ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មណ្ឌល​សុខភាព​នៅ​តំបន់​ជនបទ​នៅ​ខ្វះ​ធនធាន


មណ្ឌល​សុខភាព​ព្រះដាក់ មាន​ទីតាំង​នៅ​ភូមិ​ព្រះដាក់ ឃុំ​ព្រះដាក់ ស្រុក បន្ទាយស្រី ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា។ (ទែន សុខស្រីនិត/VOA)
មណ្ឌល​សុខភាព​ព្រះដាក់ មាន​ទីតាំង​នៅ​ភូមិ​ព្រះដាក់ ឃុំ​ព្រះដាក់ ស្រុក បន្ទាយស្រី ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា។ (ទែន សុខស្រីនិត/VOA)

គម្រោង​យុទ្ធ​សាស្ត្រ​សុខាភិបាល​របស់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២​ ដើម្បី​សម្រេច​ឲ្យ​បាន​តាម​គោលដៅ​អភិវឌ្ឍ​សហស​វត្សរ៍​ឆ្នាំ​២០១៥ ​និង​ដើម្បី​ធ្វើ​ឲ្យ​សេវា​ព្យាបាល​សុខភាព​សាធារណៈ​មាន​ភាព​ប្រសើរ​ឡើង ​ជាពិសេស​នៅ​តាម​តំបន់​ដាច់​ស្រយាល​ដែល​ខ្វះ​បុគ្គល​ពេទ្យ និង​សម្ភារៈ​ពេទ្យ។

ចាប់​តាំង​ពី​គម្រោង​យុទ្ធ​សាស្ត្រ​សុខាភិបាល​របស់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​បង្កើត ​និង​អនុវត្ត​ជាង​មួយ​ទស​វត្សរ៍​កន្លង​ទៅ​នេះ​ សេវា​សុខភាព​សាធារណៈ​នៅ​តាម​តំបន់​ជនបទ​នៅ​តែ​បន្ត​ខ្វះ​បុគ្គលិក​ពេទ្យ ​និង​សម្ភារៈ ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ខ្លះ​នៅ​តំបន់​នេះ​មិន​សូវ​យល់ដឹង​ពី​ការ​ថែ​រក្សា​អនាម័យ​រស់​នៅ​ប្រចាំ​ថ្ងៃ។​

គម្រោង​យុទ្ធ​សាស្ត្រ​សុខាភិបាល​របស់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២​ ដើម្បី​សម្រេច​ឲ្យ​បាន​តាម​គោលដៅ​អភិវឌ្ឍ​សហស​វត្សរ៍​ឆ្នាំ​២០១៥ ​និង​ដើម្បី​ធ្វើ​ឲ្យ​សេវា​ព្យាបាល​សុខភាព​សាធារណៈ​មាន​ភាព​ប្រសើរ​ឡើង ​ជាពិសេស​នៅ​តាម​តំបន់​ដាច់​ស្រយាល​ដែល​ខ្វះ​បុគ្គល​ពេទ្យ និង​សម្ភារៈ​ពេទ្យ។​

ក៏​ប៉ុន្តែ​ នៅ​តាម​តំបន់​ជនបទ​ខ្លះ​ ដូច​ជា​នៅ​ភូមិ​ព្រះដាក់ ​ស្រុក​បន្ទាយ​ស្រី ​ខេត្ត​សៀមរាប ​ការ​វិវត្ត​ឲ្យ​ប្រសើរ​ឡើង​នៃ​សេវា​សុខាភិបាល​សាធារណៈ​នៅ​មាន​ភាព​យឺតយ៉ាវ​នៅ​ឡើយ ​ហើយ​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​រក្សា​អនាម័យ ​និង​ការពារ​ជំងឺ​ឆ្លង​ផ្សេងៗ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។​

គ្រូពេទ្យ​ម្នាក់​នៅ​មណ្ឌល​សុខភាព​ព្រះដាក់​ ដែល​ស្ថិត​នៅ​ភូមិ​ព្រះដាក់​ ឃុំ​ព្រះ​ដាក់ ​ស្រុក​បន្ទាយស្រី ​ខេត្ត​សៀមរាប​ ឲ្យ​ដឹង​ថា ​ក្រុម​គ្រូពេទ្យ​របស់​គាត់​ខិតខំ​បំពេញ​ការងារ​តាម​តែ​អាច​ធ្វើ​បាន ​បើ​ទោះ​បី​ជា​កង្វះ​សមាសភាព​បុគ្គលិក​ពេទ្យ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ក្តី។​

