ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូឡូញ​ចោទ​ប្រទេស​បេឡារុស​ថា រុញ​ជនចំណាក​ស្រុក​ចូល​ប្រទេស​ខ្លួន


រូបឯកសារ៖ នាយករដ្ឋមន្រ្តី​ប៉ូឡូញ​លោក Mateusz Morawiecki នៅពេល​លោក​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ នាយករដ្ឋមន្រ្តី​ប៉ូឡូញ​លោក Mateusz Morawiecki នៅពេល​លោក​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​ប្រទេស​ប៉ូឡូញ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ ប្រទេស​បេឡារុស​បាន​លើក​ទឹក​ចិត្តដល់ជន​ចំណាក​ស្រុក​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ឲ្យ​ចូល​ទៅ​ប្រទេស​ប៉ូឡូញ​ដើម្បី​បង្ក​អស្ថិរភាពនៅ​ក្នុង​សហ​ភាព​អឺរ៉ុប។​

ក្នុង​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ Kuznica ​ភាគ​ខាង​កើត​ប្រទេស​ប៉ូឡូញ ​លោក​ Mateusz Morawiecki បាន​លើក​ឡើងថា​ «ប្រទេសភាគ​ខាង​កើត​ក្បែរយើង​កំពុង​ព្យាយាម​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​មាន​ការ​រៀប​ចំដើម្បី​បង្ក​អស្ថិរភាព​នយោបាយ»។

ជន​ចំណាក​ស្រុក​ប្រមាណ​៣​ពាន់​នាក់​ ដែលមួយ​ចំនួន​មក​ពី​ប្រទេស​អ៊ីរ៉ាក់ ​និង​ប្រទេស​អាហ្វហ្គានីស្ថាន ​បាន​ព្យាយាមឆ្លង​ព្រំ​ដែន​ពី​ប្រទេស​បេឡារុស​ចូលប្រទេស​ប៉ូឡូញនៅ​ខែ​នេះ។​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP។​ ប្រទេស​ប៉ូឡូញ​បាន​បដិសេធ​ការ​សុំ​ចូល​របស់​ពួក​គេ​ ហើយ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​ ប្រទេស​ប៉ូឡូញ​ នឹង​សាង​សង់របង​ព្រំ​ដែន​ដើម្បី​រេរាំង​មិន​ឲ្យពួក​គេចូល។​

កាល​ពី​ថ្ងៃអង្គារ​ ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់ជន​ភៀស​ខ្លួន (UNHCR)​ បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ប៉ូឡូញផ្តល់​ការ​គាំទ្រ​ផ្នែក​ច្បាប់​ និង​ថ្នាំ​សង្កូវដល់​ក្រុម​ជន​ចំណាក​ស្រុក​ទាំង​នោះ។​

លោក​ Morawiecki បាន​លើក​ឡើង​ថា​ ការ​ប្រឹង​ប្រែង​របស់​ប្រទេស​បេឡារុស​ នឹង​ទទួល​បរាជ័យ​ ពីព្រោះ​ព្រំ​ដែន​ប្រទេស​ប៉ូឡូញ​ នឹង​មាន​ការការ​ពារ​យ៉ាង​រឹង​មាំ។​

ប្រទេស​ប៉ូឡូញមិន​មែន​ជា​ប្រទេស​តែ​មួយ​ ដែល​បាន​ស្តី​បន្ទោស​ប្រទេស​បេឡារុស​នោះ​ទេ។​ រដ្ឋមួយ​ចំនួន​ទៀត​ក្នុង​តំបន់​បាល់ទិក​ ក៏បាន​និយាយ​ផង​ដែរ​ថា​ រដ្ឋាភិបាល​បេឡារុស កំពុង​ជំរុញ​ក្រុម​ជន​ចំណាក​ស្រុក​មក​កាន់​ប្រទេស​របស់​គេ។​ ពួក​គេ​និយាយ​ថា​ នេះ​ជា​ការ​សង​សឹករបស់​ប្រទេស​បេឡារុស​ ​ដែល​ទទួលរង​ទណ្ឌ​កម្ម​ពី​សហភាព​អឺរ៉ុប​ ក្រោយ​ពី​រដ្ឋាភិបាល​បេឡារុស​ធ្វើ​ការ​វាយ​បង្រ្កាប​ទៅ​លើក្រុមអ្នក​ប្រឆាំង​តវ៉ាអំពី​ជម្លោះ​លទ្ធផល​បោះ​ឆ្នោត​ ដែល​ប្រធានាធិបតី​បេឡារុស​លោក ​Alexander Lukashenko ​ជាប់​ឆ្នោត​ជា​ថ្មី​ទៀត​ កាល​ពី​ខែ​សីហា ​ឆ្នាំ​២០២០។

គណៈកម្មការ​អឺរ៉ុប​ ដែល​ជា​ស្ថាប័ន​ប្រតិបត្តិរបស់​សហភាព​អឺរ៉ុប​ និយាយ​ថា​ ខ្លួន​កំពុង​តាមមើលស្ថាន​ការណ៍​នោះ។​ ​

ការ​ផ្សាយ​ព័ត៌មាន​របស់ ​BBC ​បាន​ឲ្យ​ដឹង​ថា​ ប្រធានាធិបតី​បេឡារុស​ ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ចោទ​ប្រកាន់ប្រទេស​ប៉ូឡូញ​ថា បានចាប់​ផ្តើម​ជម្លោះ​ព្រំដែន​ និង​បាន​រំលោភ​ទៅ​លើ​អធិបតេយ្យភាពរបស់​ប្រទេស​លោក៕

XS
SM
MD
LG