លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធបានថ្លែងថាលោកចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក ដើម្បីទិញផ្លែមៀន ដោះស្រាយវិបត្តិរបស់កសិករ ដែលមិនអាចលក់ផ្លែមៀនទៅប្រទេសថៃបាន។
លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ដោយរៀបរាប់ថាកាលពីពេលថ្មីៗនេះ លោកបានចេញបញ្ជាឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារ ដើម្បីលក់ផ្លែមៀនបាន។ ហើយលោកនឹងយកផ្លែមៀនទាំងនោះទៅចែកដល់កងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋដែលកំពុងធ្វើ ចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។
លោកបញ្ជាក់ថា៖ «នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឲ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ»។
លោកបន្ថែមថាក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបង និងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករ។
លោក ហ៊ុន សែន ឲ្យដឹងទៀតថាមិនមែនទិញផ្លែមៀនទាំងអស់នោះទេ គឺទិញតែពី«កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់» មិនមែនចម្ការមៀនរបស់មន្ត្រី កងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា ឬអ្នកជំនួញនោះទេ។
លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងថាលោក «អាចបញ្ចាំផ្ទះ» យកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាក។
អន្តរាគមន៍របស់នាយករដ្ឋមន្រ្តីដែលចំណាយថវិកាខ្លួនឯង ធ្វើឡើងបន្ទាប់ពីផ្លែមៀនប៉ៃលិន ឬហៅថាតាង៉ែនរាប់សិបតោននៅខេត្តជាប់ព្រំដែនថៃ មិនអាចនាំចូលទៅប្រទេសថៃបាន ខណៈប្រទេសចិនបានបិទទីផ្សារនាំចូលមៀនពីប្រទេសថៃ ក្រោយរកឃើញសត្វចង្រៃនៅលើផ្លែមៀន ដូចជាចៃម្សៅ ឬហៅថាក្រាម្សៅ។
កាលពីថ្ងៃទី១៣ ខែសីហា ប្រទេសចិនបានប្រកាសបិទដោយគ្មានកាលកំណត់នូវការនាំចូលផ្លែមៀនពីប្រទេសថៃ។
នៅថ្ងៃព្រហស្បតិ៍នេះ លោក ឡេង ណាវ៉ាត្រា ដែលជាឧកញ៉ាមួយរូប ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថានឹងជួយទិញផ្លែតាង៉ែនប្រមាណ១ពាន់តោន ហើយដាក់លក់ក្នុងផ្សារកសិផលឡេងណាវ៉ាត្រា។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានប្រាប់ VOA ថាការជួយទិញកសិករនៅពេលជួបប្រទះបញ្ហាទីផ្សារបែបនេះគឺជាល្អ ប៉ុន្តែវិធីសាស្រ្តនេះ វាអាចជួយដោះស្រាយបានរយៈពេលខ្លីតែប៉ុណ្ណោះ។ លោកបន្តថារដ្ឋាភិបាលគួរគិតគូរបន្ថែមទៀតទាក់ទងទីផ្សាររយៈពេលវែងដើម្បីកុំឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់អ្នកដាំដុះក៏ដូចជាវិស័យកសិកម្ម។
លោកថ្លែងថា៖ «រដ្ឋត្រូវតែគិតជាយុទ្ធសាស្រ្តក្នុងការដោះស្រាយនូវក្តីកង្វល់ក៏ដូចជាបញ្ហាដោយជជែកឲ្យមានការរៀបចំប្រព័ន្ធទីផ្សារ ទាំងក្នុងស្រុក និងក្រៅស្រុកឲ្យបានសមរម្យដើម្បីធានាថា ដោះស្រាយនូវបញ្ហាទីផ្សារនេះដល់ប្រជាពលរដ្ឋ ឲ្យ[មាន]រយៈពេលយូរអង្វែង»។
លោកបន្តថារដ្ឋាភិបាលក៏ត្រូវតែគិតគូរពិចារណាបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម ជាពិសេស គឺមៀន ឬតាង៉ែន ឲ្យក្លាយទៅជាអាហារកំប៉ុង ដើម្បីអាចទុករយៈពេលយូរបាន និងអាចលក់ក្នុងទីផ្សារកម្ពុជា។
លោក យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្មម្នាក់ និងជាអ្នកនយោបាយមួយរូបមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃព្រហស្បតិ៍នេះថា៖ «អន្តរាគមន៍ទិញមៀនគួរតែមានគោលការណ៍រួមមួយច្បាស់លាស់ ដូចជាការកំណត់បរិមាណត្រូវទិញ តម្លៃរួមមួយដែលអាចទទួលយកបាន និងក្រុមគោលដៅអាទិភាពហើយគួរប្រើប្រាស់ថវិកាជាតិដោយមានការចូលរួមពីសប្បុរសជន។ ការជួយសម្រួលដល់ការបង់ធនាគារក៏ជាវិធានការមួយដែរ»។
លោក មាស នី អ្នកវិភាគសង្គមនិងនយោបាយបានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថាវាជាការល្អក្នុងការជួយទិញផ្លែមៀន ឬ ផ្លែតាង៉ែននេះ ប៉ុន្តែបញ្ហាចោទសួរថាប្រភពលុយមកពីណាមក?លោកបន្ថែមថារដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរតែកុំកំណត់ថាទិញពីកសិករក្រីក្រនិងមិនទិញពីអ្នកមាននោះទេពីព្រោះវាប៉ះពាល់សេដ្ឋកិច្ចជារួមដូចគ្នា៕