ការចែងអំពី«ការស្លៀកពាក់ខ្លី ខើចលើ ខើចក្រោមនៅទីសាធារណៈ» ក្នុងសេចក្តីព្រាងច្បាប់ស្តីអំពីសណ្តាប់ធ្នាប់សាធារណៈ នាំឲ្យមានការរិះគន់អំពីការកំហិតហួសហេតុដែលនាំឲ្យប៉ះពាល់សេរីភាពក្នុងការស្លៀកពាក់របស់ស្រ្តី។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលដែលតាក់តែងច្បាប់នេះលើកឡើងថា ចំណុចនេះសំដៅសំខាន់លើការស្លៀកពាក់ឲ្យឃើញ«កេរភេទ»នៅទីសាធារណៈតែប៉ុណ្ណោះ។
ខ្លឹមសារបឋមនៃសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈនេះ គ្របដណ្តប់ទូលំទូលាយទាំងការនិយាយស្តី ការធ្វើដំណើរនិងសោភ័ណភាពសាធារណៈជាដើម ដែលនេះត្រូវបានគេមើលឃើញថា មានការរឹតត្បិតយ៉ាងច្រើនរាល់សកម្មភាពសាធារណៈ។
មាត្រា៣៦នៃសេចក្ដីព្រាងច្បាប់បឋមនេះចែងអំពីការស្លៀកពាក់ គ្របដណ្ដប់កាយរបស់ពលរដ្ឋទាំងពីរភេទ ដែលបុរសហាមមិនឲ្យព្រលែងខ្លួនល្វែងលើ ដោយមិនពាក់អាវ និងហាមមិនឲ្យ«ស្លៀកតែខោទ្រនាប់ បង្ហាញផ្នែកខ្លះនៃកេរភេទ»។សម្រាប់ស្ត្រី មាត្រានេះហាម«ស្លៀកពាក់ខ្លី ខើចលើខើចក្រោម ឬស្លៀកពាក់ស្ដើងមើលឃើញកេរភេទ ឬស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរភេទ។ នេះជាចំណុចមួយដែលនាំឲ្យមានការរិះគន់ពីសាធារណជនមួយចំនួន។
មាត្រានេះបន្ថែមថាការអនុវត្តកថាខណ្ឌខាងលើ ត្រូវលើកលែងចំពោះវិស័យទេសចរណ៍ សិល្បៈកីឡាប្រពៃណី ឬតំបន់ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
នៅពេលដែលសេចក្តីព្រាងច្បាប់បឋមនេះត្រូវបានផ្សព្វផ្សាយដល់សាធារណជន និងចុះផ្សាយតាមសារព័ត៌មាននោះមានការបង្កើតយុទ្ធនាការតាមអនឡាញស្វែងរកការគាំទ្រតាម Change.org ដែលមានអ្នកចូលរួមគាំទ្រជាង១ម៉ឺននាក់ និងកើនឡើងជាបន្តបន្ទាប់។ យុទ្ធនាការនោះមានឈ្មោះថា«សូមកុំរឹតបន្តឹងសិទ្ធិស្រ្តីតាមរយៈការបង្កើតច្បាប់នៅក្នុងប្រទេសកម្ពុជា»។ សារនៅក្នុងយុទ្ធនាការនេះលើកឡើងទៀតថាការចែងទាក់ទងនឹងការស្លៀកពាក់របស់ស្រ្តីមានន័យថា«ជំរុញឲ្យមានវប្បធម៌និទណ្ឌភាពជុំវិញអំពើហិង្សាផ្លូវភេទ»។ សារនៃយុទ្ធនាការនេះបន្ថែមថា ច្បាប់គួរតែត្រូវបានបង្កើតឡើងដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនរឹតបន្តឹងនោះទេ។
«ស្រ្តីគួរអាចអនុវត្តនូវសេរីភាពជាមូលដ្ឋានរបស់ពួកគេហើយនេះបញ្ចូលស្វ័យភាពផ្ទាល់ខ្លួន តាមរយៈសម្លៀកបំពាក់ដែលពួកគេជ្រើសរើសយកមកពាក់»។ នេះបើតាមសាររបស់យុទ្ធនាការស្វែងរកការគាំទ្រនេះ។
នាយិកាអង្គការក្លាហានដែលធ្វើការលើសិទ្ធិស្រ្តីកញ្ញា ប៊ុន រចនា មានប្រសាសន៍ថា មិនគួរមានការចែងអំពីការស្លៀកពាក់របស់ស្រ្តីនោះទេ ព្រោះវាអាចនាំឲ្យមានការបកស្រាយផ្សេងគ្នា។កញ្ញាបន្តថា ការចែងស្លៀកខ្លីពេក និងស្តើង ជាការចែងបែប«ស្រពេចស្រពិល»។ កញ្ញាជំរុញឲ្យមានការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការផ្តល់យោបល់។
កញ្ញាថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា៖ «វាអត់មានអីចាំបាច់ ទាល់តែសោះតែម្តងសម្រាប់រាជរដ្ឋាភិបាលគាត់ត្រូវចំណាយពេលវេលា ចំណាយធនធាន មកលូកលាន់ជីវិតឯកជនរបស់ប្រជាពលរដ្ឋ ជាពិសេសទាក់ទងនឹងការស្លៀកពាក់តែម្តង ព្រោះអាហ្នឹងជាសិទ្ធិសេរីភាព និងជាស្វ័យភាពរបស់បុគ្គលសុទ្ធសាធ»។
កញ្ញាឲ្យដឹងទៀតថា ប្រជាពលរដ្ឋកម្ពុជានៅមានការគិតបែប«ទស្សនៈអភិរក្សនិយម» និង«វប្បធម៌បន្ទោសជនរងគ្រោះ» ដោយសារការស្លៀកពាក់របស់ស្រ្តី នៅពេលមានអំពើហិង្សាផ្លូវភេទ។ កញ្ញាបន្ថែមថា វប្បធម៌នៃការស្តីបន្ទោសជនរងគ្រោះ និងការអនុវត្តច្បាប់ធូររលុង នាំឲ្យមានអំពើហិង្សាផ្លូវភេទកើនឡើង។
កញ្ញាបញ្ជាក់ថា៖ «ការស្លៀកពាក់របស់ស្រ្តី វាមិនមែនជាប្រភពនៃការកកើតឡើង ឬក៏កើនឡើងនៃអំពើបៀតបៀនផ្លូវភេទទេ»។
ជាការឆ្លើយតបរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ លោក អ៊ុក គីមលេខ មានប្រសាសន៍ថានេះជាសេចក្តីព្រាងបឋម ហើយក្រសួងដាក់ទៅដល់ខេត្តក្រុង ដើម្បីពិគ្រោះយោបល់។ លោកបន្តថា ក្រសួងនឹងពិគ្រោះយោបល់ជាមួយក្រសួងពាក់ព័ន្ធ ដូចជាក្រសួងវប្បធម៌ជាដើម និងអង្គការសង្គមស៊ីវិលផងដែរ។ លោកថាក្រសួងនឹងស្តាប់មតិភាគច្រើនលើចំណុចនេះ។
ត្រង់មាត្រា៣៦នៃសេចក្តីព្រាងច្បាប់សណ្តាប់ធ្នាប់សាធារណៈដែលចែងអំពីការស្លៀកពាក់ក្នុងទីសាធារណៈ លោក អ៊ុក គីមលេខ ពន្យល់ថា«ពាក្យក្នុងច្បាប់ ត្រូវមើលក្នុងឃ្លាទាំងអស់។ បើកាត់យកតែពាក្យខ្លះ មិនគ្រប់ន័យទេ»។ លោកថាពាក្យសំខាន់ គឺផ្តោតលើការស្លៀកពាក់បង្ហាញឲ្យឃើញកេរភេទ។
លោកថ្លែងថា៖ «អ៊ីចឹងច្បាប់គេសរសេរត្រឹមណា យើងអនុវត្តត្រឹមហ្នឹង។ប្រសិនបើច្បាប់មានសរសេរត្រឹមថា ខើចលើខើចក្រោមអាហ្នឹងយើងគិតទៀត។ តែច្បាប់នេះមិនបានសរសេរថាខើចលើ ខើចក្រោមផង...បង្ហាញផ្នែកខ្លះនៃកេរភេទ...ត្រូវមើល ឲ្យអស់»។
លោកបន្ថែមថា៖ «យើងគួរគិតពីប្រពៃណី ទំនៀមទម្លាប់ល្អរបស់ខ្មែរយើងនេះមានស្លៀកលេចលើលេចក្រោម មានស្លៀកលេចកេរភេទកណ្តាលផ្សារទេ?អានេះយើងគួរគិត ព្រោះយើងបានសរសេរលេចខ្លះនៃកេរភេទ។ ប្រសិនបើយើងថា ពេញចិត្ត ឬមិនពេញចិត្ត ច្បាប់ខ្ញុំនេះ មិនទាន់បានហាមឃាត់ទេ។ វានៅជាសេចក្តីព្រាង។ បើថាយើងពេញចិត្តអាដើរបញ្ចេញកេរភេទនៅទីផ្សារ អានោះយើងជជែកគ្នាទៀត»។
ទោះជាយ៉ាងណា មន្រ្តីតាក់តែងច្បាប់រូបនេះលើកឡើងថានេះជាការហាមឃាត់ការស្លៀកពាក់នៅទីសាធារណៈតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ «បើស្លៀកពាក់នៅផ្ទះ ឯកជន ស្លៀកនៅអី គឺច្បាប់នេះមិនបានហាមឃាត់ទេ។តែបើស្លៀកពាក់នៅទីសាធារណៈហ្នឹងវាប៉ះពាល់ដល់សិទ្ធិនារីដទៃទៀត»។
កាលពីខែកុម្ភៈ ឆ្នាំ២០២០ អ្នកលក់ផលិតផលអនឡាញម្នាក់ឈ្មោះថៃ ស្រីនាងត្រូវបានចាប់ខ្លួន និងចោទប្រកាន់ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការស្លៀកពាក់ដែលគេមើលឃើញថា«ស៊ិចស៊ី» រួចបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដោយសារនាងជាអ្នកលក់ផលិតផលអនឡាញ។ស្រីនាងត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៦ខែ ក្រោមច្បាប់ស្តីពីអាជីវកម្មផ្លូវភេទ និងតាមក្រមព្រហ្មទណ្ឌប្រទេសកម្ពុជា។ ការចាប់ខ្លួន ថៃ ស្រីនាង កើតឡើងក្រោយការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងចាត់វិធានការចំពោះស្ត្រីរូបណា ដែលផ្សព្វផ្សាយលក់ផលិតផលទាក់ទងនឹងសម្ផស្ស ដោយមានការស្លៀកពាក់បែប«ស៊ិចស៊ីជ្រុល» នៅតាមគេហទំព័រ ឬបណ្តាញសង្គមហ្វេសប៊ុក។
កញ្ញា ប៊ុន រចនា នាយិកានៃអង្គការក្លាហាន មានប្រសាសន៍ថា ការចាប់ខ្លួនដាក់ពន្ធនាគារនេះជាចំណុចមួយនៃការរឹតបន្តឹងសិទ្ធិស្រ្តីក្នុងការស្លៀកពាក់ ហើយកញ្ញាបារម្ភថា ច្បាប់ថ្មីនេះនឹងរឹតបន្តឹងបន្ថែមទៀត។
កញ្ញាមានប្រសាសន៍ថា៖ «កន្លែងហ្នឹងសុទ្ធតែជាចំណុចព្រួយបារម្ភរបស់យើង។ កន្លងមកខណៈដែលយើងមិនទាន់មានច្បាប់មានអី ជាក់លាក់ផងយើងឃើញថា មានការរឹតបន្តឹង មានការប្រើប្រាស់ប្រពៃណីទំនៀមទម្លាប់មួយចំនួនហ្នឹងយកមករឹតបន្តឹងទៅលើសិទ្ធិសេរីភាពរបស់ស្រ្តី រួមទាំងការដាក់ពិន័យជាទោសទណ្ឌអីផង។ អ៊ីចឹងប្រសិនបើច្បាប់ដែលមានលក្ខណៈស្រពេចស្រពិល ហើយមានលក្ខណៈរឹតត្បិតបែបនេះចូលជាធរមានទៀត អ៊ីចឹងយើងនឹងអាចឃើញមានបញ្ហាប្រឈមច្រើនចំពោះស្រ្តី»។
បើតាមសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ បណ្ដាសកម្មភាពដែលត្រូវហាមឃាត់ក្នុងទីសាធារណៈ រួមមានការរស់នៅតាមចិញ្ចើមផ្លូវ ការសុំទាន ការវាយប្រតប់ឈ្លោះប្រកែកជេរប្រមាថគ្នា ប្រព្រឹត្តអំពី «អាស» និង «សេពសន្ថវៈ» ការហាល ឬព្យួរសម្លៀកបំពាក់ ការបង្ហូរចោលកាកសំណល់ ការលក់ដូរនៅទីសាធារណៈដោយគ្មានច្បាប់អនុញ្ញាត និងសូម្បីតែ «ការចារឹកអក្សរ ការគូរគំនូរការគូរនិមិត្តសញ្ញា ការបាញ់ថ្នាំ ការបិទផ្សាយព័ត៌មាន ឬការដាក់តាំងរូបភាព ដែលមានខ្លឹមសារប៉ះពាល់ដល់សោភ័ណភាពនៅទីសាធារណៈ»។
សេចក្ដីព្រាងច្បាប់ដដែលនេះ ក៏មានចែងផងដែរអំពីការរឹតត្បិតការប្រើឧបករណ៍បំពងសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ។ រាល់សំឡេងបង្កឲ្យឮខ្លាំង រំខានអ្នកដទៃត្រូវបញ្ឈប់ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល និងចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៥ទៀបភ្លឺ។
ទាក់ទងនឹងការដាក់ទោសទណ្ឌវិញ មាត្រា៤២ចែងថាជនណារារាំងបង្កឧបសគ្គធ្វើឲ្យរាំងស្ទះដល់ការអនុវត្តច្បាប់នេះដោយអាជ្ញាធរមានសមត្ថកិច្ច និងឬមន្រ្តីទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ ជននោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ថ្ងៃ ទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀលទៅ ៥០ម៉ឺនរៀល៕