ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់សកម្មភាពដែលប៉ះពាល់ការប្រតិបត្តិសាសនា


រូបឯកសារ៖ បុរស​ម្នាក់​ដើរ​កាត់​រូប​ព្រះពុទ្ធនៅក្នុង​វត្ត​អារាម​មួយ នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ បុរស​ម្នាក់​ដើរ​កាត់​រូប​ព្រះពុទ្ធនៅក្នុង​វត្ត​អារាម​មួយ នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ម៉ាណែត ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​បញ្ជា​ឱ្យ​ទប់​ស្កាត់​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​ការ​ប្រតិបត្តិ​សាសនា​នៅ​កម្ពុជា​ ហើយ​លោក​ថា​ រាល់​ការ​ប្រតិបត្តិ​សាសនា​ត្រូវ​មាន​មូលដ្ឋាន​ច្បាស់​លាស់។ ​ទោះ​ជា​យ៉ាង​ណា ​លោក​នាយក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ នេះ​មិន​មែន​រដ្ឋាភិបាល​បិទ​សិទ្ធិ​នៃ​ជំនឿ​សាសនា​នៅ​កម្ពុជា​ឡើយ។​

លោក​នាយក​រដ្ឋ​មន្រ្តី​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​ ២០២៣​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០២៤ ​របស់​ក្រសួង​បរិស្ថាន ​កាលពី​ថ្ងៃទី ​២១​ ខែ​ធ្នូ ​ឆ្នាំ​ ២០២៣។​

លោក​ថ្លែង​ថា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ ​ឃើញ​មាន​សកម្ម​ភាព​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​សាសនា ​ហើយ​លោក​ថា ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម ​ដែល​សកម្ម​ភាព​ទាំង​នោះ​ហាក់បី​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់។ ​លោក​បញ្ជាក់​ថា​ ត្រូវ​តែ​មាន​វិធាន​ការ​ជា​បន្ទាន់ ​ដើម្បី​ការពារ​តម្លៃ​សាសនា​និង​សង្គម។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖​ «អ៊ីចឹង​សុំ​ឱ្យ​ពិនិត្យ​មើល​រាល់​ការ​ប្រតិបត្តិ​អី​ផ្សេងៗ​ធ្វើ​សកម្ម​ភាព​ត្រូវ​មាន​មូលដ្ឋាន​ច្បាស់​លាស់។ ​យើង​មិន​បិទ​សិទ្ធិ​ [តែ ត្រូវ]​ឱ្យ​មាន​មូលដ្ឋាន​ច្បាស់​លាស់។ ​ទាក់​ទង​នឹង​ការងារ​ពីរ​ ទី​មួយ​ខ្លឹម​សារ​ថា​ មាន​ខ្លឹម​សារ​ច្បាស់​លាស់​អត់? ​ ទី​ពីរ​ការ​ចែក​ចាយ​និង​ការ​ធ្វើ​ប្រព្រឹត្ត​នៅ​កន្លែង​ទី​សាធារណៈ ​ដើម្បី​ការពារ​តម្លៃ​វប្បធម៌​របស់​យើង។ ​ យើង​គាំទ្រ​ការ​ប្រតិបត្តិ​សាសនា​ដែល​ធ្វើ​ត្រឹម​ត្រូវ។ ​ប៉ុន្តែ​មិន​ឱ្យ​យក​សាសនា​យក​ទៅ​ធ្វើ​ជា​ខែល​ ធ្វើ​ជា​លេស ​ដើម្បី​ធ្វើ​សកម្ម​ភាព​អី​ដែល​វា​នាំ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​តម្លៃ​សង្គម​របស់​យើង»។​

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​មិន​បាន​បញ្ជាក់​ចំៗ​ទៅ​លើ​សកម្ម​ភាព​ពាក់ព័ន្ធ​នឹង​ជំនឿ​អ្វី​ឡើយ។ ​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​គេ​សង្កេត​ឃើញ​ថា ​សកម្ម​ភាព​នៃ​ជំនឿ​លើ​បារមី​របស់​ព្រះអង្គ​ ចន្ទ មុនី ​កំពុង​កក្រើក​ពេញ​បណ្តាញ​សង្គម ​ដែល​អ្នក​ខ្លះ​រិះគន់​ថា​ ពលរដ្ឋ​មិន​គួរ​មាន​ជំនឿ​បែប​នេះ​ឡើយ។​

លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​ណែនាំ​ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​ធម្មការ ​និង​សាសនា ​ត្រូវ​តែ​ពិនិត្យ​មើល​ករណី​នេះ​ជា​បន្ទាន់ ​ដើម្បី​ថែ​រក្សា​នូវ​តម្លៃ​នៃ​សាសនា។​

លោក ​ហ៊ុន ម៉ាណែត ​បញ្ជាក់​ថា៖ ​«ខ្ញុំ​សុំ​ឱ្យ​ពិនិត្យ​មើល។ សិទ្ធិ​របស់​គាត់​មាន​មូលដ្ឋាន​ច្បាស់​លាស់។​ ប៉ុន្តែ​ក្រៅ​ពី​ហ្នឹង​ពិនិត្យ​មើល​ ជា​ពិសេស​រឿង​ផ្សព្វ​ផ្សាយ។ ​សិទ្ធិ​របស់​គាត់​ ធ្វើ​នៅ​ផ្ទះ​របស់​គាត់​ធ្វើ​ចុះ​បើ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ ​ប៉ុន្តែ​បើ​ចេញ​សារ​នេះ​ទៅ​ឱ្យ​សាធារណៈ ​បើ​ជា​ចេញ​មក​ក្នុង​ន័យ​ទាក់​ទាញ​ក្នុង​ន័យ​ផ្សេងៗ​ ឬ​មួយ​ធ្វើ​អាជីវ​កម្ម​លើ​រឿង​ហ្នឹង​ត្រូវ​មាន​បញ្ហា ​ត្រូវ​ពិនិត្យ​មើល»។​

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើ​តាម​នាយក​រដ្ឋមន្រ្តី ​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​សិទ្ធិ​ក្នុង​ការ​គោរព​ប្រតិបត្តិ​សាសនា ​ហើយ​រដ្ឋាភិបាល​ក៏​មាន​កាតព្វ​កិច្ច​ការពារ​នូវ​តម្លៃ​សាសនា ​និង​ការពារ​នូវ​តម្លៃ​សង្គម​ផង​ដែរ​ ដើម្បី​ធានា​ថា​ ​ការ​ជឿ​លើ​សាសនា​ត្រូវ​តែ​មាន​មូលដ្ឋាន​ច្បាស់​លាស់។ ​លោក​បន្ថែម​ថា​ បើ​សិន​ជា​មិន​មាន​ការ​ពិនិត្យ​មើល​ទៅ​លើ​ការ​ប្រើប្រាស់​សិទ្ធិ​ទាំង​អស់​នេះ​ទេ​ នោះ​វា​នឹង​ធ្វើ​ឱ្យ​តម្លៃ​នៃ​វប្បធម៌​សាសនា​មាន​ភាព​ច្របូក​ច្របល់។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​ និង​សាសនា​ លោក ​ សេង សុមុនី ​បាន​នៅ​ឡើយ​ទេ។​

កាល​ពី​កន្លង​ទៅ ​អ្នក​តាម​ដាន​សង្គម​មួយ​ចំនួន​ក៏​ធ្លាប់​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ជំនឿ ​ដើម្បី​បញ្ចៀស​ជម្លោះ​នានា​ដែល​អាច​កើត​មាន​ឡើង ​ខណៈ​មាន​ភាព​ចម្រូង​ចម្រាស​លើ​ករណី​ព្រះ​អង្គ ​ចន្ទ មុនី​ ដែល​ជា​ព្រះ​សង្ឃ​មួយ​អង្គ​គង់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​ពាក់ព័ន្ធ​នឹង​បារមី​របស់​ព្រះអង្គ។​

