ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ជា​សះ​ស្បើយ​ទាំង​អស់ ប៉ុន្តែ​បន្ត​អំពាវនាវឲ្យ​ប្រុងប្រយ័ត្នខ្ពស់


រូបឯកសារ៖ កម្មករ​រោងចក្រ​ពាក់​ម៉ាស់​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​ដែល​ពួកគេ​ដើរចេញ​ពី​រោងចក្រ​ដែល​ពួកគេ​ធ្វើ​ការ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មករ​រោងចក្រ​ពាក់​ម៉ាស់​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​ដែល​ពួកគេ​ដើរចេញ​ពី​រោងចក្រ​ដែល​ពួកគេ​ធ្វើ​ការ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)

ក្រសួងសុខាភិបាល​បានបញ្ជាក់​ថា ទោះជាក្នុង​រយៈពេល​ចុងក្រោយ​នេះ មិនមាន​ករណី​ឆ្លងថ្មី​ក៏ដោយ ក៏​ប្រជា​ពលរដ្ឋ​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន ហើយ​អំពាវនាវ​ឲ្យមាន​ការពន្យារ​ការរៀប​អាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់​ធុងបាសរាំ បន្ត​រក្សាគម្លាត​ពីគ្នា ពាក់ម៉ាស់​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ ជែល។

ក្រសួង​សុខាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ប្រកាស​ថា​ អ្នក​ជំងឺ​កូវីដ១៩​ទាំង​អស់ ​សរុប​២៧៤​នាក់ ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ ​មិន​មាន​អ្នក​ជំងឺ​កូវីដ១៩​ នៅ​សេស​សល់​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ​ទេ។​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា​ ពុំ​មាន​ករណី​ជំងឺ​កូវីដ១៩​ថ្មី​ទេ ​ហើយ​អ្នក​ជំងឺ​ម្នាក់​ចុង​ក្រោយ​ ជាជន​ជាតិ​ឥណ្ឌូនេស៊ី​ បាន​ជា​សះ​ស្បើយ។ ​ចាប់​តាំង​ពី​ជំងឺ​នេះ​រាត​ត្បាត​ក្នុង​ប្រទេស​កម្ពុជា​ ពុំ​មាន​ករណី​ស្លាប់​នោះ​ទេ។​

ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ​មិន​មាន​ករណី​ឆ្លង​ថ្មី​នោះ​ទេ។​

ទោះ​ជា​យ៉ាងណា ​ក្រសួង​សុខាភិបាល ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បន្ត​ការ​ប្រុង​ប្រយ័ត្ន។ ​ សេចក្តី​ប្រកាស​បញ្ជាក់​ថា៖ ​«ជំងឺ​កូវីដ១៩​ នៅ​តែ​បន្ត​គំរាម​កំហែង​យើង​ជាប់​ជានិច្ច។ ​ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ​ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ មិន​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ចាំបាច់​ ព្រោះ​ប្រទេស​ជិត​ខាង​យើង​និង​ពិភព​លោក​កំពុង​បន្ត​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ ដ៏​ខ្លាំង​ក្លា​នៅ​ឡើយ»។​

ក្រសួង​អំពាវនាវ​ឲ្យ​មាន​ការ​ពន្យារ​ការ​រៀប​អាពាហ៌​ពិពាហ៌​ ពិធី​ជប់​លៀង​ ការ​ចាក់​ធុង​បាស​រាំ ។ ល។​ ហើយ​ត្រូវ​បន្ត​រក្សា​គម្លាត​ពី​គ្នា ​ ពាក់ម៉ាស់​នៅ​ពេល​ចាំបាច់​និង​ឧស្សាហ៍​លាង​ដៃ​ជាមួយ​សាប៊ូ​ អាល់កុល​ ឬ ​ជែល។ ​បើ​តាម​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ធ្វើ​តេស្ត​សំណាក​សរុប​ជាង​១១​ម៉ឺន​សំណាក​រហូត​មក​ដល់​ពេល​នេះ។​

លោកស្រី​ ឱ វណ្ណឌីន ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ នេះ​ជា​ការ​ព្យាបាល​ជា​សះ​ស្បើយ​ទាំង​អស់​លើក​ទី​ពីរ​ បន្ទាប់​ពី​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០២០។

លោកស្រី​មាន​ប្រសាសន៍​ថា៖ ​«ហើយ​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​លើក​ទី​ពីរ​អំពី​ការ​ព្យាបាល​ជា​សះ​ស្បើយ​១០០​ភាគ​រយ​សម្រាប់​ករណី​ទី​២៧៤»។​

ក្រសួង​សុខាភិបាល​ក៏​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ​ ជនជាតិ​ចិន​ពីរ​នាក់​បាន​លួច​រត់​គេច​ពី​មណ្ឌល​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​នៅ​ពេល​យប់ ​ ហើយ​សមត្ថ​កិច្ច​បាន​ស្រាវ​ជ្រាវ​រក។​ ពួកគេ​ជា​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន​មក​ដល់​កម្ពុជា​នៅ​ម៉ោង​ប្រហែល​១១​ថ្ងៃ​ត្រង់ ​ថ្ងៃទី​៨ ​ខែ​កញ្ញា ​ឆ្នាំ​២០២០។ ពួកគេ​បាន​រត់​គេច​ខណៈ​រង់ចាំ​លទ្ធ​ផល​ធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩។​ ក្រសួង​បញ្ជាក់​ថា​ លទ្ធផល​តេស្ត​របស់​ពួកគេ​ទាំង​ពីរ​នាក់​ គឺ​អវិជ្ជ​មាន។​

ក្រសួង​សុខាភិបាល​ក៏​បាន​ច្រាន​ចោល​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​វៀតណាម​ថា​ មាន​ជនជាតិ​វៀតណាម​៣​នាក់ ​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ ហើយ​ពួកគេ​ចេញ​ពី​ប្រទេស​កម្ពុជា ​តាម​ច្រក​ខេត្ត​តៃនិញ។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ ​ក៏​បាន​បង្ហោះ​សារ​អបអរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក។​ លោក​មាន​ប្រសាសន៍​ថា៖ ​«នេះ​ជា​ដំណឹង​ដ៏​រីករាយ​បំផុត​សម្រាប់​កម្ពុជា​យើង។ ប៉ុន្តែ​ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ សូម​បង​ប្អូន​បន្ត​ចូល​រួម​ថែ​រក្សា​សុខភាព​អនាម័យ​ឲ្យ​បាន​ល្អ ​កុំ​ឲ្យ​ឆ្លង​កូវីដ១៩​ឲ្យ​សោះ»។ ​

លោកស្រី​ ឆាយ ស៊ីវលីន ​ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​ មាន​ប្រសាសន៍​ថា​ វិស័យ​ទេសចរណ៍​បាន​ងើប​ឡើង​បន្តិច​ ដោយ​សារ​ប្រជាជន​ក្នុង​ស្រុក​បាន​ធ្វើ​ដំណើរ ​ប៉ុន្តែ ​អ្នក​ទេសចរ​ពី​ក្រៅ​ស្រុក​មិន​មាន​នោះ​ទេ។ ​លោកស្រី​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ឡើង​វិញ​នៅ​ពេល​នេះ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «អ្នក​ទេសចរណ៍​ពី​ខាង​ក្រៅ​ស្រុក​មក​ហ្នឹង​មិន​ទាន់​(មក)​ទេ។ ​អ្វី​ដែល​ឃើញ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ហ្នឹង​ គឺ​សម្រាប់​តែ​អ្នក​ធុរកិច្ច​ទេ ​ដោយ​សារ​តែ​រដ្ឋាភិបាល​កំពុង​តែ​បិទ​ផង​ដែរ​សម្រាប់​ទិដ្ឋាការ​ទេសចរ​ហ្នឹង»។​

កាល​ពី​ដើម​ខែ​សីហា ​ ប្រទេស​កម្ពុជា​បាន​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ជើង​យន្តហោះ​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី​ ដោយ​លើក​ឡើង​ថា ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ ក្រោយ​ពី​អាជ្ញាធរ​សុខា​ភិបាល​កម្ពុជា​ បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចុង​ក្រោយ​បំផុត​ភាគ​ច្រើន​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ ដែល​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​កម្ពុជា​ពី​ក្រៅ​ប្រទេស​តាម​រយៈ​ការ​ឆ្លង​កាត់​ ឬ​ បន្ត​ជើង​យន្តហោះ​ពី​ប្រទេស​ទាំង​ពីរ។​

ចំណែក​ក្រសួង​ទេសចរណ៍​កម្ពុជា ​ប្រកាស​កុំ​ឲ្យ​អ្នក​ទេសចរ​លុប​ចោល​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា។ ​ ក្រសួង​បញ្ជាក់​ថា ​អ្នក​ទេសចរ​អាច​ពិចារណា​ពន្យារ ​ឬ ​ផ្លាស់​ប្ដូរ​គោល​ដៅ​មក​កម្ពុជា​បាន។ ​ក្រសួង​បន្ត​ថា​ មាន​ក្រុមហ៊ុន​អាកាស​ចរណ៍ ​និង​សណ្ឋាគារ​ជា​ច្រើន​កំពុង​លើក​លែង​កម្រៃ​ដូរ​សំបុត្រ​ និង​ការ​កក់​ ដោយ​កំពុង​ផ្ដល់​ជូន​នូវ​គោល​នយោបាយ​កក់​ឡើង​វិញ​តាម​ការ​ចង់​បាន​របស់​អ្នក​ទេសចរ។​

រាល់​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់ ​រួម​មាន​ទាំង​បរទេស​និង​ជនជាតិ​ខ្មែរ​ ត្រូវ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩។​ ពួក​គេ​ត្រូវ​រង់​ចាំ​២៤​ម៉ោង ​ដើម្បី​ធ្វើ​តេស្ត​សំណាក​របស់​ពួក​គេ។​ ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ក្នុង​រយៈ​ពេល​១៤​ថ្ងៃ ​ក៏​ត្រូវ​ចំណាយ​ថវិកា​ផង​ដែរ​ សម្រាប់​អ្នក​ធ្វើ​ដំណើរ​បរទេស។​ ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ណា​មួយ​មាន​ជំងឺ​កូវីដ១៩ ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​តម្រូវ​ឲ្យ​ស្នាក់​នៅ​១៤​ថ្ងៃ​ នៅ​កន្លែង​ដែល​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ឲ្យ៕

XS
SM
MD
LG