គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចក្នុងប្រទេសកម្ពុជា គ្រោងនឹងបើកសន្និបាតគណៈកម្មការកណ្ដាលរបស់ខ្លួននៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូនេះ ដើម្បីសម្រេចទៅលើបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិបន្ទាប់ ព្រមទាំងបេក្ខភាពបន្តវេនពីជំនាន់អ្នកដឹកនាំចាស់ៗ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។
កាសែតរស្មីកម្ពុជា បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន នឹងធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សនេះ។
ការបើកសន្និបាតគណបក្សកាន់អំណាចនេះ ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី លោក ហ៊ុន សែន កាលពីដើមខែធ្នូនេះ បានប្រកាសជាសាធារណៈគាំទ្រកូនប្រុសច្បងរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនពីរូបលោក ក្រោយពីលោកឈប់កាន់តំណែងនេះតទៅទៀត។
មិនមានការប្រកាសសេចក្តីលម្អិតជាសាធារណៈអំពីបេក្ខជនផ្សេងៗទៀតដែលនឹងឈរឈ្មោះក្នុងជួរគណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែ លោក ហ៊ុន សែន ធ្លាប់បានលើកឡើងថា បេក្ខជននាយករដ្ឋមន្ត្រីជំនាន់ថ្មីបន្ទាប់ពីអ្នកនយោបាយជំនាន់លោក មាន ៤រូប។
ថ្លែងនៅក្នុងពេលចុះពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយក្នុងខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែធ្នូ លោក ហ៊ុន សែន បានប្រកាសថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមួយចំនួន បានសម្រេចត្រៀម«គណៈរដ្ឋមន្ត្រីបម្រុង»រួចទៅហើយ ដោយធានានៅចំពោះមុខអ្នកវិនិយោគលើការសាងសង់ព្រលានយន្តហោះថ្មីនោះ កុំឲ្យបារម្ភអំពីអស្ថិរភាពនយោបាយនៅក្នុងប្រទេស ដោយអះអាងថា «អស់ពីឪវា អាកូនវាធ្វើ»។
លោក ហ៊ុន សែន បានថ្លែងនៅពេលនោះថា «គណៈរដ្ឋមន្ត្រីបម្រុង»នេះ មានសមាសភាពជាបណ្ឌិតជិតពាក់កណ្តាល និងសុទ្ធតែមានអាយុក្រោម៦០ឆ្នាំ ហើយថា ក្រុមនេះនឹងមកជំនួសអ្នកនយោបាយជំនាន់ចាស់ៗ អាយុចាប់ពី៧០ឆ្នាំឡើងដែលលោកហៅថា «ក្រុម U-70» និង«U-80»។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស ធ្លាប់បានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោក ទាមទារឲ្យអ្នកនយោបាយខ្មែរដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ត្រូវចូលនិវត្តន៍ទាំងអស់គ្នា៕