កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ក្នុងកន្លែងលក់ទំនិញមួយរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ទីក្រុងភ្នំពេញ។ នៅពេលនោះ លោកកំពុងទទួលទានកាហ្វេ ពេលព្រឹក ដោយមានពាក់អាវយឺតពណ៌ឈាមជ្រូក និងខោជើងវែងយឺតពណ៌ខ្មៅនិងពាក់ស្បែកជើងកីឡាមួយគូ។
ក្រោយការបាញ់សម្លាប់លោកកែម ឡី អ្នកឃ្លាំមើលលើកឡើងថា សេរីភាពបញ្ចេញមតិនៅកម្ពុជាបន្តធ្លាក់ចុះ ។ចំណែកក្រុមគ្រួសាររបស់លោកកែម ឡីអះអាងថា ៤ ឆ្នាំមកនេះ មិនមានយុត្តិធម៌ពិតប្រាកដសម្រាប់ពួកគេនោះទេ។
ប្អូនប្រុសរបស់លោក កែម ឡី គឺលោក កែម រិទ្ធិសិត កំពុងអង្គុយនៅទល់មុខនឹងចេតិយដែលសង់មិនទាន់រួចរបស់លោកកែមឡី។រូបថតមួយផ្ទាំងធំរបស់លោកកែម ឡីត្រូវបានគេដាក់តាំងអមផ្នូររបស់គាត់ក្នុងចេតិយដែលមានកម្ពស់១៦ម៉ែត្រ និងសង់ក្នុងបរិវេណផ្ទះដែលលោកកែម រិទ្ធិសិតកំពុងរស់នៅក្នុងខេត្តតាកែវ។
ពាក់អាវយឺតមានបង្កប់ឡូហ្គោ«សង្ក្រាន្តឆ្នាំថ្មី» លោក កែម រិទ្ធិសិត អាយុ៥០ឆ្នាំនិយាយថា យុត្តិធម៌មិនទាន់មាននៅឡើយសម្រាប់បងប្រុសរបស់គាត់។ ៤ឆ្នាំមកនេះ លោក កែម រិទ្ធិសិត ក៏មិនទាន់ហ៊ាននិយាយថាការស្លាប់របស់បងប្រុសគាត់ គឺដោយសារតែការបញ្ចេញមតិតាមបណ្តាញសារព័ត៌មាន ឬក៏ហេតុផលណាផ្សេងនោះដែរ។
«លោកបណ្ឌិតកែម ឡីដែលបានស្លាប់នេះ មិនទាន់បានទទួល យុត្តិធម៌នៅឡើយទេ។យើងសម្អាងថាទីមួយជួប សម្លាប់។ជួប សម្លាប់យើងថា បើសិនជាជួប សម្លាប់ ឃាតកក៏ត្រូវតែមាន អ្នកដែលចូលរួម អ្នកដែលនៅពីក្រោយខ្នងអ៊ីចឹងទៅណ៎ា! ហើយដែលជាភស្តុតាង សាក្សីនោះ ក៏វាអត់មាន»។
៤ឆ្នាំកន្លងមកនេះ លោក កែម រិទ្ធិសិត មានការងារថ្មីជាមួយរដ្ឋាភិបាល។ លោកបានទទួលការតែងតាំងពីព្រះមហាក្សត្រខ្មែរឲ្តធ្វើជាទេសរដ្ឋមន្ត្រីនៃឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ហើយយូរៗម្តង លោកបានចូលរួមប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីពិភាក្សាលើបញ្ហាប្រទេសជាតិជាច្រើន។ ការតែងតាំងនេះធ្វើឡើងបន្ទាប់ពីលោកកែម រិទ្ធិសិតបានដឹកនាំ«គណបក្សខ្មែរតែមួយ»របស់លោកចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។
ក្នុងបទសម្ភាសន៍ជាង៣០នាទីជាមួយវីអូអេ ធ្វើឡើងនៅឯគេហដ្ឋានរបស់លោកក្នុងឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវលោក កែម រិទ្ធិសិតបន្ថែមថា ការចូលរួមរបស់លោកជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នោះ ជាការរួមចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជា។
