សម្តេចប៉ាប ហ្រ្វង់ស៊ីស (Francis) បានធ្វើការសុំទោសដោយកម្រមួយ និងក្នុងលក្ខណៈ តិចតួចចំពោះរឿងរ៉ាវអាស្រូវពាក់ព័ន្ធនឹងវិហាររ៉ូម៉ាំងកាតូលិក បន្ទាប់ពីមានអត្ថាធិប្បាយមិនចំពោះ ដែលបានភ្ជាប់ទៅនឹងព្រះវិហារគ្រឹស្តសាសនា និងអ្នកបួសនៃសាសនាគ្រឹស្ត។
ដោយបានថ្លែងក្នុងទីក្រុងរ៉ូម នៅពេលចាប់ផ្តើមការជួបសវនាការសាធារណៈប្រចាំសប្តាហ៍របស់ព្រះអង្គ សម្តេចប៉ាបហ្វ្រង់ស៊ីសបានមានព្រះបន្ទូលថា ព្រះអង្គស្នើសុំឲ្យមានការអធ្យាស្រ័យទោសក្នុងនាមព្រះវិហារសាសនាគ្រឹស្ត«ចំពោះរឿងរ៉ាវអាស្រូវដែលបានប៉ះទង្គិចមកដល់ទីក្រុងរ៉ូម និងបូរីវ៉ាទីកង់ក្នុងរយៈពេលថ្មីៗនេះ»។ ព្រះអង្គមិនបានផ្តល់សេចក្តីពិស្តារថារឿងរ៉ាវអាស្រូវអ្វីខ្លះ ដែលព្រះអង្គមានបន្ទូលអំពីទេ។
ព្រះអង្គបន្ថែមថា៖ «វាជារឿងមិនអាចជៀសវាងបាន ដែលរឿងរ៉ាវអាស្រូវកើតមានឡើង ប៉ុន្តែវាជារឿងអាក្រក់ចំពោះអ្នកដែលបានបង្កបញ្ហានោះ»។ ព្រះបន្ទូលចុងក្រោយនេះគឺ ដកស្រង់ចេញពីព្រះគម្ពីប៊ីប។
អត្ថាធិប្បាយរបស់សម្តេចប៉ាបបាននាំឲ្យមានការទះដៃអបអរសាទរ ប៉ុន្តែក៏មានការភាន់ភាំងថាតើរឿងរ៉ាវអាស្រូវអ្វី ទៅដែលព្រះអង្គចង់មានបន្ទូលដល់។ បូរីវ៉ាទីកង់មិនបានឆ្លើយនឹងសំណួរថាតើបញ្ហាអ្វីដែលសម្តេចសង្ឃប៉ាបបានលើកឡើងនោះទេ។
បញ្ហាកន្លងមកក្នុងពេលថ្មីៗនេះដែលគេកត់សម្គាល់គឺ មានការប្រកាសរបស់សង្ឃនៅបូរីវ៉ាទីកង់មួយអង្គដែលថា គាត់ជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា និងរឿងរ៉ាវនៃការចំណាយផ្ទាល់ខ្លួនរបស់ចៅហ្វាយក្រុងរ៉ូមដែលនាំឲ្យមានការលាលែងចេញពីតំណែង៕