ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន ​ថា​កម្ពុជា​បាត់​បង់​ EBA ​ដោយ​សារ​សេដ្ឋកិច្ច​រីកចម្រើន


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប និងអាស៊ាន នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប និងអាស៊ាន នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

កាលពី​ថ្ងៃអាទិត្យ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​លើក​ឡើង​ថា​ ​ការ​គ្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណាមួយ​ពី​កម្ពុជា​ ​គឺ​ដើម្បី​យក​ការ​អនុគ្រោះ​នោះ​ទៅ​ផ្ដល់ឲ្យ​ប្រទេស​ដែល​មាន​ស្ថានភាព​លំបាក​ជាង​កម្ពុជា​ ដោយសារ​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់។

ថ្លែង​ក្នុង​ពិធី​ចុះ​សួរសុខទុក្ខ​កុមារ​ពិការ​គ-ថ្លង់​ ​និង​កុមារ​កំព្រា​មក​ពី​មណ្ឌល​នានា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី១៨​ ​ខែ​វិច្ឆិកា​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​លើក​ឡើង​ថា​ ​បច្ចុប្បន្ន​ ​សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ដ​កើនឡើង​ទៅមុខ​ជា​លំដាប់​ ​ជាហេតុ​ធ្វើឲ្យ​សហគមន៍​អន្ដរ​ជាតិ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​ដើម្បី​យក​ទៅ​ជួយ​ដល់​ប្រទេស​ក្រីក្រ​ដែល​មាន​សេដ្ឋកិច្ច​អន់ថយ​ជាង​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​

«ដំណាក់កាល​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ជា​ដំណាក់កាល​នៃ​ការផ្ទេរ​ពី​ការ​ដែល​គេ​ផ្ដល់​ជំនួយ​ ​ទៅកាន់​ដែល​គេ​ដកថយ​ ​ដើម្បីឲ្យ​យើង​ចាប់​ផ្តើម​ទទួលខុសត្រូវ​ហើយ។​ ​មិនមែន​គ្រាន់តែ​បញ្ហា​ស្ថិត​នៅ​ក្នុង​វិស័យ​ទាក់ទិន​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ។ ទាក់ទង​ជាមួយនឹង​ជំនួយ​បរទេស​ ​ក៏​ដូចគ្នា​ដែរ​ ​គឺ​លក្ខខណ្ឌ​សេដ្ឋកិច្ច​របស់​កម្ពុជា​កើនឡើង​ ​តម្រូវឲ្យ​គេ​ដកថយ​ ​ព្រោះតែ​គ្រប់​លក្ខខណ្ឌ​ ​ហើយ​ ​គេ​ដក​ថយ​ជំនួយ​នោះ​ដើម្បី​យក​ទៅ​ប្រគល់​ទៅ​ឲ្យ​ប្រទេស​ដទៃ​ ​ដែល​មិន​មាន​លក្ខខណ្ឌ​អនុគ្រោះ​ដូច​យើង»។​

លោក​ ​ហ៊ុន សែន​ ​លើកឡើង​បែប​នេះ​ ​ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ ​«គ្រប់​មុខទំនិញ​លើកលែង​សព្វាវុធ (Everything​ ​But​ ​Arms)‍»​ ​ឬ​ហៅ​កាត់​ថា​ ​EBA​ ​ដែល​សហភាព​អឺរ៉ុប​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​កម្ពុជា​ចូល​ទីផ្សារ​អឺរ៉ុប​ ​ដែល​ជាទី​ផ្សារ​ដ៏​ធំជាង​គេ​បំផុត​សម្រាប់​ទំនិញ​កម្ពុជា។​ ​ការ​សម្រេច​ពិចារណា​របស់​សហភាព​អឺរ៉ុប​ ​ធ្វើឡើង​ក្រោយ​ពេល​មាន​ការ​ចោទប្រកាន់​ ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​ ​រួម​នឹង​ការ​រំលាយ​គណបក្ស​ជំទាស់​ជាដើម។​

យ៉ាងណា​ក៏​ដោយ​ ​លោក​នាយក​រដ្ឋមន្រ្តី​ដែល​កាន់អំណាច​ជាង៣០ឆ្នាំ​មក​ហើយ​នោះ​បន្ថែម​ថា​ ​រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ទទួល​យក​ ​នូវ​ការ​ទទួល​ខុសត្រូវផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច​និង​ការ​អបរំ​ជាដើម ​ប្រសិន​បើ​កម្ពុជា​នឹង​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណាមួយ។​

បើ​ទោះបីជា​លោក​នាយក​រដ្ឋមន្រ្តី​នៅពេល​នេះ​ ​ថ្លែង​ពី​ការ​ត្រៀមខ្លួន​រួចជា​ស្រេច​ក្តី​ ​ក៏ប៉ុន្តែ​កាលពី​ពាក់​កណ្តាល​ខែតុលា​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ដោយ​បាន​ស្នើ​ដល់​សហភាព​អឺរ៉ុប​គិត​ពិចារណា​ឡើងវិញ​ ​ចំពោះ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​ចាត់ទុកថា​ ​ជា​ការ​គំរាម​ដោយ​ឈរ​លើ​ហេតុផល​មួយ​ចំនួន​នោះ។​

លោក​ ​George​ ​Edgar​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​តាម​រយៈ​សារ​អេឡិចត្រូនិច​ ​ឬ​អ៊ីមែល​ថា​ សិទ្ធិ​របស់​កម្ពុជា​នៅក្នុង​ការ​ទទួល​បាន​ ​EBA​ ​នឹង​បញ្ចប់​ក្នុង​រយៈពេល​បី​ឆ្នាំ​ ​បន្ទាប់​ពី​កម្ពុជា​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​ទៅ​តាម​ការ​ឲ្យ​និយមន័យ​របស់​អង្គការ​សហប្រជាជាតិ។​ ​លោក​បន្ថែម​ថា​ ​ករណី​នេះ​នឹង​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៤​ ​ឬ​២០២៥​ ​ហើយ​កម្ពុជា​អាច​ទទួល​បាន​ ​EBA​ ​រហូតដល់​ឆ្នាំ​ ​២០២៧​ ​ឬ២០២៨។​

លោក​ ​George​ ​Edgar​ ​បន្ថែម​ថា​ ​សម្រាប់​បច្ចុប្បន្ន​ ​ស្ថានភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​គឺ​កំពុង​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ធម្មតា​នៅ​ឡើយ​ ​ប៉ុន្តែ​លោក​ថា​ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នឹង​ត្រូវ​ដក​មុន​ការ​កំណត់​ ​ប្រសិន​បើ​មានការ​រក​ឃើញ​ពី​ស្ថានភាព​អាក្រក់​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «រាល់​ការ​ដកចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណាមួយ​ ​គឺជា​លទ្ធផល​នៃ​ដំណើរការ​នា​ពេល​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ ​និង​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​សិទ្ធិពល​កម្ម​ ​ដែល​នឹង​ត្រូវ​ធ្វើឡើង​ជាមុន»។​

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​ក្រោម​កម្មវិធី​គ្រប់មុខ​ទំនិញ​លើកលែង​គ្រឿង​សព្វាវុធ​ ​(EBA)​ ​ត្រូវ​បាន​សហភាព​អឺរ៉ុប​ ​បង្កើត​ឡើង​កាលពី​ឆ្នាំ២០០១​ ​ដោយ​មាន​ការ​ព្រមព្រៀង​ថា​ ​ត្រូវ​គោរព​សិទ្ធិ​មនុស្ស​ ​និង​សេរីភាព​ជា​មូលដ្ឋាន។​ ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ​កម្ពុជា​បានផល​ចំណេញ​ពី​ការ​រួច​ពន្ធ​ទំនិញ​ ​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ ​ជិត៧រយ​លាន​ដុល្លារ​ ​ក្នុង​មួយ​ឆ្នាំៗ។​

កម្មករ​ជិត​ ​១លាន​នាក់​នៅ​កម្ពុជា​ ​ពឹងផ្អែក​លើ​វិស័យ​វាយនភណ្ឌ​ ​និង​ផលិតផល​ផ្សេងទៀត​ ​ដែល​រក​ចំណូល​ជាង៥ពាន់​លាន​ដុល្លារ​ ​ក្នុង​មួយឆ្នាំ​ ​ដោយសារតែ​ការនាំចេញ​ផលិតផល​ទៅ​ទីផ្សារ​អឺរ៉ុប។​ ​វិស័យ​ឧស្សាហកម្ម​នេះ​ ​គឺជា​វិស័យ​សំខាន់​មួយ​ក្នុងចំណោម​វិស័យ​ចំនួន៤​ ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ ​បន្ទាប់ពី​វិស័យ​កសិកម្ម​ ​សំណង់​ ​និង​ទេសចរណ៍។​

ក្រុម​សហជីព​ ​អ្នក​ឃ្លាំមើល​សង្គម​ ​និង​អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កម្មករ​ជាច្រើន​បាន​លើកឡើង​ជា​បន្ត​បន្ទាប់​ពី​ការ​ព្រួយបារម្ភ​និង​ផល​ប៉ះពាល់​ថា​ ​កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ ​ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​ដកចេញ​ពី​កម្ពុជា។​ ​ពួកគេ​ក៏បាន​ស្នើ​ឲ្យ​មានការ​ចរចា​រវាង​ភាគី​រដ្ឋាភិបាល​ ​និង​គណៈកម្មការ​សហភាព​អឺរ៉ុប​ ​នៅ​មុន​ពេល​មានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​«គ្រប់​មុខទំនិញ​លើកលែង​សព្វា​អាវុធ»​ ​ជា​ផ្លូវការ។​

លោក​ ​ឡៅ ម៉ុង​ហៃ​ ​អ្នកវិភាគ​សង្គម​ ​និង​នយោបាយ​ ​ប្រាប់​ ​VOA​ ​ថា​ ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​គឺ​គ្រាន់តែ​ជា​ការ​ថ្លែង​ដើម្បី​សម្រួល​ដល់​ស្ថានការណ៍​សង្គម​ ​ខណៈ​ដែល​ការ​ព្រមាន​ដក​ការ​អនុគ្រោះ​ពន្ធ​កំពុងតែ​ត្រូវ​បាន​បន្ត​នីតិវិធី​ទៅមុខ។​ ​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​អនុវត្ត​តាម​ការ​ស្នើ​របស់​សហគមន៍​អន្តរជាតិ​ ​ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ស្ថានភាព​សិទ្ធិមនុស្ស​ ​ដូច​ទៅ​នឹង​ការ​ព្រមព្រៀង​ទទួល​យក​ការ​អនុគ្រោះ​ពន្ធ​ពី​ដំបូង។​

លោក​មាន​ប្រសាសន៍​ថា៖​

​«យើង​ធ្វើ​តាម​ការ​ទាមទាររ​បស់​គេ​ទៅ។​ ​ហ្អា​នេះ​ជា​កាតព្វកិច្ច​ ​និង​កិច្ច​ព្រមព្រៀង​ទេ​តើ។​ ​គេឲ្យ​ការ​អនុ​គ្រោះ​ពន្ធ​ហ្នឹង​អាស្រ័យ​ហ្នឹង​យើង​គោរព​សិទ្ធិ​មនុស្ស​ ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ ​សេរីពហុបក្ស​ ​និង​អនុវត្ត​នីតិរដ្ឋ»។​

ក្រៅពី​អ្នក​ឃ្លាំ​មើ​ល​សង្គម​ ​និង​អ្នកធ្វើការ​ការពារ​សិទ្ធិ​កម្មករ​ ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​(GMAC)​ ​ដែល​តំណាង​ឲ្យ​ក្រុម​អ្នកនាំ​ចេញ​សម្លៀកបំពាក់​នៅ​ប្រទេស​កម្ពុជា​ ​ក៏បាន​ឲ្យ​ដឹង​ពី​ការ​បារម្ភ​របស់​ខ្លួន​ ​ចំពោះ​ការប្រកាស​របស់​សហភាព​អឺរ៉ុប​ ​ដែល​បាន​បញ្ជាក់ឲ្យដឹង​ពី​ការ​ព្យួរ​ទុក​ជា​បណ្តោះ​អាសន្ន​នៃ​គំនិត​ផ្តួចផ្តើម​ ​EBA​ ​នេះ។​

ចំណែក​ធនាគារ​ពិភព​លោក​ក៏​បាន​ព្រមាន​នា​ពេល​កន្លងទៅ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធំ​មួយ​ ​ក្នុង​ករណី​មានការ​សើរើ​ឡើងវិញ​នៃ​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា​ ​និង​ការ​ធ្លាក់​ស្រុត​ចុះ​របស់​សេដ្ឋកិច្ច​ប្រទេស​ចិន។​

ការ​ព្រមាន​របស់​សហភាព​អឺរ៉ុប​ក្នុងការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ឈ្នះ​យក​អាសនៈ​ទាំងអស់​ចំនួន១២៥​ ​កាលពី​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ ​ក្រោយ​ពី​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ហាមឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ចំនួន​១១៨រូប​ ​មិន​ឲ្យ​ធ្វើនយោបាយ​រយៈពេល​៥ឆ្នាំ។​ ​ចំណែក​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ​ការ​រឹតត្បិត​លើ​សារ​ព័ត៌មាន​ឯករាជ្យ​ ​ព្រមទាំង​ការ​រឹតត្បិត​ក្រុម​សំឡេង​ប្រឆាំង​ ​ក៏​ជាផ្នែក​មួយ​ដែល​ធ្វើឲ្យ​មានការ​ព្រ​មាន​ដាក់ទណ្ឌកម្ម​ ​និង​រិះគន់​ផង​ដែរ៕

XS
SM
MD
LG