ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្សជិត៧០នាក់បានឆ្លងជំងឺកូវីដ១៩ និងអ្នកជំងឺ២នាក់បានស្លាប់ ខណៈ​អាជ្ញាធរ​ដាក់​បម្រាម​គោចរ​​នៅ​ភ្នំពេញ


រូបឯកសារ៖ ក្រុមបុគ្គលិកសុខាភិបាលស្ថិតសម្លៀកបំពាក់ការពារការឆ្លងជំងឺកូវីដ១៩ ខណៈត្រៀមបញ្ជូនបុរសម្នាក់ដែលមានតេស្តវិជ្ជមានជំងឺកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាលអ្នកជំងឺ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ ក្រុមបុគ្គលិកសុខាភិបាលស្ថិតសម្លៀកបំពាក់ការពារការឆ្លងជំងឺកូវីដ១៩ ខណៈត្រៀមបញ្ជូនបុរសម្នាក់ដែលមានតេស្តវិជ្ជមានជំងឺកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាលអ្នកជំងឺ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១។

កំណត់និពន្ធ៖ ចំណងជើងនិងខ្លឹមសាររបស់អត្ថបទនេះត្រូវបានកែសម្រួល ដើម្បីផ្តល់ព័ត៌មានចុងក្រោយ។

ក្រសួង​សុខាភិ​បាល​កម្ពុជា​ឲ្យ​ដឹង​នៅថ្ងៃសុក្រនេះថា​ មនុស្ស​ ៦៩ ​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ ហើយអ្នកជំងឺ ២នាក់ទៀតបានស្លាប់ ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដាក់​បម្រាមគោចរ​ចាប់​ពីម៉ោង ​៨ ​យប់​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ មនុស្ស​ ៦៨ ​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ មាន​ចំនួន​ ២.០១៧​នាក់។ ក្រសួង​បញ្ជាក់​ថា​ ខេត្ត​ស្វាយ​រៀង​ផ្ទុះ​ឆ្លង​ច្រើន​ជាង​គេ ដែល​មាន​រហូត​ដល់ ​២៨ ​នាក់ ភ្នំពេញ​មាន​ ២៣ ​នាក់ កណ្តាល ​១៣ នាក់ និង​ខេត្ត​ព្រះសីហនុ​ ៤​ នាក់។

ក្រសួង​សុខាភិបាល​បាន​រាយ​ការណ៍​ករណី​ឆ្លង​ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។ ការ​ផ្ទុះ​ឆ្លង​ធ្ងន់​ធ្ងរ​នេះ​បណ្តាល​ឲ្យ​មនុស្ស​ ១៨ ​នាក់​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​។ នេះបើយោងតាមសេចក្តីប្រកាសចុងក្រោយរបស់ក្រសួងសុខាភិបាល។ ជនរងគ្រោះ ២ នាក់ ដែលបានបាត់បង់ជីវិតនោះ រួមមានស្ត្រីជនជាតិខ្មែរ អាយុ ៦១ ឆ្នាំ រស់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបុរសជនជាតិខ្មែរ អាយុ ២៩ ឆ្នាំ រស់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​បន្ត​នេះ សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចេញ​បម្រាម​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ក្នុង​ទីតាំង​ភូមិ​សាស្រ្ត​ទីក្រុង​ភ្នំពេញ ចាប់​ពី​ម៉ោង ​៨ ​យប់​ដល់​ម៉ោង ៥ ​ទៀប​ភ្លឺ ក្នុង​រយៈ​ពេល​ ១៤ ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មេសា ឆ្នាំ ​២០​២១។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុករបស់​លោក​ថា​ នៅ​យប់​ថ្ងៃ​សុក្រ​ទី​ ២​ ខែ​មេសានេះ​ សមត្ថកិច្ច​ចម្រុះ​នឹង​ចាប់​ផ្តើម​អនុវត្ត​បម្រាម​គោចរ ដោយ​ហាម​ឃាត់​ការធ្វើ​ដំណើរ​ចាប់​ពី​ម៉ោង ​៨ ​យប់​ដល់ម៉ោង​ ៥ ​ទៀប​ភ្លឺ។ លោក​បញ្ជាក់ថា ​អ្នក​បំពាន​បម្រាម​នេះ នឹង​ត្រូវឃាត់​យានយន្ត​មក​រក្សាទុក​ ហើយ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ​រយៈ​ពេល​ ១៤ ​ថ្ងៃ។

ចំណែក​អនុគណៈ​កម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ​១៩ បាន​បង្ហោះ​សេចក្ដី​ជូន​ដំណឹ​ងមួយ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា ​អ្នក​លក់​បន្លែ​នៅ​ផ្សារ​ដើម ​«គ» ​និង​អ្នក​ទិញលក់​បន្ត អាច​ធ្វើ​លិខិត​បញ្ជាក់ពី​អាជ្ញា​ធរ​ ឬ​ប្រធាន​ផ្សារ ដើម្បី​រួច​ពី​បំរាម​គោចរ។ អ្នក​លក់​បន្លែ​នៅ​ផ្សារ​ដើម​គ ជា​ធម្មតា​ដំណើរ​ការ​លក់​របស់​ខ្លួន​យ៉ាង​មមាញឹក នៅ​ពេល​រាត្រី រហូត​ដល់​ទៀប​ភ្លឺ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG