ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នៅឆ្នាំនេះ​ ករណី​ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១៦នាក់​រហូត​មក​ដល់​ពេល​នេះ​ ហើយចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន ​អំឡុងពេល​ដូច​គ្នា។ ​ការ​ស្លាប់​នេះ​គឺ​ជា​លទ្ធផល​នៃ​ការឆ្លងជំងឺ​នេះ​ជិត​៤.៧០០ករណី។ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​សុខាភិបាល។

នៅ​រយៈពេល​ដូច​គ្នា​នេះ​ នៅ​ក្នុង​ឆ្នាំ​២០១៤មាន​មនុស្ស​១២​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ ហើយ​មាន​មនុស្ស​ប្រមាណ​១.៧៥០​នាក់​បាន​ឆ្លង​មេរោគ​គ្រុន​ឈាម។​ មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ជំងឺ​នេះ​បាន​លេច​ឡើង​ច្រើន​តាម​រដូវរបស់​វា​ ដោយ​ការឆ្លងជំងឺនេះ​មាន​កម្រិតខ្ពស់ខ្លាំង។ ​អ្នក​ជំងឺ​ស្លាប់ដោយ​សារ​ជំងឺនៅ​ក្នុងឆ្នាំ​២០១២​ មាន​ចំនួន​១៨៩​នាក់​ ហើយនៅ​ក្នុង​ឆ្នាំ​២០០៧មាន​មនុស្ស​៤០៧​នាក់។​

លោក​លាង​ ឫទ្ធី​ ប្រធាន​កម្មវិធី​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​នៅ​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា៖​ «ជំងឺ​នេះ​កើន​ឡើង​មិន​មែន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ប្រទេស​ថៃ​ សឹង្ហបុរី​ និង​ហ្វីលីពីន​ក៏​ជំងឺ​នេះ​មាន​ការកើន​ឡើង​ដែរ»។​

លោក​លាង​ ឫទ្ធីបាន​និយាយ​ថា​ ការ​ការពារ​ដ៏​ល្អ​បំផុត​គឺ​ការ​កម្ចាត់​ជម្រក​មូស​ដែល​ជា​កន្លែង​ដែល​មូស​អាច​បន្ត​ពូជ​បាន​ ដូច​ជា​សំបក​កំប៉ុង​ សំបក​កង់ឡានដែល​ជា​កន្លែង​ដែល​អាច​ដក់​ទឹក​បាន។​

លោក​បាន​និយាយ​ថា​ ខែ​កក្កដា ​និង​ខែ​សីហា​ ជា​ទូទៅគឺ​ជា​ខែ​ដែល​ការ​ឆ្លង​មេរោគ​គ្រុន​ឈាម​មាន​កម្រិត​ខ្ពស់។​ ឪពុក​ម្តាយ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាពិសេស​ និង​គួរ​ប្រញាប់ប្រញាល់​នាំ​យក​កូន​របស់​ខ្លួន​ទៅ​មណ្ឌល​សុខភាព​ ប្រសិន​បើ​ពួក​គេ​មាន​ជំងឺ​គ្រុនក្តៅ។​

លោក​បាន​បន្ថែម​ថា​ ខេត្ត​ដែល​មាន​អត្រា​នៃ​ជំងឺ​នេះ​ខ្ពស់​គឺ​ខេត្ត​សៀមរាប ​កំពង់ធំ ​កំពង់ចាម​ កណ្តាល​ បាត់ដំបង​ ​ឧត្តរមានជ័យ​ និង​រាជធានី​ភ្នំពេញ។​

លោក​កែវ វណ្ណៈ ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ឱ្យ​ដឹង​ថា ​ចំនួន​អ្នក​ដែល​ឆ្លង​ជំងឺ​គ្រុន​ឈាម​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ក៏​មាន​ការកើន​ឡើង​ដែរ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​នោះ​ទេ។​

លោក​បាន​និយាយ​ថា៖ ​«យើង​នៅ​សល់បួន​ខែ។​ យើង​បាន​បញ្ជូន​រថយន្ត​ដើម្បី​ចេញ​ទៅ​ធ្វើការ​ផ្សព្វ​ផ្សាយ​អប់រំ។ ​យើង​បាន​បញ្ជូន​ក្រុម​ដើម្បី​ពន្យល់​ពួក​គេ​នៅ​ឯផ្ទះ»។​

លោក​បន្ថែម​ថា​ ក្រុម​ការងារ​នៅ​តាម​មណ្ឌល​សុខភាព​រវល់​ខ្លាំង​ណាស់​ឥឡូវ​នេះ៕

XS
SM
MD
LG