«ការចូលរួមក្នុងសង្គមនេះ គឺទីមួយទៅវាអត់មានពាក់ព័ន្ធរឿងៗ ការណ៍ដែលយើងទៅគុំកួន ឬមួយក៏បងប្អូនប្រជាពលរដ្ឋមកស្អប់ រឿងថា ចូលមិនចូលអីទេព្រោះក៏ជាការងារសង្គម។ កាលណាយើងនៅមានជីវិត គឺយើងត្រូវនៅតែធ្វើ ទោះបីពីមុនមកក៏ខ្ញុំធ្វើការងារសង្គមហ្នឹងជាមួយលោកបណ្ឌិតកែម ឡីហ្នឹង គឺយើងធ្វើការសិក្សាស្រាវជ្រាវហ្នឹង គឺប្រហែលជាប្រាំមួយឆ្នាំដែរ»។
លោកបន្ថែមថា៖«អ៊ីចឹងគឺការណ៍ដែលយើងធ្វើបក្ស រហូតមកដល់យើងឧត្តមក្រុមប្រឹក្សានេះ គឺយើងធ្វើការងារដូចគ្នាអ៊ីចឹង។ យើងចុះជួបប្រជាពលរដ្ឋ។យើងទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលគាត់មានបញ្ហាហើយគាត់អត់អាចទៅរកសេវាកន្លែងណាដើម្បីគាត់បន្តទៀតទៅណា៎! អ៊ីចឹងគឺវាដូចជាអត់ខុសអីដែរ»។
លោក កែម រិទ្ធិសិត និយាយថា ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បានបើកផ្លូវឲ្យលោកបានរួមចំណែកដោះស្រាយ បញ្ហាសង្គមជាច្រើន រួមមានជម្លោះដីធ្លីរបស់ពលរដ្ឋនិងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។
ការបាញ់សម្លាប់លោកកែម ឡីកើតឡើងក្រោយពីលោកបានធ្វើសេចក្តីអធិប្បាយក្នុងការចេញផ្សាយមួយរបស់អង្គការការពារបរិស្ថានឈ្មោះ Global Witness ដែលរិះគន់អំពើពុករលួយទាក់ទងនឹងសមាជិកគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លើសពីនេះ លោកកែម ឡី បានចូលរួមធ្វើបទវិភាគលើបញ្ហាជាច្រើននៅក្នុងសង្គមតាម វេទិកាអង្គការមិនមែនរដ្ឋាភិបាល និងបណ្តាញផ្សព្វផ្សាយព័ត៌មានដែលមិនរណបរដ្ឋាភិបាល។ លោកបានផ្តល់សេចក្តីវិភាគបញ្ហារសើបៗ ដែលមានដូចជាបញ្ហាព្រំដែន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បរិស្ថានបក្ខពួកនិយម និងអំពើពុករលួយក្នុងសង្គមខ្មែរ។
ក្នុងក្រសែភ្នែករបស់អ្នកសង្កេតការណ៍ លោកកែម ឡី ជាវីរបុរសមួយរូប ដែលហ៊ាននិយាយចំៗទៅរកអ្នកមានអំណាចនិងឥទ្ធិពល។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការអន្តរជាតិ នៅមហាវិទ្យាល័យOccidental College ទីក្រុង Los Angeles សហរដ្ឋអាមេរិកប្រាប់វីអូអេតាមសារអេឡិចត្រូនិកឬអ៊ីម៉ែលកាលពីថ្ងៃច័ន្ទថាលោកកែម ឡី ជាវីរបុរសមួយរូបរបស់កម្ពុជា ពោលគឺគាត់ជាមនុស្សម្នាក់ដែលមនុស្សរាប់លាននាក់ផ្សេងទៀតអាចយកគំរូតាម។
លោកនិយាយថា៖ «គាត់ជាមនុស្សម្នាក់ដែលនិយាយការណ៍ពិតទៅកាន់អ្នកមានអំណាច ដែលអ្នកឃើញមានមិនច្រើននោះទេ ពេលបច្ចុប្បន្ននេះ ដោយសារការសម្លាប់គាត់ គឺប្រៀបដូចជាសុភាសិតចិនមួយឃ្លានិយាយថាសម្លាប់មាន់ គំរាមស្វា។គេធ្វើវាយ៉ាងដូច្នេះឯង ហើយវាជាសោកនាដកម្មមួយ»។
