បុរសប៉ូឡូញម្នាក់វ័យ ៤៧ ឆ្នាំ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃពុធ ដោយធ្វើឲ្យករណីឆ្លងសរុបទូទាំងប្រទេសកម្ពុជាកើនដល់ ២៨៦ នាក់ហើយ គិតត្រឹមថ្ងៃទី២១ ខែតុលា។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលចេញផ្សាយនៅថ្ងៃទី២១ ខែតុលានេះ បញ្ជាក់ថា អ្នកឆ្លងថ្មីចុងក្រោយបង្អស់នេះ ត្រូវបានធ្វើតេស្តរកឃើញ ក្រោយពីបុរសរូបនេះបានធ្វើដំណើរតាមយន្តហោះមកពីប្រទេសប៉ូឡូញ ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជា កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០។
បច្ចុប្បន្នបុរសនេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងក្រុងភ្នំពេញ ជាកន្លែងដែលអ្នកឆ្លងជំងឺនេះ ៥ នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលដែរ។
អ្នករួមដំណើរតាមយន្តហោះជាមួយបុរសប៉ូឡូញនេះ ចំនួន ៥៣ នាក់ទៀត ដែលមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យនៅដាច់ពីគេចំនួន ១៤ ថ្ងៃ នៅតាមសណ្ឋាគារមួយចំនួន ក្នុងក្រុងភ្នំពេញ និងនៅមណ្ឌលកងទ័ពជើងអាកាស។
ក្នុងចំណោមករណីឆ្លងសរុបទូទាំងប្រទេសកម្ពុជាទាំង ២៨៦ នាក់ មាន ២៨០ នាក់បានជាសះស្បើយវិញហើយ។ នេះបើផ្អែកតាមក្រសួងសុខាភិបាល៕