ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

គ្រួសារ​សកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀន​ថា​ការ​ចាប់​ខ្លួន​ស្វាមី និង​កូន​ប្រុស ជា​រឿង​អយុត្តិ​ធម៌


រូបឯកសារ៖ សកម្មភាព​ជួបជុំគ្នា​នៃ​សកម្មជន​និង​មន្រ្តី​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​សំបួរ ក្រុង​សៀមរាប នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ គណបក្ស​ភ្លើង​ទៀន)

ភរិយា​របស់​សកម្មជន​គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃ​ពុធ​នេះ បាន​អះអាង​ថា​ការ​ចាប់​ខ្លួន​ស្វាមី និង​កូន​ប្រុស ហើយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​នេសាទ ជា​រឿង​អយុត្តិធម៌ ហើយ​អ្នកស្រី​ថា​វា​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។

លោក ​ហែម​ ឆិល​ អាយុ​៣៥​ឆ្នាំ ជា​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់។ លោក​ ​និង​កូន​ប្រុស​របស់​លោក អាយុ​១៥​ឆ្នាំ ត្រូវ​បាន​អាជ្ញា​ធរ​ចាប់​ខ្លួន កាល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០​២២ ហើយ​ត្រូវ​បាន​តុលា​ការ​សម្រេច​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគារ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា។ ពួកគេ​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​រឿង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់។ នេះ​បើ​តាម​ភរិយា​របស់​ក្រុម​គ្រួសារ។

អ្នកស្រី វ៉ាន់ណា​ គ្រី ភរិយា​របស់លោក ហែម ឆិល ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ការ​ចាប់​ខ្លួន​ស្វាមី និង​កូន​របស់​អ្នកស្រី កើត​ឡើង​នៅ​ពេល​ស្វាមី​កំពុង​តែ​បូម​ទឹក​ក្នុង​ស្រះ​របស់​ខ្លួន ដើម្បី​ចាប់​ត្រី​មក​ធ្វើ​ម្ហូប​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ។ អ្នក​ស្រីហៅ​ការ​ចាប់​ខ្លួន​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នកស្រី «ជា​រឿង​គ្រោង​ទុក» ហើយ​វា​ជា​«រឿង​អយុត្តិធម៌​»មួយ។

អ្នកស្រី​ថ្លែង​ថា៖ «ចាប់​គ្នា​ហ្វ្រីៗ ស្រះ​របស់​ខ្ញុំ អី​របស់​ខ្ញុំ​ទេ ហើយ​គេ​បូម​ទូទៅ​ទាំង​អស់ ហើយ​ចាប់​តែ​ប្តី​ខ្ញុំ អី​ក៏​រៀប​គម្រោង​ល្អ​ម្ល៉េះ ខ្ញុំ​ឆ្ងល់​នេះ! មុន​ដំបូង​ចាប់​នៅ​រោង វា​មាន​រោង​ជិត​ហ្នឹង រោង​នៅ​ត្រើយ​ម្ខាង។ មុន​ដំបូង​អ៊ំ​ខ្ញុំ​ទៅ​ហ្នឹង នៅ​ក្នុង​រោង​ឡើង​ណែន ពេល​ប្តី​ខ្ញុំ​ជញ្ជូន​ត្រី​បាន​មួយ​ជើង មក​ច្រោក (មក​ចាប់)​បណ្តោយ ខ្ញុំ​ឆ្ងល់ ដូច​រៀប​គម្រោង​តាំង​ពី​ថ្មើរ​ណា​ខ្ញុំ​អត់​ដឹង​ដែរ»។

បើ​តាម​អ្នកស្រី កូន​ប្រុស​ឈ្មោះ ពឹម ដារ៉ាន់ អាយុ​១៥​ឆ្នាំ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ ខណៈ​លោក​កំពុង​តែ​បើក​កាណូត។

អ្នកស្រី​បាន​ការពារ​ក្រុម​គ្រួ​សារ​ថា​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ហើយ​តាំង​ពី​ដើម​មក​ផ្ទះ​របស់​អ្នក​ស្រី​ក៏​មិន​មាន​ឧបករណ៍​ឆក់​ត្រី​នោះ​ដែរ។

អ្នកស្រី​បន្ថែម​ថា៖ «អត់​មាន​ប្រដាប់​ឆក់​ទេ ហើយ​នៅ​ផ្ទះ​ខ្ញុំ​ក៏​អត់​ដែល​មាន​ប្រដាប់​ឆក់​ដែរ​ សួរ​សាក​សាក្សី​ទាំង​អស់​ទៅ​ អង្គការ​លីកា​ដូ​គេ​ទៅ​សួរ​ហើយ ខ្ញុំ​អត់​មាន​ទេ។ ណា​មួយ​ប្តី​ខ្ញុំ​គាត់​អត់​ចេះ​ទេ អត់​ចេះ​រក​នឹង​អា​ឆក់​ហ្នឹង​បណ្តោយ។ ហើយ​កូន​ខ្ញុំ​អា​តូច​ហ្នឹង​គ្នា​កំពុង​បើក​កា​ណូត​ទេ ហើយ​ម៉េច​ក៏​ចាប់​គ្នា​!»។

អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ អ្នកស្រី ផាន់ សុគន្ធ​ថង ប្រាប់​វីអូអេ​ថា​សកម្មជន​និង​កូន​ប្រុស​របស់​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា​៩៨​នៃ​ច្បាប់​ស្តី​ពី​ជលផល​ ដែល​ចែង​ថា​រូប​វន្ត ឬ​នីតិ​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​នេះ ត្រូវ​ផ្តន្ទា​ទោស​ពី​៣​ឆ្នាំ​ទៅ​៥​ឆ្នាំ​ចំពោះ​បទ​ល្មើស​ជល​ផល​ថ្នាក់​ទី​១ ដែល​ជា​ការ​នេសាទ​ដោយ​ឧប​ករណ៍​ឆក់ គ្រឿង​ផ្ទុះ និង​សារ​ធាតុ​ពុល​គ្រប់​ប្រភេទ​។

បើ​តាម​អ្នក​នាំពាក្យ​តុលាការ​ខេត្ត​ពោធិ៍​សាត់ អាជ្ញាធរ​ជំនាញ​ជល​ផល​ជា​អ្នក​កសាង​សំណុំ​រឿង​នេះ​បញ្ជូន​មក​តុលាការ។

ចំណែក​លោក ស ថេង ស្នង​ការ​នគរ​បាល​ខេត្ត​ពោធិ៍​សាត់ ថ្លែង​ថា​លោក​មិន​បាន​ដឹង​រឿង​ការ​ចាប់​ខ្លួន​នេះ​ទេ។ ប៉ុន្តែ​លោក​ថា​ការ​ចាប់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ជា​វិធានការ​របស់​រដ្ឋាភិបាល។

លោក​បញ្ជាក់​ថា៖«បើ​សិន​ជា​បទ​ល្មើស​បឹង​ទន្លេ​សាប​ បើ​យើ​ង​ឆក់​ត្រីខុស​ច្បាប់​ អាហ្នឹង​រាជរដ្ឋាភិបាល​នឹង​រឹត​បន្តឹង​ពី​ការ​ឆក់​ត្រី​ខុស​ច្បាប់ហ្នឹង គឺ​ឱ្យ​ជាប់​ពន្ធនាគារ​ជាប់​អី អាហ្នឹង​ជា​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ តែ​នៅ​ក្នុង​ខេត្តខ្ញុំ​ដូច​អត់​ទាន់​មាន​ចាប់​ទេ»។

អ្នកស្រី មិត្ត សាមួន មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​បាន​ជំរុញ​ឱ្យ​តុលាការ​ពិនិត្យ​ករណី​នេះ​ឡើង​វិញ ដោយសារ​ការ​បូម​ទឹក​ស្រះ​ចាប់​ត្រី​នេះ ក៏​មាន​អ្នក​ភូមិ​ផ្សេង​ធ្វើ​ដូចគ្នា។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖«គ្រាន់​តែ​ស្នើ​សុំ​ឱ្យ តុលា​ការ​សូម​ធ្វើ​ការ​ពិចារ​ណា​ឡើង​វិញ​ទៅ​លើ​ករណី​ហ្នឹង ព្រោះ​ដោយ​សារ​តែ​ការ​បូម​ស្រះ​របស់​គាត់ វា​នៅ​ក្នុង​ដី​របស់​គាត់។ ហើយ​ម្យ៉ាង​វិញ​ទៀត ទាក់​ទង​ទៅ​នឹង​សកម្មភាព​បែប​ហ្នឹង បើ​យើង មើល​ទៅ​វា​មិន​មែន មាន​តែ​គាត់​ទេ វា​ច្រើន ហើយ​បើ​សិន​ការ​អនុវត្ត​ច្បាប់ គឺ​ត្រូវតែ​អនុវត្ត​ឱ្យ ស្មើ​គ្នា។ អ៊ីចឹង​មិន​មែន​អនុវត្ត​តែ​គាត់ ហើយ​អ្នក​ផ្សេង​ធ្វើ​ដូច​គាត់​ដែរ អត់​មាន​ការ​ទទួល​ខុស ត្រូវ​អី​តិច​សោះអ៊ីចឹង»។

គួរ​បញ្ជាក់​ថា​គណ​បក្ស​ភ្លើង​ទៀនធា្លប់ឱ្យ​ដឹង​ថានៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០២២​ សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​យ៉ាង​តិច​១០​នាក់​ ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ ហៅ​ទៅ​សួរនាំ​ដោយ​គ្មាន​បង្ហាញ​ដីកា ​ឬ​បញ្ជាក់​មូល​ហេតុ​អ្វី​ឡើយ៕

XS
SM
MD
LG