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ​ លោក ​សេក សុជាតិ​ លើក​ឡើង​ថា​ លោក​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ដោយ​លោក​យល់​ឃើញ​ថា​ បច្ចុប្បន្ន​នេះ ​ការ​ប្រើ​ប្រាស់​ឥទ្ធិពល​សាសនា​តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​នូវ​ចលនា​ផ្សេងៗ ​ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍​ឬ​ក៏​គាំទ្រ​ទៅ​លើ​និន្នាការ​សាសនា​ណា​មួយ​នោះ ​មាន​ភាព​រសើប​ច្រើន​ ព្រម​ទាំង​មាន​ការ​រិះគន់​ជា​ហូរហែ​ពី​សំណាក់​សាធារណ​ជន​ផង​ដែរ។​ លោក​ថា​ ក្រសួង​ធម្មការ ​និង​សាសនា​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​កិច្ចការ​ទាំង​អស់​នេះ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «តួនាទី​ភារកិច្ច​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​ធម្មការ​ និង​សាសនា​ ដែល​ជា​សេនាធិការ​ដែល​ទទួល​បន្ទុក​នៅ​ក្នុង​វិជ្ជាជីវៈ​របស់​ខ្លួន ​ជំនួស​នាយក​រដ្ឋ​មន្ត្រី។ ​ខ្ញុំ​គិត​ថា​ នេះ​ជា​ការងារ​មួយ​ដែល​ពួក​គាត់​ត្រូវ​តែ​ធ្វើ​តាំង​ពី​ដើម​ទី​មក ​មិន​មែន​រង់ចាំ​រហូត​ទៅ​ដល់​នាយក​រដ្ឋ​មន្រ្តី​ណែនាំ ​ចង្អុល​បង្ហាញ​គ្រប់​ផ្លូវ​នោះ​ទេ»។​

លោក​ជំរុញ​ឱ្យ​ក្រសួង​ធម្មការ​ និង​សាសនា​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ករណី​ជំនឿ​លើ​បារមី​របស់​ព្រះអង្គ​ចន្ទ មុនី​ដើម្បី​ទប់​ស្កាត់​រាល់​សកម្ម​ភាព​ឬ​ព្រឹត្តិ​ការណ៍​ទាំង​ឡាយ​ណា​ដែល​បង្ក​ឱ្យ​ប៉ះពាល់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​របស់​សាសនា ​និង​សន្តិសុខ​សង្គម។​

លោក​បញ្ជាក់​ថា៖​ «ក្រសួង​ធម្មការ ​និង​សាសនា​គួរតែ​បើក​ការ​ស៊ើប​អង្កេត​មួយ​ឱ្យ​បាន​ច្បាស់​លាស់ ​ហើយ​ស្នើសុំ​ឱ្យ​អ្នក​ដែល​ធ្វើ​សកម្ម​ភាព​តាម​បែប​សាសនា​នេះ ​ផ្អាក​ជា​បណ្តោះ​អាសន្ន​រហូត​មាន​របាយ​ការណ៍​ស្រាវជ្រាវ​ជាក់លាក់​មួយ​ឃើញ​ថា​ ពិត​ជា​មាន​អ្នក​មាន​បុណ្យ​មក​ចាប់​កំណើត​មែន​អ៊ីចឹង។ បើ​សិន​ជា​រក​មិន​ឃើញ​ទេ​ គួរ​តែ​ពិចារណា​ទៅ​ដល់​ការ​ដាក់​ទោស​ទៅ​តាម​វិស័យ​សាសនា​ ក៏​ដូច​ជា​បញ្ជូន​បន្ត​ទៅ​តុលាការ​ ប្រសិន​បើ​អ្នក​ដែល​នៅ​ពី​ខាង​ក្រោយ​នៃ​ព្រឹត្តិ​ការណ៍​បង្កើត​សាសនា​ហ្នឹង»។​

លោក​បន្ថែម​ថា​បើសិន​ជា​មិន​មាន​ការ​ទប់​ស្កាត់​សកម្ម​ភាព​ទាំង​អស់​នេះ​ទេ ​នោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​មាត់​សេចក្តី​ថ្លៃថ្នូរ​ វប្បធម៌​ និង​ប្រពៃណី​ជាតិ​របស់​ប្រទេស​កាន់​តែ​ខ្លាំង។​

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពល​រដ្ឋ ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព ​លោក ​យង់ គិមអេង ​យល់​ឃើញ​ថា ​បើ​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​ការ​មាន​ជំនឿ​ឬ​ជឿ​ទៅ​លើ​សាសនា​អ្វី​មួយ​ ជា​សិទ្ធិ​របស់​ពលរដ្ឋ។​ ប៉ុន្តែ​លោក​ថា​ ​រាល់​ជំនឿ​ទាំង​អស់​នោះ​គប្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ប៉ះ​ពាល់​អ្នក​ដទៃ​ដែល​ធ្វើ​ឱ្យ​កើត​ជា​ជម្លោះ​រវាង​អ្នក​ជឿ ​និង​អ្នក​មិន​ជឿ។​

លោក​ថ្លែង​ថា៖ ​ «បើ​សិន​ជា​មាន​ករណី​ហ្នឹង​កើត​ឡើង​ រដ្ឋ​ហ្នឹង​ត្រូវ​មាន​ការ​អន្តរាគមន៍​សម្រប​សម្រួល​ ដើម្បី​កុំ​ឱ្យ​ទំនាស់​រវាង​ការ​ជឿ​ឬ​មិន​ជឿ​នោះ​កើត​ឡើង​ ឬ​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​ជំនឿ​សាសនា​ផ្សេងៗ​គ្នា​នោះ​មាន​ជម្លោះ​ទាស់ទែង​គ្នា​កើត​ឡើង​ គឺ​ឱ្យ​ចេះ​ទទួល​យក​ភាព​ផ្សេង​គ្នា ​ចម្រុះ​ខាង​សាសនា ​ព្រោះ​យើង​មិន​អាច​បង្ខំ​មនុស្ស​មិន​ឱ្យ​ជឿ​សាសនា​នេះ​ មិន​ឱ្យ​ជឿ​អ្នក​នោះ​ ហើយ​បង្ខំ​ឱ្យ​ទៅ​ជឿ​អ្នក​នេះ​ ទៅ​ជឿ​សាសនា​នោះ​អាហ្នឹង​គឺ​ពិបាក»។​

លោក​បន្ថែម​ថា​ លោក​មិន​ចង់​ឃើញ​អន្តរាគមន៍​ណា​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ជំនឿ​របស់​ប្រជា​ពលរដ្ឋ​ទេ។ ​ប៉ុន្តែ​លោក​ចង់​ឃើញ​អន្តរាគមន៍​ដែល​សម្រប​សម្រួល​ក្នុង​ការ​អនុវត្ត​ជំនឿ​សាសនា​របស់​ប្រជា​ពលរដ្ឋ ​និង​អន្តរាគមន៍​កុំ​ឱ្យ​មាន​ការ​ទាស់​ទែង​គ្នា​កើត​ឡើង។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ចុង​ខែ​តុលា ​គេ​ឃើញ​ព្រះអង្គ​ ចន្ទ មុនី ​និមន្ត​ទៅ​សួរ​សុខ​ទុក្ខ​លោក​ ហ៊ុន សាន ​ដែល​ជា​បង​ប្រុស​ច្បង​របស់​អតីត​នាយក​រដ្ឋ​មន្រ្តី ​លោក​ ហ៊ុន សែន​ និង​ត្រូវ​ជា​ឪពុក​របស់​លោក ​ហ៊ុន ជា​ ដែល​ពេល​នោះ ​លោក ​ហ៊ុន សាន ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ។

​គេ​ក៏​ឃើញ​វត្តមាន​របស់​ព្រះ​អង្គ​ ចន្ទ មុនី​ នៅ​ផ្ទះ​របស់​អ្នកស្រី ​ហ៊ុន ស៊ីណាត ​ប្អូន​ស្រី​របស់​លោក​ ហ៊ុន សែន។​ ចំណែក​កាល​ពី​ពេល​ថ្មីៗ​នេះ ​គេ​ក៏​ឃើញ​ព្រះ​អង្គ​ ចន្ទ មុនី​ និមន្ត​ប្រោះ​ព្រំ​នៅ​ភូមិ​គ្រឹះ​របស់​អ្នក​ឧកញ៉ា សុខ គង់​ ផង​ដែរ៕

XS
SM
MD
LG