ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធ​សភា​អនុម័ត​វិសោធនកម្ម​​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ


លោក ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ក្រោយការ​ប្រជុំ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែល​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​១១៨​រូប​ អាច​ចូល​ធ្វើ​នយោបាយ​វិញ​បាន។ (កាន់ វិច្ឆិកា/VOA)
លោក ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ក្រោយការ​ប្រជុំ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែល​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​១១៨​រូប​ អាច​ចូល​ធ្វើ​នយោបាយ​វិញ​បាន។ (កាន់ វិច្ឆិកា/VOA)

នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ ព្រឹទ្ធសភា​របស់បក្ស​កាន់​អំណាច​ ​បាន​សម្រេច​អនុម័ត​វិសោធនកម្ម​មាត្រា​៤៥ថ្មី​(ស្ទួន)​ ​នៃ​ច្បាប់​ស្តី​ពី​គណ​បក្ស​នយោបាយ​ដែល​មាន​បំណង​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណ​បក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​ចូល​ធ្វើ​នយោបាយ​វិញ​បាន។​

លោក​ ​ម៉ម ប៊ុននាង​ ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ ​ប្រាប់​អ្នកសារ​ព័ត៌មាន​ក្រោយ​ចេញ​ពី​កិច្ច​ប្រជុំ​អនុម័ត​វិសោធន​កម្ម​ច្បាប់​នោះ​ថា​ ​គោល​បំណង​នៃ​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះធ្វើ​ឡើង​ដើម្បី​បើក​ច្រក​ឲ្យ​អ្នក​ស្នេហា​ជាតិស្ថិត​ក្នុង​បក្ស​ប្រឆាំងដែល​គោរព​ច្បាប់និង​គោរព​សាលដីកា​របស់​តុលាការ​កំពូល។​ ​លោក​បន្ថែម​ថា ការ​បើក​ផ្លូវ​នេះ​ ​គឺ​ដោយ​សារថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ចង់​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ។​

លោក​បញ្ជាក់​ថា៖​ «ដើម្បី​អនុវត្ត​គោល​នយោបាយ​បង្រួប​បង្រួម​ជាតិ​ ​ផ្សះផ្សា​ជាតិ​ ​ក៏​សមាជិក​ព្រឹទ្ធ​សភា​ ​រដ្ឋសភា​ ​បាន​លោក​ស្នើ​ឲ្យ​មាន​ច្រក​ ​ឲ្យ​មាន​វិសោធនកម្ម​ច្បាប់​ហ្នឹង​ដើម្បី​បើក​ច្រក​ឲ្យ​ព្រះ​ករុណា​ផ្តល់​នីតិ​សម្បទា​ដល់​ជន​ស្នេហា​ជាតិ​ទាំង​នោះ​បើក​គណបក្ស​ ​ឬ​ធ្វើ​នយោបាយ​ឡើង​វិញ​ នូវ​គណបក្ស​ផ្សេង​ ​មិនមែន​គណ​បក្ស​ដែល​មាន​កំហុស​ ​ហើយ​តុលាការ​រំសាយ​ចោល​នោះ​កើត​ឡើង​វិញ​ទេ​ គឺ​គ្មានទេ»។

ក្នុង​កិច្ច​ប្រជុំ​ព្រឹទ្ធសភា​ដើម្បី​អនុម័ត​ច្បាប់​ដែល​មាន​សមាជិក​ព្រឹទ្ធសភា​ស្ទើរ​តែ​ទាំងអស់ ​មក​ពី​បក្ស​កាន់​អំណាច​ ​គេ​ឃើញ​សមាជិក​មួយ​ចំនួន​បាន​ព្យាយាម​ឡើង​ការពារ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ​ ​ដោយ​អះអាង​ថា ​វា​ជា​ការ​យោគ​យល់​របស់​ប្រមុខ​រដ្ឋាភិបាល​ ​ក្នុង​គោល​បំណង​រួបរួម​ជាតិ។​ ​នៅ​ទី​បញ្ចប់​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​បាន​លើក​ដៃ​សម្រេច​ដោយ​សំឡេង​៥៦​ ​លើ៥៦​ ​ដូចគ្នា​ទៅ​នឹង​រដ្ឋសភា​ឯកបក្ស​ ដែល​បាន​សម្រេច​អនុម័តកាល​ពី​ថ្ងៃ​ទី ១៣​ ​ខែ ធ្នូ​ ឆ្នាំ​ ២០១៨។​

លោក​ ​ម៉ម ប៊ុននាង​ ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ក្រោយ​ព្រឹទ្ធសភា​អនុម័ត​ ​សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​ក្នុង​សប្តាហ៍​ដដែល​នេះ។​

ខណៈ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ជា​បន្តបន្ទាប់​ ​ពី​ការ​លើក​លែង​ការ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្រ្តី​បក្ស​ប្រឆាំង​ទាំង​១១៨​រូប​ គេ​ឃើញ​មន្រ្តី​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​លើ​បណ្តាញ​សង្គម​ ​ពី​ការ​ត្រៀម​ខ្លួន​ចូល​ធ្វើ​នយោបាយ​វិញ។​

VOA​ ​បាន​ព្យាយាម​ទាក់ទង​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំងមួយ​ចំនួន​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ​រួមមាន​អ្នកស្រី​ ​មូរ សុខហួរ លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក​ ​ម៉ៅ មុនីវណ្ណ​ ​ជាដើម ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ ​មិនទាន់​មានការ​ឆ្លើយ​តប​នៅ​ឡើយ។

កាលពី​ឆ្នាំ​២០១៧​ ​តុលាការ​កំពូល​របស់​កម្ពុជា​បាន​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចោល​ ដោយ​ចោទ​ថា​គណបក្ស​នេះ​បាន​ឃុបឃិតជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​។​ ​តុលាការ​នេះ​ក៏បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ​ម្នាក់ៗ​រយៈពេល​៥ឆ្នាំ។

នៅ​មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ ​ក៏​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ និង​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ដូចគ្នា។​

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ដកហូត​សិទ្ធិ​នយោបាយ​មន្រ្តី​ទាំង១១៨​នាក់​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន​ ​បាន​ឈ្នះ​ការបោះឆ្នោត​ជាតិ​កាល​ខែ កក្កដា​ ​ឆ្នាំ​ ២០១៨​ ​យ៉ាង​ភ្លូក​ទឹកភ្លូក​ដី។​ ​ការណ៍​នេះ​ធ្វើឲ្យ​កម្ពុជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​ ​ថា​កំពុង​ធ្វើ​ឲ្យ​ខ្ទេចខ្ទី​លទ្ធិ​ប្រជាធិបតេយ្យ។​ ​រដ្ឋាភិបាល​បស្ចិម​ប្រទេស​ធំៗ​មួយ​ចំនួន​ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​ ​និង​នយោបាយ​ឡើងវិញ​ ​ជា​ថ្នូរ​នឹង​ការ​មិន​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ ​និង​ការទូត​លើ​កម្ពុជា។​

សហភាព​អឺរ៉ុប​ ​ដែល​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា ​នៅដើម​ខែ​តុលា​នេះ​ ​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុ​គ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ ​ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ​សហ​ភាព​អឺរ៉ុប​ក៏​បាន​ទុក​ពេល​ឲ្យ​កម្ពុជា​រយៈពេល​១២ខែ​ ​ដើម្បី​ស្តារ​ស្ថានភាព​ប្រជាធិបតេយ្យ​ឡើង​វិញ​ ​មុន​នឹង​សម្រេច​ដក​ពន្ធ​អនុគ្រោះ​ដែល​ផ្ដល់​ផល​ចំណេញ​ឲ្យ​កម្ពុជា​ប្រមាណ​ជា​៧០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​

លោក​ ​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​ពី​ការ​វិវត្ត​សង្គម និង​នយោបាយ​កម្ពុជា​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ការ​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​ទាំង​១១៨​រូប​អាច​ចូល​ធ្វើ​នយោបាយ​វិញ​ ​គឺ​ធ្វើ​ឡើង​ដោយ​សារ​រង​សម្ពាធ​ពី​អន្តរជាតិ​ ​ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស។​ ​លោក​បន្ថែម​ថា​ ​ការ​បើក​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំងទាំង​នោះ​ធ្វើ​នយោបាយ​វិញ​ ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​ទាមទារ​របស់​អន្តរជាតិ​ប៉ុណ្ណោះ ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ការ​ដោះលែង ​កឹម សុខា​ ​ជា​កាតព្វកិច្ច​គន្លឹះ​ដែល​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​បំពេញ​ ​រឿង​ការ​ទាមទារ​ដទៃ​ទៀត​គឺជា​រឿង​បន្ទាប់​បន្សំ សំខាន់​ដែរ​តែ​បន្ទាប់​បន្សំ»។​

កន្លង​មក​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ ​រួម​ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ផង​ ​បាន​ប្រកាស​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ ​ការ​ព្យួរ​សិទ្ធិ​នយោបាយ​មន្រ្តី​គណបក្ស​នេះ​ទាំង​១១៨​រូប​ ​ព្រមទាំង​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ជា​ដើម​ ​គឺ​ធ្វើឡើង​ទៅ​តាម​ច្បាប់​ ​ស្រប​តាម​ប្រទេស​នីតិរដ្ឋ​ប៉ុណ្ណោះ។​ រដ្ឋាភិបាល​ក៏​បាន​អះអាង​ថា​ ​ការ​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​ទាំង​នោះ​អាច​ចូល​ធ្វើ​នយោបាយ​វិញ​ ​គឺ​ក្នុងគោល​បំណង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​មិនមាន​រង​សម្ពាធ​ណាមួយ​ពី​អន្តរជាតិ​នោះ​ទេ៕

XS
SM
MD
LG