គូ្រ​ពេទ្យ​នៅ​ទី​នេះ​បាន​បន្ត​ថា​ ដោយ​សារ​តែ​មាន​បុគ្គលិក​ពេទ្យ​មិន​គ្រប់គ្រាន់ ពួក​គាត់​មិន​សូវ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ពិនិត្យ​ជំងឺ​ទាំង​អស់​បាន​ទេ ​ជាពិសេស​គឺ​នៅ​ពេល​ដែល​មាន​អ្នក​ជំងឺ​ច្រើន​ក្នុង​ពេល​តែ​មួយ។ ​ដោយ​ឡែក ​ប្រជា​ពលរដ្ឋ​ខ្លះ​យល់​ថា ​ការ​ទិញ​ថ្នាំ​ពី​ឱសថស្ថាន​ឯកជនដើម្បី​យក​មក​ព្យាបាល​ជំងឺ​មាន​ប្រសិទ្ធភាព​ជាង​ការ​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​ក្នុង​ភូមិ។

បុគ្គលិក​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ព្រះដាក់ និយាយ​ថា ពួកគេ​បំពេញ​ការងារ​ទៅតាម​ដែល​អាច​ធ្វើបាន ប៉ុន្តែ​ជួនកាល ពួកគេ​គ្មាន​ថ្នាំពេទ្យ ឬ ពេលវេលា​សម្រាប់​អ្នកជំងឺ​ទេ។ (ទែន សុខស្រីនិត/VOA)
បុគ្គលិក​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ព្រះដាក់ និយាយ​ថា ពួកគេ​បំពេញ​ការងារ​ទៅតាម​ដែល​អាច​ធ្វើបាន ប៉ុន្តែ​ជួនកាល ពួកគេ​គ្មាន​ថ្នាំពេទ្យ ឬ ពេលវេលា​សម្រាប់​អ្នកជំងឺ​ទេ។ (ទែន សុខស្រីនិត/VOA)

​បញ្ហា​កង្វះ​សេវា​សុខាភិបាល​សាធារណៈ​នៅ​ភូមិ​ព្រះដាក់​នេះ​មិនមែន​ជា​រឿង​ចម្លែក​អ្វី​ទេ។ ​ជាទូទៅ ​មណ្ឌល​សុខភាព​តាម​តំបន់​ជនបទ​ជាច្រើន​តែង​តែ​ខ្វះ​ខាត​ធនធាន​ ជាពិសេស​គឺ​បុគ្គល​ពេទ្យ​ប្រចាំ​ការ។

អ្នកគ្រូ​ពេទ្យ​ឆ្មប​ភឹង សុផារី​ នៅ​មណ្ឌល​សុខភាព​ព្រះដាក់ ​បាន​ប្រាប់​វីអូអេ​ខេមរ​ភាសា​ថា ​ជំងឺ​ទូទៅ​ដែល​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ព្រះដាក់​នេះ​មក​ទទួល​សេវា​ព្យាបាល ​រួម​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ​ជំងឺ​រាគរុស ​និង​គ្រុន​ក្តៅ​ជាដើម។ ​សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ​ អ្នក​ជំងឺ​ភាគច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​សៀមរាប។ ​ទាក់​ទង​នឹង​ធនធាន​ពេទ្យ​នៅ​ក្នុង​មណ្ឌល​នេះ ​អ្នក​គ្រូ​សុផារី​ថ្លែង​ថា ​មាន​គ្រប់គ្រាន់ ​តែ​ពេល​ខ្លះ​ក៏​មាន​ការ​ខ្វះ​ខាត​តិច​តួច​ដែរ។​

«‍សម្រាប់​វ៉ាក់សាំង​ ​គ្រប់គ្រាន់។​ តែ​ថ្នាំ​គ្រាប់​អាច​ខ្វះ​តិចតួច​នៅ​ចុង​ខែ»។​

ប៉ុន្តែ​ការ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ប្រកប​ដោយគុណភាព​នៅ​តែ​ជួប​កត្តា​ប្រឈម​ច្រើន​សម្រាប់​មណ្ឌល​សុខភាព​ព្រះដាក់។ ​មូលហេតុ​គឺមិន​មាន​បុគ្គលិក​ពេទ្យ​គ្រប់គ្រាន់ ​ដែល​នេះ​ជា​ហេតុ​ជំរុញ​ឲ្យ​មាន​ការ​ពិនិត្យ​ជំងឺ​មិន​បាន​ដិត​ដល់។ ​នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នក​គ្រូ​ភឹង សុផារី។​

«‍តាម​ជំងឺ​តិច ​ជំងឺ​ច្រើន។ ​ជួនកាល​១៥​នាទី ​២០​នាទី។ ​ជួនកាល​មាន​អ្នក​ជំងឺ​ច្រើន​ទៅ ​តែគ្នា​យើង​មានម្នាក់ ​ពីរ​នាក់។​ ធម្មតា​មណ្ឌល​សុខភាព​មាន​គ្នា​៤​នាក់​ ៥​នាក់​ ​ហើយ​ម្នាក់ ​ពីរ​នាក់​ចេញ​ទៅ​ប្រជុំ ​ហើយ​នៅ​ពីរ​នាក់។​ ដូច្នេះ​ ឯ​ណា​យើង​ធ្វើ​កុងសុល​នៅ​ខាង​មុខ​ផង ​រត់​មក​ពិនិត្យ​ផ្ទៃ​ពោះ​ផង​ លក់​កូន​សៀវភៅ​ផង។​ អត់មាន​ពេល​វេលា​មើល​ឲ្យ​បាន​ដិតដល់»។​

អ្នក​គ្រូ​សុផារី​បាន​បន្ត​ទៀត​ថា ​សេវា​សុខាភិបាល​សាធារណៈ​នៅ​តាម​ភូមិ​អាច​មាន​ប្រសិទ្ធភាព​ជាង​នេះ​បាន ​លុះ​ត្រាតែ​នៅ​តាម​មណ្ឌល​សុខភាព​នីមួយៗ​មាន​សមាស​ភាព​បុគ្គលិក​ពេទ្យ​គ្រប់​ចំនួន។​

«‍ខ្ញុំ​ចង់​បាន​បុគ្គលិក​បន្ថែម​ ព្រោះ​ថា​ កាល​ណា​បាន​បុគ្គលិក​បន្ថែម ​យើង​មាន​បុគ្គលិក​មាន​គ្រប់​ផ្នែក​ ផ្តល់​សេវា​ក៏​បាន​ល្អ​ដែរ។ ​ចុះ​រឿង​នេះ ​គ្នា​ខ្ញុំ​តិច​ ហើយ​សេវា​ច្រើន។ ​ណា​រត់​ទៅ​ចាក់​វ៉ាក់សាំង ​ណា​រត់​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ ណា​ទៅ​លក់​នៅ​ខាង​មុខ ​វា​វ៉ល់។​ ដូច្នេះ ​ផ្តល់​សេវា​ក៏​មិន​បាន​ល្អ​ដែរ»។​

អ្នកស្រី​ធី ស្រីនាង ​អាយុ​២៣​ឆ្នាំ​ មាន​កូន​ពីរ​នាក់ ​និង​ជា​អ្នក​រស់នៅ​ក្នុង​ភូមិ​ព្រះដាក់​នេះ។​ ស្រីនាង​បាន​ប្រាប់​វីអូអេ​ថា ​ការ​ទិញ​ថ្នាំ​ពី​ឱសថ​ស្ថាន​ឯកជន​ក្នុង​ភូមិ​មក​ព្យាបាល​ជំងឺ​ប្រសិទ្ធភាព​ជាង​ការ​ទទួល​សេវា​ព្យាបាល​របស់​មណ្ឌល​សុខភាព​ព្រះដាក់។​

«‍បើ​ទៅ​ពេទ្យ​មណ្ឌល ​អត់​ជា។ ​ទាល់តែ​ទៅ​ពេទ្យ​ឈ្នួល»។​

ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​នៅ​តាម​មណ្ឌល​សុខភាព​តាម​ភូមិ​មាន​តម្លៃ​ទាប ​បើ​ប្រៀប​ធៀប​នឹង​សេវា​ព្យាបាល​ជំងឺ​របស់​ពេទ្យ​ឯកជន។ ​ក៏​ប៉ុន្តែ​ តម្លៃ​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​នឹង​កើន​ឡើង​ច្រើន​ បើ​សិន​ជា​ថ្នាំ​ពី​មណ្ឌល​សុខភាព​មិន​អាច​ព្យាបាល​ជំងឺ​បាន​ ដោយសារ​ហេតុ​ថា ​ករណី​នេះ​តម្រូវ​ឲ្យ​មាន​ការ​ចំណាយ​លើ​ការ​ទិញ​ថ្នាំ​នៅ​ឱសថស្ថាន​ឯកជន​បន្ថែម​ទៀត។ ​នេះ​បើ​យោង​តាម​អ្នកស្រី​ធី ស្រីនាង ​ដែល​តែងតែ​ទៅ​ទិញ​ថ្នាំ​ពី​ឱសថ​ស្ថាន​ក្នុង​ភូមិ ​ដើម្បី​មក​ព្យាបាល​ជំងឺ​កូន​របស់​គាត់។​

ទាក់​ទង​នឹង​សេវា​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​ព្រះដាក់​វិញ ​ស្រី​នាង​ និយាយ​ថា ​គ្រូ​ពេទ្យ​មិន​បាន​ពិនិត្យ​ដិត​ដល់​ទេ។​

