ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ហាម​មិន​ឲ្យ​ជួបជុំ​ក្នុង​ខួប៤ឆ្នាំ​នៃ​ឃាតកម្ម​លោក កែម ឡី ខណៈ​ហៅ​យុវជន​ម្នាក់​ទៅ​សាកសួរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កងកម្លាំង​ចម្រុះរារាំងសកម្មជន​និង​ព្រះសង្ឃ​​មិន​ឲ្យ​ធ្វើ​ខួប​បួន​ឆ្នាំ​នៃ​មរណភាព​លោក​ កែម ឡី

នៅ​ក្នុង​ពិធី​រំឭក​ខួប​បួន​ឆ្នាំ​នេះ ​យុវជន​ដែល​មាន​ពាក់​អាវយឺត​ភ្ជាប់​ជា​មួយ​រូប​ថត​លោក​ កែម ឡី ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹងត្របែក​ ចាប់​ខ្លួន​ទាក់​ទិន​ការ​ចូលរួម​ពិធី​រំឭក​ខួប​នោះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស។​​

ក្រុម​សកម្មជន​វ័យ​ក្មេង​របស់​ចលនា​មាតា​ធម្មជាតិ​ និង​យុវជន​ដែល​គាំទ្រ​លោក​ កែម ឡី​ ជាង​១០​នាក់ ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ជម្នះ​ធ្វើ​ពិធី​រំឭក​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ​កែម ឡី​ នៅ​ស្ថានីយ​ប្រេង​សាំង​មួយ​ជាមួយ​ព្រះ​សង្ឃ​ចំនួន​១២​អង្គ​ ទោះ​បី​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋបាល​ខណ្ឌ​ចំការមនរាជធានី​ភ្នំពេញ​ក៏ដោយ។ ​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​នេះ ​ យុវជន​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​ រួច​ដោះ​លែង​វិញ។​

លោក​ កែម ឡី ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ព្រឹក​ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ គឺ​នៅ​ពេល​លោក​ទទួល​ទាន​កាហ្វេ​ នៅ​ស្ថានីយ​ប្រេង​សាំង​កាល់តិច​ស្តុប​បូកគោ​ ដែល​ស្ថិត​ក្នុង​ខណ្ឌ​ចំការមន។​

កាល​ពី​ថ្ងៃ​អង្គារ​ រដ្ឋបាល​ខណ្ឌ​ចំការមន ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​ហាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ ​ដោយ​សារ​ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច ​បាន​ស្នើ​សុំ​មក​អាជ្ញាធរ​ជួយ​ចាត់​វិធាន​ការ​ ដើម្បី​ធានា​ប្រក្រតី​ភាព​នៃ​អាជីវកម្ម។​ អាជ្ញាធរ​ខណ្ឌ​បញ្ជាក់​ថា​ «រដ្ឋបាល​ខណ្ឌ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​អនុវត្ត​វិធាន​ការ​រដ្ឋបាល​ និង​វិធានការ​ច្បាប់​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​និង​លិខិត​បទ​ដ្ឋាន​គតិយុត្តិ​នានា»។​

អ្នកស្រី​ ចាន់​ លេខ ​មន្ត្រី​ទំនាក់​ទំនង​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ កាល់តិច​ដែល​ជា​ផ្នែក​មួយ​របស់​ក្រុម​ហ៊ុន​សារ​ជីវកម្ម​ Chevron ​របស់​សហ​រដ្ឋ​អាមេរិក​បាន​បដិសេធ​មិនផ្តល់​ការ​អត្ថាធិប្បាយ។​

នៅ​ក្នុង​ពិធី​រំឭក​ខួប​បួន​ឆ្នាំ​នេះ ​យុវជន​ដែល​មាន​ពាក់​អាវយឺត​ភ្ជាប់​ជា​មួយ​រូប​ថត​លោក​ កែម ឡី ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹងត្របែក​ ចាប់​ខ្លួន​ទាក់​ទិន​ការ​ចូលរួម​ពិធី​រំឭក​ខួប​នោះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស។

លោក​ ហុង ចាន់​ថេង​ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​យុវជន​ម្នាក់​ ឈ្មោះ​ខាន់ ចាន់ថន​ អាយុ​ ៣៤​ឆ្នាំ​ មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ​ តែ​យុវជន​រូប​នោះ​គ្រាន់​តែ​ត្រូវ​បាន​«អញ្ជើញ»​មក​សួរនាំ​ជុំវិញ​ការ​ចូលរួម​ពិធី​ដែល​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​មិន​អនុញ្ញាត។​

