ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្លាប់​របស់​មន្រ្តី​ប៉ូលិស ធ្វើឲ្យ​មាន​ការចោទសួរ​កាន់តែ​ខ្លាំង​ពី​ការឡោមព័ទ្ធ​វិមាន​សភា​សហរដ្ឋ​អាមេរិក


ប៉ូលិស​​ឃ្លាំមើល​​ក្រុមបាតុករ ដែល​ព្យាយាម​បំបែក​របាំង​ប៉ូលិស កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅ​ឯវិមានសភា​កាពីតូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

មន្ត្រី​ប៉ូលិស​ម្នាក់ បាន​ស្លាប់​ដោយ​សារ​របួស​នៅពេល​ដែល​ពួក​អ្នក​គាំទ្រ​របស់​លោក​ប្រធានា​ធិបតី Donald Trump បាន​សម្រុក​ចូល​វិមាន​សភា​ ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ការចោទសួរ​កាន់​តែខ្លាំង​ឡើង​ពី​រយៈពេល​នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​នៃ​ការកាន់​ដំណែងរបស់​ប្រធានាធិបតី​ចាញ់​ឆ្នោត ​និង​សមត្ថភាព​របស់​ប៉ូលិស​នៅ​វិមាន​សភា​ ដើម្បី​ការពារ​សន្តិសុខ​នៅ​តំបន់​នោះ។ នេះ តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

ប៉ូលិស​វិមាន​សភា​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា លោក Brian D. Sicknick មន្ត្រី​ប៉ូលិស​បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​រង​របួស​ «ខណៈដែល​តតាំង​ជាមួយ​ពួក​បាតុករ»ក្នុង​អំឡុង​ពេល​នៃ​កុបកម្ម​កាលពី​ថ្ងៃ​ពុធ។ លោក​ជា​មនុស្ស​ទី៥ ​ដែល​បាន​ស្លាប់។

ការពិភាក្សា​កំពុង​ធ្វើ​ឡើង​អំពី​សមត្ថភាព​របស់​លោក​ប្រធានាធិបតី Trump ក្នុង​ការបន្ត​ដំណែង។ សមាជិក​សភា​ម្នាក់​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ចូល​រួម​ជាសាធារណៈជាមួយ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​អំពាវនាវ​ឲ្យប្រើប្រាស់​វិសោធនកម្ម​ទី២៥​ដើម្បី​បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី Trump ចេញ​ពី​ដំណែង។ ស្របពេល​ជាមួយគ្នានេះ លោក​ប្រធានាធិបតី Trump បាន​សន្យា​ថា «នឹង​មាន​ការផ្ទេរដំណែង​តាម​របៀបរៀបរយ»នៅ​ថ្ងៃ​ទី២០ ខែ​មករា នៅពេល​ដែល​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ត្រូវធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ទី៤៦៕

XS
SM
MD
LG