ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការពារ​​សិទ្ធិ​បារម្ភ​​អំពី​ការ​​រឹត​ត្បិត​កាន់​តែ​ធ្ងន់ធ្ងរ​លើ​​ការ​​ស្លៀក​ពាក់​​របស់​​ស្ត្រី


ស្ត្រី​ម្នាក់​ឈ្មោះ​ ម៉ឹង​ ស្រីនួន​ បានផ្តិតមេដៃលើកិច្ចសន្យានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។ (រូបថតដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
ស្ត្រី​ម្នាក់​ឈ្មោះ​ ម៉ឹង​ ស្រីនួន​ បានផ្តិតមេដៃលើកិច្ចសន្យានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។ (រូបថតដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

សង្គម​ស៊ីវិល​ដែល​ការពារ​សិទ្ធិ​ស្ត្រី​បារម្ភ​ថា ការ​ឃាត់​ខ្លួន​ស្ត្រី​អ្នក​ផ្សព្វផ្សាយ​លក់​ឡេ​តាម​អន​ឡាញ​ជា​បន្ត​បន្ទាប់​ក្រោម​ហេតុ​ផល​ថា ​ស្ត្រី​ទាំង​នោះ​ស្លៀក​ពាក់​ស៊ិច​ស៊ី​ជ្រុល និង​ប្រើ​សម្តី​អសីលធម៌អាច​បង្ក​ឲ្យ​មាន​ការ​រិត​ត្បិត​បន្ថែម​លើ​សិទ្ធិ​សេរីភាព​របស់​ស្ត្រី​ ដែល​មិន​គួរ​កំណត់​ដោយ​ច្បាប់។​

ការ​បារម្ភ​របស់​សង្គម​ស៊ីវិល​ទាំង​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពីស្ត្រី​អ្នកលក់​ឡេ​ដែល​អះអាង​ថា​ជា​ប្រភេទ​ឡេ​ពង្រីក​ដើម​ទ្រូងម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កោះ​ហៅ​មក​បំភ្លឺឲ្យ​សុំ​ទោស​ជា​សាធារណ​:​ និង​ធ្វើ​កិច្ច​សន្យាបញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​លក់​ឡេ​ផ្ទាល់​តាមបណ្តាញ​សង្គម។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផ្សាយ​ នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ បញ្ជាក់​ថា៖ «ស្ត្រី​ម្នាក់​ឈ្មោះ​ ម៉ឹង​ ស្រីនួន​ ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ J No Cosmetic ដែល​បាន​ឡាយ​បង្ហាញ​ភាព​ស៊ិចស៊ី​ជ្រុល​ និង​ប្រើ​ប្រាស់​កាយ​វិការ​ និង​សំដី​អសីលធម៌​មិន​សម​រម្យ​ ត្រូវ​បា​ន​សមត្ថកិច្ច​កោះ​ហៅ​មក​បំភ្លឺ​សុំ​ទោ​ស​ជា​សាធារណ​:​ និង​ធ្វើ​កិច្ច​សន្យា»។

លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (Cambodian Center for Human Rights) ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធនេះ​ថា ការ​ស្លៀក​ពាក់​ និង​ការ​និយាយ ​គឺ​ជា​សិទ្ធិ​របស់បុគ្គល​គ្រប់​រូប​ ដែល​គួរ​តែ​ត្រូវ​បាន​កំណត់​ត្រឹម​ការ​យល់​ឃើញ​របស់​មហាជន មិន​គួរ​ជា​ការ​ប្រើប្រាស់​ច្បាប់​មក​អនុវត្ត​នោះ​ទេ។

លោក​ស្រី​បន្ត​ថា ការ​កោះ​ហៅ ឬ​ការ​ឃាត់​ខ្លួន​ដើម្បី​ណែនាំ ឬ​កិច្ច​សន្យា​ដោយ​អាជ្ញាធរ គឺ​ជា​ការ​រិត​ត្បិត​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ។

«នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​គាត់​សម្តែង​នូវការបញ្ចេញ​មតិ​ តាម​រូប​ភាព​ជា​លក្ខណៈ​ស្លៀកពាក់​ហ្នឹង ខ្ញុំ​គិត​ថាទុក​ឲ្យ​សាធារណជន​គាត់វិនិច្ឆ័យ​ទៅ​ បើ​គាត់​ពេញ​ចិត្ត​គាត់​នឹង​ចូលរួម ប៉ុន្តែ​បើ​គាត់​មិន​ពេញ​ចិត្ត​ទេ ​គាត់​អាចលើក​ទៅតាម​ទស្សនៈ​មតិរបស់​គាត់​ ប៉ុន្តែ​យើង​ត្រូវ​ទុក​ឲ្យ​បុគ្គល​ម្នាក់ៗ​ជា​អ្នក​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​លើ​ការ​ស្លៀកពាក់​របស់​ខ្លួន​ទៅ»។​

លោក​ស្រី​បារម្ភ​ថា ការ​ព្យាយាម​កំណត់ថា​ការ​ស្លៀកពាក់​របស់​ស្ត្រី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌ នឹង​ធ្វើ​ឲ្យ​ស្ត្រី​កាន់​តែ​ប្រឈម​នឹង​ការ​រើស​អើង និង​ការ​ប្រើ​ហិង្សា​ផ្សេងៗ។

«យើង​ត្រូវ​ញែក​ឲ្យ​ដាច់​រវាង​អង្គ​ហេតុ​ ដែល​ស្ត្រី​គាត់​ស្លៀក​ពាក់ និង​អង្គ​ហេតុ​នៃបទ​ល្មើស​ទៅលើ​ស្ត្រី។ អញ្ចឹងខ្ញុំ​គិត​ថា​វិធានការ​ណា​មួយ​ យើង​ត្រូវ​ថ្លឹង​ថ្លែង​ក្នុង​ការ​ធ្វើ​យ៉ាង​ម៉េច​ថា ​វិធាន​ការ​ហ្នឹង​វា​ពិត​ជាបាន​ចូល​រួម​ក្នុង​ការ​ការពារ​សុវត្ថិភាព និងការពារ​កិត្តិយស​របស់​ស្ត្រី​ហ្នឹង តាម​រយៈ​ការ​ឆ្លើយ​តប​ទៅ​លើ​បទ​ល្មើស​លើ​ស្ត្រី មិនមែន​តាមរយៈការ​ដាក់​បន្ទុក​បន្ថែម​ទៅ​លើ​ស្ត្រី​នោះ​ទេ»។

ចំណែក​កញ្ញា បុណ្យ រចនា នាយិកា​អង្គការ​ក្លាហាន លើក​ឡើង​ថា សកម្មភាព​នៃ​ការ​ផ្សព្វផ្សាយ​ផ្ទាល់​លក់​ឡេ​របស់​កញ្ញា ម៉ឹង ស្រីនួន មិន​មែន​ជា​សកម្មភាព​ខុស​ច្បាប់ និង​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នរណា​ម្នាក់​នោះ​ទេ។

កញ្ញា បុណ្យ រចនា ​បន្ថែម​ថា ការ​ចាត់​វិធាន​ការ​លើ​ស្ត្រី​រូប​នោះ គឺ​ជា​ការរើស​អើង​ស្ត្រី​ប៉ះពាល់​ដល់​ការ​ប្រកប​អាជីវកម្ម​ព្រម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ជាច្រើន​ទៀត​របស់​ស្ត្រី​ជា​ទូទៅ។

អ្នកដឹកនាំ​អង្គការផ្តោត​លើ​ការ​ការពារ​សិទ្ធិ​និង​សេរីភាព​របស់​ស្ត្រី រូប​នេះ​បញ្ជាក់​ថា៖ «ស្ត្រី​គាត់​នឹង​មាន​ការ​ភ័យ​ខ្លាច។ មុន​ពេល​ដែល​គាត់​ចេញ​ក្រៅ​ផ្ទះ ឬ​ក៏​គាត់​និយាយ​អី ឬ​គាត់​ស្លៀក​អី​ គាត់​ត្រូវ​គិត​ថា​តិច​ស្លៀកអញ្ចឹង​តិច​ប៉ូលិស​ចាប់​ទៅ? ហើយបើ​សិន​ជា​វា​មាន​រឿង​ដល់​បែប​ហ្នឹង អា​ហ្នឹង​វា​ធ្វើ​ឲ្យ​សង្គមមួយ​ដែលស្ត្រី​ហ្នឹង​គាត់​អត់​អាច​ប្រើប្រាស់​នូវ​សិទ្ធិ​សេរីភាព​ពេញ​លេញ​ ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​ច្បាប់​ជាតិ​និង​អន្តរជាតិ​ធានា​នូវ​សិទ្ធិ​ឯកជនភាព និងស្វ័យ​សម្រេច​របស់​ស្ត្រី​ហ្នឹង»។​

