ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ UNDP​ បង្កើត​សមាគម​មនុស្ស​ចាស់ ដោយ​យក​វត្តអារាម​ជា​ទីតាំង​មូលដ្ឋាន


ដូនជី និង​ពុទ្ធបរិស័ទ​រាប់​រយនាក់​ចូលរួម​ធ្វើ​វិបស្សនា នៅវត្ត​រាជបូព៌ នៅ​ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
ដូនជី និង​ពុទ្ធបរិស័ទ​រាប់​រយនាក់​ចូលរួម​ធ្វើ​វិបស្សនា នៅវត្ត​រាជបូព៌ នៅ​ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិឬUNDP បាន​សហការ​ជាមួយ​អង្គការ HelpAge Cambodia និងក្រសួង​សង្គម អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា បង្កើត​សមាគម​មនុស្ស​អន្តរ​ជំនាន់ ដោយ​យក​វត្ត​អារាម​ជា​កន្លែង​មូល​ដ្ឋាន ក្រោយ​រក​ឃើញ​ថា​មនុស្ស​ចាស់​ប្រមាណ​ជា​៥០%​មិន​មាន​ការងារ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​នឹង​រង​ប៉ះ​ពាល់​ផ្នែក​ហរិញ្ញ​វត្ថុ។

ការ​សិក្សា​របស់​ UNDP ​ដែល​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​តុលា​ បញ្ជាក់​ថា​ មនុស្ស​ចាស់​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​បន្ទុក​ផ្នែក​សេដ្ឋ​កិច្ច​ ដោយ​មនុស្ស​ចាស់​ទាំង​អស់​នោះ​មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ មាន​ការ​រើស​អើង​ និង​មាន​ការ​បំពាន​ជាដើម។ ​ការ​សិក្សា​ដដែល​នោះ​ក៏​បង្ហាញ​ថា ​ស្ត្រី​វ័យ​ចំណាស់​មាន​ហានិភ័យ​ខ្ពស់​ ជា​ពិសេស​អ្នក​ដែល​មាន​ពិការភាព។ ​ភាព​ងាយ​រង​គ្រោះ​ដែល​មនុស្ស​ចាស់​ជួប​ប្រទះ​គឺ​ទាក់​ទង​នឹង​ពិការ​ភាព ​និង​លទ្ធភាព​នៃ​ការ​ទទួល​បាន​ការងារ​ធ្វើ​មាន​តិច​នៅ​ពេល​ដែល​ពួក​គាត់​ទាំង​នោះ​មាន​អាយុ​ចាប់​ពី​៧៥​ឆ្នាំ​ឡើង​ទៅ។​

ការ​សិក្សា​របស់​ UNDP ​បង្ហាញ​ទៀត​ថា​ ចំនួន​ប្រជាជន​វ័យ​ចំណាស់​អាច​នឹង​កើន​ឡើង​ទ្វេ​ដង​ក្នុង​ចន្លោះ​ឆ្នាំ​២០១៩ ​ដល់​២០៥០ ​ខណៈ​ពេល​យុវជន​វ័យ​ក្មេង​ក្នុង​ពេល​បច្ចុប្បន្ន​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ពី​បញ្ហា​ប្រឈម​នានា​របស់​មនុស្ស​ចាស់។​

UNDP ​បញ្ជាក់​ក្នុង​របាយ​ការណ៍​ជា​ភាសា​អង់គ្លេស ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​ «ចំនួន​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។​ ចន្លោះ​ឆ្នាំ​២០១៩​ និង​២០៥០ ​សមាមាត្រ​នៃ​មនុស្ស​ចាស់​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ច្រើន​ជាង​ពីរ​ដង​គឺ​ពី​ប្រហែល​ ៨,៩%​ទៅ​២១%​នៃ​ចំនួន​ប្រជាជន​សរុប។ ​ខណៈ​ពេល​ដែល​មាន​ការ​ពិភាក្សា​ជា​ច្រើន​អំពី​បញ្ហា​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ មិន​ទាន់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គោល​នយោបាយ​ច្រើន​ចំពោះ​បញ្ហា​នៃ​ចំនួន​ប្រជាជន​វ័យ​ចំ​ណាស់»។

អង្គការ​ UNDP​ ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិក​អ៊ីម៉េល​ថា​ ការ​បង្កើត​ឱ្យ​មាន​សមាគម​មនុស្ស​ចាស់​ ឬ​ Older People's Association ​(OPA)​ នេះ​មាន​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាល​ភាព​របស់​មនុស្ស​ចាស់ ​និង​ធានា​ថា​ ពួក​គាត់​អាច​ចូល​រួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​សង្គម​ដោយ​មាន​សេរី​ភាព និង​សេចក្តី​ថ្លៃ​ថ្នូរ។​ អង្គការ​ UNDP ​បន្ត​ទៀត​ថា​ រដ្ឋា​ភិបាល​កម្ពុជា​បាន​ផ្តួច​ផ្តើម​គំនិត​ថ្មី​នៃ​សមាគម​មនុស្ស​ចាស់ ​ដែល​ហៅ​ថា​ សមាគម​មនុស្ស​ចាស់​អន្តរ​ជំនាន់​ដែល​រួម​បញ្ចូល​ស្ថាប័ន​ប្រពៃណី ​ដូច​ជា​វត្ត​អារាម​ ដើម្បី​សម្រប​តាម​ជម្រើស​ ផល​ប្រយោជន៍​ ចំណង់​ចំណូល​ចិត្ត ​និង​តម្រូវ​ការ​ជាក់​លាក់​របស់​មនុស្ស​វ័យ​ចំ​ណាស់ ​ដោយ​សារ​ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅ​មុខ​បន្តិច​ម្តងៗ​ឆ្ពោះ​ទៅ​រក​សង្គម​មនុស្ស​ចាស់។​

ការ​បង្កើត​គំរូ​ថ្មី​នៃ​សមាគម​មនុស្ស​ចាស់​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​វត្ត​អារាម​ គឺ​ស្រប​តាម​គោល​នយោបាយ​ជាតិ​មនុស្ស​ចាស់​ឆ្នាំ ​២០១៧-២០៣០។ ​បន្ថែម​ពី​លើ​អត្ថ​ប្រយោជន៍​ប្រពៃណី​ OPAs ​ក៏​រៀបចំ​ឱ្យ​មនុស្ស​វ័យ​ក្មេង​មាន​ចំណេះ​ដឹង​ដែល​អាច​ឱ្យ​ពួក​គេ​ដឹក​នាំ​ជីវិត​ប្រកប​ដោយ​ផលិត​ភាព ​មាន​សុខភាព​ល្អ ​សកម្ម និង​សេចក្តី​ថ្លៃ​ថ្នូរ​នៅ​ក្នុង​វ័យ​ចាស់។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ UNDP ​ប្រចាំ​កម្ពុជា។​

អង្គការ​ UNDP​ ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​ «ការ​ជ្រើស​រើស​វត្ត​ជា​កន្លែង​សាក​ល្បង​គឺ​ជា​យុទ្ធ​សាស្ត្រ។ ​កាល​ណា​មនុស្ស​មាន​វ័យ​កាន់​តែ​ច្រើន​ជា​ទម្លាប់​ពួកគាត់​ទៅ​វត្ត។​ ជាង​នេះ​ទៅ​ទៀត​៩០%​ នៃ​សង្គម​ជា​ពុទ្ធ​សាសនិក​ ហើយ​វត្ត​អារាម​មាន​ប្រមាណ​៥​ពាន់​ពាស​ពេញ​ផ្ទៃ​ប្រទេស។ ​លើស​ពី​គោល​បំណង​សាសនា​របស់​ពួក​គេ​ ​ វត្ត​អារាម​តែង​តែ​ជា​ឋាន​សួគ៌​សម្រាប់​ជន​ក្រីក្រ ​ជន​មាន​ពិការ​ភាព ​ចាស់​ជរា ​និង​ជន​អនាថា។​ ដូច្នេះ​ហើយ ពួក​គេ​ដើរ​តួ​យ៉ាង​រស់​រវើក​នៅ​ក្នុង​រចនា​សម្ព័ន្ធ​សង្គម​វប្បធម៌​របស់​ប្រទេស ​ហើយ​បង្កើត​ជា​បណ្តាញ​សង្គម​សរីរាង្គ ​និង​ក្រៅ​ផ្លូវ​ការ។ ​គំរូ ​OPA ​ដែល​មាន​មូលដ្ឋាន​តាម​វត្ត​អាច​ត្រូវ​បាន​ធ្វើ​តាម​នៅ​ក្នុង​ស្ថាប័ន​ប្រពៃណី ឬ​សាសនា​ផ្សេង​ទៀត ​ដូច​ជា​វិហារ​អ៊ីស្លាម ​ឬ​ព្រះ​វិហារ​ជា​ដើម»។​

បើ​តាម​អង្គការ​ UNDP​ សមាគម​មនុស្ស​ចាស់​នេះ​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដូចជា​ការ​ឱ្យ​មាន​សង្គម​ភាវូបនីយ​កម្ម ​និង​ភាព​ជា​ដៃ​គូ​ ការ​តស៊ូ​មតិ ​និង​ភាព​តំណាង ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ និង​សេវា​សុខ​ភាព ​សកម្ម​ភាព​កម្សាន្ត ​និង​វប្ប​ធម៌​ ការ​មាន​ការងារ​ស្ម័គ្រ​ចិត្ត ​និង​ការ​ចូល​រួម​ក្នុង​សហ​គមន៍ ​និង​ការ​ទទួល​បាន​ការ​ថែ​ទាំ​តាម​ផ្ទះ​ដល់​ក្រុម​មនុស្ស​ចាស់។​

ការ​បង្កើត​គម្រោង​សមាគម​មនុស្ស​ចាស់​នេះ​មាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​ប្រទេស​អូស្ត្រាលី សាធារណ​រដ្ឋ​កូរ៉េ ​និង​លុចសំបួ​(Luxembourg)។ ​UNDP ​ក៏​បាន​សហការ​ជាមួយ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន​ និង​យុវនីតិ​សម្បទា ​និង​អង្គការ​ HelpAge Cambodia ​ដោយ​កំពុង​សាក​ល្បង​បង្កើត​សមាគម​មនុស្ស​ចាស់​អន្តរ​ជំនាន់​ថ្មី ​ដែល​រួម​បញ្ចូល​ស្ថាប័ន​ប្រពៃណី ​គឺ​វត្ត​អារាម។​

អង្គការ​ ​UNDP ​ប្រាប់​វីអូអេ​ថា៖​ «គំនិត​នៃ​សមាគម​មនុស្ស​ចាស់​អន្តរ​ជំនាន់​គឺ​ស្ម័គ្រ​ចិត្ត ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ចាស់​ដែល​ជា​សមាជិក​នៃ​ OPAs ​ត្រូវ​បាន​បញ្ជូន ​ឬ​បង្ខិត​បង្ខំ​ដោយ​កូន​របស់​ពួក​គាត់​ឱ្យ​ចូល​រួម​នោះ​ទេ។ ​ពួក​គាត់​ជ្រើស​រើស​ចូល​រួម​ដើម្បី​ជា​ផ្នែក​មួយ​នៃ​សង្គម ​ឬ​ក្រុម​ដែល​មាន​មូលដ្ឋាន​លើ​សហគមន៍​ ដែល​ប្រភេទ​នៃ​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ​និង​ឱកាស​សម្រាប់​អន្តរ​កម្ម​សង្គម​ត្រូវ​បាន​ផ្តល់​ដោយ​មនុស្ស​ចាស់​ខ្លួន​ឯង​ ឬ​ដោយ​មនុស្ស​ជំនាន់​ក្រោយ​ដែល​ស្ម័គ្រ​ចិត្ត​ជួយ។ ​សមាគម​មនុស្ស​ចាស់​ខុស​ពី​ផ្ទះ​ចូល​និវត្តន៍ ​ដែល​មនុស្ស​ចាស់​អាច​នៅ​ដាច់​ដោយ​ឡែក​ពី​គ្រួសារ ឬ​អ្នក​ជុំវិញ​ខ្លួន»។​

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ប្រាប់វីអូអេថា ការបង្កើតសមាគមមនុស្សចាស់នេះក្នុងគោលបំណងលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងគុណភាពជីវិតរបស់មនុស្សចាស់ លើកទឹកចិត្ដ និងជំរុញមនុស្សចាស់ឱ្យជួយគ្នាទៅវិញទៅមកតាមរយៈការផ្ដល់វេទិកាមួយសម្រាប់ការពិភាក្សាពីបញ្ហារបស់ពួកគាត់រៀបចំដោះស្រាយ និងប្រារព្ធពិធីបុណ្យ និងព្រឹត្ដិការណ៍សំខាន់ៗ ព្រមទាំងជំរុញ និងផ្សព្វផ្សាយពីការគាំទ្ររបស់សហគមន៍ចំពោះមនុស្សចាស់ដែលងាយរងគ្រោះ។ លោកបន្តថា វត្តអារាមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សុខុមាលភាពទៅមនុស្សចាស់ជរា និងមនុស្សគ្មានទីពឹង។

លោកថ្លែងថា៖ «យើងសង្កេតឃើញថា វត្ដអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពមនុស្សចាស់ ព្រោះថា វត្ដអារាម ឬអារាមសាសនា គឺជាកន្លែងស្ងប់ស្ងាត់ដែលជួយដល់មនុស្សចាស់ក្នុងការសមាទានសីល ទទួលបានការគាំទ្រពីព្រះសង្ឃ តាមរយៈការផ្ដល់ចំណីអាហារសម្រាប់ហូបចុក និងកន្លែងស្នាក់នៅសម្រាប់មនុស្សចាស់ ជាពិសេសមនុស្សចាស់ក្រីក្រគ្មានទីពឹង។ ហើយវត្ដអារាម ឬអារាមសាសនាក៏ជាកន្លែងមួយងាយស្រួលក្នុងការប្រមូលផ្ដល់ និងផ្ដល់ការថែទាំមនុស្សចាស់បានផងដែរ»។

អ្នកនាំពាក្យរូបនេះបន្ថែមថា បច្ចុប្បន្នក្រសួងសង្គមកិច្ចបានសហការជាមួយអង្គការ UNDP ក្នុងការបង្កើតសមាគមមនុស្សចាស់អន្តរជំនាន់ ដែលស្ថិតនៅក្នុងរាជធានីខេត្តចំនួន១០រួមមាន រាជធានីភ្នំពេញ ខេត្ដព្រៃវែង ខេត្ដស្វាយរៀង ខេត្ដត្បូងឃ្មុំ ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដសៀមរាប ខេត្ដបន្ទាយមានជ័យ ខេត្ដបាត់ដំបង និងខេត្ដព្រះវិហារ។

កាល​ពី​ថ្ងៃ​ទី​២ ​ខែ​តុលា​ ឆ្នាំ​២០២៣​នេះ ​លោក​ ជា សុមេធី ​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវ​នីតិ​សម្បទា ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ខួប​២៥​ឆ្នាំ​នៃ​ទិវា​មនុស្ស​ចាស់​កម្ពុជា ​និង​អន្តរជាតិ​ថា​ លោក​ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៅ​លើ​មនុស្ស​ចាស់​នៅ​កម្ពុជា​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ និង​លើក​ទឹក​ចិត្ត​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក ​និង​បរទេស ​ដើម្បី​បង្កើត​ជា​មជ្ឈ​មណ្ឌល​ថែ​ទាំ ​មនុស្ស​ចាស់​ជរា​គ្មាន​ទីពឹង ​ក្នុង​ការ​ផ្តល់​សេវា​ថែ​ទាំ​មនុស្ស​ចាស់ ​តាម​រយៈ​ភ្នាក់​ងារ​ដែល​មាន​ជំនាញ​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ​ ដើម្បី​ឱ្យ​មនុស្ស​ចាស់​ជរា​គ្មាន​ទី​ពឹង​ទទួល​បាន​ការ​ថែ​ទាំ​កាន់​តែ​ប្រសើរ​ជាង​មុន។​

លោក​បន្ត​ថា ​ក្រសួង​សង្គមកិច្ច ​និង​គណៈ​កម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់​ ត្រូវ​បន្ត​ពង្រឹង ​និង​ពង្រីក​សមាគម​មនុស្ស​ចាស់​នៅ​តាម​ឃុំ​ សង្កាត់​ ការ​ជំរុញ​កម្មវិធី​អភិវឌ្ឍន៍​មនុស្ស​ចាស់​តាម​សហ​គមន៍ ​និង​កម្មវិធី​ថែ​ទាំ​មនុស្ស​ចាស់​តាម​គ្រួសារ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ​ជា​ពិសេស​ការ​ជំរុញ​រៀបចំ​ និង​ដំណើរ​ការ​សេវា​ជន​ចាស់​ជរា ​ដើម្បី​បណ្តុះ​បណ្តាល​ភ្នាក់ងារ​ផ្តល់​សេវា​ថែ​ទាំ​ជន​ចាស់​ជរា។​

ក្នុង​របាយ​ការណ៍​ជំរឿន​ឆ្នាំ​២០១៩ ​កម្ពុជា​មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន​១,៣៨​លាន​នាក់​ ឬ​ប្រហែល​៨,៩%​ នៃ​ចំនួន​ប្រជាជន​សរុប។ ​ឯកសារ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា​ ចំនួន​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​អាច​កើន​ឡើង​ដល់​១,៥​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០២៥។

បើ​តាម​រដ្ឋាភិបាល​កម្ពុជា​ មនុស្ស​ចាស់​ជួប​ប្រទះ​ការ​លំបាក ​និង​បញ្ហា​ប្រឈម​ ក្រោម​ហេតុផល​មួយ​ចំនួន ដូច​ជា​រស់​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល​ មាន​ជីវភាព​មិន​ធូរធារ​ អត្រា​អក្ខរកម្ម​ទាប ​ការ​យល់​ដឹង​ផ្នែក​អនាម័យ ​និង​សុខភាព​នៅ​មាន​កម្រិត ​បញ្ហា​ប្រាក់​ចំណូល​របស់​ក្រុម​គ្រួសារ​មនុស្ស​ចាស់​ និង​មនុស្ស​ចាស់​ជា​ស្រ្តី​នៅ​មាន​បន្ទុក​គ្រួសារ​ក្នុង​ការ​ថែទាំ​ចៅៗ​ដែល​នៅ​ជាមួយ​ ដោយ​សារ​ឪពុក​ម្តាយ​របស់​ពួក​គេ​ធ្វើ​ចំណាក​ស្រុក​ ការ​លែង​លះ​គ្នា ​ហើយ​មិន​ទទួល​ខុសត្រូវ​លើ​កូន​ចៅ ​ឬ​ទទួល​មរណភាព​ដោយ​សារ​ជំងឺ ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍៕​

កំណត់​ចំណាំ​នៃ​ការ​កែ​តម្រូវ៖ អត្ថបទ​មុន​ត្រូវ​បាន​កែ​សម្រួល​ចំណង​ជើង និង​បន្ថែម​ព័ត៌មាន​ទៅ​ក្នុង​សាច់​រឿង។

XS
SM
MD
LG