អនុប្រធានអតីតគណបក្សសង្គ្រោះជាតិគឺអ្នកស្រីមូរសុខហួរចាត់ទុកថាការកៀរគរសកម្មជននយោបាយរបស់ខ្លួនជាង១០០នាក់ក្នុងខេត្តត្បូងឃ្មុំឲ្យចូលជាមួយគណបក្សកាន់អំណាចជារឿងធម្មតានៅមុនពេលបោះឆ្នោតហើយក៏មិនអាចទាញយកបេះដូងពលរដ្ឋខ្មែរដែលនៅស្រលាញ់គណបក្សសង្គ្រោះជាតិបានដែរ។
ការអត្ថាធិប្បាយរបស់អតីតអនុប្រធានគណបក្សជំទាស់យ៉ាងដូច្នេះកើតមានឡើងបន្ទាប់ពីសាខាគណបក្សប្រជាជនកម្ពុជានៅខេត្តត្បូងឃ្មុំបានប្រកាសកាលពីថ្ងៃទី២២ខែធ្នូថា អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១៦នាក់មកពីឃុំចំនួន៥ រួមមានឃុំចាន់មូលឃុំកំពាន់ ឃុំជាំ ឃុំមេមងនិងឃុំមេមត់។ នេះបើតាមគេហទំព័រផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា។
អ្នកស្រីមូរ សុខហួរបានប្រាប់វីអូអេកាលពីថ្ងៃព្រសហ្បតិ៍ថាការចុះចូលរបស់អតីតសកម្មជនគណបក្សជំទាស់នាពេលថ្មីៗនេះមិនមែនជារឿងថ្មីទេក្នុងនយោបាយកម្ពុជានៅមុនរដូវកាលបោះឆ្នោត ហើយអ្នកស្រីជឿថាពលរដ្ឋដែលធ្លាប់ផ្តល់ការគំាទ្រដល់គណបក្សសង្គ្រោះជាតិនឹងមិនផ្លាស់ប្តូរជំហរ ងាកទៅគាំទ្រគណបក្សនយោបាយផ្សេងនោះឡើយ។
អ្នកស្រីថ្លែងថា៖«នេះមិនមែនជារឿងថ្មីមិនមែនជារឿងចម្លែកជាពិសេសនៅពេលមុនបោះឆ្នោត។ ហើយរៀងរាល់ពេលដែលឃើញថាមានគណបក្សប្រឆាំងគណបក្សសង្គ្រោះជាតិទៅចូលរួមទៅចុះចូលទៅអីទាំងផ្ទាំងៗចុងក្រោយទៅគណបក្សសង្គ្រោះជាតិនៅតែមានជោគជ័យជាងពាក់កណ្តាលនគរ។ហើយបង្ហាញឲ្យឃើញថាគណបក្សសង្គ្រោះជាតិនៅតែរស់រវើកនៅក្នុងបេះដូងនៃពលរដ្ឋខ្មែរ»។
អ្នកស្រីបន្ថែមថា៖ «នេះហើយដែលធ្វើឲ្យគណបក្សកាន់អំណាចនៅតែព្រួយបារម្ភពីតម្លៃនិងគុណធម៌នៃគណបក្សសង្គ្រោះជាតិនិងជំហរគណបក្សសង្គ្រោះជាតិដែលពលរដ្ឋនៅតែទទួលយកនៅតែរង់ចាំឲ្យគណបក្សសង្គ្រោះជាតិត្រឡប់មកវិញ។ដូច្នេះនៅក្នុងការចុះចូលទាំងប៉ុន្មានវាអត់មានអីចម្លែកទេច៎ា!»។
ក្នុងពិធីស្វាមគមន៍សមាជិកថ្មីក្នុងស្រុកមេមត់នេះលោក ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំបានប្រកាសថានេះជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជនដែលបានតស៊ូពុះពារក្នុងបុព្វហេតុជាតិ និងបាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខស្រួលដូចសព្វថ្ងៃ។ម្យ៉ាងទៀតវានឹងធ្វើឲ្យគណបក្សប្រជាជនកាន់តែមានកម្លាំងគាំទ្រច្រើនឡើងថែមទៀត ដើម្បីការអភិវឌ្ឍមូលដ្ឋានភូមិឃុំឲ្យកាន់តែរីកចម្រើន។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោកជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានគណកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំបាននៅឡើយទេ នៅថ្ងៃសុក្រនេះ។
ដោយឡែកអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងជាស្ថាបនិកមួយរូបនៃគណបក្ស«កែទម្រង់កម្ពុជា»លោកអ៊ូ ច័ន្ទរ័ត្ន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាការចុះចូលក្នុងគណបក្សណាមួយវាជារឿងធម្មតាតែប៉ុណ្ណោះ។
