ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រកាស​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ​ដើម្បី​ឱ្យ​ពួកគេ​ព្រម​ចាកចេញ


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋម​ន្រ្តី ​ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ ​និង​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​អង្គរ ​ដែល​រដ្ឋាភិបាល​អះអាង​ថា​ ពួក​គេ​រស់​នៅ​ខុស​ច្បាប់​ ហើយ​ការ​រស់​នៅ​ប៉ះ​ពាល់​រមណី​ដ្ឋាន​ប្រាង្គប្រាសាទ។​

ការ​ផ្តល់​ប្រកាសតាម​គោលនយោបាយ​របស់​រដ្ឋាភិបាលធានា​ថា ​ប្រជា​ពលរដ្ឋ​ចាក​ចេញ​ពី​តំបន់​ទាំង​នោះ​ដោយ​ការ​ពេញ​ចិត្ត​ និង​មិន​មាន​ការ​តវ៉ា។​

ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ប្រជា​ពលរដ្ឋ​ដែល​បាន​ស្ម័គ្រ​ចិត្ត​រើ​លំ​នៅដ្ឋាន​ និង​សំណង់​ផ្សេងៗ​ចេញ​ពី​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ និង​តំបន់​ដទៃ​ទៀត​នោះ​ លោក ​ហ៊ុន សែន ​បាន​អះអាង​ថា​ ប្រជា​ពល​រដ្ឋ​ដែល​ព្រម​ចាក​ចេញ​ពី​តំបន់​ដែល​ហាម​ឃាត់​នឹង​ទទួល​បាន​ដី​ឡូតិ៍ ​ដែល​លោក​មិន​បាន​បញ្ជាក់​ទំហំ​ឡើយ​ ទឹក​ប្រាក់​សរុប​ចំនួន​១​លាន​៤០​ម៉ឺន​រៀល​ និង​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ ដូច​ជា​ទទួល​បាន​បណ្ណ​កាន់​កាប់​ដី​ធ្លី​ដោយ​ស្រប​ច្បាប់​ ការ​ដឹក​ជញ្ជូន​របស់​របរមក​កាន់​កន្លែង​ថ្មី​ដោយ​មិន​គិត​ថ្លៃ ​ទទួល​បាន​បណ្ណ​ក្រីក្រ ​និង​បណ្ណ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ផង​ដែរ។ ​បើ​តាម​លោក​ ហ៊ុន សែន​ ការ​ផ្តល់​បណ្ណ​សមធម៌ ​ឬ​បណ្ណ​ក្រីក្រ ​និង​បណ្ណស្ត្រី​មាន​ផ្ទៃ​ពោះ​មាន​សុពល​ភាព​រយៈ​ពេល​១០​ឆ្នាំ។​

ក្រៅ​ពី​នោះ​ លោក ​ហ៊ុន សែន ​ថា​ អាជ្ញាធរ​នឹង​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​តម្រូវ​ការ​ចាំបាច់​ផ្សេង​ទៀត​សម្រាប់​ប្រជា​ពលរដ្ឋ ​ដូច​ជា​ផ្លូវ ​ភ្លើង ​អណ្តូង​ទឹក ​និង​សាលា​រៀន​ជា​ដើម។​

លោក​ ហ៊ុន សែន​ អះអាង​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ជូន​ជាតិ ​និង​ប្រជា​ពល​រដ្ឋ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ជ្រើស​រើស​ទៅ។​ ប្រជា​ពល​រដ្ឋ​របស់​យើង​សូម​ជ្រើស​រើស​រវាង​ការ​រស់នៅ​ដោយ​មិន​មាន​ភាព​ច្បាស់​លាស់​ មិន​ដឹង​ថា​ថ្ងៃ​ណា​គេ​ដេញ ​ហើយ​ពង្រីក​គ្រួសារ​ ពង្រីក​ផ្ទះ​ក៏​មិន​កើត។ ​ចាក​ចេញ​ពី​ទី​កន្លែង ដែល​រស់​នៅ​មិន​ស្រប​ច្បាប់​មក​ទី​តាំង​ទី​លំនៅ​កន្លែង​ស្រប​ច្បាប់​ ជ្រើស​រើស​ទៅ»។​

រូបឯកសារ៖ ភ្ញៀវទេសចរមួយចំនួន ដើរលើ​ស្ពាន​ពោងផ្លាស្ទិក​ ជំនួសឲ្យស្ពានហាល​ ចូលទៅក្នុង​ប្រាសាទ​អង្គរ​វត្ត​ ខេត្តសៀមរាប នៅថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ២០២០។ ​(ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ ភ្ញៀវទេសចរមួយចំនួន ដើរលើ​ស្ពាន​ពោងផ្លាស្ទិក​ ជំនួសឲ្យស្ពានហាល​ ចូលទៅក្នុង​ប្រាសាទ​អង្គរ​វត្ត​ ខេត្តសៀមរាប នៅថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ២០២០។ ​(ហ៊ុល រស្មី/វីអូអេ)

កន្លង​ទៅ ​ប្រជា​ពលរដ្ឋ​ធ្លាប់​បាន​អះអាង​ថា ​ពួកគេ​នឹង​ទទួល​បាន​ដី​ឡូតិ៍​ក្នុង​ស្រុក​បន្ទាយ​ស្រី ​ខេត្ត​សៀមរាប ​ដែល​មាន​ទទឹង​ប្រវែង​២០​ម៉ែត្រ ​និង​បណ្តោយ​៣០​ម៉ែត្រ ​ ប្រសិន​បើ​ពួក​គេ​សម្រេច​ចាក​ចេញ​ទៅ​តំបន់​ថ្មី។​

​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ​ក៏​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ផ្តល់​ប្រាក់​កម្ចី​ដោយ​មាន​ការ​ប្រាក់​ទាប​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ថ្មី​ផង​ដែរ។​

បើ​តាម​លោក​ ហ៊ុន សែន ​មក​ទល់​ពេល​នេះ ​ប្រជា​ពល​រដ្ឋ​ចំនួន​៥៩៤​គ្រួសារ​ហើយព្រម​ចាក​ចេញ​ពី​តំបន់​អង្គរ​ទៅ​កាន់​តំបន់​រុន​តាឯក​ ក្នុង​ស្រុក​បន្ទាយ​ស្រី ​ខេត្ត​សៀមរាប។​

លោក​ ហ៊ុន សែន ​ក៏​បាន​ចំអក​ទៅ​ក្រុម​ប្រឆាំង​កុំ​យក​បញ្ហា​នេះ​ទៅ​ធ្វើ​ជា​រឿង​នយោបាយ។ ​លោក​បន្ថែម​ថា៖​ «ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បណ្តា​គណបក្ស​នយោបាយ ​កុំ​ប្រើ​ប្រាស់​នូវ​អ្វី​ដែល​ ហ៊ុន សែន​ កំពុង​ដោះ​ស្រាយ ​ដែល​ជា​តម្រូវ​ការ​របស់​ជាតិ ​ធ្វើ​ជា​អាវុធ​ដើម្បី​វាយ​ ហ៊ុន សែន ​យក​សន្លឹក​ឆ្នោត​នា​ពេល​ខាង​មុខ។ ​ខ្ញុំ​យល់​ពួក​អ្នក​ឯង។​ ពួក​អ្នក​ឯង​តែង​តែ​ធ្វើ​រឿង​នេះ​នៅ​មុន​ការ​បោះ​ឆ្នោត​ជានិច្ច»។​

អ្នក​ស្រី​ ទន់ សារ៉េន ​អាយុ​៣០ឆ្នាំ ​ប្រជា​ពលរដ្ឋ​ដែល​ផ្ទះ​ត្រូវ​បាន​អាជ្ញាធរ​រុះរើ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​អ្នក​ស្រី​សាទរ​ចំពោះ​ណាត់​ការ ​ក៏ដូច​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ ​ទោះ​ជា​យ៉ាង​ណា​ អ្នក​ស្រី​បាន​សុំ​អាជ្ញាធរ​បង្ខិត​ផ្ទះ​មក​ក្រោយ​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​សម្បត្តិ​បេតិក​ភណ្ឌ។​ ប៉ុន្តែ​អ្នកស្រី​ថា ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ឡើ​យ។​

អ្នកស្រី​បន្ថែម​ថា​ អ្នក​ស្រីមិន​ចង់​ចាក​ចេញ​ពី​ទី​កន្លែង​កំណើត​ឡើយ។ ​អ្នក​ស្រី​ថ្លែង​ថា៖​ «សម្រាប់​ខ្ញុំ ​ខ្ញុំ​ចង់​នៅ​កន្លែង​ដែល​ខ្ញុំ​កើត ​ហើយ​ខ្ញុំ​នៅ​ទីនេះ​យូរ​ណាស់​ហើយ ​ មាន​ភាព​កក់​ក្តៅ​នៅ​ហ្នឹង»។​

លោក ​សួន សុធា ​អាយុ​៣៨​ឆ្នាំ ​ជា​អាជីវករ​លក់ដូរ​នៅម្តុំ​ស្រះ​ស្រង់ ​ប្រាសាទ​បន្ទាយ​ក្តី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​ពេញ​ចិត្ត​ចំពោះ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ និង​សង្ឃឹម​ថា ​រដ្ឋា​ភិបាល​ធ្វើ​ទៅ​តាម​អ្វី​ដែល​បាន​សន្យា។​

បុរស​វ័យ​៣៨​ឆ្នាំ​រូប​នេះ​ជំរុញ​ឱ្យរដ្ឋាភិបាល​រក​ទី​កន្លែង​ដែល​អាច​ឱ្យ​ប្រជា​ពល​រដ្ឋ​លក់​ដូរ​បាន​ឡើង​វិញ​ ព្រោះ​ជីវភាព​រស់​នៅ​រាល់​ថ្ងៃ​ពឹង​ផ្អែក​លើ​ការ​លក់​ដូរ។​

លោក​ថ្លែង​ថា៖​ «សំណូម​ពរ​ឱ្យ​មាន​ដំណោះ​ស្រាយ​ឱ្យឆាប់​ ព្រោះ​ថា​ រាល់​ថ្ងៃ​អត់​មាន​បាន​រក​ស៊ី​អីទេ​ នៅ​តែ​ផ្ទះ។ ​កាល​មុន​ យើង​រក​ស៊ីពឹង​ការ​លក់​ដូរ​តាម​ប្រាសាទ​ ព្រោះ​យើង​អ្នក​នៅ​តាម​អង្គរ។​ យើង​អត់​ចេះ​ធ្វើ​អី​ទេ ចេះ​តែ​លក់​ដូរ​ប៉ុណ្ណឹង​ឯង»។

កាល​ពី​ចុង​ខែ​សីហា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ធ្លាប់​បាន​ថ្លែង​ថា​ បើ​ប្រជា​ពលរដ្ឋ​មិន​ចាក​ចេញ​ទេ ​អង្គរវត្ត​នឹង​ត្រូវ​ដក​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​កាល​ពី​ឆ្នាំ​ ១៩៩២។

លោក ​នីរ៉ាន នូ ​(Niran Nou) ​មន្ត្រី​កម្មវិធី​ទទួល​បន្ទុក​ផ្នែក​វប្បធម៌​នៃ​អង្គការ​យូណេស្កូ ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​កាល​ពី​ថ្ងៃ​ទី២​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ថា ​ ការ​ការពារ​ថែរក្សា ​និង​ការ​គ្រប់​គ្រង់​នៅ​តំបន់​បេតិក​ភណ្ឌ​អង្គរវត្ត​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​ភាគី ​ដែល​បាន​ផ្តល់​សច្ចាប័ន​ទៅ​លើ​កតិកាសញ្ញា​ស្តី​ពី​បេតិក​ភណ្ឌ​ពិភព​លោក។​ លោក​ថ្លែង​បន្ត​ថា​ វា​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ​ព្រម​ទាំងភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​ធានា​នូវ​គុណ​តម្លៃ ​ដែល​ត្រូវ​បាន​កំណត់​ថា​ ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក។​

លោក​បញ្ជាក់ថា៖ ​«រដ្ឋ​ជា​ភាគី​ត្រូវ​តែ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​ទន្ទ្រាន ​និង​ការ​សាងសង់​ថ្មីៗ​ ក្នុង​តំបន់​ ១ ​និង​តំបន់ ​២ ​ស្រប​តាម​គោល​ការណ៍​នៃ​ការ​ចិញ្ចឹម​ជីវិត​របស់​ពួក​គេ​ ការ​ចូល​រួម​ពី​គ្រប់​ភាគី ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»៕

XS
SM
MD
LG