយដល់​អញ្ចឹងទៅ​គ្រាន់​តែ​មិន​ថា​មិន​ទៅ លំបាក​អី។ ....ប៉ុន្តែ​បើ​ផល​ប្រយោជន៍​ក្នុង​ពេល​បោះឆ្នោត​គឺ​មាន អាច​ថា​មាន​អ្នក​ខ្លះ​គេ​ថា​ដូច​ជា​កឹម សុខា​និយាយ​អញ្ចឹង​ទៅ​ប៉ះពាល់​ទឹក​ចិត្ត​គេ​ទៅ​ដូច្នេះ​វា​ចំណេញ​សម្រាប់​ក្រុម​បែប​នោះ»។​

លោក​គ្រីសស្តូហ្វឺ ដៀរីង ទីប្រឹក្សា​ច្បាប់​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​អត្ថាធិប្បាយ​មួយ​ដែល​ដាក់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ថាកម្ពុជា​គួរតែ​ជៀសវាង​បទ​ពិសោធន៍​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​រ៉្វាន់​ដា​ដែល​មាន​ការរិះគន់​ថា​យក​ច្បាប់​ប្រឆាំង​នឹង​ការមិនទទួលស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​មក​បម្រើ​គោល​បំណង​ផ្នែក​នយោបាយ។​
លោក​គ្រីសស្តូហ្វឺ បាន​បន្ថែម​ថា៖
«​ប្រទេស​កម្ពុជានឹង​ទទួល​បាន​ផល​ប្រយោជន៍​ក្នុង​ការ​បង្វែរ​ចំណាប់អារម្មណ៍ជាថ្មីទៅ​រក​មធ្យោបាយ​ជំនួសផ្សេង​ក្នុង​នោះមាន​ដូច​ជា​ការអប់​រំ​ពី​អំពើ​ប្រល័យ​ពូជសាសន៍ ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​ជន​ទាំង​ឡាយ​ណា​ដែល​បដិសេធមិន​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​ កែប្រែ​អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​មិន​ផ្តល់​សារៈ​សំខាន់​ដល់​អំពើ​ប្រល័យ​ពូជសាសន៍»៕
XS
SM
MD
LG