លោកបន្តថា ការស្លាប់អ្នកវិភាគនយោបាយលោកកែម ឡីគឺជាការផ្តាច់ឫសគល់នៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិងសេរីភាពកម្ពុជា។ ក្នុងន័យម្យ៉ាងទៀតវាជាការកាត់ផ្តាច់ចុងក្រោយ។ លោកយល់ថា ពលរដ្ឋខ្មែរបាក់ស្បាត ចាប់តាំងពីការស្លាប់លោកកែម ឡី។
លោកបណ្ឌិត អ៊ា សុផល កត់សម្គាល់ថា គិតចាប់តាំងពីការស្លាប់លោក កែម ឡី អ្វីៗទាំងអស់ដែលជាធាតុផ្សំនៃលទ្ធិប្រជាធិបតេយ្យបានធ្លាក់ដាំក្បាលចុះ។
លោកសរសេរថា៖ «ការគោរពសិទ្ធិមនុស្ស កិច្ចអភិវឌ្ឍន៍សង្គម និងលទ្ធិប្រជាធិបតេយ្យត្រូវបានបំផ្លិចបំផ្លាញ។នេះជាចេតនារបស់មនុស្សដែលចេញបញ្ជាឲ្យសម្លាប់លោក[កែម ឡី]។ ពួកគេបានជោគជ័យហើយ។ ប៉ុន្តែបើទោះបីជាការគោរពសិទ្ធិមនុស្ស កិច្ចអភិវឌ្ឍន៍សង្គមនិងលទ្ធិប្រជាធិបតេយ្យមានការទោរទន់ចុះនោះក៏ដោយក្តីឲ្យតែនៅមានមនុស្សម្នាក់ដែលនៅជឿលើគំនិតទាំងនេះនោះ នោះរឿងទាំងអស់នេះមិនចប់ទេ»។
ក្រោយការសម្លាប់លោក កែម ឡី បានមួយឆ្នាំគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំមួយ បានឈ្នះអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៥០០៧និងទទួលបានតំណែងជាមេឃុំចៅសង្កាត់ចំនួន៤៨៩ ក្នុងចំណោម១.៦៤៦ឃុំសង្កាត់នៅទូទាំងប្រទេស ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនាឆ្នាំ២០១៧។
ប៉ុន្តែក្រុមមន្ត្រីគណបក្សប្រឆាំងដែលទទួលតំណែងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឬមេឃុំ និងចៅសង្កាត់ និងតំណាងរាស្ត្រ៥៥នាក់ បានបាត់បង់មុខតំណែងរបស់ពួកគេ ក្រោយការរំលាយគណបក្សប្រឆាំងនេះ កាលពីឆ្នាំខែវិច្ឆិកាឆ្នាំ២០១៧។ រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ក្រោមបទចោទថា រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល ដោយមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក។ប៉ុន្តែទាំងលោកកឹម សុខាអតីតប្រធានគណបក្សប្រឆាំង និងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលទីក្រុងភ្នំពេញនេះ។ ការរំលាយគណបក្សប្រឆាំងនេះ ធ្វើឡើងក្រោយការចាប់ខ្លួនលោកកឹម សុខា។
ស្របពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយក៏បានរងការបង្រ្កាបយ៉ាងទូលំទូលាយតាមវិធានការពន្ធដារ។ វិធានការនេះបាននាំឲ្យកាសែតផ្សាយជាភាសាអង់គ្លេសThe Cambodia Daily បិទទ្វារ។វិទ្យុអាស៊ីសេរីក៏បានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅកម្ពុជា ដោយអះអាងថាខ្លួនធ្វើការស្ថិតក្នុងស្ថានភាពរឹតត្បិតពីអាជ្ញាធរកម្ពុជា។
រហូតមកដល់ពេលនេះ កម្ពុជាត្រូវអ្នកសង្កេតការណ៍មើលឃើញថា បានក្លាយជារដ្ឋឯកបក្សពេញទី បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសភាទាំង១២៥ ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលគ្មានគណបក្សសង្គ្រោះជាតិចូលរួម។
ក្រោយមកទៀត ក្រុមសកម្មជននយោបាយរបស់អតីតគណបក្សប្រឆាំងបន្តប្រឈមការបង្ក្រាបតាមផ្លូវច្បាប់ សម្រាប់ការសម្តែងមតិរបស់ពួកគេ គ្រាដែលការជួបជុំតស៊ូមតិមួយចំនួនពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងការការពារបរិស្ថានក៏ត្រូវបានអាជ្ញាធរហាមឃាត់។
លោកPhil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ី ចាត់ទុកថា ការស្លាប់លោកកែម ឡី ជាទង្វើវាយបំបាក់ស្មារតីសកម្មជនថ្នាក់មូលដ្ឋាន ហើយថាឃាតកម្មលើលោកកែម ឡីជាឃាតកម្មនយោបាយ។
លោកសរសេរតាមសារអ៊ីម៉ែលក្នុងន័យដើមថា៖ «ការសម្លាប់លោកកែម ឡី គឺជាឃាតកម្មនយោបាយ ដែលមានបំណងគំរាមកំហែងដល់សកម្មជនមូលដ្ឋានមួយជំនាន់ មិនឲ្យជំទាស់នឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងផលប្រយោជន៍សេដ្ឋកិច្ចក្រុមគ្រួសាររបស់គាត់។ ឃាតកម្មនេះ មានសម្ពាធខ្លាំងណាស់មកលើភាពសកម្មនៃការការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា»។
លោកបន្តថា លោកមិនធ្លាប់ស្គាល់លោកកែម ឡីផ្ទាល់ខ្លួនលោកទេ ប៉ុន្តែលោកយល់ថា លោកកែម ឡីជាបុគ្គលនៃគោលការណ៍ និងមានចក្ខុវិស័យដែលអាចជឿបានថា ពលរដ្ឋកម្ពុជាកំពុងមិនត្រូវបានយកចិត្តទុកដាក់ពីក្រុមមេដឹកនាំនយោបាយនោះទេ។
លោកPhil Robertson កត់សម្គាល់ថា ចាប់តាំងពីឃាតកម្មលើលោកកែម ឡី លទ្ធិប្រជាធិបតេយ្យកម្ពុជាត្រូវបានបំផ្លាញដោយគណបក្សកាន់អំណាច។ លោកនិយាយថា សិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះដល់កម្រិតមួយទាបបំផុត។
ពាក់ព័ន្ធទៅនឹងឃាតកដែលសម្លាប់លោកកែម ឡីនោះ លោកPhil Robertson និយាយថា ការកាត់ទោសអ្នកសម្លាប់លោកកែម ឡីនោះ គឺជារឿងកំប្លែងសុទ្ធសាធ។លោកជឿថា បុរសម្នាក់ដែលកំពុងជាប់ឃុំនោះ គឺជាអ្នកទទួលថ្មបាក់ប៉ុណ្ណោះ ហើយគ្មានអ្វីដែលត្រូវបានធ្វើដើម្បីកំណត់អត្តសញ្ញាណមេគំនិតនិងជនរួមគំនិតនៅពីក្រោយការសម្លាប់នេះទេ។
លោកសរសេរក្នុងន័យដើមថា៖ «វាចាំបាច់ត្រូវតែមានការអង្កេតដោយឯករាជ្យ និងមិនលម្អៀង ដែលធ្វើឡើងជាពិសេសដោយអង្គការអន្តរជាតិមួយដើម្បីជីករកឫសគល់នៃឃាតកម្ម និងនាំអ្នកដែលទទួលខុសត្រូវពិតប្រាកដយកមកកាត់ទោស»។
អាជ្ញាធរកម្ពុជាចាប់បានខ្លួនមនុស្សតែម្នាក់គត់ គឺបុរសឈ្មោះអឿត អាង ហៅជួប សម្លាប់។ នគរបាលកម្ពុជាបានបង្ហាញថា បុរសឈ្មោះជួប សម្លាប់នេះជាអ្នកលើកផែនការ និងជាជនដៃដល់សម្លាប់លោកកែម ឡីដោយសារតែគំនុំខ្ចីប្រាក់។ជនដែលត្រូវចាប់ខ្លួននេះ ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយខុសច្បាប់។ជួប សម្លាប់បានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ និងតុលាការកំពូល។ប៉ុន្តែកាលពីខែឧសភាឆ្នាំ២០១៩តុលាការកំពូលបានប្រកាសសាលដីកាស្ថាពរដោយរក្សាការផ្តន្ទាទោសជួប សម្លាប់នេះ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតដដែល។
ការកាត់ទោសបុរសឈ្មោះជួប សម្លាប់ មិនមានការចូលរួមពីសមាជិកក្រុមគ្រួសារលោកកែម ឡីទេ ដោយសារតែពួកគេមិនជឿថាជននោះជាឃាតកពិត និងធ្វើសកម្មភាពម្នាក់ឯង។សមាជិកគ្រួសារលោក កែម ឡី ក៏មិនអាចទទួលស្គាល់ថា ការសម្លាប់នោះមានពាក់ព័ន្ធការខ្ចីប្រាក់ដែរ ព្រោះលោកកែម ឡី និងបុរសឈ្មោះជួប សម្លាប់នោះមិនដែលស្គាល់គ្នាពីមុនមកផងទេ។
អ្នកស្រី ប៊ូ រចនា អាយុ៤០ឆ្នាំ ភរិយារបស់លោកកែម ឡី បានប្រាប់វីអូអេពីប្រទេសអូស្រា្តលីថា អ្នកស្រីពុំមានជំនឿថា រដ្ឋាភិបាលបច្ចុប្បន្នអាចរកយុត្តិធម៌ពិតប្រាកដសម្រាប់ស្វាមីរបស់អ្នកស្រីទេ។
«ទាល់តែមានការផ្លាស់ប្តូរ មានការផ្លាស់ប្តូរបានយើងអាចមានសង្ឃឹមថា រកយុត្តិធម៌បាន»។
ស្ត្រីដែលជាម្តាយកូនប្រុស៥នាក់រូបនេះ និយាយថា ស្វាមីអ្នកស្រីបានលះបង់ជីវិតរួចទៅហើយ ដើម្បីបើកវាំងនន លាតត្រដាងនូវវិបត្តិសង្គម និងការជិះជាន់រំលោភសិទ្ធិនានាដែលកើតមានឡើងនៅក្នុងប្រទេស។អ្នកស្រីយល់ថាគ្មានអ្វីដែលត្រូវខកចិត្តទេ ប្រសិនបើសិទ្ធិមនុស្សនៅកម្ពុជាបន្តស្ថិតក្នុងស្ថានភាពរឹតត្បិតកាន់តែខ្លាំងថែមទៀត ក្រោយមរណភាពស្វាមីរបស់គាត់។
«ចុះយើងធ្វើតែម្នាក់ឯង ហើយអ្នកដែលគេបំបិទសិទ្ធិនោះវាច្រើន អ៊ីចឹងយើងធ្វើម៉េចឈ្នះគេ? អ្វីដែលគាត់ធ្វើហ្នឹង ទោះបីយ៉ាងណា វាបានប្រសើរមួយចំណែកដែរ។ បន្ទាប់ពីគាត់ស្លាប់ហើយ អាហ្នឹងគេរឹតត្បិតថែមទៀត។ អាហ្នឹង យើងក៏មិនដឹងធ្វើម៉េចដែរ»។
អ្នកស្រី ប៊ូ រចនា បន្ថែមថា ៤ឆ្នាំនៃការស្លាប់លោក កែម ឡី អ្នកស្រីកំពុងរស់នៅក្រោមការឧបត្ថម្ភថវិការបស់រដ្ឋាភិបាលអូស្ត្រាលី ហើយកូនច្បងរបស់អ្នកស្រីបានចូលរៀនថ្នាក់វិទ្យាល័យហើយដែរ។ទោះបីជានៅឆ្ងាយពីប្រទេសកម្ពុជា អ្នកស្រីនិយាយថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងស្ថិតក្នុងភាពអាប់អួរជាងពេលណាៗទាំងអស់ ព្រោះសូម្បីតែក្រុមយុវជនមួយចំនួនតូចធ្វើសកម្មភាពតស៊ូមតិដើម្បីការពារតំបន់ធម្មជាតិ ដូចជាតំបន់កោះកុងក្រៅ ក៏ត្រូវរងការបង្ក្រាបពីអាជ្ញាធរដែរ។
ឆ្លើយតបនឹងការរិះគន់ចំពោះការធ្លាក់ចុះប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថាការចោទប្រកាន់ទាំងនោះ មានចរិតគុំកួននិងកេងចំណេញខាងនយោបាយ។
«ការលើកឡើងគឺ លើកឡើងដោយគំនុំគុំកួន ដើម្បីធ្វើការរិះគន់តែប៉ុណ្ណោះទេមិនមានមូលដ្ឋានទេ។ ការស្លាប់របស់លោកបណ្ឌិតកែម ឡី គឺជាករណីឃាតកម្ម អ៊ីចឹងទេ ត្រូវតែយកយន្តការច្បាប់មកអនុវត្តគឺដំណើរការនីតិវិធីរបស់តុលាការ ទៅតាមទិដ្ឋភាពច្បាប់ដែលមានជាធរមាន»។
លោកបន្ថែមថា៖ «ការលើកឡើងរបស់ក្រុមនេះ គឺធ្វើជារៀងរាល់ឆ្នាំ គឺក្នុងគោលដៅមួយដើម្បី ធ្វើអាជីវកម្ម និងកេងចំណេញផ្នែកនយោបាយទៅលើសពរបស់លោកកែម ឡី ដែលគេតែងតែធ្វើជារៀងរាល់ឆ្នាំ ក្នុងការរិះគន់ បន្តុះបង្អាប់ ទៅដល់វិធានការច្បាប់ និងចំណាត់ការរបស់រដ្ឋាភិបាល»។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេថា សំណុំរឿងឃាតកម្មលោកកែម ឡី បានស្ថិតក្នុងដៃតុលាការ ក្រោយការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។លោកថាពលរដ្ឋកម្ពុជា ក៏កំពុងប្រើប្រាស់សិទ្ធិសេរីភាពពេញលេញផងដែរ។
នៅភូមិអង្គតាកុប ឃុំលាយបូរ ខេត្តតាកែវ ម្តាយរបស់លោកកែម រិទ្ធិសិត កំពុងសម្រាន្តលើគ្រែឈើធំមួយដែលដាក់នៅពីមុខចេតិយតម្កល់សពលោកកែម ឡី។ អ្នកស្រី ភោគ សេ មានប្រសាសន៍ថា ការធ្វើបុណ្យរំឭកដល់វិញ្ញាណក្ខន្ធកូនប្រុសរបស់អ្នកស្រីជារឿងចាំបាច់ ជាជាងការរក្សាចិត្តព្យាបាទបុគ្គលដែលសម្លាប់កូនប្រុសរបស់គាត់។
«មិនដឹងចង់ចងកម្មចងពៀរអីទៀតទេ! ចេះតែធ្វើបុណ្យអ៊ីចឹងទៅ! ដល់ពេលថ្ងៃខួបអ៊ីចឹង ចេះតែធ្វើអ៊ីចឹងទៅ! មើលតាមលទ្ធភាពយើង»។
ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធិសិត ក៏បានបញ្ជាក់អំពីពិធីបុណ្យរំឭកខួប៤ឆ្នាំនៃមរណភាពបងប្រុសរបស់គាត់ថា នឹងធ្វើដូចរាល់ឆ្នាំ គឺនៅថ្ងៃទី១០ខែកក្កដា នៅឯទីកន្លែងដែលសពលោកកែម ឡីត្រូវបានបញ្ចុះ។
គិតចាប់តាំងពីការស្លាប់បងប្រុសរបស់គាត់នោះមកលោក កែម រិទ្ធិសិត និយាយថា មិនមាននរណាហ៊ាននិយាយ ដូចបងប្រុសរបស់គាត់នោះឡើយ។ លោក កែម រិទ្ធិសិត បន្ថែមថាលោកមិនដឹងថា អ្នកវិភាគក្រោយៗនេះមានអារម្មណ៍ភ័យខ្លាចឬយ៉ាងណាទេ ក្នុងការធ្វើអត្ថាធិប្បាយ ព្រោះថា ពួកគេអាចមានចិត្តគំនិតខុសពីបងប្រុសរបស់គាត់។
«បញ្ហានេះ យើងមិនហ៊ានថា ដែរពីព្រោះមនុស្សម្នាក់ៗវាមានបេះដូងផ្សេងៗគ្នា អ៊ីចឹងគឺរឿងការគិតរបស់គាត់ យើងមិនអាចយល់បានទេក្នុងចិត្តបាទ»៕