រហូត​មក​ដល់​ថ្ងៃពុធ​នេះ គេ​មិន​ឃើញហ្វេសប៊ុក​ឈ្មោះ ​J No Cosmetic ស្ថិតលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទៀត​នោះ​ទេ។

ប៉ុន្តែ​ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​ឡើង​វិញ បង្ហាញ​ពីសកម្មភាព​របស់​កញ្ញា ម៉ឹង ស្រីនួន កំពុង​ពាក់​អាវ​ពណ៌​ខ្មៅ​ចំហរ​ផ្នែក​ខាង​លើ​ដើម​ទ្រូង និង​បាន​យក​ឡេ​លាប​លើ​ផ្នែក​នោះ និង​លាប​លើ​អាវ​ផ្នែក​ដើម​ទ្រូង​ផង​ដែរ។

ខណៈ​កំពុង​លាប កញ្ញា​ក៏បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ជួយ​ទិញ​ឡេ ដោយ​រៀប​រាប់​ពី​ប្រសិទ្ធភាព​ថា ​អាច​ពង្រីក​ដើម​ទ្រូង​បាន។​

នេះ​មិនមែន​ជា​ករណី​ទី​មួយ​ទេ​ ដែល​អាជ្ញាធរ​បាន​កោះ​ហៅ និង​ឃាត់​ខ្លួន​អ្នក​លក់​ផលិត​ផល​តាម​អន​ឡាញ​ឲ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាពផ្សព្សផ្សាយ​ផ្ទាល់ ដែល​អាជ្ញាធរ​អះអាង​ថា​ជា ​«សក​ម្មភាពធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ទំនៀម​ទម្លាប់​ប្រពៃណី​និង​កិត្តិយស​របស់​ស្ត្រី​ខ្មែរ»។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ អ្នក​នាង ​ថៃ ស្រីនាង អ្នក​លក់ផលិត​ផល​គ្រឿង​សម្អាង​ឈុត​គេង​នារី តាម​រយៈ​ការបង្ហោះ​លក់​លើ​បណ្តាញ​សង្គម​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ណែនាំ​និងឲ្យ​ចុះ​កិច្ច​សន្យាលើ​ករណី​ ដែលអាជ្ញាធរ​ចាត់ទុក​ថា «​នាង​បាន​បង្ហោះ​រូបភាព​សិចស៊ី​ជ្រុល​ហួស​ហេតុ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនៀម​ទម្លាប់​ប្រពៃណី​និង​កិត្តិយស​របស់​ស្ត្រី​ខ្មែរ»។

មួយ​ថ្ងៃ​បន្ទាប់​អ្នកនាង​ ថៃ ស្រីនាង​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្តង​ទៀត ដោយតុលាការ​ចោទ​ប្រកាន់ក្រោម​ច្បាប់​ជួញ​ដូរ​មនុស្ស​និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ និង​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​មួយ​រយៈ។

លោក សាន សុខសីហា អ្នកនាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ VOA ​ថា ការ​ឃាត់​ខ្លួន​កញ្ញា ម៉ឹង ស្រីនាង ​ដើម្បី​អប់រំ និង​ធ្វើ​កិច្ច​សន្យា គឺ​ដោយសារ​នាង​ផ្សព្វផ្សាយ​ផ្ទាល់​វីដេអូ​បង្ហាញ​ភាព «សិច​ស៊ី​ជ្រុល» និង​ប្រើ​សម្តី «អសីល​ធម៌» ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ស្ត្រី​ខ្មែរ។

