ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​បេឡារុស​ចំពោះ​ការ​បង្វែរជើងហោះហើរ​ចាប់​អ្នកកាសែត


ជនជាតិ​បេឡារុស​ដែល​រស់នៅ​ក្នុង​ប្រទេស​ប៉ូឡូញ និង​តំបន់​ប៉ូល នាំ​គ្នា​កាន់​បដា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បេឡារុសដោះលែង​អ្នក​កាសែត និង​សកម្មជន លោក Raman Pratasevich នៅ​មុខ​ការិយាល័យ​ឧត្តមស្នងការ​សហភាព​អឺរ៉ុប ទីក្រុង​ Warsaw ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
ជនជាតិ​បេឡារុស​ដែល​រស់នៅ​ក្នុង​ប្រទេស​ប៉ូឡូញ និង​តំបន់​ប៉ូល នាំ​គ្នា​កាន់​បដា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បេឡារុសដោះលែង​អ្នក​កាសែត និង​សកម្មជន លោក Raman Pratasevich នៅ​មុខ​ការិយាល័យ​ឧត្តមស្នងការ​សហភាព​អឺរ៉ុប ទីក្រុង​ Warsaw ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

សហគមន៍​អឺរ៉ុប​កំពុង​ជំរុញ​ឲ្យ​សមាជិក​របស់​ខ្លួន​បិទ​ដែន​អាកាស​ ហើយ​ចំណត​អាកាសយានដ្ឋាន​មិន​ស្វាគមន៍​ក្រុមហ៊ុន​អាកាសចរណ៍របស់​ប្រទេស​បេឡារុស​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​បង្ខំ​ឲ្យ​យន្តហោះ​ក្រុម​អាកាសចរណ៍​មួយ​ចុះ​ចត​ជា​បន្ទាន់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ទីក្រុង Minsk និង​បាន​ចាប់​ខ្លួន​អ្នក​សរសេរ​ប្លុក​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Alexander Lukashenko មួយ​រូប។

ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​រួមមាន​ក្រុមហ៊ុន Lufthansa បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ពួក​គេ​នឹង​មិន​ហោះហើរ​តាម​ដែន​អាកាស​របស់​ប្រទេស​បេឡារុស​ទៀត​ទេ។

សហភាព​អឺរ៉ុប​ក៏​កំពុង​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតទៅ​លើ​ឧបទ្ទវហេតុ​នេះ​ ហើយ​កំពុងគ្រោង​ដាក់​ទណ្ឌកម្មលើ​មន្ត្រីបេឡារុស​ទំាង​ឡាយណា​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្វែរ​ជើង​ហោះ​ហើរ​នេះ។

សមាជិក​រដ្ឋាភិបាល​បេឡារុស​ជា​ច្រើន​នាក់​ស្ថិត​នៅ​ក្រោម​ទណ្ឌកម្ម​របស់​សហគមន៍​អឺរ៉ុប​រួចហើយ​ ដោយ​សារ​ការ​បង្ក្រាប​លើ​ក្រុម​បាតុករ​ដែល​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​បោះ​ឆ្នោតប្រធានាធិបតីកាល​ពី​ខែសីហា​ឆ្នាំ​មុន។​

សហភាពអឺរ៉ុប​និង​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Lukashenko ដោះលែងជា​បន្ទាន់​នូវ​លោក Raman Pratasevich ​អ្នក​សរសេរ​ប្លុក​អាយុ​២៦​ឆ្នាំ​ដែល​បាន​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ។

លោកPratasevich ដែល​ជា​អតីត​ការីនិពន្ធ Channels Telegram ដ៏មានឥទ្ធិពល​ដែល​មាន​ឈ្មោះថា Nexta និងNexta Live ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ពេល​សមត្ថកិច្ច​បេឡារុស​ឆែកឆេរ​យន្តហោះ។ រដ្ឋាភិបាល​ក្រុង Minsk បានឲ្យ​ដឹង​ថា លោកLukashenko បាន​បញ្ជា​ឲ្យ​យោធា​របស់​លោកបើក​យន្ត​ចម្បាំង​ប្រភេទ MiG-29 ទៅ​កៀង​បង្ខំ​ឲ្យ​យន្តហោះ​ឯកជននោះ​ចុះចត​ជាបន្ទាន់​នៅ​ក្នុង​ទីក្រុង​ Minsk៕

XS
SM
MD
LG