ប៉ុន្តែមេដឹកនាំគណបក្សនយោបាយដែលទើបបង្កើតថ្មីរូបនេះបានកត់សម្គាល់ថា ការចាកចេញរបស់សកម្មជនអតីតគណបក្សជំទាស់ទៅចូលរួមជាមួយគណបក្សកាន់អំណាចនោះអាចទំនងជាមកពីពួកគេមានការខ្វះខាតផ្នែកសេដ្ឋកិច្ចនិងរងការគំរាមកំហែង ឬប្រឈមមុខនឹងការគាបសង្កត់ពីគណបក្សកាន់អំណាច់។
លោកថ្លែងថា៖«កន្លងមកយើងដឹងហើយក្នុងនយោបាយកម្ពុជាហ្នឹងយើងដឹងតាំងពីការមិនមែនថាលក់សន្លឹកឆ្នោតទេ តែដូរសន្លឹកឆ្នោតជាមួយសារ៉ុង ជាមួយប៊ីចេង ជាមួយលុយអីជាដើមពេលដែលប្រជាពលរដ្ឋខ្វះខាត។ ហើយកាលណាជីវភាពធ្លាក់ហើយខ្វះខាតអត់មានជំរើសទេ ដើម្បីទទួលបានផលប្រយោជន៍តិចតួចហ្នឹងក៏សម្រេចចិត្តទៅទី១ចៀសផុតពីការគៀបសង្កត់គំរាមកំហែងឬក៏រើសអើងពីគណបក្សកាន់អំណាចផងមែនទែននោះ ក៏សម្រេចចិត្តចូលទៅ»។
ប្រតិកម្មទៅនឹងការលើកឡើងរបស់អ្នកស្រីមូរ សុខហួរ អ្នកនាំពាក្យគណបក្សកាន់អំណាចលោកសុខ ឥសាន ថ្លែងថាសកម្មជនបក្សប្រឆាំង ឬប្រជាពលរដ្ឋដែលចូលរួមជាមួយគណបក្សកាន់អំណាចគឺជាការចូលរួមដោយស្ម័គ្រចិត្តដោយលើកហេតុផលថាពួកគេស្រលាញ់កម្មវិធីគោលនយោបាយរបស់គណបក្សប្រជាជនហើយការអធិប្បាយថាការចូលរួមនេះមិនអាចទាញទឹកចិត្តឬសំឡេងរបស់ប្រជាពលរដ្ឋបាននោះ គឺជាចេតនារារាំងរបស់អ្នកមាននិន្នាការមិនគាំទ្រគណបក្សប្រជាជនតែប៉ុណ្ណោះ។
លោកប្រាប់វីអូអេថា៖«អញ្ចឹងទេការនិយាយរបស់គណបក្សផ្សេងក៏ដូចគ្នាក្រុមប្រឆាំងគ្រាន់តែជាការប្រើឧបាយកលដើម្បីរាំងស្ទះ ឬមួយក៏រារាំងដំណើរការមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះទេបាទ»។
អ្នកវិភាគនយោបាយលោក សេង សារី យល់ថាការចុះចូលរបស់សកម្មជននយោបាយអតីតគណបក្សជំទាស់ក្នុងខេត្តត្បូងឃ្មុំនោះគ្រាន់តែជាល្បែងនយោបាយដែលគួរឲ្យធុញទ្រាន់មួយប៉ុណ្ណោះខណៈលោកសង្កេតឃើញថាសកម្មជនគណបក្សសង្គ្រោះជាតិនៅតែមានការគាំទ្រគណបក្សខ្លួនដោយគ្មានការប្រែប្រួលគិតចាប់តាំងពីបក្សនេះត្រូវបានរំលាយតាំងពីឆ្នាំ២០១៧មកនោះ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖«ទោះបីជាមានព្រឹត្តិការណ៍ចុះចូលទៅក្នុងគណបក្សប្រជាជនយ៉ាងណាក៏ដោយក៏មិនធ្វើឲ្យគេហៅថាស្ថានភាពនយោបាយ ឬការគំាទ្ររបស់គណបក្សសង្គ្រោះជាតិហ្នឹងមានការប្រែប្រួលដែរ។ អញ្ចឹងហើយវាគ្រាន់ជាល្បែងដដែលៗដែលមើលទៅគួរឲ្យធុញទ្រាន់»។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់សំខាន់មួយនោះបានទទួលការគាំទ្រពីម្ចាស់ឆ្នោតនៅឆ្នាំ២០១៣ដោយទទួលបានអាសនៈរដ្ឋសភាចំនួន៥៥ហើយក្រោយមកទៀតគណបក្សនេះក៏បន្តទទួលបានការគាំទ្រពីម្ចាស់ឆ្នោតក្នុងពេលបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានកាលពីឆ្នាំ២០១៧ដោយគណបក្សបានអាសនៈឃុំសង្កាត់ប្រមាណ៥.០០៧។
ប៉ុន្តែក្រោយមកគណបក្សជំទាស់មួយនេះត្រូវបានតុលាការកំពូលកម្ពុជារំលាយក្រោមបទចោទប្រកាន់«រៀបគម្រោងដណ្តើមយកអំណាច»ពីរដ្ឋាភិបាលរបស់លោកហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែក្រុមជំទាស់បដិសេធ ហើយចាត់ទុកថាជារឿងនយោបាយ៕