ឆ្លើយ​តប​នឹង​សំណួរ​ថា តើ​អាជ្ញាធរ​ប្រើ​មាត្រា ឬ​ច្បាប់​ណា​ដើម្បី​ចាត់​វិធានការ​លើ​ស្ត្រី​អ្នក​លក់​ឡេ​រូប​នោះ លោក សាន សុខសីហា បញ្ជាក់​យ៉ាង​ដូច្នេះ៖ «ជា​គោល​ការណ៍​រួម​មក​គឺ​យើង​បាន​អនុវត្ត សូម្បី​តែ​ខាង​ក្រសួង​កិច្ចការ​នារី ទាក់ទងក្រសួង​វប្បធម៌​ ក៏​គេ​តែងតែប្រកាស​ដែរ​ទាក់ទង​នឹង​ការ​ស្លៀកពាក់តម្រូវ​ឲ្យមាន​ការ​ស្លៀកពាក់ ហើយ​ខ្ញុំ​ក៏​មិន​ចាំ​មាត្រា​ហ្នឹងច្បាស់​ដែរ តែ​ទាក់ទង​នឹង​ការ​ស្លៀកពាក់ ទាក់ទង​នឹង​ការ​បង្ហាញ​កាយ​វិការ សម្តី​សំដៅ​អសីលធម៌​ផ្សេងៗ គឺ​យើង​នឹង​មានវិធានការ»។

លោក សាន សុខសីហា បន្ថែម​ថា បន្ទាប់​ពី​កញ្ញា ម៉ឹង​ ស្រីនួន ទទួល​ស្គាល់​កំហុស​និង​ធ្វើ​កិច្ច​សន្យាបញ្ឈប់សកម្មភាព​ផ្សព្វផ្សាយវីដេអូ​បែប​នោះ អាជ្ញាធរ​ក៏​បាន​អនុញ្ញាត​ឲ្យ​នាង​ត្រឡប់​ទៅ​វិញ។

VOA បានទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពីកញ្ញា ម៉ឹង​ ស្រីនួន ​ដោយ​កញ្ញា​បាន​ទទួល​ទូរស័ព្ទ តែ​មិន​ព្រម​ឆ្លើយ​តប។

កាល​ពី​ដើម​ឆ្នាំ​ ២០២០ ​រដ្ឋាភិបាលបាន​ប្រកាស​ចាត់​វិធាន​ការ​លើ​ស្ត្រី​លក់​ផលិត​ផល​តាម​អ៊ីនធឺ​ណិត​រូប​ណា​ដែល​ស្លៀកពាក់ «សិចស៊ី​ជ្រុល»។​

នៅ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា អ្នក​លក់​ផលិតផល​តាម​បណ្ដាញ​សង្គម​លើ​អ៊ីនធឺណិត​មួយ​ចំនួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ ដោយ​សារ​ពួកគេ​បាន​បង្ហាញ​ភាព​សិចស៊ី​ជ្រុល។

ក្រោយ​ការ​ប្រកាស​នោះ រដ្ឋាភិបាល​បានរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ ចែង​ពី​ការ​ហាម​ប្រាមបុរស​ដែល​ចេញ​ក្រៅ​ផ្ទះ​មិន​ពាក់​អាវ​និង​ហាម​ស្ត្រី​មិន​ឲ្យ «ស្លៀក​ខ្លី​ខើច​លើ​ខើច​ក្រោម» ​ឬ​ «សម្លៀក​បំពាក់​ស្តើង​ដែល​អាច​មើល​ឃើញ​កេរ​ភេទ»។

អង្គការ​សិទ្ធិ​មនុស្ស​នានា​លើក​ឡើង​ថា វិធានការ​របស់​រដ្ឋាភិបាល និង​ការ​ចែង​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ​គឺ​ជា​ការ​រើសអើងស្ត្រី ហើយអាច​នឹង​ត្រូវគេ​យក​ទៅ​អនុវត្តធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ស្ត្រី ក៏​ដូច​ជា​ការ​បង្កើត​នូវ​វប្បធម៌​និទណ្ឌភាព​ទាក់ទង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ជា​ដើម៕

XS
SM
MD
LG