«អ្ហូខាង​ខ្ញុំ​អត់​មាន​បាន​ឃាត់​ខ្លួន​អី​ទេ​បង​ ដោយសារ​ខាង​ខ្ញុំ​គ្រាន់​តែ​អញ្ជើញ​គាត់​មក​សួរនាំ​ពាក់​ព័ន្ធ​នឹង​ទីតាំង​ខាង​លើ​ ដោយ​សារ​អា​កន្លែង​គោរព។​ ហើយ​កម្មវិធី​ដាក់​កម្រង​ផ្កា​ហ្នឹង ​គឺ​ខាង​ហា្គរ៉ាស់​កាល់តិច​ គេ​មិន​អនុញ្ញាត​ឲ្យ​ដាក់​បង​ ដល់​ពេល​អ៊ីចឹង​ខាង​គាត់​ពាក់​អាវ​ស្អី​មក​អ៊ីចឹង​ទៅ ​ខាង​យើង​ហៅ​គាត់​សួរនាំ​តែ​ប៉ុណ្ណឹង ​ហើយ​ក៏​បង្គាប់​ឲ្យ​អញ្ជើញ​គាត់​ទៅ​វិញ​ទៅ​បង។​ អត់​មាន​អី​ផង»។​

លោក​នាយ​ប៉ុស្តិ៍​ដដែល​អះអាង​ថា​ មន្ត្រី​នគរបាល​មិន​បាន​ស្នើ​ឲ្យ​យុវជន​ចាន់ថន ​ធ្វើ​កិច្ច​សន្យា​ជាក់​លាក់​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឲ្យមាន​សេរីភាព​មក​វិញ​ទេ។ ​លោក​ថា​ មន្ត្រី​នគរបាល​បាន​ណែនាំ​យុវជន​រូប​នោះ​ ហើយ​ក៏​ប្រគល់​កង់​ឲ្យ​ទៅ​យុវជន​នោះ​វិញ។​

រូបឯកសារ៖ អ្នកធ្វើដំណើរ​គោរព​សព​លោក​បណ្ឌិត​កែម​ ឡី​ នៅ​គេហដ្ឋាន​របស់​លោក​បណ្ឌិត កែម ឡី នៅ​ឃុំ​លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ អ្នកធ្វើដំណើរ​គោរព​សព​លោក​បណ្ឌិត​កែម​ ឡី​ នៅ​គេហដ្ឋាន​របស់​លោក​បណ្ឌិត កែម ឡី នៅ​ឃុំ​លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/វីអូអេ)

យុវជន ​ខាន់ ចាន់ថន ​ត្រូវ​គេ​ថត​រូប​បាន ​ពេល​គាត់​កំពុង​ជិះ​កង់​និង​មាន​ពាក់​យឺត​ភ្ជាប់​ជាមួយ​រូប​លោក ​កែម ឡី ​ចូល​មក​ស្ថានីយ​ប្រេង​សាំង​កាល់តិច​ នៅ​ដំណាល​គ្នា​នឹង​ពេល​ដែល​ក្រុម​កម្លាំង​ចម្រុះ​រាប់​សិប​នាក់​ ដែល​ជា​មន្ត្រី​នគរបាល ​និង​កង​សន្តិសុខ ​ដែល​ខ្លះ​ទៀត​ស្លៀកពាក់​ស៊ីវិល​ត្រូវ​បាន​ដាក់​ឲ្យ​រារាំង​មិន​ឲ្យ​ក្រុម​យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ​ធ្វើ​ពិធី​រំឭក​ដល់​ការ​ស្លាប់​លោក ​កែម ឡី​ នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​សាំង​កាល់តិច។​

លោក​ចាន់ថន​ ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា​ ក្រុម​មន្ត្រី​សន្តិសុខ​ជា​ច្រើន​នាក់​បាន​សួរនាំ​លោក​ជាង​មួយ​ម៉ោង ពាក់​ព័ន្ធ​នឹង​មូលហេតុ​ដែល​លោក​មក​ចូល​រួម​កម្ម​វិធី​រំឭក​ដល់​មរណភាព​លោក​ កែម ឡី។​ លោក​ថា​ ក្រុម​មន្ត្រី​ដែល​ខ្លះ​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​ បាន​សួរ​នាំ​លោក​រក​អ្នក​ផ្តល់​ជំនួយ​ឲ្យ​លោក​មកចូល​រួម​កម្មវិធី​នៅ​ថ្ងៃ​នេះ។​

«ប៉ូលិស​គាត់​បាន​មើល​ងាយ​ខ្ញុំ​ត្រង់​ថា​ គាត់​សួរ​ គាត់​ថា​ អ៊ីចេះ ​គេ​ឲ្យ​ខ្ញុំ​ប៉ុន្មាន​ដែល​ខ្ញុំ​មក​ហ្នឹង។​ ហើយ​បើ​ថា​ ទុក​ពេល​គាត់​ថា​អ៊ីចឹង​ ទុក​ពេល​វេលា​ហ្នឹង​ ធ្វើ​ការ​រក​ស៊ី​ ឬ ​មួយ​មើល​ថែ​ប្រពន្ធ​កូន​គ្រួសារ​ទៅ​វា​ល្អ​ជាង។​ នេះ​ ជា​រឿង​ ជា​ការ​ឥត​ប្រយោជន៍​ទេ​ សង្គម​រីក​ចម្រើន​អភិវឌ្ឍ​ប៉ុណ្ណឹង​ហើយ​យើង​មាន​ការ​តវ៉ា​ មាន​ការ​ទាម​ទារ​អ្វី​ទៀត!​គាត់​និយាយ​ថា​អ៊ីចឹង​សមត្ថ​កិច្ច»។​

លោក​ចាន់​ថន ​ដែល​បាន​ស្គាល់​លោក​កែម ឡី​ជិត​៥​ឆ្នាំ​មក​ហើយ​ បន្ថែម​ថា​ លោក​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចេញ​ពី​ប៉ុស្តិ៍​នគរបាល​បឹងត្របែក​ បន្ទាប់​ពី​មន្ត្រី​នគរបាល​បាន​សួរ​បញ្ជាក់​ពី​គោល​ជំហរ​របស់​គាត់​ក្នុង​ការ​ចូល​រួម​រំឭក​ឃាតកម្ម​លើ​លោក​កែម ឡី ​នៅ​ឆ្នាំ​ខាង​មុខ​ និង​កត់​ត្រា​រាល់​ចម្លើយ​ហើយ​នោះ។​

លោក ​ស៊ឹង សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លើក​ឡើង​ថា​ អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​គួរ​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ និង​ព្រះសង្ឃ​ធ្វើ​ពិធី​រំឭក​ដល់​វិញ្ញាណ​ក្ខន្ធ​លោក ​កែម ឡី​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រើប្រាស់​សិទ្ធិ​ជាមូលដ្ឋាន​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ ​ លោក​បន្ថែម​ថា​ វិធាន​ការ​រារាំង​របស់​កង​សន្តិសុខ​ និង​អាជ្ញាធរ​ផ្សេង​ទៀត​ បាន​បង្ក​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​ ជា​ជាង​ការ​ថែ​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ។​

លោក​ ថុន រដ្ឋា ​សកម្មជន​មួយ​រូប​នៃ​ចលនា​មាតា​ធម្មជាតិ​ ដែល​ត្រូវបាន​ក្រុម​កង​សន្តិសុខ​ចម្រុះ​រុញច្រាន​ឲ្យ​ចាក​ចេញ​ពី​បរិវេណ​ស្ថានីយ​ប្រេង​កាល់តិច​និយាយ​ថា​ការ​រារាំង​របស់​ក្រុម​សន្តិសុខ​ឲ្យ​មិន​មាន​ការ​ធ្វើ​ពិធី​សាសនា​រំឭក​ខួប​៤​ឆ្នាំ​នៃ​មរណភាព​លោក​កែម ឡី​ជា​ទង្វើ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ។​

លោក ថុន រដ្ឋា សកម្មជន​មួយ​រូប​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវបាន​រារាំង​ដោយ​កងសន្តិសុខ​មិន​ឲ្យ​ឈរ​នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេងសាំង​កាល់តិច នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)
លោក ថុន រដ្ឋា សកម្មជន​មួយ​រូប​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវបាន​រារាំង​ដោយ​កងសន្តិសុខ​មិន​ឲ្យ​ឈរ​នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេងសាំង​កាល់តិច នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

«បើ​ខុស​ច្បាប់​បើ​សកម្ម​ភាព​របស់​យើង​ខុស​ច្បាប់​បងប្អូន​អត់​ឃើញ​ខ្ញុំ​និយាយ​បាន​ទេ។​ខ្ញុំ​ត្រូវ​គេ​លើក​ដាក់​ឡាន​ប៉ូលិស​ត្រូវ​បាន​គេ​យក​ទៅ​កន្លែង​ស្នងការ ​ ត្រូវ​បាន​គេ​យក​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ប្រកាន់​ដាក់​គុក​នៅ​ព្រៃ​ស​ភ្លាម ​បើ​សិន​ជា​ខ្ញុំ​ខុស​ច្បាប់។​ តែ​នេះ​ខ្ញុំ​ស្រប​ច្បាប់​១០០​ភាគ​រយ»។

នៅ​ខណៈ​មាន​ការ​រារាំង​ខ្លាំង​ពីក្រុម​កម្លាំង​ចម្រុះ​ ដែល​មាន​ទាំង​កង​សន្តិសុខ ​និង​នគរបាល​នោះ​ ​ក្រុម​យុវជន​ ដែល​រួម​មាន​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​ក្រុម​យុវជន​ឈ្មោះ​Not1More​ និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ ​និង​ក្រុម​ព្រះ​សង្ឃ ​បាន​បង្ខំ​ចិត្ត​សូត្រ​ធម៌​ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត​ ពី​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​ទី​តាំង​ស្ថានីយ​ប្រេង​ឥន្ធនៈ​ជា​កន្លែង​ដែល​លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់៕

អត្ថបទ​ទាក់ទង

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG