សមត្ថកិច្ចចម្រុះរាប់រយនាក់ ដែលមាននគរបាល ប៉េអឹម និងទាហាន ដែលប្រដាប់ដោយកាំភ្លើងវែងនិងខ្លី នៅរសៀលថ្ងៃសៅរ៍នេះ បន្តរឹតបន្តឹងការឆ្លងកាត់ចូលទៅព្រំដែនប៉ោយប៉ែត។
សមត្ថកិច្ចម្នាក់បានប្រកាសតាមឧបករណ៍ឧគ្ឃោសនស័ព្ទប្រាប់ទៅពលរដ្ឋដែលឈររង់ចាំ និងតាមដានស្ថានភាពនៅតាមបណ្តោយផ្លូវជាតិលេខ៥ថា កម្មករដែលធ្វើការនៅកាស៊ីណូ និងជនបរទេសដែលឆ្លងកាត់ទៅប្រទេសថៃ ត្រូវបានអនុញ្ញាតឲ្យចូល។ ប៉ុន្តែពលរដ្ឋខ្មែរដែលត្រូវឆ្លងកាត់ និងចូលទៅរកស៊ីនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ មិនត្រូវបានអនុញ្ញាតឲ្យចូលនោះទេ។
ការរឹតបន្តឹងសន្តិសុខនេះធ្វើឡើង ក្នុងពេលដែលលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ មានគម្រោងវិលត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនប៉ោយប៉ែតនៅថ្ងៃសៅរ៍នេះ។
ការបិទច្រកនេះធ្វើឡើងភ្លាមៗដោយមិនបានជូនដំណឹងដល់ប្រជាពលរដ្ឋមុននោះទេ។ កាលពីយប់អធ្រាត្រឆ្លងចូលថ្ងៃទី៩ ខែវិច្ឆិកា សមត្ថកិច្ចចាប់ផ្តើមត្រៀមបិទផ្លូវចូលទៅច្រកព្រំដែនរួចទៅហើយ។ សកម្មភាពនេះចាប់ពីម៉ោង៦កន្លះព្រឹកថ្ងៃទី៩ ខែវិច្ឆិកា។
ក្រោយបិទផ្លូវទាំងស្រុងមិនឲ្យឆ្លងកាត់បានមួយរយ: សមត្ថកិច្ចក៏បានសម្រួលឲ្យប្រជាជនដែលធ្វើដំណើរដោយថ្មើរជើង អាចឆ្លងកាត់បានខ្លះ។ ក្រោយមក សមត្ថកិច្ចអនុញ្ញាតឲ្យតែកម្មករកាស៊ីណូ និងជនបរទេសដែលត្រូវឆ្លងកាត់ទៅប្រទេសថៃតែប៉ុណ្ណោះ។
រហូតមកដល់រសៀលថ្ងៃសៅរ៍នេះ មិនទាន់មានព័ត៌មានថាតើច្រកព្រំដែនប៉ោយប៉ែត នឹងត្រូវបើកឲ្យដំណើរការធម្មតានៅពេលណាទេ។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់របស់អង្គការលីកាដូ ដែលបានតាមដានការបិទផ្លូវនេះ បានថ្លែងប្រាប់ VOA នៅព្រឹកថ្ងៃសៅរ៍ថា មិនមានការតវ៉ា ឬការប្រមូលផ្តុំអ្វីនោះទេ។ លោកអំពាវនាវឲ្យមានការបើកច្រកព្រំដែនវិញ ដើម្បីកុំឲ្យប្រជាពលរដ្ឋខាតបង់ចំណូល ដែលពួកគេត្រូវរកបានជាប្រចាំថ្ងៃ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមើលទៅទិដ្ឋភាពប្រជាពលរដ្ឋ ដូចមិនមានអ្វី។ ស្ងាត់ដែរ។ ពលរដ្ឋត្រូវបានឃាត់មិនឲ្យធ្វើដំណើរទៅប្រទេសថៃនោះទេ។ វាហាក់ដូចជាមិនមានអ្វីកើតឡើង ទាំងនៅទឹកដីថៃ ទាំងនៅកម្ពុជា»។
លោកបន្ថែមថា៖ «អញ្ចឹងខ្ញុំគិតថាបងប្អូនយើងដែលគាត់ទៅប្រកបមុខរបរ ឬទៅធ្វើជាកម្មករ គួរតែអនុញ្ញាតឲ្យគាត់ធ្វើដំណើរជាធម្មតាទៅ»។
លោក ភត់ កុសល អាយុ៣៧ឆ្នាំ ជាអ្នកលក់ដូរផ្លែកៅឡាក់នៅផ្សាររ៉ុងក្លឿ ក្នុងទឹកដីថៃជិត១០ឆ្នាំមកហើយ មានប្រសាសន៍ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលប្រទេសថៃនោះទេ។ ការណ៍នេះនាំឲ្យលោកខាតបង់ចំណូលជាប្រចាំថ្ងៃប្រមាណ១០០ដុល្លារ។
លោកអំពាវនាវឲ្យមានការបើកច្រកនេះឲ្យបានឆាប់។
លោកបញ្ជាក់ថា៖ «ដូចជាមិនមានរឿងអីកើតឡើងផង។ ខ្ញុំមើលទៅ នេះគ្រាន់តែជាការបន្លាចតែប៉ុណ្ណោះ»។
លោកបន្តថា ប្រជាពលរដ្ឋមួយចំនួនដែលលោកស្គាល់ បានត្រឡប់ទៅស្រុកកំណើត ហើយមិនប្រកបរបររឿងរកស៊ីទេនៅថ្ងៃទី៩ ខែវិច្ឆិកានេះ។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ពលរដ្ឋមួយចំនួនដែល VOA បានសាកសួរ និយាយថា ពួកគេផ្អាកការរកស៊ី និងធ្វើការនៅតាមព្រំដែន ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ឬទី១១ ខែវិច្ឆិកា។ អ្នកខ្លះបានលើកឡើងថាពួកគេនឹងបន្តរកស៊ី ហើយចាំមើលស្ថានភាពជាក់ស្តែង៕