នៅថ្ងៃសុក្រនេះ ស្ត្រីលក់ផលិតផលលើបណ្តាញសង្គមម្នាក់ត្រូវបានតុលាការចោទប្រកាន់ក្រោមច្បាប់ជួញដូរមនុស្សនិងធ្វើអាជីវកម្មផ្លូវភេទ បន្ទាប់ពីស្ត្រីរូបនេះបានបង្ហាញផលិតផលដោយស្លៀកពាក់ស៊ិចស៊ីបង្ហាញរាងកាយ។
នាងថៃ ស្រីនាង ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះថៃ ស្រីនាង Onlineshop ដែលតែងតែថតរូបបែបស៊ីចស៊ីជាមួយផលិតផលរបស់ខ្លួន ដូចជាគ្រឿងសម្អាង ឈុតគេងនារីៗ ហើយបង្ហោះលក់លើបណ្តាញសង្គមរបស់នាងនោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនពីរលើកក្នុងសប្តាហ៍នេះ។
VOA បានទាក់ទងសុំការបកស្រាយពីលោកគុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ តែលោកថា លោកនឹងជម្រាបជូនតាមក្រោយនៅពេលដែលមានសេចក្តីសម្រេចពីតុលាការ។
លោកនិយាយយ៉ាងខ្លីថា៖ «ទៅមើលព័ត៌មានផ្សេងគេប្រាប់ហើយ តើហី»។
នៅពេល VOA សួរថា តើមានសេចក្តីសម្រេចជាផ្លូវការហើយឬនៅ? លោក បានឆ្លើយថា៖ «អត់ទាន់ទេ ព្រោះអត់ទាន់មានសេចក្តីសម្រេចរបស់តុលាការនៅឡើយទេ»។
សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា នាងថៃ ស្រីនាងត្រូវបានតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់រួចទៅហើយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានប្រាប់ VOA នៅរសៀលថ្ងៃសុក្រនេះថា៖ «តុលាការបានចោទប្រកាន់ហើយតាមពូដឹង»។
លោកថា លោកក៏កំពុងរង់ចាំដីកាពីតុលាការដូចគ្នា៖ «យើងបញ្ជូនទៅដល់តុលាការហើយក្មួយ! ពូក៏មិនទាន់បន្តទៅទៀតដែរ។ សុំបន្តសួរទៅតុលាការណា៎ ហើយបើតុលាការបន្តឃុំខ្លួន យើងក៏ឃុំ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងក្រសួងយុត្តិធម៌បានប្រាប់ VOA ថា កញ្ញា ថៃ ស្រីនាង ត្រូវបានតុលាការរកឃើញថា ល្មើសនឹងមាត្រា៤៩នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីអាជីវកម្មផ្លូវភេទ មាត្រា៣៨និងមាត្រា៣៩។
លោកបាននិយាយថា៖ «បាទទង្វើរបស់គាត់មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ឬសិទ្ធិសេរីភាពរូបកាយទេណា៎។ ប៉ុន្តែជាការប្រព្រឹត្តបទល្មើស ដោយការបង្ហាញនូវរូបភាពអាសអាភាស ហើយដែលព្រះរាជអាជ្ញាគាត់បានរកឃើញថា សកម្មភាពហ្នឹងបំពានទៅលើបញ្ញត្តិនៃក្រមព្រហ្មទណ្ឌមាត្រា៤៩និងបញ្ញត្តិច្បាប់ស្តីពីអាជីវកម្មផ្លូវភេទហ្នឹង មាត្រា៣៨ហើយនឹងមាត្រា៣៩ បាទ!»
នាង ថៃ ស្រីនាង ឬវ៉ែន រចនាត្រូវបានអាជ្ញាធរចាប់ខ្លួនលើកទី១នៅថ្ងៃពុធទី១៨ កុម្ភៈដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំ និងចុះកិច្ចសន្យាលើករណីដែល នាងបានបង្ហោះរូបភាព«សិចស៊ីជ្រុលហួសហេតុ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនៀមទម្លាប់ប្រពៃណី និងកិត្តិយសរបស់ស្ត្រីខ្មែរ»។ បើយោងតាមគេហទំព័ររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
មួយថ្ងៃបន្ទាប់ កញ្ញាថៃ ស្រីនាងត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តង និងត្រូវបានបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី ក្រោយពីនាងនៅតែបន្តបង្ហោះរូបភាពនិងសម្ភារៈ«អាសអាភាស»។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថា ជនសង្ស័យឈ្មោះថៃ ស្រីនាងត្រូវចាប់ខ្លួន និងបញ្ជូនទៅតុលាការ នៅវេលាម៉ោង៣:៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ដើម្បីបន្តនីតិវិធី។
ការចាប់ខ្លួននេះបានកើតមានឡើងតែប៉ុន្មានថ្ងៃក្រោយការព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា នឹងចាត់វិធានការចំពោះស្ត្រីរូបណាដែលផ្សព្វផ្សាយលក់ផលិតផលលើកសម្ផស្ស ដោយមានការស្លៀកពាក់បែប«ស៊ិចស៊ីជ្រុល»នៅតាមគេហទំព័រ ឬបណ្តាញសង្គមហ្វេសប៊ុក។
អ្នកស្រីជឹម ចាន់នី អគ្គលេខាធិការរងរបស់គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញា CEDAW និយាយថា អ្នកស្រីមិនគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលមួយនេះឡើយ ដែលអ្នកស្រីថា វាជាចំណាត់ការបែប«ការពារ»ដែលវានឹងប៉ះពាល់ដល់ស្ត្រីផ្សេងទៀតទូទៅ។
អ្នកស្រីបាននិយាយប្រាប់វីអូអេថា៖ «ព្រោះបើសិនជាយើងដាក់ចេញគោលការណ៍អ៊ីចឹងមួយមកបានន័យថា គោលការណ៍ហ្នឹងវាជាស្តង់ដាររបស់បុរស។ អ៊ីចឹងបានន័យថា កំហុសនៅស្ត្រីស្លៀកពាក់។ ឃើញស្ត្រីស្លៀកពាក់ស៊ិចស៊ីធ្វើឲ្យបុរសហ្នឹងមានចំណង់។ អ៊ីចឹងដើម្បីតម្រូវចិត្តបុរស ដើម្បីធ្វើម៉េចកុំឲ្យបុរសហ្នឹងមានចំណង់ កុំឲ្យទៅចាប់គេ ទៅជាឃាត់ស្ត្រីវិញ»។
អ្នកស្រីបានបន្តថា ជាជាងប្រើវិធានការនេះ រដ្ឋាភិបាលកម្ពុជាគួរតែមានវិធានការកែតម្រូវដូចជាពង្រឹងការអនុវត្តច្បាប់ និងកម្មវិធីអប់រំ បណ្តុះបណ្តាលទាក់ទិននឹងការគោរពសិទ្ធិមនុស្សចំពោះស្ត្រីជាដើម៕