«‍សួរ​ថា​កើត​អី។​ ហើយ​យក​ប្រដាប់​មក​ពិនិត្យ​ក្បាល។ ​ហើយ​ក៏​ឲ្យ​ថ្នាំ​មក​ ក៏​មក​ផ្ទះ​មក‍»។​

ក៏​ប៉ុន្តែ ​អ្នកស្រី​ព្រឿន ណៃ ​អាយុ​៤៦​ឆ្នាំ ​ដែល​ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​ព្រះដាក់​នេះ​ដែរ​ យល់​ថា ​ថ្នាំ​ដែល​គាត់​ទទួល​បាន​ពី​មណ្ឌល​សុខភាព​មាន​ប្រសិទ្ធ​ភាព​ខ្លះ​ដែរ។​

«‍បើ​រោគ​យើង​ត្រូវ​ ក៏​ត្រូវ​ទៅ​ណា៎។ ​លេប​ទៅ​ បាត់​ទៅ​ណា៎។​ បើ​មិន​ត្រូវ​ទេ​ ក៏​យើង​ទៅ​ពេទ្យ​ផ្សេង​ទៅ​ណា៎»។​

យ៉ាង​ណា​មិញ ​ការ​ថែ​រក្សា​អនាម័យ​ប្រចាំ​ថ្ងៃ​អាច​ទប់​ស្កាត់​ជំងឺ​បាន​ ដូច​ជា​ជំងឺ​ផ្តាសាយ ​និង​រាគរុស ​និង​ជំងឺ​ងាយ​ឆ្លង​ផ្សេងៗ​ទៀត។ ​នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អ្នក​គ្រូ​ពេទ្យ​សុផារី។

ដូច្នេះ ​ការ​ផ្តល់​ដំបូន្មាន​ក្នុង​ការ​ថែ​រក្សា​អនាម័យ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​គឺ​ជា​តួនាទី​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​គ្រូ​ផ្ទាល់។ ​ក៏​ប៉ុន្តែ ​អ្នក​គ្រូ​សុផារី​ថ្លែង​ថា​ ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ខ្លះ​មិន​បាន​អនុវត្ត​ដំបូន្មាន​ទាំង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ ​

ទាក់ទង​នឹង​ការ​ណែនាំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទទួល​ទាន​ទឹក​ស្អាត ​មាន​អនាម័យ​ តែ​ប្រជាជន​មិន​ធ្វើ​តាម​នោះ​ អ្នក​គ្រូ​ថ្លែង​ដូច្នេះថា៖​ ​

‍«‍អា​មិន​ដាំ​ហើយ ​ឲ្យ​គាត់​ចម្រោះ​ គាត់​មិន​ចម្រោះទៀត។ ​កាល​ពី​ម្សិល​មិញ ខ្ញុំ​ចុះ​ទៅ​ ឃើញ​ដួស​ទឹក​ពី​អណ្តូង​មក​ យក​មក​ញុំា​តែ​ម្តង។ ​ធម្មតា​យើង​ធ្វើ​ការ​ជាមួយ​សហគមន៍​តិចតួច​ ​អប់រំ​តែ​ពេល​មក។​អញ្ចឹង​ហើយ​អប់រំ​គាត់​ពី​អនាម័យ​ ក៏​គាត់​មិន​ងាយ​ស្តាប់​ដែរ»។​

អ្នកស្រី​ព្រឿន ណៃ ​និង​ក្រុម​គ្រួសារ​របស់​គាត់​បរិភោគ​ទឹក​ពី​អណ្តូង​ដោយ​មិន​បាន​ដាំ ​បើ​ទោះ​បី​ជា​គាត់​ដឹង​ថា ​បរិភោគ​ទឹក​មិន​បាន​ដាំ​ពុះ​អាច​ឆ្លង​មេ​រោគ​ក្តី។​

«‍អូ​ខ្ជិល​ដាំ​ណាស់!​ ហូប​អត់​ឆ្ងាញ់​អា​ទឹក​ដាំ!​ កំពុង​ឃ្លាន​ផង!​ ហូប​អា​ត្រជាក់​នោះ​ហើយ!»​

បើ​ទោះបី​ជា​គម្រោង​យុទ្ធ​សាស្ត្រ​សុខាភិបាល​កម្ពុជា​ត្រូវ​បាន​អនុវត្ត​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្ស​ដើម្បី​កាត់​បន្ថយ​អត្រា​មរណ​ភាព​មាតា​ និង​ទារក ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ​ជំងឺ​គ្រុន​ចាញ់ ​និង​ជំងឺ​ឆ្លង​ផ្សេងៗ​ទៀត​ក្តី ​ក៏​ការ​វិវត្ត​ទៅ​មុខ​នៃ​វិស័យ​សុខាភិបាល​កម្ពុជា​បន្ត​កើត​ឡើង​ក្នុង​សភាព​យឺត​យ៉ាវ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG