ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​លេង​ហ្គេម Pokemon Go នៅ​សារមន្ទីរ​ទួល​ស្លែង​ធ្វើ​ឲ្យ​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​មិន​សប្បាយ​ចិត្ត


រូបឯកសារ៖ អ្នកទេសចរថតរូបក្នុងសារមន្ទីរប្រល័យពូជសាសន៍​ទួលស្លែង ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិនា ឆ្នាំ​២០១៥។
រូបឯកសារ៖ អ្នកទេសចរថតរូបក្នុងសារមន្ទីរប្រល័យពូជសាសន៍​ទួលស្លែង ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិនា ឆ្នាំ​២០១៥។

អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​បាន​វាយ​ប្រហារ​បែប​ពាក្យ​សម្តី​ដល់​អ្នក​លេង​ហ្គេម Pokemon Go នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​អ្នក​លេង​ហ្គេម​ទាំង​នោះ​បាន​លេង​ហ្គេម​ក្នុង​បរិវេណ​សារមន្ទីរ​គុក​ទួលស្លែង​ដើម្បី​តាម​ចាប់​តុក្កតា Pokemon របស់​ពួកគេ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ។

កម្មវិធី​ហ្គេម​តាម​ទូរស័ព្ទ​ដៃ​នេះ​ត្រូវ​គ​អាច​ទាញ​យក​មក​លេង​បាន​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដោយ​មាន​អ្នក​លេង​ហ្គេម​នេះ​សំរុក​ទៅ​កាន់​កន្លែង​សំខាន់ៗ​ជាច្រើន​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

ហ្គេម​នេះ​តម្រូវ​ឲ្យ​អ្នក​លេង​ដើរ​នៅ​តាម​ផ្លូវ ឬ​តាម​ចិញ្ចើម​ថ្នល់​ដើម្បី​ស្វែងរក​តុក្កតា​នៅ​តាម​តំបន់​ជាក់ស្ដែង​ពិតៗ។ អ្នក​ដែល​លេង​ហ្គេម​នេះ​នៅ​ក្នុង​បរិវេណ​សារមន្ទីរ​គុក​ទួល​ស្លែង បាន​ធ្វើ​ឲ្យ​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ខឹង​សម្បារ​នឹង​ពួកគេ។

លោក ប៊ូ ម៉េង វ័យ ៧៦ ឆ្នាំ ដែល​ជា​អ្នក​រស់រាន​មាន​ជីវិត​ម្នាក់​ពី​គុក​ទួលស្លែង បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា សារមន្ទីរ​គុក​ទួលស្លែង​ជា​កន្លែង​ឈឺចាប់ ដូច្នេះ​វា​មិន​សមរម្យ​ទេ​ដែល​អ្នក​លេង​ហ្គេម Pokemon នេះ លេង​នៅ​កន្លែង​នេះ។

លោក ឆាង យុគ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ធ្វើ​ការ​ស្រាវជ្រាវ​លើ​របប​ខ្មែរ​ក្រហម បាន​លើកឡើង​ថា សារមន្ទីរ​គុក​ទួល​ស្លែង​មិនមែន​ជា​កន្លែង​ដើរ​ទិញ​ទំនិញ​សម្រាប់​ឲ្យ​អ្នក​លេង​ហ្គេម​នេះ​ដើរ​ចាប់​តុក្កតា Pokemon របស់​ខ្លួន​នោះ​ទេ ដោយសារ​កន្លែង​សារមន្ទីរ​នេះ​ជា​កន្លែង​សម្រាប់​រំលឹក​ការ​ឈឺចាប់។

លោក ឆាយ វិសុទ្ធ ប្រធាន​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​បាន​អះអាង​ថា ពិតជា​មាន​អ្នក​ទស្សនា​សារមន្ទីរ​នេះ​មួយ​ចំនួន​លេង​ហ្គេម​នេះ​នៅ​ក្នុង​បរិវេណ​សារមន្ទីរ​ទួលស្លែង​មែន។

លោក​បន្ថែម​ទៀត​ថា សារមន្ទីរ​កំពុង​ចាត់​វិធានការ​ដើម្បី​បញ្ឈប់​អ្នកទស្សនា​កុំ​ឲ្យ​លេង​ហ្គេម​នេះ​នៅ​ក្នុង​បរិវេណ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​នេះ ដោយសារ​សារមន្ទីរ​នេះ​ជា​កន្លែង​លោក​សង្រេង ឬ​ជា​កន្លែង​សម្រាប់​រំឭក​រឿង​ឈឺ​ចាប់៕

XS
SM
MD
LG