កាលពីថ្ងៃសៅរ៍ម្សិលមិញ សិស្ស និងនិស្សិតមានការប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសនៅក្នុងប្រទេសបង់ក្លាដែស នៅក្នុងអំឡុងពេលការតវ៉ាថ្ងៃទី ៧ អំពាវនាវឲ្យមានការពង្រឹងច្បាប់ចរាចរឲ្យបានប្រសើរជាងមុន និងឲ្យមានការការពារបន្ថែមទៀតចំពោះអ្នកដំណើរថ្មើរជើងនៅជិតសាលារៀន។
ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងដំបងដើម្បីបំបែកអ្នកតវ៉ារាប់រយនាក់នៅក្នុងតំបន់ Dhanmondi នៃរដ្ឋធានីដាកា នៅពេលដែលអ្នកតវ៉ាគប់ដុំថ្មដាក់ប៉ូលិស។ សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានាបានបង្ហាញថា មនុស្សជាច្រើននាក់បានរងរបួស។
អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា ប៉ូលិសបានបាញ់គ្រាប់កាំភ្លើងកៅស៊ូដាក់អ្នកតវ៉ា ប៉ុន្តែ ប៉ូលិសបានបដិសេធថាពួកគេមិនបានបាញ់នោះទេ។
ការតវ៉ានេះបានចាប់ផ្ដើមតាំងពីថ្ងៃចន្ទមកនៅក្នុងទីក្រុងដាកា បន្ទាប់ពីនិស្សិតសាកលវិទ្យាល័យពីរនាក់ត្រូវបានរថយន្តក្រុងដឹកអ្នកដំណើរជាប្រចាំមួយគ្រឿងបុកឲ្យស្លាប់ នៅពេលដែលរថយន្តក្រុងនេះប្រញាប់ទៅដឹកអ្នកដំណើរ។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងមក សិស្ស និងនិស្សិតនានាបានចេញមកតវ៉ាតាមដងផ្លូវ ជាពិសេសនៅក្នុងតំបន់ដែលគ្រោះថ្នាក់កើតឡើងញឹកញាប់ ដោយពួកគេបានឆែកឆេរប័ណ្ណបើកបររបស់អ្នកបើករថយន្ត បញ្ជាចរាចរដោយខ្លួនឯង ហើយករណីខ្លះទៀត ពួកគេបានបែងចែកគន្លងចរាចរទៀតផង។
គណៈកម្មាធិការជាតិបង់ក្លាដែសទទួលបន្ទុកកិច្ចការការពារការដឹកជញ្ជូន ផ្លូវគោក និងផ្លូវដែក បានរកឃើញថា អ្នកដំណើរថ្មើរជើងជាង ៤ ពាន់ ២ រយនាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរកាលពីឆ្នាំមុន ដែលភាគច្រើនបណ្ដាលមកពីការបើកបរធ្វេសប្រហែស៕