ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ចាប់​ស្រ្តី​ម្នាក់​ដែល​បង្ហោះ​រូប​ស្លៀក​ពាក់​អាក្រាត​កាយ​តាម​ហ្វេសប៊ុក


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនស្ត្រីឈ្មោះ ថៃ ស្រីនាង នៅថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីស្ត្រីរូបនេះបានបង្ហោះវីដេអូឃ្លីបមួយទៀតដោយបង្ហាញរូបនាងស្លៀកសម្លៀកបំពាក់ «ស៊ីចស៊ី‍»។

មន្ត្រី​នគរបាល​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចាប់ខ្លួន​ស្រ្តី​មួយ​រូប​ ដែល​ត្រូវ​បាន​ចោទ​ថា​ បាន​បង្ហោះ​រូបភាព​អាក្រាតកាយ​លើ​ទំព័រ​ហ្វេសប៊ុក។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្នង​ការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ។

សេចក្តី​ប្រកាស​ព័ត៌មាននេះ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ថៃ ស្រីនាង ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ ​នៅ​វេលា​ម៉ោង​ ៣:៣០​នាទី ​ថ្ងៃទី២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី។

ការ​ចាប់ខ្លួន​អ្នកលក់​អនឡាញ​ឈ្មោះ​ ថៃ ស្រីនាង​ ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ករណី​ផុស​រូបភាព​ស៊ិចស៊ី​ ដោយ​ត្រូវ​ចោទ​ពី​បទ​ផុស​រូបភាព​ និង​សំភារៈ​អាសអាភាស​ យោងតាម​មាត្រា​៣៨-៣៩​ ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​ដែល​ជាប់​ទោស​ចាប់​ពី​ (១ខែ​ ដល់​១ឆ្នាំ)។

ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ កាលពី​ព្រឹកថ្ងៃពុធ ទី​១៨ ខែកុម្ភ: ​ឆ្នាំ២០២០​ អ្នកស្រី​ ថៃ ស្រីនាង​ ត្រូវ​បានសមត្ថកិច្ច​នាំខ្លួន​យក​មកធ្វើ​ការអប់រំ ណែនាំ​ និង​ធ្វើ​កិច្ច​សន្យា​ចំពោះ​កំហុស​ឆ្គង​ដែល​គាត់​បាន​ផុស​រូប​ភាព​ និង​វីដេអូឃ្លីប​ ដែល​ចាត់​ទុកថា​«ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនៀម​ទំលាប់​ប្រពៃណី»​ ជា​ពិសេស​ប៉ះពាល់​«យ៉ាងធ្ងន់ធ្ង​រដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ» ហើយ​ស្ត្រី​រូប​នោះ​បាន​យល់​ព្រម​ថត​ជា​វីដេអូ​ ដើម្បី​សុំទោស​ជា​សាធារណ:​នូវ​កំហុស​របស់​ខ្លួន។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា៖ «បន្ទាប់ពីធ្វើ​កិច្ច​សន្យា​ និង​សារភាព​កំហុស​រួច​ នៅ​វេលា​ម៉ោង​ ១១:៣០ ​នាទី​ ក៏​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ស្រាប់​តែ​ម៉ោង​ ២:៣៥​នាទី​រសៀល​ថ្ងៃ​ដដែល ថៃ ស្រីនាង នៅ​តែ​មិន​រាង​ចាល​ ថែម​ទាំង​ផុស​រូប​អាក្រាត​កាយ​ ដែល​ស្លៀក​តែ​ខោ​លីអូ»។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ថៃ ស្រីនាង​ ត្រូវបាន​ធ្វើឡើង​ ដោយ​មាន​ការ​ឯកភាព​យល់​ព្រម​ពី​លោក​ គុជ​ គីមឡុង​ ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។​

VOA ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក ​គុជ គីមឡុង​ តែ​លោកថា​ជាប់​ប្រជុំ៖ «ខ្ញុំ​នៅ​កំពុង​ប្រជុំ​ កំពុង កំពុង​ប្រជុំ»។

ជនសង្ស័យ​ ថៃ ស្រីនាង ​ត្រូវបាន​ចាប់​ខ្លួន​ ដោយ​សមត្ថកិច្ច​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌទួល​គោក។ VOA ​ក៏មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ ស ថេត ស្នងការនគរបាល​រាជធានី​ភ្នំពេញ​ ដោយសារ​តែ​លោក​ក៏ជាប់​រវល់​ប្រជុំ។

ការ​ចាប់​ខ្លួន​ស្ត្រីឈ្មោះ​ ថៃ​ ស្រីនាង​ បាន​កើតមាន​ឡើង​តែ​បីថ្ងៃក្រោយ​ការ​ព្រមានរបស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ​ថា​នឹង​ចាត់​វិធានការ​ចំពោះ​ស្ត្រី​រូប​ណា​ដែល​ផ្សព្វផ្សា​យ​លក់​ផលិត​ផល​លើក​សម្ផស្ស​ ដោយ​មាន​ការ​ស្លៀក​ពាក់​បែប«​ស៊ិចស៊ី​ជ្រុល​និយម»នៅ​តាម​គេហទំព័រ​ ឬ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។ លោក​ ហ៊ុន សែន​ អះអាង​ថា​ ការស្លៀក​ពាក់​របៀប​នេះបាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ ហើយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​ឲ្យ​ធ្វើ​បែប​នោះ​ឡើយ។

បន្ទាប់ពី​ការ​ព្រមាន​របស់​លោក ហ៊ុន សែន​ នោះ​មក​ ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ និង​អង្គការ​ក្នុងស្រុក​ធ្វើការ​លើការ​ការពារ​សិទ្ធិមនុស្ស​ និង​សិទ្ធិស្ត្រី បាន​បង្ហាញប្រតិកម្ម​ជា​បន្តបន្ទាប់​ ដោយ​ពួកគេ​លើកឡើង​ថា​ ការ​ព្រមាន​នេះ​ជា​ការគំរាម​កំហែង​ និង​បង្ក​ការ​ភាន់​ច្រឡំ​របស់​មហាជន។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Amnesty International ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃពុធ​ ដោយ​បាន​លើកឡើងថា​ ការ​គំរាម​កំហែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ប្រឆាំង​នឹង​ស្ត្រី​ដែល​ជា​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ជា​ការ​‍«មិន​ទទួលខុសត្រូវ​ និង​គ្រោះថ្នាក់‍»។ អង្គការ​នេះ​ ក៏បាន​លើក​ឡើង​ពី​ហេតុការណ៍​ដែល​ស្ត្រីឈ្មោះ ​ថៃ ស្រីនាង ​ត្រូវបាន​នាំយក​មកធ្វើការ​អប់រំ​ និង​ធ្វើការ​សារភាព​ ដែល​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​ ចាត់​ទុក​ថា​ ធ្វើឡើង​ដោយ​បង្ខំ។

លោក Nicholas Bequelin ​នាយក​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ Amnesty International ​ប្រចាំ​តំបន់​អាស៊ី​ បាន​មានប្រសាសន៍​នៅ​ក្នុង​សេចក្តីថ្លែងការណ៍នោះ​ថា៖ «ការ​អះអាង​របស់​លោក ហ៊ុន សែន​ ដែល​ថា​ ស្ត្រីនឹង​ត្រូវស្តី​បន្ទោស​ចំពោះ​ការ​ជួញដូរ​មនុស្ស​ និង​អំពើ​ហិង្សា​ខាង​ផ្លូវភេទ​នោះ​ ដោយសារ​តែ​ជម្រើស​នៃ​ការ​ស្លៀកពាក់​របស់​ពួកគេ​នៅលើ​ហ្វេសប៊ុក​ ជា​ឧទាហរណ៍​មួយ​គួរ​ឲ្យ​ស្អប់​ និង​គ្រោះថ្នាក់​នៃ​ការ​ស្តីបន្ទោស​ជនរងគ្រោះ»។

លោក​យល់​ថា​ បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ឲ្យ​តាម​ដាន​ និង​អប់រំ​ស្ត្រី​ តំណាង​ឲ្យ​ការ​អនុវត្ត​ន៍​បែប​គំរាម​កំហែង​របស់​ប្រព័ន្ធ​ឃ្លាំមើល​របស់​រដ្ឋ​ដើម្បី​ ជំរុញនិន្នាការ​បែប​រើសអើង​តាម​ប្រព័ន្ធ​ដែល​គ្រប់​គ្រង​ដោយ​បុរស។

លោក​បាន​បន្ថែម​ថា៖ «ហ្វេសប៊ុក​ត្រូវតែ​ច្រាន​ចោល​កិច្ចសហការ​តាម​សំណើ​ដែល​មាន​លក្ខណៈ​រើស​អើងពី​អាជ្ញាធរ​កម្ពុជា​ ដើម្បី​រាំងខ្ទប់​គណនី​របស់​ស្ត្រី​ទាំង​នោះ។ ការ​អប់រំ​ខាង​សីលធម៌​ដោយ​បង្ខំ​ពី​សំណាក់​ប៉ូលិស​មកលើ​ស្ត្រី​ជា​សកម្មភាព​គ្មាន​ច្បាប់​ទម្លាប់»។

លោក Nicholas Bequelin បាន​អះអាង​ថា​ ស្ត្រី​ទាំងអស់​នេះ​ មិនត្រូវបាន​ចោទ​ថា​ បំពាន​ច្បាប់​ណា​មួយ​នោះ​ទេ ហើយ​ប៉ូលិស​ទំនង​ជា​ធ្វើ​សកម្មភាព​ដោយ​ផ្អែក​តែ​តាម​ការ​ចង់​បាន​ផ្ទាល់​ខ្លួន​របស់​លោក ហ៊ុន សែន ​តែ​ប៉ុណ្ណោះ។​

ចំណែក​ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ប្រាំមួយ និង​អ្នក​ជំនាញ​ឯករាជ្យ​ផ្នែក​យេនឌ័រ​ និង​សង្គមវិទ្យា​មួយរូប​ បាន​លើក​ឡើង​ក្នុង​លិខិត​ចំហរ​មួយ​ចុះ​ថ្ងៃទី​១៩ ខែ​កុម្ភៈ​ថា​ ការ​អះអាង​ថា​ «ស្ត្រី​ដែល​ស្លៀកពាក់​ខ្លី​លេច​លើ​លេច​ក្រោម​ ជា​ការ​ជំរុញ​ឲ្យ​បុរស​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវ​ភេទ​ និង​មាន​ការ​ជួញដូរ​មនុស្ស» គឺ​ទស្សនៈ​ខុស​ឆ្គង​ ភាន់​ច្រឡំ​ និង​មិនត្រូវ​បាន​លើក​ទឹកចិត្ត​នោះ​ទេ។​

លិខិត​ចំហរ​បាន​បន្ថែម​ថា៖ «​ដូច្នេះ​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ស្ត្រី​ដោយ​សារ​តែ​ជម្រើស​នៃ​ការ​ស្លៀកពាក់​របស់​ពួកគេ​ គឺ​ជា​ឫសគល់​នៃ​អំពើ​ហិង្សា ​និង​ការ​រើស​អើង​លើស្ត្រី​ វា​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេដែល​រាជរដ្ឋាភិបាល​ត្រូវ​ពិចារណា​ឡើងវិញ។ យើង​ខ្ញុំ​សូម​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​ក្នុងការ​ធានា​ថា​ កម្ពុជា​នឹង​គោរព​សិទ្ធិ​ស្វ័យ​សម្រេច​ សិទ្ធិ​សម្តែង​មតិ​ អារម្មណ៍​ និង​ជម្រើស​រាង​កាយ​ស្ត្រី​ ដើម្បី​សម្រេច​បាន​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​ និង​បញ្ឈប់​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​នៅ​កម្ពុជា»។

អ្នក​ស្រី ​អ៊ូ សុភារី​ អ្នក​សម្រប​សម្រួល​យុទ្ធនាការ​នៃ​អង្គការ​អាកសិនអេត​កម្ពុជា​ ដែល​ជា​ហត្ថលេខី​មួយ​នៅ​ក្នុង​លិខិត​ចំហរ​នោះ​ មាន​ប្រសាសន៍​ថា​ ខាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​បាន​បញ្ជាក់​ជំហរ​ច្បាស់​ជំទាស់​នឹង​ការ​មាន​វិធានការ​លើ​ស្ត្រី​ដែល​ស្លៀក​ស៊ិចស៊ី​តាម​ប្រព័ន្ធ​អ៊ិន​ធើណិត​ តែ​អាជ្ញាធរ​នៅ​ធ្វើ​ការ​ចាប់ខ្លួន​ស្ត្រីឈ្មោះ ​ថៃ ស្រីនាង ដដែល។

អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​បាន​បង្ហាញ​អស់​ហើយ​ ក៏ប៉ុន្តែ​គាត់​នៅ​តែ​ប្រើ​មាត្រា​ច្បាប់​ ការ​ជួញដូរ​មនុស្ស​អី​យក​មក​ប្រើ​ទៅ​វិញ​ ហើយ​អាហ្នឹង​ទាក់​ទង​នឹង​ការ​បក​ស្រាយ​នោះ​ អាហ្នឹង​ជា​ចំណុច​មួយ​ដែល​យើង​ត្រូវការ​អ្នក​វិភាគ​ផ្នែក​ច្បាប់​គាត់​យក​ទៅ​វិភាគ​មួយ​តង់​ទៀត​អីចឹង​ទៅណ៎ា​ ថា​តើ​ច្បាប់​ហ្នឹង​វា​ត្រូវ​បក​ស្រាយ​បែប​ហ្នឹង​ឬ​ក៏​យ៉ាង​ម៉េច»។

សម្រាប់​អ្នកស្រី ​សេង រាសី​ នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​ (Silika)​ ដែល​ជា​អង្គការ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​យល់​ថា​ គួរ​មាន​ការ​ពិភាក្សា​ឲ្យបាន​ច្រើន​ថែម​ទៀត ​លើ​បំណង​ពិតប្រាកដ​នៃ​វិធានការ​ប្រឆាំង​នឹង​ស្រ្តី​ស្លៀកពាក់​ស៊ិចស៊ី​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

«យើង​ត្រូវការ​ការ​ជជែក​ ការ​ជជែក​គ្នា​ ការ​ពិភាក្សា​គ្នា​ ឲ្យ​បាន​ច្បាស់​ថា​តើ​អ្វី​ដែល​យើង​ចង់​និយាយ​ឲ្យ​ប្រាកដ​នៅ​កន្លែង​នេះ​ អ្វី​ដែល​យើង​ចង់​ដោះស្រាយ​ឲ្យ​ប្រាកដ​នៅ​កន្លែង​នេះ​ តើ​យើង​កំពុង​តែ​ដោះ​ស្រាយ​ករណី​រំលោភ​បៀត​បៀន​ផ្លូវ​ភេទ?​ តើ​យើង​កំពុង​តែ​ដោះស្រាយ​ករណី​អាស​អាភាស​ ឬ​មួយ​ក៏​យើង​កំពុង​តែ​ដោះស្រាយ​អី?»

​លិខិត​ចំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ការដើម្បី​លើក​កម្ពស់​សិទ្ធិស្ត្រី​ និង​សមភាព​យេនឌ័រ​នៅ​កម្ពុជា​ បាន​រំឭកឡើងថាក្នុង​ខែមករា​ ឆ្នាំ​២០២០​ មន្ត្រី​តំណាង​មក​ពី​ក្រសួង​កិច្ចការ​នារី​ ក្រសួង​ព័ត៌មាន​ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ សុទ្ធ​តែ​បាន​លើក​ឡើង​ជា​សាធារណៈ​អំពី​ជំហរ​ដូច​គ្នា​ដែរ​ថា។

«ការ​ស្លៀកពាក់​ខើច​លើ​ខើចក្រោម​ ហួសហេតុ រួម​ទាំង​ការ​ប្រើ​ភាសា​អាសគ្រាម​នៅ​ពេល​លក់​ផលិតផល​តាម​អនឡាញ​នោះ គឺ​ជាសិទ្ធិ​បុគ្គល»។

ច្បាប់​កម្ពុជា​ផ្តន្ទាទោស​ជន​ណា​ចែក​ចាយ​ លក់​ ជួល​ ដាក់​តាំង​ បញ្ចាំង​ ឬ​បង្ហាញ​នៅទី​សាធារណៈ​នូវ​រូបភាព​និង​សម្ភារៈ​អាសអាភាស​ដាក់​ពន្ធនាគារ​រហូត​ដល់​មួយខែ​ និង​ពិន័យ​ជាប្រាក់​រហូតដល់​២០០.០០០​រៀល»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG