ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោក Wang Yi បានត្រូវរៀបចំឡើងដើម្បី«ពង្រឹងការទាក់ទងយុទ្ធសាស្ត្រជាមួយប្រទេសទាំង៣នេះ» គឺប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ចិនមុនដំណើរទស្សនកិច្ចនេះ។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកវិភាគបាននិយាយថា លោក Wang ក៏បានចាប់អារម្មណ៍បង្កើនការបកស្រាយក្រមប្រតិបត្តិ (COC) របស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះផ្លូវបើកបរសមុទ្រអន្តរជាតិដែលមានជម្លោះ ហើយបានផ្តោតលើ«ប្រទេសជាមិត្តនៅក្នុងអាស៊ាន»។
លោក Hunter Marston ជាសាស្ត្រាចារ្យផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យជាតិអូស្ត្រាលីបាននិយាយថា ការគាំទ្រសុឆន្ទៈរបស់ចិនជាមួយដៃគូដែលងាយបត់បែនបាននៅប្លុកដែលមានប្រទេស១០ជាការសំខាន់ ស្របពេលជាមួយគ្នានោះធ្វើឱ្យឯកោប្រទេសមួយចំនួនដែលពឹងផ្អែកប្រទេសលោកខាងលិចដូចជាប្រទេសហ្វីលីពីននិងវៀតណាម។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានរំកិលប្រទេសរបស់លោកខិតកាន់តែជិតសហរដ្ឋអាមេរិក ហើយបានប្រកាន់គោលនយោបាយកាន់តែខ្លាំងឡើងប្រឆាំងនឹងការវាតទីនិយមផ្លូវនាវាចរណ៍របស់ចិនចាប់តាំងពីការជាប់ឆ្នោតរបស់លោកកាលពីឆ្នាំទៅមក។
ការចរចារវាងរដ្ឋាភិបាលក្រុងម៉ានីលនិងរដ្ឋាភិបាលក្រុងហាណូយក៏បានចាប់ផ្តើមសន្ធិសញ្ញាផ្លូវនាវាចរណ៍ដើម្បីការពារផលប្រយោជន៍គ្នាទៅវិញទៅមករបស់ប្រទេសទាំង២ នៅពេលមានការប្រឈមតតាំងជាមួយកប៉ាល់ចិនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលលោកប្រធានាធិបតី Marcosនិយាយថា «នឹងធ្វើឱ្យមានស្ថិរភាពដល់បញ្ហាដែលយើងកំពុងមើលឃើញនៅពេលឥឡូវនេះនៅក្នុងសមុទ្រចិនខាងត្បូង»។
លោក Marston បាននិយាយទៀតថាលោក Wang ត្រូវតែបញ្ជាក់ឡើងវិញពីគោលនយោបាយការបរទេសចិនទាក់ទិននឹងផលប្រយោជន៍របស់ខ្លួនដែលមានន័យថា ជាការស្នើផ្តល់ឱ្យច្រើនជាងការមិនអើពើអំពីការសម្រេចនៅឆ្នាំ២០១៦ ដោយតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេដែលបានសម្រេចគាំទ្រប្រទេសហ្វីលីពីន ហើយបានច្រានចោលការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
លោក Marston និយាយថា «តាមវិធីខ្លះ លោក Wang Yi ប្រហែលកំពុងធ្វើឱ្យហ្វីលីពីនមានអារម្មណ៍នៅឯកោដោយខ្លួនឯង។ ក្នុងវិធីខ្លះ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីជាកន្លែងដែលមានភាពកក់ក្តៅកាន់តែច្រើនឡើងសម្រាប់ចិនបំពេញទស្សនកិច្ចដោយការពិចារណាសេចក្តីស្នើរបស់លោក Marcos Jr. ដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន»។
ទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាមួយអាស៊ានបានត្រូវសាកល្បងដោយការទាមទារត្រួតត្រាដោយខ្លួនឯងផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូងតាមរយៈខ្សែបន្ទាត់ឆ្នូត៩ ថ្វីបើការទាមទារត្រួតស៊ីគ្នាពីសមាជិកចំនួនពាក់កណ្តាលរបស់សមាគមអាស៊ានដែលមានប្រទេសឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេក៏ដោយ។
ប្រហែលជាការបន្ថែមដល់ការព្រួយបារម្ភរបស់ចិន គឺប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍មុនថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម«នៅពេលឆាប់ៗនេះ» ហើយ២ថ្ងៃក្រោយមកលោកបានថ្លែងនៅឯយុទ្ធនាការឃោសនាមួយនៅក្នុងទីក្រុង Salt Lake City ថា សម្ព័ន្ធភាព Quad ដែលមានសហរដ្ឋអាមេរិក ឥណ្ឌា និងអូស្ត្រាលីបានបង្ហាញពីប្រសិទ្ធភាព។
លោកប្រធានាធិបតី Biden បាននិយាយទៀតថា សហរដ្ឋអាមេរិកឥឡូវនេះមានសញ្ញាវិជ្ជមានដែល«ប្រទេសហ្វីលីពីន ហើយនៅពេលឆាប់ៗនេះ វៀតណាមនិងកម្ពុជា»នឹងក្លាយជាផ្នែកមួយនៃទំនាក់ទំនងរបស់សហរដ្ឋអាមេរិក។ ពួកគេមិនចង់មានសម្ព័ន្ធភាពខាងការពារជាតិទេ ក៏ប៉ុន្តែ ពួកគេចង់មានទំនាក់ទំនង ពីព្រោះពួកគេចង់ឱ្យចិនដឹងថា ពួកគេមិននៅម្នាក់ឯងទេ។
លោក Gavin Greenwood ជាអ្នកវិភាគ នៅអង្គការ A2 Global ដែលមានទីតាំងក្នុងទីក្រុងហុងកុងបាននិយាយថា ហេតុផលរបស់រដ្ឋាភិបាលក្រុងប៉េកាំងពឹងផ្អែកលើការគួបផ្សំនៃការធានាអះអាងឡើងវិញដល់កម្ពុជាដែលជាសម្ព័ន្ធមិត្តដ៏ប្រាកដប្រជា ភាពច្បាស់លាស់កាន់តែខ្លាំងឡើងលើគោលនយោបាយការបរទេសនិងការពារជាតិនៅពេលអនាគតជាមួយប្រទេសសិង្ហបុរី និងធ្វើឱ្យប្រសើឡើងនូវទំនាក់ទំនងជាមួយម៉ាឡេស៊ីមុនពេលសន្និសីទកំពូលរបស់មេដឹកនាំអាស៊ាន។
លោក Gavin Greenwood ក៏បាននិយាយដែរថា លោក Wang បានជ្រើសរើសប្រទេសនានាដោយការប្រុងប្រយ័ត្នមុនពេលចាប់ផ្តើមដំណើរទស្សនកិច្ច។
លោកនិយាយទៀតថា៖ «ដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោក Wang នៅតំបន់អាស៊ីអាគ្នេយ៍បានផាត់ចោលសមាជិកសំខាន់ៗអាស៊ានមួយចំនួនដែលជាទីកន្លែងមានបញ្ហាចម្រូងចម្រាសដ៏ធ្ងន់ធ្ងរ ជាពិសេសគឺប្រទេសហ្វីលីពីននិងវៀតណាម និងប្រទេសដែលមិនមានបញ្ហាធ្ងន់ធ្ងរដូចជាឥណ្ឌូណេស៊ី ថៃ ឡាវ និងមីយ៉ាន់ម៉ា»។
ការតាំងចិត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំងដល់ក្រមប្រតិបត្តិដែលគ្រោងទុកក៏ត្រូវបានចោទសួរនិងត្រូវបានស្តីបន្ទោសចំពោះការពន្យារពេលជាច្រើនលើក ដោយពួកអ្នកការទូតនិយាយថា ចិនពេញចិត្តជំហរនៃកម្លាំងតាមរយៈការចរចាទ្វេភាគីជាមួយរដ្ឋនីមួយៗរបស់អាស៊ានដែលផ្ទុយពីការស្វែងរកការមូលមតិតាមរយៈក្រមប្រតិបត្តិ (COC) ជាមួយប្រទេស១០ជាប្លុក។
ការណ៍នេះបានបង្ហាញជាភស្តុតាងតាមរយៈហេតុការណ៍កាលពីសប្តាហ៍មុនក្នុងអំឡុងនៃការប្រឈមមុខដាក់គ្នារវាងនាវាចិននិងហ្វីលីពីននៅឯខ្ពង់រាបក្រោមសមុទ្រ Second Thomas Shoal ក្នុងប្រជុំកោះ Spratly ជាទីកន្លែងដែលរដ្ឋាភិបាលក្រុងម៉ានីលបានរក្សាកប៉ាល់ខូចមួយគ្រឿងជាមូលដ្ឋានត្រួតត្រាដែលរដ្ឋាភិបាលក្រុងប៉េកាំងចង់ឱ្យយកចេញ។
បន្ទាប់ពីលោក Wang ទៅបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីនិងម៉ាឡេស៊ីមក ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់រដ្ឋចិនស៊ីនហួបានរាយការណ៍ថា លោក Wang បាននិយាយថា ចិនបានសម្តែងឆន្ទៈរបស់ខ្លួនម្តងហើយម្តងទៀតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជាមួយហ្វីលីពីនតាមរយៈការសន្ទនាទ្វេភាគី។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួក៏បានរាយការណ៍ដែរថា លោក Wang សង្ឃឹមដែរថា ភាគីហ្វីលីពីននឹងធ្វើទៅតាមការមូលមតិដែលត្រូវបានធ្វើឡើងកាលពីអតីតកាលហើយលោកបានបញ្ជាក់ថា ចិនមានឆន្ទៈធ្វើការជាមួយប្រទេសនានានៅសមាគមអាស៊ានដើម្បីបង្កើនការពិគ្រោះអំពីក្រមប្រតិបត្តិ COC ស្របទៅតាមច្បាប់អន្តរជាតិ។
លោក Marston បាននិយាយទៀតថា៖ «ចិនកំពុងព្យាយាមយ៉ាងច្បាស់ក្រឡែតដើម្បីលើកមុខមាត់ដោយការបញ្ជូនលោក Wang ធ្វើដំណើរខាងការទូតទាក់ទិននឹងការរំខានយាយីផ្លូវនាវាចរណ៍ដ៏ខ្លាំងក្លាដែលពួកគេបានចាត់ការដោយផ្ទាល់ប្រឆាំងនឹងប្រទេសហ្វីលីពីននិងវៀតណាមកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ»។
លោក Marston បានបន្ថែមទៀតថា៖ «ការណ៍នេះក៏ជាផលប្រយោជន៍របស់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរដើម្បីបញ្ជូនលោក Wang នៅពេលដែលលោកត្រូវបានតែងតាំងឡើងវិញជារដ្ឋមន្ត្រីការបរទេសដើម្បីផ្តល់សញ្ញានៃការបន្តនិងធ្វើឱ្យមានស្ថិរភាពនៅក្នុងគោលនយោបាយការបរទេសរបស់ចិន»។
លោក Marston និយាយថា «ខ្ញុំគិតថាអត្ថប្រយោជន៍ខ្លះសំដៅដោយផ្ទាល់លើប្រទេសហ្វីលីពីនជាពិសេសទាក់ទិននឹងល្បិចកលនៃការបង្ខិតបង្ខំនិងការបំភិតបំភ័យដ៏ខ្លាំងកាលពីពេលថ្មីៗនេះ»។
ក៏ប៉ុន្តែ ការនិយាយសំដៅរបស់លោក Biden ដល់ប្រទេសកម្ពុជាដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធក្នុងតំបន់របស់ចិនបានជួបនូវការមិនជឿក្នុងចំណោមពួកការិយាធិបតេយ្យនៅក្នុងទីក្រុងភ្នំពេញដែលពេញចិត្តទំនាក់ទំនងដ៏កក់ក្តៅជាមួយរដ្ឋាភិបាលក្រុងប៉េកាំងហើយនឹងការបើកការស្ថាបនាឡើងវិញនូវមូលដ្ឋាននាវាសមុទ្រនៅរាមនៅឆ្នេរសមុទ្រភាគខាងត្បូងដែលផ្តល់ថវិកាដោយចិន។
ប្រភពមួយដែលជិតស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា បាននិយាយថា៖ «ចិនចង់បង្កើនល្បឿននៃក្រមប្រតិបត្តិដែលបានកើតមានឡើងទើបតែមុនការរាតត្បាតនៃជំងឺកូវីដ១៩បានផ្ទុះឡើង ហើយរដ្ឋាភិបាលក្រុងប៉េកាំងចង់បានក្រមប្រតិបត្តិនោះបន្តទៀត ក្នុងពេលបច្ចុប្បន្ននេះ ទម្រង់នៃក្រមប្រតិបត្តិនោះធ្វើឱ្យរំខានដល់អាមេរិកាំង»។
នៅក្នុងប្រទេសកម្ពុជា លោក Wang បានទទួលទានអាហារថ្ងៃត្រង់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជារឿយៗត្រូវបានរងការចោទប្រកាន់ថាជាអ្នកតំណាងរបស់ចិននៅក្នុងសមាគមអាស៊ានហើយបានជួបជាមួយលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែនដែលនឹងជំនួសឪពុករបស់លោកជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ។
លោក Marston បាននិយាយទៀតថា៖ «ពេលវេលានៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជានេះបានកើតមានឡើងទាក់ទិននឹងការបោះឆ្នោតកាលពីពេលថ្មីៗនេះដែលផ្សាភ្ជាប់ភាពជាដៃគូរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ក៏ប៉ុន្តែ ខ្ញុំនឹងមិនរំពឹងថា រដ្ឋាភិបាលក្រុងភ្នំពេញនឹងចាកចេញពីគោលនយោបាយការបរទេសរបស់លោក ហ៊ុន សែន នៃចលនាមិនចូលបក្សសម្ព័ន្ធដែលប្រកាន់នយោបាយទន់ភ្លន់ចំពោះចិន»។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាដ៏ធំបំផុតដែលប្រឈមលោក ហ៊ុន សែន ចាប់តាំងពីការទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតដែលមានគណបក្សតែមួយកាលពីខែមុននៅតែមានការលំបាកខាងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ ការវិនិយោគទុននិងទេសចរណ៍របស់ចិនដែលកាលពីពេលមុនជាការសំខាន់មួយក្នុងចំណងទាក់ទងរវាងប្រទេសទាំង២នោះមិនបានវិលត្រឡប់មកវិញទេចាប់តាំងពីការរាតត្បាតជំងឺកូវីដ១៩បានស្រាកស្រានមក។
លោក Bradley Murg ជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅឯវេទិកាប៉ាស៊ីហ្វិកបាននិយាយថា៖«ពួកមន្ត្រីកម្ពុជាបានទទួលស្គាល់យ៉ាងខ្លាំងនិងបើកចំហរថាប្រាក់ចិនដែលហូរចូលដោយសេរីក្នុងសម័យមុនជំងឺកូវីដបានបញ្ចប់ហើយ»។
លោក Bradley Murg បាននិយាយថា៖ «លោកWangនឹងត្រូវការបញ្ជាក់អំពីការសន្យាខាងហិរញ្ញវត្ថុរបស់ចិនដល់កម្ពុជាដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ហើយនឹងថាតើរដ្ឋាភិបាលក្រុងប៉េកាំងនឹងសម្រាលការពិតយ៉ាងដូចម្តេចដែលការវិនិយោគចិនដែលគេរង់ចាំជាយូរយាមកហើយត្រូវគេរំពឹងនឹងហូរចូលក្នុងប្រទេសកម្ពុជាមិនបានមកទីនេះ»។
បញ្ហាទាំងនេះត្រូវគេរំពឹងនឹងកើតមានឡើងនៅក្នុងរដ្ឋធានីហ្សាកាតានៅពេលដែលពួកមេដឹកនាំអាស៊ានជួបគ្នានៅខែក្រោយ។
លោក Greenwood បាននិយាយទៀតថាការសម្រេចចិត្តប្រកបដោយការពិចារណាចំពោះដំណើរទស្សនកិច្ចរបស់លោក Wang គឺដើម្បីពង្រឹងការទាក់ទងខាងយុទ្ធសាស្ត្រជាមួយប្រទេសទាំង៣នៅតំបន់អាស៊ីអាគ្នេយ៍ទំនងស៊ីគ្នាទៅនឹងលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោក។
លោកបាននិយាយទៀតថា៖ «និយាយរួម ដំណើរទស្សនកិច្ចរបស់លោក Wang អាចត្រូវគេរំពឹងនឹងត្រូវបានចាត់ទុកដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តរបស់ខ្លួនថាជាការធម្មតាដោយមានការចង្អុលបង្ហាញតិចតួចថាដំណើរទស្សនកិច្ចនេះនឹងផ្លាស់ប្តូរស្ថានភាពនៅពេលបច្ចុប្បន្នចំពោះគោលនយោបាយការបរទេសនិងសន្តិសុខឬអាទិភាពរបស់ប្រទេសទាំង៣»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន