ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្ថុ​បុរាណ​ចំនួន ​៣៣ ​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​ពី​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាង«ក្រមសីលធម៌នៃអ្នកសិល្បៈ» ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាង«ក្រមសីលធម៌នៃអ្នកសិល្បៈ» ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/វីអូអេ)

ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋាភិបាល​អាមេរិក និង​កម្ពុជា​ វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ ៣៣ នឹង​ត្រូវ​ប្រគល់​មក​កម្ពុជា​វិញពី​គ្រួសារ​ Lindemann នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​គ្រប់​គ្រង​វត្ថុបុរាណ​នេះ​រាប់​ឆ្នាំ​មក​ហើយ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​កម្ពុជា ចុះថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ វត្ថុ​បុរាណ​ទាំង​នោះ រួម​មាន​បដិមា​ព្រះវិស្ណុ​ផ្ទុំ និង​បដិមា​អឌ្ឍនារី​ស្វរ/អធ៌​នារី​ស្វរ ដែល​ត្រូវ​បាន​លួច​ចេញ​ពី​ប្រាសាទ​ក្រចាប់ ស្ថិត​ក្នុង​អតីត​រាជធានី​កោះ​កេរ​ តាំង​ពី​ទស្សវត្សរ៍​១៩៩០។

បើ​តាម​ក្រសួង​វប្បធម៌ រូប​ចម្លាក់​ទាំង​នេះ​ត្រូវ​បាន​លួច​ចេញ​ពី​ប្រាសាទ​តែ​មួយ​ដែល​តម្កល់​ព្រះ​បដិមា​ព្រះ​ឥសូរ និង​ព្រះ​ស្កន្ទ និង​បដិមា​ព្រះ​ស្កន្ទគង់​លើ​ក្ងោក។

ក្នុង​ចំណោម​វត្ថុ​ដែល​ប្រគល់​មក​វិញ​នេះ​ ក៏​មាន​ចម្លាក់​មួយ​អង្គ​ ដែល​គេ​ជឿ​ជាក់​ថា​ជា​ប​ដិមា​ព្រះ​ធ្ឬ​ស្ថឡុមន៍​ ដែលមាន​ប្រភព​មក​ពី​ប្រាសាទ​ចិន ក្នុង​រមណី​ដ្ឋាន​ប្រាសាទ​កោះ​កេរ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែង​នៅ​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌មាន​ថា រដ្ឋាភិបាល​កម្ពុជា​កោត​សរសើរ​ចំពោះ​គ្រួសារ​ Lindemann ដែល​បាន​ទទួល​ស្គាល់​ថា ​សម្បត្តិ​វប្បធម៌​របស់​កម្ពុជា​ដែល​ខ្លួន​កំពុង​កាន់​កាប់​ គឺ​បាន​មក​ដោយ​មិន​ស្របច្បាប់​ ហើយ​ស្ម័គ្រ​ចិត្ត​ប្រគល់​វត្ថុ​បុរាណ​ទាំង​មក​ឱ្យ​កម្ពុជា​វិញ​។

រដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា​៖ «យើង​មាន​សេចក្តី​រំភើប​ក្រៃលែង​ ដែលស្នាដៃ​ដ៏ល្អ​ឯក​ទាំង​នេះ​ត្រូវ​បាន​ប្រគល់​មកវិញ​ បន្ទាប់​ពី​កិច្ច​សហការ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ និង​ការ​ខិតខំ​ប្រឹង​ប្រែង​អស់​រយៈ​ពេល​បី​ឆ្នាំ​មក»។

អ្នកស្រី​បន្ថែមថា៖«​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នូវសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ទាំង​នេះ​ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ផ្សះ​ផ្សា និង​ព្យាបាល​របួស​ផ្លូវ​ចិត្ត​របស់​ប្រជាជន​កម្ពុជា​ ដែល​បាន​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​រាប់​ទសវត្សរ៍​ និង​រង​គ្រោះ​ដ៏​ឈឺ​ចាប់​ពី​សោក​នាដកម្ម​នៃ​អំពើ​ប្រល័យ​ពូ​ជសាសន៍​ខ្មែរ​ក្រហម»។

ទោះ​ជាយ៉ាង​ណាក្តី​ នៅ​ពេល​វីអូអេ​ទាក់​ទង​ទៅ​ដោយ​សួរ​ពី​ពេល​វេលា​ជាក់​លាក់​នៃ​ការ​បញ្ជូន​វត្ថុ​បុរាណ​ទាំង​នោះ​ត្រឡប់​មក​កម្ពុជា​វិញ អ្នកស្រី ភឿង សកុណា​ បញ្ជាក់ថា​៖ «ឥឡូវ​នៅ​ក្នុង​កន្លែង​ឃ្លាំង​នៅ​សហរដ្ឋ​អាមេរិក។ អ៊ីចឹង​ទាល់​តែ​យើង​ប្រមូល​បាន​ច្រើន​ យើង​ដាក់​មក​ម្តងតែ​ម្តង។ ពួក​ខ្ញុំ​អត់​បាន​កំណត់​ថ្ងៃម​ក​ទេ​»។

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០២១ រូបចម្លាក់ ព្រះស្កន្ទ​គង់​លើ​ក្ងោក​ដែល​ជាវត្ថុ​បុរាណ​ដែល​មាន​សារៈ​សំខាន់​ខាង​វប្ប​ធម៌ និង​សាសនា​យ៉ាង​ខ្លាំង​សម្រាប់​ប្រជា​ជន​កម្ពុជា ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា។ ​រូប​ចម្លាក់​ព្រះស្កន្ទគង់​លើ​ក្ងោក»ឆ្លាក់​ឡើង​ពី​ថ្មភក់​ក្នុង​រចនាបថ​កោះ​កេរ​នៃ​សម័យ​អង្គរ​ពាក់​កណ្តាល​ទី១ ​នៃ​សតវត្សរ៍ទី​១០ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​«​គំរូ​នៃ​ភាព​ច្នៃប្រឌិត​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​បុព្វ​បុរស​ខ្មែរ»៕

XS
SM
MD
LG