ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​កម្មករ​រាប់រយ​នាក់​នៅរោងចក្រ W&D ធ្វើ​កូដកម្ម​បិទផ្លូវ​ទាម​ទារ​ប្រាក់​អតីតភាព​ការងារ​ប្រចាំ​ឆ្នាំ


កម្មករ​នៅ​រោងចក្រ​កាត់ដេរ​​ដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) ​​រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ​​ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។​​ (ហ៊ុល​​​ រស្មី/VOA)
កម្មករ​នៅ​រោងចក្រ​កាត់ដេរ​​ដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) ​​រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ​​ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។​​ (ហ៊ុល​​​ រស្មី/VOA)

កូដកម្ម​របស់​កម្មករ​នៅ​រោងចក្រ​ W&D Cambodia Co., LTD​ ​បាន​ឈានដល់​ការ​បិទកំណាត់ ផ្លូវច្រមុះជ្រូក ត្រង់ចំណុច ភូមិ ឬស្សី​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ឆ្ពោះ​ទៅ​សង្កាត់​ជើងឯក​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្តល់​ប្រាក់​អតីតភាព​ការងារ​ប្រចាំឆ្នាំ​និង​​ប្រឆាំង​នឹង​ការ​បណ្តេញ​កម្មករ​ប្រមាណ​១៦០០នាក់។

បន្ទាប់ពីការ​តវ៉ា​អស់​ពេល​ជាង​មួយ​សប្តាហ៍​ ដើម្បី​សុំ​ឲ្យថៅកែ​រោងចក្រ​ផ្តល់​ប្រាក់​អតីតភាព​មុនឆ្នាំ​២០១៩​មិន​បាន​ជោគជ័យ​នោះ​ ក្រុម​កម្មករ​រាប់​រយ​នៅ​រោងចក្រ W&D បាន​សម្រេចចិត្ត​បិទផ្លូវ​មួយ​កំណាត់​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ​ឆ្ពោះ​ទៅកាន់សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក។ កូដ​កម្ម​បិទផ្លូវ​នេះ​ ​បាន​កើត​ឡើង កាលពី​ថ្ងៃសៅរ៍ ហើយ​ការ​ធ្វើ​កូដកម្ម​នេះ​ ក៏​មាន​គោលដៅ​ប្រឆាំង​នឹង​ការបណ្តេញ​ចេញ​កម្មករ​ប្រមាណ​១៦០០នាក់​របស់​រោងចក្រ​នេះ​ផង​ដែរ​។

«ជួយខ្ញុំ​ផង​ ខ្ញុំ​វេទនាណាស់​រាល់​ថ្ងៃ​ហ្នឹង​ ខ្ញុំមេម៉ាយ​ចិញ្ចឹម​កូន​ពីរ​ម្នាក់​ឯង​ ធ្វើ​ការ​ដើម្បី​យក​លុយ​ចិញ្ចឹមកូន»។

នេះគឺ​ជាសម្រែក​របស់​អ្នកស្រី ​យ៉ា គីមស្រ៊ីម​ វ័យ​៣៦​ ឆ្នាំ​ ដែល​បាន​ធ្វើ​កូដកម្ម​ជាមួយកម្មករ​រាប់​រយនាក់​នៅ​រោងចក្រ​ ដាប់ប៊ិលយូ អ៊ែនដ៍ ឌីកម្ពុជា (W&D Cambodia Co., LTD)​កាល​ពីថ្ងៃ​សៅរ៍​កន្លងទៅ​ថ្មីៗនេះ។

កម្មករ​នៅ​រោងចក្រ​កាត់ដេរដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។ (ហ៊ុល រស្មី/VOA)
កម្មករ​នៅ​រោងចក្រ​កាត់ដេរដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។ (ហ៊ុល រស្មី/VOA)

កូដកម្ម​របស់​កម្មករ​នៅ​រោងចក្រ​ W&D Cambodia Co., LTD​ដែល​មាន​កម្មករជិត​២០០០នាក់​នោះ​ ក៏​បាន​ឈានដល់​ការ​បិទកំណាត់ ផ្លូវច្រមុះជ្រូក ត្រង់ចំណុច ភូមិ ឬស្សី​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ឆ្ពោះ​ទៅ​សង្កាត់​ជើងឯក​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្តល់​ប្រាក់​អតីតភាព​ការងារ​ប្រចាំឆ្នាំ​និងប្រឆាំង​នឹង​ការ​បណ្តេញ​កម្មករ​ប្រមាណ​១៦០០នាក់។

ក្រុម​កម្មករ​មួយចំនួន​ រួមទាំង​អ្នកស្រី​ យ៉ា​ គីមស្រ៊ីម​ ដែល​ត្រូវ​បាន​ថៅកែរោងចក្រ​បញ្ឈប់​ពីការងារ បាន​ប្រាប់​ VOA ​ក្នុង​ពេល​ធ្វើកូដកម្ម​បិទផ្លូវ​កាល​ពី​ថ្ងៃ​សៅរ៍ថា​ ក្រុមកម្មករ​នៅ​រោងចក្រ W&D Cambodia Co., LTD​មិន​ដែល​ទទួលបាន​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​នោះ​ទេ។

អង្គុយ​នៅលើ​ទ្រូង​ផ្លូវ​ជាមួយ​កម្មករ​ឯទៀត​ អ្នកស្រី​យ៉ា គីមស្រ៊ីម​ និយាយថា៖

«មុន​ដំបូង​ខ្ញុំ​ទាមទារ​ តែ​លុយ​អតីតភាព​និងលុយ​អត្ថប្រយោជន៍​ទេ​ ហើយ​ខ្ញុំថា​ មួយ​ចំណុច​ក៏ខ្ញុំ​ទទួល​បាន​ ទទួលព្រម​ថា​ យកដែរ​ តែ​គេក៏ដូរ​កាត ​ស​ តែ​ពួកខ្ញុំ​អត់​ព្រម​ទេ​ ថា​ មួយ​ចំណុច​ក៏​ដោយ​ កុំ​ឲ្យ​ដូរ​កាត​ស​ អី​តែ​គេថា​ គេ​ដូរ។ ហើយ​ឥឡូវ​ហ្នឹង​គេ​មួយ​ចំណុច​ ក៏​គេមិន​គិត​ឲ្យ​ពួកខ្ញុំដែរ​ ហើយ​គេ​ឥឡូវ​ គេ​បញ្ឈប់​ពួក​ខ្ញុំអស់​ហើយ​ គេ​បញ្ឈប់​១០០០នាក់​ជាង​ គេ​បញ្ឈប់​ទាំង​អស់​គ្នា​ហ្នឹង​ ហើយ​សុំ​ឲ្យ​សម្តេច​តេជោ​ និង​ប៊ុន​ រានី​ ហ៊ុន សែន​ សុំ​លោក​ជំទាវ​ជួយ​កូន​ចៅ​ផង សុំ​ជួយ​ដោះស្រាយ​ឲ្យ​កម្មករ​ទាំង​អស់​ហ្នឹង​ផង»។ ​

កម្មករ​នៅ​រោងចក្រ​កាត់ដេរដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។ (ហ៊ុល រស្មី/VOA)
កម្មករ​នៅ​រោងចក្រ​កាត់ដេរដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។ (ហ៊ុល រស្មី/VOA)

អ្នកស្រី​ យ៉ា​ គីមស្រ៊ីម​ បញ្ជាក់​បន្ថែម​ថា ចំណុច​ទាំង​ប្រាំ​ដែល​កម្មករ​ទាមទារ​នោះ​ គឺ​រួមមាន​ការសុំ​ឲ្យ​ថៅកែ​រោងចក្រ​ ផ្តល់​ប្រាក់​អតីតភាព​សម្រាប់​ឆ្នាំ​មុនៗ ពោល​គឺ​មុនឆ្នាំ​២០១៩ ​និង​ការ​សុំឲ្យ​ថៅ​កែ​កុំប្តូរ​កាត​ទៅ​កាតស​ ដែល​តំណាង​ឲ្យកម្មករ​ចូលធ្វើ​ការ​ថ្មីថ្មោង។ ទោះ​យ៉ាងណា កម្មករ​ដែល​ជា​ស្ត្រី​មេម៉ាយ​កូនពីរ​រូបនេះ​និយាយថា​ ​ថៅកែ​រោងចក្រ​មិន​ព្រមធ្វើ​តាម ហើយ​ថែមទាំង​បញ្ឈប់​កម្មករ​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ទៀត​ផង។

ការ​ទាមទារ​របស់​កម្មករ​រោងចក្រ​ W & D នេះ​ គឺ​ស្រដៀង​គ្នា​នឹង​ការតវ៉ា​របស់​កម្មករ​រោងចក្រ​ចំនួន​ជាង២០០០​នាក់​នៅ​រោងចក្រ​កាត់​ដេរ​ សេឌូណូ​ ​ខេមបូ​ នីតធីង (Seduno Cambo Knitting Co., Ltd)​ ​ក្នុង​ស្រុកបាទី​ ​ខេត្តតាកែវ ​ និង​កម្មករ​រាប់រយនាក់​ផ្សេង​ទៀត​របស់​សាខារោង​ចក្រ​ដដែលនេះ​ ក្នុង​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ។

VOA ​មិនទាន់​អាច​ទាក់​ទង​ភាគី​តំណាង​រោងចក្រW & D ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ​ នៅ​ថ្ងៃ​ចន្ទ​នេះ។

អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ធ្លាប់បាន​បញ្ជាក់​ VOA ​ថា ក្រុមមន្ត្រី​ក្រសួង​ការងារ​កំពុង​ធ្វើការ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​ដោះស្រាយ​ការតវ៉ា​ទាម​ទារ​ប្រាក់​អតីតភាព​ ហើយ​ថា​ កម្មករ​គួរ​តែ​អត់​ធ្មត់​និង​គោរព​តាម​ប្រកាស​ថ្មី​របស់​រដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​ថៅកែ​រោង​ចក្រ​បង់​ប្រាក់​អតីត​ភាព​ការងារ​ពីរ​ដង​ក្នុងមួយ​ឆ្នាំ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​នេះ​ទៅ។ លោក​អះអាង​ថា​ ប្រកាស​ថ្មី​នេះ​ មាន​បំណង​រក្សា​លំនឹង​ហិរញ្ញវត្ថុ​របស់​រោងចក្រ​កាត់ដេរ​ ដែល​នឹង​ធានាបាន​សន្តិសុខ​ការងារ​ដល់​កម្មករ។

តាម​ប្រកាស​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃ​ទី២១​ ខែ​កញ្ញា​ និង​មាន​ហត្ថលេខា​របស់​លោក​ ​អ៊ិត សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា ដំណើរ​នៃ​ការ​ផ្តល់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​នឹងត្រូវ​ធ្វើឡើង​ពីរដង​ក្នុង​មួយ​ឆ្នាំ។

ការ​ផ្តល់​ប្រាក់​បំណាច់​អតីតភាព​ការងារ​២​ ​(ពីរ)​ ​ដង​ក្នុងមួយ​ឆ្នាំ​ ត្រូវអនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៩​តទៅ​ ​ដោយ​និយោជក​ត្រូវ​ផ្តល់​ឲ្យ​កម្មករ​និយោជិត​ ​ដែល​កំពុង​បម្រើ​ការងារ​នូវ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ដែល​ស្មើ​នឹង​ប្រាក់​ឈ្នួល​និង​ប្រាក់​បន្ទាប់​បន្សំ​ចំនួន​១៥ ថ្ងៃ ក្នុង​១ ​(មួយ)​ឆ្នាំ។​ ​ប្រាក់​បំណាច់​នេះ​ ត្រូវ​បើក​ជូន​កម្មករ​និយោជិត​ ​ចំនួន​ ៧,៥​ ​(ប្រាំពីរ​កន្លះ)​ថ្ងៃ​ ​នៅ​ក្នុង​ខែ​មិថុនា​ នៃ​ឆ្នាំ​នីមួយ​ៗ​ និង​ចំនួន​៧,៥​(ប្រាំពីរ​កន្លះ)​ ​ថ្ងៃ​នៅ​ក្នុង​ខែធ្នូ​ នៃ​ឆ្នាំ​នីមួយៗ។

លោក ប៉ាវ​ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​យល់​ថា​ ការ​អនុវត្ត​ប្រកាស​ថ្មីនេះ​ កំពុង​ប្រឈម​នឹង​ផលវិបាក​ ហើយ​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ និង​ថៅកែ​រោងចក្រ​ W & D ​ព្រមទាំង​ថៅកែ​រោង​ចក្រ​ផ្សេង​ទៀត​ មិន​អាច​រក​ច្រកចេញ​ ដើម្បី​បំពេញ​តាម​ការ​ចង់បាន​របស់​កម្មករ​ជុំវិញការ​ទាមទារ​ប្រាក់​អតីត​ភាព​ការងារប្រចាំ​ឆ្នាំនោះ​ទេ​ នោះ​ផលវិបាក​នឹង​កើត​ឡើង​កាន់​តែ​ច្រើន​ទៅ​ថ្ងៃ​ខាង​មុខ។

លោកបាន​បន្ថែម​ថា​ កម្មករ​នៅរោង​ចក្រ​ផ្សេង​ទៀត​ក្រៅ​ពីរោងចក្រ​រៀបរាប់​ខាង​លើនេះ​ នឹង​ផ្ទុះ​ការ​តវ៉ា​ស្រដៀង​គ្នា​នេះដែរ។

«ខ្ញុំ​គិតថា​ ទាំងអស់នេះ​ វា​ទាមទារ​ឲ្យ​យើង​ធ្វើ​ការ​ពន្យល់​ឲ្យបាន​ច្រើន ហើយយើង​រក​វិធី​សាស្ត្រ​ក្នុង​ការ​ទប់​ស្កាត់​វា​ ព្រោះថា​ បើសិន​បើយើង​មិន​ព្យាយាម​ដោះស្រាយ​រោងចក្រ​ទាំងពីរ​ ទាំងបី​នេះ​ទេ​ វា​អាច​នឹង​ធ្វើ​ឲ្យ​បញ្ហានេះ​ កាន់តែ​រីកធំ​ទៅ​បាទ»។

ក្រៅពី​បញ្ហា​ប្រឈមនៃការ​បើកប្រាក់​អតីតភាព​ការងារ​ប្រចាំ​ឆ្នាំ​ដល់​កម្មករ​ក្នុងឧស្សាហកម្ម​កាត់​ដេរ​នេះ ឧស្សាហកម្មនេះ​ ក៏នឹង​ជួបវិបត្តិធ្ងន់​ធ្ងរ​ផងដែរ​ ប្រសិន​បើ​សហភាព​អឺរ៉ុបឈប់​លើក​លែងការ​អនុគ្រោះ​ពន្ធលើ​ការ​នាំ​ចូល​ទំនិញ​កម្ពុជា​ចូល​ទៅ​ទីផ្សារ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ការបញ្ជាក់​របស់​ក្រុម​សហជីព​ដែល​បំរើ​ប្រយោជន៍​កម្មករ​កាលពីពេល​កន្លង​មក​នោះ៕ ​

XS
SM
MD
LG